អគារវិបស្សនាប្រមាណ៥ជាន់នៅក្នុងវត្តព្រះពុទ្ធមានបុណ្យ បានក្លាយជាជម្រកស្នាក់នៅបណ្ដោះអាសន្នសម្រាប់និស្សិតស្រីដែលឡើងមកបន្តការសិក្សានៅភ្នំពេញ។ ជាន់ផ្ទាល់ដីជាទីកន្លែងតម្កល់សព ហើយតាមជាន់នីមួយៗបានបែងចែកផ្សេងៗពីគ្នា ដោយនៅជាន់ទីមួយជាកន្លែងអង្គុយសមាធិ និងវិបស្សនា ជាន់ទីពីរ និងទីបីជាកន្លែងសម្រាប់ដូនជីមកប្រតិបត្តិធម៌ ហើយជាន់ទី៤ និងទី៥ ជាកន្លែងដែលនិស្សិតស្រីទាំងអស់ស្នាក់នៅ។
កញ្ញា អ៊ីន ដារ៉ាស៊ី ជានិស្សិតផ្នែកគណនេយ្យឆ្នាំទី២ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង និងជាអ្នកមកពីភូមិចំបក់ថ្ម ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នាងជានិស្សិតថ្មីដែលទើបតែមករស់នៅក្នុងវត្តបាន២ខែប៉ុណ្ណោះ មូលហេតុដែលជំរុញនាងមកទីនេះ ព្រោះចង់កាត់បន្ថយចំណាយរបស់គ្រួសារ ហើយកញ្ញាកំពុងរៀននៅសកលវិទ្យាល័យត្រូវចំណាយថវិកាច្រើន និងមិនទាន់មានការងារធ្វើនោះឡើយ។
ចាកចេញពីស្រុកកំណើតមកភ្នំពេញដំបូងមកនៅបន្ទប់ជួលម្នាក់ឯង ដោយគ្មានសាច់ញាតិបងប្អូននៅទីក្រុង យុវតីរូបនេះជួបការលំបាកក្នុងការរស់នៅ ដូចជា ម្ចាស់បន្ទប់ជួលមិនខ្វាយខ្វល់ និងមិនធានាសុវត្ថិភាពក្នុងការរស់នៅរបស់នាងដោយនៅពេលបាត់របស់របរក៏ម្ចាស់បន្ទប់ជួលអត់ទទួលខុសត្រូវ។
រីឯនៅក្នុងបន្ទប់ជួលដែលនាងធ្លាប់រស់នៅពេលនោះមានលិចទឹកចូលបន្ទប់ ពេលយប់អ្នកជិតខាងឡូឡារំខានដល់ការរៀនសូត្រ ហើយគ្រួសារត្រូវចំណាយច្រើនលើការរស់នៅរបស់នាងនៅភ្នំពេញនេះយ៉ាងហោចណាស់ប្រមាណ២០០ដុល្លារក្នុងមួយខែ។
យុវតីរូបនេះបញ្ជាក់ថា៖ «ពេលមកនៅទីនេះយើងជួយសម្រាលបន្ទុកគ្រួសារដូចជាចំណាយលើបន្ទប់ជួល យើងទៅជាអត់ត្រូវចំណាយវិញ សូម្បីការចាយវាយប្រចាំថ្ងៃក៏យើងកាត់បន្ថយបានសឹងពាក់កណ្ដាលដែរ។ […] នៅវត្តមានអ្នកយកចិត្តទុកដាក់ច្រើនជាងនៅបន្ទប់ជួលដែលគ្មានអ្នកខ្វាយខ្វល់សោះ»។
និស្សិតរូបនេះឱ្យដឹងថា ការរស់នៅក្នុងវត្តអារាមពិតជាបានធ្វើឱ្យនាងដឹងច្បាស់ពីភាពលំបាក ពេលនៅក្រខ្សត់ និងពេលមិនមានធនធានគ្រប់គ្រាន់នៅពេលមកបន្តការសិក្សា ហើយក៏ធ្វើឱ្យនាងចងចាំថា ពេលបានប្រសើរនៅពេលខាងមុខគឺមិនអាច«ផឹកទឹកភ្លេចប្រភព» ដែលដើរមើលងាយអ្នកដែលគេក្រខ្សត់នោះទេ ព្រោះខ្លួនក៏ធ្លាប់ឆ្លងកាត់ភាពលំបាក។
នាងរំលឹកទាំងរលីងរលោងទឹកភ្នែកថា៖ «នៅពេលដែលគ្មានធនធានគ្រប់គ្រាន់ និងទើបមកនៅភ្នំពេញដំបូង មិនស្គាល់ទីតាំងភូមិសាស្រ្តច្បាស់ ការមិនយកចិត្តទុកដាក់ពីម្ចាស់បន្ទប់ជួល សម្រាប់ខ្ញុំបើសិនជាអត់មានវត្តទេ ខ្ញុំប្រហែលជាបោះបង់»។
និស្សិតមួយរូបទៀត កញ្ញា មោក ចន្រ្ទា អាយុ៣០ឆ្នាំ រៀននៅពុទ្ធកសាកលវិទ្យាល័យព្រះសីហនុរាជ ឆ្នាំទី៣ ឯកទេស បាលី សំស្រ្កឹត។ កញ្ញាលើកឡើងថា៖ «មូលហេតុដែលជ្រើសរើសជំនាញនេះដោយសារចង់រក្សានូវព្រះពុទ្ធវចនៈ ហើយក៏ជាជំនាញដ៏កម្រមួយដែលពុំសូវមានអ្នកដឹងពីតម្លៃរបស់វា ដោយក្នុងប្រទេសកម្ពុជាបានកម្ចីពាក្យពីភាសាបាលីស្ទើតែ៧៥%ទៅហើយសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ»។
ដូច្នេះហើយទើបកញ្ញាយល់ថា ជំនាញនេះពិតជាមានសារៈសំខាន់សម្រាប់រូបនាងផ្ទាល់ ជាតិ និងសាសនា។
កញ្ញា ចន្រ្ទា មានស្រុកកំណើតនៅភូមិព្រៃទទឹង២ ឃុំបួរវិល ស្រុកបវេល ខេត្តបាត់ដំបង។ កញ្ញាមកស្នាក់នៅក្នុងវត្ត ដើម្បីបន្តការសិក្សាចាប់តាំងពីឆ្នាំ២០២៥ រហូតដល់ពេលនេះ ដោយគ្រួសារមានបងប្អូន៧នាក់ ប្រុស៣នាក់ ស្រី៤នាក់ រីឯនៅស្រុកកំណើតគ្រួសារប្រកបរបរធ្វើស្រែ ចម្ការ និងមានជីវភាពមិនសូវធូរធារ បានត្រឹមតែមួយរស់ប៉ុណ្ណោះ។
កញ្ញារៀបរាប់ថា មុននឹងបានឈានជើងមកស្នាក់នៅក្នុងវត្តនាងបានការណែរនាំ និងបានការអនុគ្រោះពីព្រះអង្គគ្រូសូត្រស្ដាំគង់នៅវត្តព្រះពុទ្ធមានបុណ្យ ព្រះនាម ព្រះមហា ច័ន្ទ ឧត្តម ដោយព្រះអង្គគ្រូមានទឹកព្រះទ័យអាណិត និងបានឃើញថា រូបនាងពិបាកធ្វើដំណើរ ពិបាករកកន្លែងស្នាក់នៅទើបឱ្យចូលមកជ្រកអាស្រ័យនៅក្នុងវត្ត។
កញ្ញាបន្ថែមថា៖ «ការមករស់នៅក្នុងវត្តអារាម បានបង្រៀនឱ្យខ្ញុំចេះនូវកិច្ចការផ្សេងៗដូចជា ការងារជាក្រុម ចេះសាមគ្គីគ្នា មានសណ្ដាប់ធ្នាប់ ចេះស្លៀកពាក់សមសួន និយាយទន់ភ្លន់ពិរោះពិសា ចេះជួយទុក្ខធុរៈគ្នាទៅវិញទៅមក ចេះចែករំលែក យោគយល់អធ្យាស្រ័យគ្នា ចេះស្រលាញ់រាប់អានគ្នា។ ហើយមួយវិញទៀតគឺកាត់បន្ថយការចំណាយលើបាយទឹក លើបន្ទប់គេង ទឹកភ្លើង និងចំណាយលើអ្វីៗផ្សេងទៀតរួមទាំងបានបម្រើព្រះសង្ឃ ចេះរក្សាសីល ចេះធ្វើបុណ្យសន្សំកុសល ទាំងវ័យក្មេង»។
ប្រភពដដែលបន្តថា៖ «បើនិយាយរឿងសុវត្ថិភាពវិញគឺសម្រាប់ខ្ញុំកក់ក្ដៅខ្លាំងណាស់គ្មានផ្ទះជួលណាដែលខ្ញុំធ្លាប់នៅមានសុវត្ថិភាពជាងនេះទេ»។
កញ្ញា ចន្រ្ទា រៀននៅសកលវិទ្យាល័យពីថ្ងៃច័ន្ទ ដល់សុក្រ វេនរសៀល។ កញ្ញាក៏បង្រៀនព្រះសង្ឃ មុខវិជ្ជាភាសាបាលី នៅសាលាពុទ្ធិកអនុវិទ្យាល័យសម្តេចព្រះសង្ឃរាជ ទេព វង្ស និរោធរង្សី ដោយមួយខែបង្រៀន៣២ម៉ោង ក្នុងមួយម៉ោងបានមួយម៉ឺនប្រាំពាន់រៀល(១៥០០០៛)។ កញ្ញាបង្រៀនវេនព្រឹកម៉ោង៧ ដល់ម៉ោង៩ សម្រាប់ថ្នាក់បឋមសិក្សា និងបង្រៀនវេនរសៀលថ្ងៃសៅរិ៍ អាទិត្យម៉ោង២ ដល់ម៉ោង៥ សម្រាប់ថ្នាក់អនុវិទ្យាល័យ។ ការបង្រៀននេះគិតជាថ្ងៃខ្នើតរនោច លើកលែងតែថ្ងៃសីលទើបឈប់សម្រាក។
កញ្ញា ចន្រ្ទា គ្រោងនឹងស្នាក់នៅក្នុងវត្តរហូតទាល់តែរៀនចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បើគិតជាឆ្នាំប្រមាណ៣ឆ្នាំជាងទៀត។ គួរបញ្ជាក់ផងដែរថា កញ្ញាបានអាហារូបករណ៍ទាំងថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ហើយមុននឹងចាកចេញពីវត្ត គោលដៅដំបូងរបស់រូបនាង គឺចង់មានការងារសមស្របតាមសមត្ថភាពរបស់ខ្លួន និងប្ដេជ្ញាចិត្តមិនធ្វើជាបន្ទុករបស់សង្គមឡើយ។
កញ្ញានិយាយថា៖ «បើឱ្យពោលគុណរបស់វត្តអារាមនេះ គឺពោលពុំអស់ឡើយ គឺធំធេងណាស់សម្រាប់នាងខ្ញុំផ្ទាល់ បើគ្មានទីនេះ នាងខ្ញុំក៏មិនអាចបន្តការសិក្សាបានឡើយ ហើយក៏មិនអាចក្លាយជាមនុស្សដែលសង្គមត្រូវការបែបនេះដែរ។ អ្វីដែលនាងខ្ញុំចាំមិនភ្លេច គឺទឹកព្រះទ័យរបស់ព្រះអង្គព្រះគ្រូចៅអធិការ ម៉ៅ នីម ដែលបានទទួលរូបនាងខ្ញុំស្នាក់នៅដោយព្រះទ័យទូលាយមិនប្រកាន់»។

កញ្ញា ណាត គីមស្រ៊ាន អាយុ២១ឆ្នាំ មានបងប្អូន៣នាក់ មកពីភូមិត្រពាំងរូង ឃុំស្រងែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ដំបូងឡើយ កញ្ញាបានឡើងមកភ្នំពេញនៅឆ្នាំ២០២២ ដើម្បីរៀនត្រៀមប្រឡងពេទ្យ និងបានស្នាក់នៅជាមួយម្ដាយមីងនៅទួលពង្រ ដោយសារជួបការលំបាកក្នុងការធ្វើដំណើរឆ្ងាយ និងធ្លាប់រស់នៅបន្ទប់ជួលដែលមានសំឡេងរំខានពេលយប់ព្រលប់ប៉ះពាល់ដល់ការរៀនសូត្រ កញ្ញាក៏បានសម្រេចចិត្តមកសុំស្នាក់នៅក្នុងវត្ត។
បច្ចុប្បន្ន កញ្ញបានអាហារូបករណ៍ និងកំពុងរៀនឆ្នាំទី២ ផ្នែកឆ្មប នៅសាកលវិទ្យាល័យសុខាភិបាល។ កញ្ញាមករស់នៅក្នុងវត្តរយៈពេលជាង៣ឆ្នាំមកហើយ តាំងពីឆ្នាំ២០២៣ ដោយទីនេះបានជួយរូបនាងផ្លាស់ប្ដូរជាច្រើនជាពិសេសលើការអប់រំផ្លូវចិត្ត ឥរិយាបថប្រចាំថ្ងៃកាន់តែប្រសើរជាងមុន និងទទួលបានភាពកក់ក្ដៅក្នុងការរស់នៅ។
យុវតីរូបនេះឱ្យដឹងថា៖ «នៅនេះកក់ក្ដៅខ្លាំងមែនទែន មានអារម្មណ៍ថាសម្រាប់ខ្ញុំផ្ទាល់ទីនេះប្រៀបដូចជាផ្ទះទី២ ព្រោះក្នុងវត្តនេះទៅណាមកណាមានគេស្រឡាញ់រាប់អាន ទៅណាមកណាមានគេខ្វល់ខ្វាយ សួរនាំ របស់ហូបចុកគេទុកដាក់ឱ្យទោះបីជាខ្ញុំអត់នៅក៏ទុកដាក់ឱ្យហូប »។
យុវតីរូបនេះបន្តថា៖ «ការការពារខាងសុវត្ថិភាពនៅនេះមានការសហការគ្នា ដោយសារមាននិស្សិតប្រុសផង មានលោកទៀត ថ្វីត្បិតតែគាត់អត់បានមកផ្ទាល់តែតាមឆាត តាមទូរស័ព្ទ យើងទំនាក់ទំនងពេលមានបញ្ហអី ទម្លាក់តាមគ្រុបវត្តភ្លាមគឺមានអ្នកចុះមកភ្លាមៗជួយគ្នាតែម្ដង»។
កញ្ញាបានរៀបរាប់ថា ការរស់នៅទីនេះមានភាពស្ងប់ស្ងាត់ កន្លែងរស់នៅមានទីធ្លាធំទូលាយមានយ៉នៅខាងមុខដែលអាចអង្គុយជជែកគ្នា មានបន្ទប់ស្អាត មានខ្យល់ចេញចូលល្អ ហើយការប្រាស្រ័យទាក់ទងគ្នារវាងនិស្សិតស្រីទាំងអស់ ទោះបីជាមកពីខេត្តណា តំបន់ណាក៏ដោយពេលមករស់នៅក្រោមដំបូលតែមួយគឺតែងតែចែករំលែករបស់ហូបចុកតិចក្ដីច្រើនក្ដី។
ក្រៅពីជាអ្នករស់នៅក្នុងវត្ត កញ្ញាក៏ជាប្រធាននិស្សិតស្រី ដោយមានតួនាទីគ្រប់គ្រង និងបែងចែកការងារដល់និស្សិតស្រីធ្វើប្រចាំថ្ងៃមានវេនបោសសម្អាតតាមជាន់នីមួយៗ ការចុះជួយលើកចង្ហាន់ វេនលាងចានពេលព្រឹក និងការងារមួយចំនួនទៀតនៅក្នុងវត្ត។
កិច្ចការងារទាំងអស់នេះ គឺអនុវត្តចំពោះនិស្សិតស្រីគ្រប់ៗគ្នាទៅតាមថ្ងៃនីមួយៗ ដោយនៅក្នុងមួយវេនមាន២ទៅ៣នាក់អាស្រ័យតាមការងារជាក់ស្ដែង ហើយពេលមានការរៀបចំពិធីបុណ្យនៅក្នុងវត្តភាគច្រើនបែងចែកតាមការងារនីមួយៗដូចជាផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ ផ្នែកភេសជ្ជៈ បង្អែម ម្ហូបអាហារ និងទទួលភ្ញៀវ ។
កញ្ញាមានក្ដីស្រមៃថា បន្ទាប់ពីបញ្ចប់ការសិក្សា និងចាកចេញពីវត្ត គឺចង់ចែករំលែកចំណេះដឹងទាក់ទងនឹងផ្នែកដែលខ្លួនរៀនធ្វើយ៉ាងណាឱ្យមានការលើកកម្ពស់ស្រ្តី និងកុមារឱ្យបានច្រើន ព្រោះរូបនាងសង្កេតឃើញថា បច្ចុប្បន្នការលើកកម្ពស់ស្រ្តី និងកុមារ នៅមានកម្រិត ហើយនាងចង់ឱ្យមានការលើកកម្ពស់យេនឌ័រកាន់តែខ្ពស់ ជំរុញឱ្យស្រ្តីរឹងមាំ មិនផ្ដេកផ្ដួលទៅតាមសង្គមដែលវាយតម្លៃមនុស្សស្រីមិនសូវខ្លាំង ពូកែ និងជំរុញមនុស្សស្រីឱ្យយល់ដឹងពីសុខភាពស្រ្តីឱ្យបានទូលំទូលាយ។
ផ្ដើមចេញពីកូនកសិករ ក្រីក្រ និងខ្វះចំណេះដឹង ព្រះអង្គគ្រូចៅអធិការវត្តព្រះពុទ្ធមានបុណ្យ ព្រះនាម មៅ នីម បានឃើញពីទុក្ខលំបាករបស់និស្សិតស្រីដែលគ្មានធនធានគ្រប់គ្រាន់ និងចង់សិក្សារៀនសូត្រពិតប្រាកដ ប៉ុន្តែគ្មានឱកាសក្នុងការមកបន្តការសិក្សានៅភ្នំពេញ ហើយនៅស្រុកកំណើតព្រះអង្គឃើញតែនិស្សិតប្រុសៗមានឱកាសមករៀនច្រើនជាងនិស្សិតស្រី និងងាយស្រួលក្នុងការសុំវត្តអារាមជ្រកអាស្រ័យ។
ក្រោមក្ដីអាណិតអាសូរ និងមិនចង់ឃើញនិស្សិតខ្វះជម្រកសិក្សារៀនសូត្រ ព្រះអង្គគ្រូចៅអធិការវត្ត មៅ នីម ក៏បានជួបប្រជុំពិភាក្សាគ្នាជាមួយគណៈគ្រប់គ្រងវត្តគ្រប់លំដាប់ថ្នាក់នៃវត្តព្រះពុទ្ធមានបុណ្យ ដែលមានសមាសភាពចូលរួមដូចជាគណៈសង្ឃវត្ត ព្រះគ្រូសូត្រស្ដាំ-ឆ្វេង ព្រះវិន័យធម៌ ព្រះលេខាធិការ ការកសង្ឃ អាចារ្យ គណៈកម្មការ និងនិស្សិតប្រុសមួយចំនួន រហូតដល់សម្រេចបើកឱ្យនិស្សិតស្រីអាចស្នាក់នៅក្នុងវត្តបានចាប់ពីឆ្នាំ២០២៣មក។
ព្រះអង្គគ្រូចៅអធិការវត្តមានព្រះថេរៈដីកាថា៖ «រឿងហេតុដំបូងគឺដោយសារមេត្តាធម៌ និងចង់ឱ្យចៅៗទាំងអស់គ្នាមានឱកាសបានសិក្សារៀនសូត្រ ជាពិសេសអ្នកខ្វះខាត ចំពោះអ្នកដែលគេបរិបូរណ៍ហើយគេមិនពឹងនឹងវត្តអារាមទេ។ ការនៅក៏មានលក្ខខណ្ឌដែរ បើនៅខុសបទបញ្ជាផ្ទៃក្នុងរបស់វត្តក៏មិនឱ្យនៅ ឬនៅតាមអំពើចិត្តបានឡើយ»។
ព្រះអង្គបន្តថា៖ «ការមកសុំមិនគិតលើមាន ក្រ សំខាន់លើសាមីខ្លួនស្ម័គ្រចិត្តធ្វើយ៉ាងណាស្របតាមបទបញ្ជាផ្ទៃក្នុងរបស់វត្ត ហើយអ្នកណាដែលមកមុនក៏ចាត់ចែងឱ្យកន្លែងស្នាក់នៅមុនដោយពុំគិតពីសាវតារបស់អ្នកទាំងនោះថាជាសាច់ញាតិរបស់នរណាឡើយ»។

អគារវិបស្សនាដែលនិស្សិតកំពុងស្នាក់នៅ ដើមឡើយមិនមែនសាងសង់ឡើងសម្រាប់និស្សិតស្រីៗនោះទេ បើតាមព្រះអង្គគ្រូចៅអធិការវត្តមានព្រះថេរៈដីកា អគារនេះធ្វើឡើងសម្រាប់ពុទ្ធបរិស័ទ អ្នកកាន់សីល ជាពិសេសដូនជី មកស្នាក់នៅប្រតិបត្តិធម៌ ឬសមាធិ សិក្សារៀនធម៌ក្នុងខែចូលវស្សា រយៈពេលខ្លីចន្លោះមួយខែទៅពីរខែ ប៉ុន្តែពុំមានអ្នកមកស្នាក់នៅ ដោយមិនចង់ទុកអគារចោល ទើបទីកន្លែងនេះត្រូវបានរៀបចំសម្រាប់ឱ្យនិស្សិតស្រីស្នាក់នៅដើម្បីបានបន្តការរៀនសូត្រ។
ព្រះអង្គគ្រូចៅអធិការវត្តមានព្រះថេរៈដីកាបន្ថែមថា៖ « […] មួយឆ្នាំបានជួយមនុស្សបានជាង១០០នាក់ ជាមោទនភាពរបស់វត្ត និងសង្គមជាតិ។ សិស្សនិស្សិតជួយការងារបានច្រើន ជាពិសេសពេលបុណ្យធំៗក្នុងព្រះពុទ្ធសាសនាដូចជាបុណ្យពិសាខបូជា វិសាខបូជា បុណ្យអាសាឡ្ហបូជា និងបុណ្យមួយចំនួនទៀតហើយស្លៀកពាក់បានត្រឹមត្រូវ មានសីលធម៌ សុជីវធម៌ ស្លៀកសពាក់ស មានកាន់ផ្កា ចូលរួមបម្រើព្រះសង្ឃ និងពុទ្ឌបរិស័ទដែលមកបំពេញបុណ្យ»។
ព្រះអង្គគ្រូតែងផ្ដល់ឱវាទឱ្យនិស្សិតថា៖ «អ្វីៗទាំងអស់ត្រូវតែធ្វើយ៉ាងម៉េចឱ្យតម្លៃដល់ខ្លួនឯង និងឱ្យតម្លៃដល់វត្ត ។ […] សង្ឃឹមថា កូនៗ និងចៅទាំងអស់គ្នា ពេលដែលចេញទៅធ្វើការ ចេញរកស៊ី ផុតការសិក្សា ទោះមិនបានយក១០០ភាគរយពីទីនេះ តែយ៉ាងហោចនឹកដល់អតីតកាលរបស់ខ្លួននៅវត្ត ធ្លាប់ហូបបាយវត្ត ធ្លាប់បានចូលស្ដាប់ឱវាទព្រះសង្ឃ សេចក្ដីល្អរបស់វត្តយ៉ាងណានៅតែដិតដាមចំពោះនិស្សិតគ្រប់គ្នាគ្រាន់តែតិចឬច្រើនប៉ុណ្ណោះ»។
និស្សិតស្នាក់នៅក្នុងវត្តព្រះពុទ្ធមានបុណ្យត្រូវចូលស្ដាប់ឱវាទព្រះសង្ឃរៀងរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង៦:៣០នាទីដល់ម៉ោង៨យប់ ហើយសម្រាប់និស្សិតស្រីៗ មួយខែបែងចែក២សប្ដាហ៍ចូលវិហារជុំជាមួយនិស្សិតប្រុសជួបព្រះសង្ឃឱ្យសីល សុំសីល និង២សប្ដាហ៍ដើមខែ ចូលស្ដាប់ឱវាទពីអ្នកគ្រូអភិធម្ម ឬដូនជី តែមុននឹងទៅជួបស្ដាប់ឱវាទជាមួយអ្នកគ្រូក៏ត្រូវតែសុំសីលដែរ ដោយប្រធានការកសង្ឃជាអ្នករៀបចំវេនឱ្យព្រះសង្ឃចូលផ្ដល់ឱវាទដល់និស្សិត។
សិស្ស-និស្សិតដែលទទួលបានការអនុញ្ញាតពីព្រះចៅអធិការទាក់ទងនឹងការស្នាក់នៅក្នុងវត្ត ត្រូវធ្វើលិខិតបញ្ជាក់ប្រគល់ជូនវត្តមួយចំនួនដូចជា សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត អត្តសញ្ញាណបណ្ណ លិខិតបញ្ជាក់ការស្នាក់នៅ ពីភូមិ ឃុំ និងលិខិតបញ្ជាក់កិរិយាមារយាទ ពីភូមិ ឃុំ។
ប្រធានការកសង្ឃព្រះនាម ធឿន បូរ៉ា ជាអ្នកគ្រប់គ្រងនិស្សិតទូទៅនៅក្នុងវត្តព្រះពុទ្ធមានបុណ្យ។ ទាក់ទងនឹងការរៀបចំនិស្សិតស្នាក់នៅមានបែងចែកទៅតាមនិស្សិតប្រុស និងនិស្សិតស្រី ចំពោះនិស្សិតប្រុសត្រូវស្នាក់នៅកុដិជាមួយព្រះសង្ឃ រីឯនិស្សិតស្រីរស់នៅដាច់ដោយឡែកនៅក្នុងអគារវិបស្សនាជាមួយដូនជី និងអ្នកគ្រូបង្រៀនធម៌។
នៅខាងក្រោមមុននឹងឡើងជណ្ដើរទៅខាងលើកុដិវិប្សនាមានរនាំងដែកមួយធ្វើឡើងដើម្បីការពារសុវត្ថិភាពនិស្សិតស្រីក្នុងការរស់នៅប្រចាំថ្ងៃ និងមានឃ្លាំងទុកដាក់ម៉ូតូសម្រាប់និស្សិតស្រីដាច់ដោយឡែក។
តាមជាន់នីមួយៗដែលនិស្សិតស្រីស្នាក់នៅមានទាំងអស់ ៨បន្ទប់ នៅខាងមុខមុននឹងដល់បន្ទប់នីមួយៗមានទ្វារធំមួយ ហើយក្នុងមួយបន្ទប់មាននិស្សិតស្រីរស់នៅ៣ទៅ៤នាក់អាស្រ័យលើទំហំបន្ទប់។ ក្នុងចំណោមបន្ទប់ទាំងនោះបន្ទប់ដែលមានទំហំតូចជាងគេមានតែ២បន្ទប់ប៉ុណ្ណោះ គ្រប់បន្ទប់សុទ្ធតែមានបន្ទប់ទឹកនៅខាងក្នុង និងគ្រែឈើមួយដែលវត្តរៀបចំឱ្យ។
ព្រះតេជគុណ ធឿន បូរ៉ា បញ្ជាក់ថា៖ «ការគ្រប់គ្រងត្រូវតែមានបទបញ្ជាផ្ទៃក្នុង ការចេញចូលនិស្សិតត្រូវកំណត់ពេលវេលាច្បាស់លាស់ និស្សិតប្រុសមិនត្រូវឱ្យនិស្សិតស្រីឡើងទៅកុដិ ឬបន្ទប់របស់ខ្លួន ចំពោះនិស្សិតស្រីក៏មិនអាចឱ្យនិស្សិតប្រុស ឬក៏ឳពុក និងបងប្អូន ឡើងទៅលើបន្ទប់ខ្លួនរស់នៅបានដែរ បើមកត្រូវជម្រាបគណៈគ្រប់គ្រងវត្តឱ្យបានដឹង ហើយអាចមកនៅខាងក្រោមមិនអាចឡើងទៅលើបានទេ»។

សិស្ស-និស្សិត និងអ្នកស្នាក់នៅក្នុងវត្តទាំងអស់ មានធុរៈនៅខាងក្រៅ ត្រូវត្រឡប់មកវត្តវិញ មិនឱ្យ ហួសពីម៉ោង ៩:៣០នាទីយប់ឡើយ។ រាល់ការទៅស្រុក ឬទៅស្នាក់នៅក្រៅលើសពីមួយយប់សិស្ស-និស្សិត ត្រូវសុំការអនុញ្ញាតពីចៅអធិការ ឬគ្រូសូត្រស្តាំ-ឆ្វេង និងមេកុដិនៅក្នុងវត្ត។
ការមកស្នាក់នៅវត្តទៀតសោត គឺមានកាលកំណត់ បើនិស្សិតរៀនចប់ត្រូវចាកចេញហើយទុកឱកាសដល់និស្សិតជំនាន់ក្រោយបានស្នាក់នៅបន្ត។ និស្សិតទាំងអស់តម្រូវឱ្យធើ្វលិខិតបញ្ជាក់ការសិក្សារៀងរាល់ឆ្នាំជូនវត្ត ដើម្បីបញ្ជាក់ថាខ្លួនកំពុងរៀនពិតប្រាកដមែន។
លើសពីនេះ សិស្ស-និស្សិតស្នាក់នៅក្នុងវត្តទាំងអស់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយមិនមានបន្តការសិក្សា មិនអនុញ្ញាតឱ្យស្នាក់នៅក្នុងវត្តបន្តទៀត លើសពី៤ខែឡើយ។
នៅក្នុងវត្តក្រៅពីបង្រៀនធម៌ ក៏មានការអប់រំឥរិយាបថក្នុងការរស់នៅប្រចាំថ្ងៃ សុជីវធម៌ របៀបប្រគេនព្រះសង្ឃ និងការនិយាយស្ដីជាមួយព្រះសង្ឃ រួមទាំងចាស់ទុំក្នុងវត្តផងដែរ។ ការរស់នៅក្នុងវត្តមិនតម្រូវបង់ថ្លៃការរស់នៅ ប៉ុន្តែគ្រប់និស្សិតទាំងអស់ត្រូវជួយបង់ទឹកភ្លើង រីឯនិស្សិតស្រីម្នាក់ៗជួយបង់តែភ្លើងក្នុងមួយខែមួយម៉ឺនប៉ុណ្ណោះ។
លោកយាយ អ៊ឹង គឹមរស់ ជាអ្នកបង្រៀនអភិធម្មក្នុងពុទ្ធសាសនា និងស្នាក់នៅវត្តព្រះពុទ្ធមានបុណ្យ ចាប់តាំងពីវត្តបើកឱ្យនិស្សិតស្រីស្នាក់នៅឆ្នាំ២០២៣។ បើសិនជាគ្មានលោកយាយនិស្សិតស្រីទាំងអស់មិនអាចមករស់នៅកុដិវិបស្សនាបានទេ លោកយាយនិយាយថា៖ «ចឹងហើយបានជាក្នុងមួយខែលោកត្រូវឱ្យនិស្សិតស្រីមកទទួលការអប់រំ២ដង សប្ដាហ៍ដើមខែរៀនជាមួយយាយ បង្រៀនធម៌ខ្លះ និងឥរិយាមាយាទរបស់មនុស្សស្រី»។
ការជួយបម្រើព្រះសង្ឃក្នុងវត្តពិតជាបានបុណ្យកុសលខ្ពស់ ហើយការបានមកស្នាក់នៅក្នុងវត្តក៏ជាភ័ព្វសំណាងសម្រាប់និស្សិតមកពីបណ្ដាខេត្ត តាមទីជនបទ ដែលពុំសូវមានឱកាសបានមកបន្តការសិក្សា។
សូមជម្រាបដែរថា វត្តព្រះពុទ្ធមានបុណ្យ មានទីតាំងស្ថិតនៅក្នុងខណ្ឌ៧មករា ក្បែររង្វង់មូលនាងគង្ហីង រាជធានីភ្នំពេញ។ និស្សិតដែលមកស្នាក់នៅក្នុងវត្ត ភាគច្រើនមកពីខេត្តកំពង់ចាម និងតាមបណ្ដាខេត្តមួយចំនួនទៀត មានខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប តាកែវ ព្រះវិហារ កណ្ដាល និងកំពង់ស្ពឺ។
បច្ចុប្បន្ននៅក្នុងវត្តមានសិស្ស-និស្សិត សរុប១០១នាក់ ក្នុងនោះនិស្សិតប្រុស៥១នាក់ ថ្មី១០នាក់ និងនិស្សិតស្រី៥០នាក់ ថ្មី១៣នាក់ ភាគច្រើននិស្សិតថ្មីមកសុំស្នាក់នៅ បន្ទាប់ពីដឹងលទ្ធផលបាក់ឌុបកាលពីពេលថ្មីៗកន្លងទៅ៕










