ការបោះបង់ការសិក្សា និងការប្រឈមនឹងអនាគតដែលមានឱកាសតិចតួច គឺជារឿងធម្មតាទៅហើយ សម្រាប់សហគមន៍ជនបទមួយក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ប៉ុន្តែស្ថានភាពនេះបានផ្លាស់ប្តូរជាបន្តបន្ទាប់។ បច្ចុប្បន្ន ពួកគេមានឱកាសរៀនសូត្រ បង្កើនជំនាញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ខ្លួនឱ្យកាន់តែប្រសើរ។
អ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិ ដែលបានឆ្លងកាត់ស្ថានភាពបែបនេះ គឺលោក សំ ប្រាក់ អាយុ៣៨ឆ្នាំ ដែលបានសិក្សាត្រឹមថ្នាក់ទី៣ ប៉ុណ្ណោះ ប៉ុន្តែនៅឆ្នាំ២០២០ លោកបានស្វែងរកឱកាសចូលរៀននៅក្នុងកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលផ្តល់ដោយអង្គការតុកកែញញឹមកម្ពុជា (SGC) ជាឱកាសមួយ ដែលលោកមិនធ្លាប់នឹកស្មានថា នឹងទទួលបាននោះឡើយ។
លោកនិយាយថា៖ «ខ្ញុំចាប់ផ្តើមពីចំណុចសូន្យ។ អង្គការស្មៃលីង ហ្គេកកូ បានជួយខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំរកចំណូលបានកាន់តែច្រើន» ។
អង្គការ SGC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ នៅតំបន់ជនបទនៃខេត្តកំពង់ឆ្នាំង ។ អង្គការនេះ ជួយគ្រួសារ ដែលងាយរងគ្រោះកសាងជីវភាពរស់នៅប្រកបដោយនិរន្តរភាព តាមរយៈការអភិវឌ្ឍជំនាញ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។ អង្គការនេះផ្តល់ការបណ្តុះបណ្តាលអនុវត្តជាក់ស្តែងនៅរម្មណីយដ្ឋានអេកូទេសចរណ៍ និងមជ្ឈមណ្ឌលកសិកម្មរបស់ខ្លួន ព្រមទាំងផ្តល់ការអប់រំទូទៅដល់សិក្ខាកាម ដែលត្រូវបានជ្រើសរើសចេញពីគ្រួសារ ដែលមានជីវភាពខ្វះខាតនៅក្នុងសហគមន៍។
លោក សំ ប្រាក់ បានចំណាយពេលពីរឆ្នាំសិក្សាលើជំនាញវារីវប្បកម្មរួមជាមួយនឹងការអប់រំទូទៅ។ មុនពេលចូលរួមក្នុងកម្មវិធីនេះ លោកបាននិយាយថា លោកគ្មានបទពិសោធន៍ខាងវារីវប្បកម្មឡើយ ហើយសូម្បីការអាននិងសរសេរអក្សរកម្រិតមូលដ្ឋានក៏ជួបការលំបាកដែរ។ នៅពេលនេះ លោកអាចអាន និងសរសេរបាន ហើយថែមទាំងទទួលបានជំនាញពិតប្រាកដ ដែលអាចយកទៅប្រើប្រាស់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិតបានទៀតផង។
បន្ទាប់ពីបញ្ចប់កម្មវិធីបណ្តុះបណ្តាលរយៈពេលពីរឆ្នាំ លោកបានបន្តអភិវឌ្ឍជំនាញបន្ថែម ហើយត្រូវបានជ្រើសរើសឱ្យចូលបម្រើការងារនៅ Farm House ដែលជាផ្នែកមួយ នៃរមណីយដ្ឋានអេកូទេសចរណ៍របស់អង្គការ SGC។ ការងារនេះជួយឱ្យសមាជិកសហគមន៍អាចអនុវត្តជំនាញវិជ្ជាជីវៈរបស់ពួកគេដោយផ្ទាល់នៅក្នុងបរិយាកាសការងារជាក់ស្តែង ព្រមទាំងទទួលបានបទពិសោធន៍ជាក់ស្តែងបន្ថែមទៀតផងដែរ។
លោកនិយាយថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។ ការសិក្សានៅទីនេះបានផ្តល់ឱ្យខ្ញុំនូវជំនាញ និងចំណេះដឹង ដើម្បីបន្តដំណើរទៅមុខទៀត ហើយវាបានជួយលើកកម្ពស់ជីវភាពគ្រួសាររបស់ខ្ញុំ» ។
សម្រាប់លោក សំ ប្រាក់ ការបណ្តុះបណ្តាលនេះក៏ធ្វើឱ្យលោកមានទំនុកចិត្តក្នុងការរកប្រាក់ចិញ្ចឹមជីវិតផងដែរ បន្ទាប់ពីចាកចេញពី SGC។ ដោយមានជំនាញ និងការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង លោកជឿជាក់ថា លោកអាចរកប្រាក់ចំណូលបានខ្ពស់ជាងមុននៅពេលអនាគត។
គិតត្រឹមឆ្នាំ២០២៥ អង្គការ SGC មានសិក្ខាកាមចំនួន ១៥៥ នាក់បានចុះឈ្មោះចូលរៀនក្នុងកម្មវិធីលើកកម្ពស់សមត្ថភាពជំនាញរបស់ខ្លួនលើមុខជំនាញចំនួន៨។

សិក្ខាកាមម្នាក់ឈ្មោះ យ៉ាន ស្រីម៉ី អាយុ២១ឆ្នាំ បានបញ្ចប់ការបណ្តុះបណ្តាលរយៈពេលពីរឆ្នាំលើជំនាញធ្វើម្ហូប មុនពេលបន្តចូលរួមក្នុងកម្មវិធីលើកកម្ពស់សមត្ថភាព។ បច្ចុប្បន្ន នាងកំពុងធ្វើការនៅ Farm House។
ស្រីម៉ី បានបោះបង់ការសិក្សាបន្ទាប់ពីបញ្ចប់ថ្នាក់ទី៩ ដោយសារបញ្ហាហិរញ្ញវត្ថុ។ នៅឆ្នាំ២០២១ នាងត្រូវបានជ្រើសរើសឱ្យចូលរួមជាមួយអង្គការ SGC តាមរយៈកម្មវិធីសិក្សា ដែលផ្សារភ្ជាប់នឹងការអនុវត្តការងារជាក់ស្តែង។
ស្រីម៉ី បាននិយាយថា៖ «វា [កម្មវិធីនេះ] មានប្រយោជន៍ខ្លាំងណាស់ ព្រោះនេះគឺជាតំបន់ដាច់ស្រយាល ប៉ុន្តែសិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងតំបន់នេះ អាចទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈនៅទីនេះបាន» ។
កម្មវិធីនេះបានផ្តល់ឱកាសឱ្យនាងអភិវឌ្ឍជំនាញពិតប្រាកដ ដោយមិនចាំបាច់ធ្វើចំណាកស្រុក ដើម្បីស្វែងរកការងារធ្វើឡើយ។ នាងបានរៀនជំនាញចម្អិនម្ហូបអាហារ ហើយសង្ឃឹមថា នឹងអាចបើកអាជីវកម្មលក់ម្ហូបអាហារផ្ទាល់ខ្លួននៅពេលអនាគត។
ប្រែក្លាយជាសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ
នៅក្នុងតំបន់ជនបទដ៏ស្ងប់ស្ងាត់ នៃខេត្តកំពង់ឆ្នាំង អង្គការ SGC កំពុងឈានចូលដល់ដំណាក់កាលថ្មីមួយ បន្ទាប់ពីបានចំណាយពេលជាងមួយទសវត្សរ៍ក្នុងការជួយគ្រួសារងាយរងគ្រោះឱ្យកសាងជីវភាពរស់នៅរបស់ពួកគេតាមរយៈការអភិវឌ្ឍជំនាញ។
ចាប់ផ្តើមពីកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយគាំទ្រដល់គ្រួសារដែលមានជីវភាពខ្វះខាត អង្គការនេះ បានវិវត្តខ្លួនទៅជាកម្មវិធីអភិវឌ្ឍន៍ជនបទដ៏ទូលំទូលាយមួយ ដែលរួមបញ្ចូលទាំងផ្នែកកសិកម្ម បដិសណ្ឋារកិច្ច សិប្បកម្ម ការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយនិរន្តរភាព។ វិធីសាស្ត្រនៃការអនុវត្តជាក់ស្តែងរបស់កម្មវិធីនេះ ជួយឱ្យសិក្ខាកាមអាចរៀនសូត្រជំនាញ និងយកជំនាញទាំងនោះទៅអនុវត្តភ្លាមៗនៅក្នុងបរិយាកាសការងារជាក់ស្តែង។
អង្គការ SGC នឹងប្រែក្លាយទៅជាសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផ្លូវការ ដែលអាចពង្រីកលទ្ធភាពផ្តល់ការអប់រំវិជ្ជាជីវៈជាផ្លូវការដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ជនបទជុំវិញទីនោះ។
សម្រាប់លោក ភឿន ភឿ អាយុ២៧ឆ្នាំ យល់ថា គម្រោងដែលអង្គការ SGC នឹងក្លាយទៅជាសាលា TVET គឺមានតម្លៃខ្លាំងណាស់។
មុនពេលចូលរួមជាមួយអង្គការ SGC លោកធ្លាប់ធ្វើការងារផ្នែកសេវាកម្មម្ហូបអាហារ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅរាជធានីភ្នំពេញ។ លោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញជាងឈើរបស់អង្គការ ដែលបានជួយឱ្យលោកទទួលបានជំនាញច្បាស់លាស់ ដែលបានផ្លាស់ប្តូរឱកាសការងាររបស់លោក។
លោកបាននិយាយថា ការអាចរៀនបណ្តើរ និងធ្វើការបណ្តើរបានផ្តល់អត្ថប្រយោជន៍ជាច្រើន ពីព្រោះវាជួយឱ្យលោកយល់ដឹង និងអនុវត្តជំនាញរបស់លោក។ លោក ភឿន ភឿ បានអះអាងថា កាលពីមុនលោកលំបាកក្នុងការស្វែងរកការងារល្អ ដោយសារលោកខ្វះជំនាញវិជ្ជាជីវៈ និងវិញ្ញាបនបត្របញ្ជាក់សមត្ថភាព។

ដោយមានជំនាញពិតប្រាកដផ្នែកជាងឈើ និងវិញ្ញាបនបត្រពីអង្គការ SGC លោកបាននិយាយថា មានឱកាសការងារច្រើនជាងមុន ទោះបីជាលោកមានគម្រោងបង្កើតអាជីវកម្មខ្នាតតូចមួយនៅក្នុងភូមិរបស់លោកនៅថ្ងៃណាមួយក៏ដោយ។
លោក ងន់ សុខលាភ ជានាយកប្រតិបត្តិរបស់អង្គការតុកកែញញឹមកម្ពុជា (SGC) បានមានប្រសាសន៍ថា៖ «SGC មិនគ្រាន់តែជាកន្លែងសម្រាប់រៀនទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងសម្រាប់បណ្តុះបណ្តាលតាមរយៈការរៀនសូត្រដោយអនុវត្តការងារជាក់ស្តែង»។ លោកបានបន្ថែមថា គំរូនៃការអនុវត្តជាក់ស្តែងរបស់អង្គការនេះ ធានាបានថា សិក្ខាកាមដែលបញ្ចប់ការសិក្សានៅទីនេះមានគុណភាពខ្ពស់។
លោក សុខលាភ បានមានប្រសាសន៍ថា អង្គការ SGC បានបង្កើតកម្មវិធីសិក្សាផ្សាភ្ជាប់ការអនុវត្តការងារជាក់ស្តែងនៅឆ្នាំ២០១៦ បន្ទាប់ពីបានឃើញយុវជនជាច្រើន ជាពិសេសអ្នកដែលមានអាយុចន្លោះពី១៦ឆ្នាំដល់វ័យ២០ឆ្នាំ បានបោះបង់ការសិក្សាដោយគ្មានឱកាសបន្តការសិក្សា ឬស្វែងរកការងារសមរម្យនៅក្នុងតំបន់ជនបទ។
កម្មវិធីនេះ ដែលជាគំរូមួយនៅក្នុងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ត្រូវបានរៀបចំឡើង ដើម្បីផ្តល់ឱកាសលើកទីពីរដល់យុវជនទាំងនេះ តាមរយៈការបំពេញការងារផង និងសិក្សាផង។ បច្ចុប្បន្ន អង្គការ SGC កំពុងស្ថិតក្នុងដំណើរការផ្លាស់ប្តូរកម្មវិធីនេះឱ្យទៅជាសាលាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។
លោកបានមានប្រសាសន៍ថា៖ «មិនថាអ្នកចូលរួមចេះអក្សរ ឬមិនចេះអក្សរនោះទេ យើងបញ្ចូលពួកគេទៅក្នុងកម្មវិធីនេះ។ យើងបង្រៀនពួកគេឱ្យចេះភាសាខ្មែរ និងភាសាអង់គ្លេស ហើយពួកគេមានការរីកចម្រើន។ មួយចំនួនបានជ្រើសរើសរៀនជំនាញកុំព្យូទ័រផងដែរ ដែលជួយឱ្យពួកគេអាចបង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួន» ។
លោក សុខលាភ បានបន្ថែមថា៖ «សាលាបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គ្រោងនឹងបើកដំណើរការនៅខែកញ្ញា ដែលផ្តោតគោលដៅលើក្រុមមនុស្សងាយរងគ្រោះ ដែលមានអាយុចាប់ពី១៦ឆ្នាំដល់៣៥ឆ្នាំ» ។
កម្មវិធីដំបូងនេះ នឹងផ្តល់ជូននូវវគ្គសិក្សារយៈពេលមួយឆ្នាំ ដែលរួមបញ្ចូលទាំងទ្រឹស្តីក្នុងថ្នាក់រៀន និងការបណ្តុះបណ្តាលអនុវត្តជាក់ស្តែង ព្រមទាំងអនុញ្ញាតឱ្យសិស្សមកពីក្រៅសហគមន៍ទទួលបានបទពិសោធន៍ផ្ទាល់នៅឯ Farm House។
លោកបានមានប្រសាសន៍ថា៖ «យើងមានភាពខ្លាំងលើផ្នែកអនុវត្តជាក់ស្តែង ដោយសារយើងមានរមណីយដ្ឋានផ្ទាល់ខ្លួន មានការផលិតអាហារ និងមានអតិថិជន ហើយគ្រូបង្រៀនរបស់យើងក៏មានសមត្ថភាពល្អផងដែរ» ។ លោកបានបញ្ជាក់ថា កត្តាទាំងនេះជួយបំពាក់បំប៉នសិស្សឱ្យមានជំនាញពិតប្រាកដ ដើម្បីត្រៀមខ្លួនសម្រាប់ការងារនាពេលអនាគត ជាជាងការរៀនសូត្រទ្រឹស្តីតែមួយមុខ។
លោកបានមានប្រសាសន៍ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) បានក្លាយជាអាទិភាពសម្រាប់រដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ខណៈកម្ពុជាកំពុងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពកម្លាំងពលកម្មរបស់ខ្លួន។

ការបំពេញចំណុចខ្វះខាត
ទោះជាយ៉ាងណាក៏ដោយ លោកបានសង្កត់ធ្ងន់ថា ការពង្រីកចំនួនសិស្សចុះឈ្មោះចូលរៀនមិនគួរធ្វើឡើងដោយមិនគិតពីគុណភាពនោះទេ។ លោកបានមានប្រសាសន៍ថា៖ «TVET ដើរតួនាទីសំខាន់។ វាគឺជាច្រកមួយសម្រាប់អ្នកដែលបានបោះបង់ការសិក្សា អ្នកដែលបាត់បង់ការងារ ឬអ្នកដែលត្រូវការឱកាសទីពីរ។ ប៉ុន្តែចំណុចមួយដែលយើងត្រូវធានាឱ្យបាន គឺគុណភាព» ។
លោក សុខលាភ បានអះអាងថា កម្មវិធីបណ្តុះបណ្តាលរយៈពេលមួយឆ្នាំប្រហែលមិនទាន់គ្រប់គ្រាន់សម្រាប់មុខរបរមួយចំនួននោះទេ ហើយគួរតែមានការបន្តវគ្គសិក្សារយៈពេលវែងជាងនេះ និងឱកាសសម្រាប់ការបង្កើនជំនាញបន្ថែម។
កាលពីខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាទិភាពលើគុណភាពនៃការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ជាជាងផ្តោតលើចំនួនអ្នកចុះឈ្មោះចូលរៀន។ លោកក៏បានលើកឡើងផងដែរអំពីគម្លាតរវាងកម្មវិធីបណ្តុះបណ្តាល និងតម្រូវការទីផ្សារការងារ។
លោក សុខលាភ បានលើកឡើងថា បញ្ហាប្រឈមចម្បងមួយ គឺការធានាថា ការបណ្តុះបណ្តាលវិជ្ជាជីវៈឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់និយោជក។
លោកបានមានប្រសាសន៍ថា៖ «តើយើងមានទិន្នន័យច្បាស់លាស់ដែរឬទេ? តើឧស្សាហកម្មនេះត្រូវការអ្វីខ្លះ?។ ជួនកាល យើងមានតែតួលេខប៉ុណ្ណោះ។ ប៉ុន្តែយើងមិនដឹងថា វាមានន័យយ៉ាងណានោះទេ។ ចំពោះផ្នែកផ្គត់ផ្គង់វិញ តើមានសិស្សប៉ុន្មាននាក់ដែលបានបញ្ចប់ការសិក្សា ហើយមានអ្នកជំនាញចំនួនប៉ុន្មាននាក់?» ។

លោកបានលើកឡើងថា ភាពមិនស៊ីគ្នារវាងការបណ្តុះបណ្តាល និងតម្រូវការទីផ្សារអាចធ្វើឱ្យវិស័យមួយចំនួនខ្វះខាតកម្លាំងពលកម្ម ខណៈដែលចំនួនអ្នកបញ្ចប់ការសិក្សាមានលើសពីសមត្ថភាពស្រូបយករបស់វិស័យផ្សេងទៀតទៅវិញ។ ដូច្នេះ ចាំបាច់ត្រូវមានទិន្នន័យ និងការវាយតម្លៃអំពីទីផ្សារការងារប្រសើរជាងមុន មុននឹងសម្រេចចិត្តថា តើគួរមានសិស្សចំនួនប៉ុន្មាននាក់ដែលត្រូវទទួលការបណ្តុះបណ្តាលលើជំនាញជាក់លាក់ណាមួយ។
យោងតាមក្រសួងការងារ យុវជនប្រមាណ ២៧០.០០០នាក់បានទទួលការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅចន្លោះឆ្នាំ២០២៤ ដល់ខែឧសភា ឆ្នាំ២០២៦ ដោយក្នុងនោះជាង៨៥% នៃអ្នកបញ្ចប់ការសិក្សាទទួលបានការងារធ្វើ ឬចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។
អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បានប្រាប់សារព័ត៌មានខេមបូចាថា ក្រសួងស្វាគមន៍ក្រុមហ៊ុនឯកជន អង្គការជាតិ និងអង្គការអន្តរជាតិ ដែលមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា និងពង្រឹងកម្លាំងពលកម្មផ្នែកបច្ចេកទេស។
ដោយទទួលស្គាល់ពីបញ្ហាប្រឈម លោកមានប្រសាសន៍ថា៖ «យើងធ្វើបច្ចុប្បន្នភាពទិន្នន័យទីផ្សារការងារជាប្រចាំជារៀងរាល់សប្តាហ៍តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ ដោយរួមបញ្ចូលទាំងព័ត៌មានស្តីពីមុខរបរ និងតម្រូវការកម្លាំងពលកម្ម»។ ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា ក្រសួងបានដាក់ចេញវិធានការនានា ដើម្បីពង្រឹងការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកក៏បានកត់សម្គាល់ផងដែរអំពីការផ្លាស់ប្តូរឥរិយាបថរបស់សាធារណជនចំពោះការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ។ ខណៈដែល ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ធ្លាប់ត្រូវបានគេចាត់ទុកថា ត្រឹមជាជម្រើសទី២ក៏ដោយ ប៉ុន្តែបច្ចុប្បន្ន យុវជនកម្ពុជាកាន់តែច្រើនឡើងបានមើលឃើញថា ជំនាញវិជ្ជាជីវៈ គឺជាវិធីសាស្ត្រអនុវត្តជាក់ស្តែងមួយឆ្ពោះទៅរកការងារ និងប្រាក់ចំណូលដែលមានស្ថិរភាព។
ក្រសួងក៏ចាត់ទុកវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ទាំងអស់ គឺជាផ្នែកដ៏សំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ផងដែរ។ ការចូលរួមរបស់ពួកគេរួមមាន ការជួយអភិវឌ្ឍកម្មវិធីសិក្សា ការផ្តល់ឱកាសចុះកម្មសិក្សា និងការចែករំលែកជំនាញបច្ចេកទេស ដើម្បីឱ្យការបណ្តុះបណ្តាលកាន់តែឆ្លើយតបបានល្អប្រសើរទៅនឹងតម្រូវការរបស់និយោជក និងវិនិយោគិន។
លោក ស៊ុន មេសា បានមានប្រសាសន៍ថា ជាចុងក្រោយ ក្រសួងមានគោលបំណងកសាងប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ព្រមទាំងជួយឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការងារសមរម្យ និងមានប្រាក់ចំណូលខ្ពស់ជាងមុន៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ From Dropping Out to Building Careers: Rural Youth Find a Path Through TVET










