សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រុមសិល្បៈយុវជន តស៊ូបន្តវេនល្ខោន​ខោល ខណៈទីផ្សារនៃអាជីពនេះនៅមានកម្រិត

ក្រុមយុវជនសិល្បៈល្ខោន​ខោល កំពុងហាត់សមក្បាច់នៃទម្រង់ល្ខោនខោល ទីតាំងសហព័ន្ធសហភាពយុវជនកម្ពុជា(សសយក) នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ។ (ខេមបូចា/ពូ សូរាជីនី)
ក្រុមយុវជនសិល្បៈល្ខោនខោល កំពុងហាត់សមក្បាច់នៃទម្រង់ល្ខោនខោល ទីតាំងសហព័ន្ធសហភាពយុវជនកម្ពុជា(សសយក) នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ ។ (ខេមបូចា/ពូ សូរាជីនី)

រៀងរាល់ថ្ងៃអាទិត្យ សំឡេងណែនាំរបស់គ្រូលាយឡំនឹងចលនារបស់យុវជនរាប់រយនាក់នៅក្នុងទីធ្លាហាត់សិល្បៈនៃអគារសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក)។ ពួកគេកំពុងព្យាយាមធ្វើតាមក្បាច់ល្ខោនខោលបុរាណ ក្នុងនោះមានគ្រូបង្រៀន លោក ហង់ ភូមិរា ដើរមើល និងកែតម្រូវសិស្សម្នាក់ៗ។

លោក ភូមិរា លើកឡើងថា ការរក្សាឱ្យយុវជនបន្តហាត់ជាប់នៅតែជាបញ្ហា ខណៈអ្នកដែលចង់បន្តអាជីពមើលឃើញថា ទីផ្សារការងារសម្រាប់អ្នកសិល្បៈល្ខោនខោលនៅមិនទាន់ទូលំទូលាយ ហើយយុវជនចង់ឱ្យមានឱកាសសម្តែង និងការងារកាន់តែច្រើន។

បុរសវ័យ៣៨ សម្បុរស្រអែម ពោលពាក្យសំដីលះច្បាស់ លោក ហង់ ភូមិរា ដែលបច្ចុប្បន្នជា មន្ត្រីនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម និងជាប្រធានក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បានចាប់ផ្តើមចូលសិល្បៈតាំងពីឆ្នាំ១៩៩៨ នៅពេលលោកមានអាយុ១១ឆ្នាំ។ លោកបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកសិល្បៈ ជំនាញដឹកនាំល្ខោនខោល នៅសាលាវិចិត្រសិល្បៈ។

លោកបានថ្លែងថា៖ «ពីក្មេងលោកគ្រូ[ខ្ញុំ]សង្ឃឹមថាអាចជាសិល្បៈម្នាក់ ហើយនៅពេលដែលរៀនចប់លោកគ្រូ [ខ្ញុំ] សង្ឃឹមថាក្លាយជាគ្រូសិល្បៈ តើរៀនចប់ធ្វើអ្វីដើម្បីជាតិខ្លួនឯង ចឹងហ៊ានលះបង់ថាខ្លួនកើតជាកូនខ្មែរ នៅក្នុងវិទ្យាល័យមួយទេ ហើយយូរទៅៗ សិស្សកាន់តែច្រើនរីកដុះដាលនៃទម្រង់សិល្បៈនេះ ហើយលោកគ្រូបង្កើតមកដល់ពេលនេះ។ បង្កើតរយៈពេល១០ឆ្នាំហើយ សិល្បៈជំនាន់ថ្មីនេះ ឥលូវនេះមានកូនសិស្សជាបន្តបន្ទាប់ ២៨ជំនាន់ហើយ»

លោក ហង់ ភូមិរា មានប្រសាសន៍ថា ឧបសគ្គធំមួយក្នុងការបណ្តុះយុវជន គឺការខ្វះការតស៊ូ និងការមិនមកហាត់ជាប់របស់សិស្សមួយចំនួន។ លោកថា អ្នកខ្លះចាប់ផ្តើមរៀនដោយសារកា​រ​ស្រឡាញ់ ប៉ុន្តែពេលជួបការលំបាកក៏បោះបង់។

លោកថ្លែងថា៖ «អត់ព្យាយាមទេការតស៊ូ ចុះ[ឈ្មោះ]៥០០នាក់ បើសល់ហាត់តែ២០នាក់ឬ៣០នាក់ទេ ដែលនៅសល់បន្តបាន ជួនកាល គាត់ហាត់ ២សប្ដាហ៍ គឺគាត់ទៅបាត់ហើយ។ បើគាត់តស៊ូហត់ម៉ង ៣០នាក់ឬ៤០នាក់ទេ ក្នុង១ជំនាន់ ចឹងរឿងសិល្បៈ១មិនងាយស្រួលទេ ដូចបងបាននិយាយចឹងសិល្បៈ១ហាត់ដូចទាហានចឹងដូចកងទ័ពចឹង ត្រូវការលត់ដំកាយសម្បទានទាំងអស់ ត្រូវការលត់ដំ ហត់នើយវេទនាពិបាក ស៊ូទ្រាំបើអត់ស៊ូទេទៅមុខអត់កើតទេសិល្បៈ»

បញ្ហាមួយទៀតដែលកើតឡើងចំពោះអ្នកបន្តវេន គឺទីផ្សារការងារ។ លោក ហង់ ភូមិរា យល់ថា អ្នកដែលមកហាត់នៅក្រុមភាគច្រើនមិនបានចូលមកដើម្បីយកល្ខោនខោលធ្វើជាអាជីពផ្ទាល់ទេ ប៉ុន្តែមករៀនជាចំណេះដឹងសម្រាប់ខ្លួនឯង និងដោយសារស្រឡាញ់សិល្បៈ។

ចំពោះទីផ្សារ លោកលើកឡើងដោយត្រង់ថា ល្ខោនខោលនៅមិនទាន់មានទីផ្សារទូលំទូលាយដូចសិល្បៈសម័យ ដូចជាតន្ត្រីនោះទេ។ ការសម្តែងភាគច្រើនពាក់ព័ន្ធនឹងកម្មវិធីនៅវត្ត បុណ្យទាន និងកម្មវិធីមួយចំនួនរបស់រដ្ឋ។

 លោកលើកឡើងថា៖ «ទីផ្សាដឹងស្រាប់ហើយ មិនមានទីផ្សាដូចសិល្បៈសម័យ តន្ត្រី អីៗចឹង​ទេ បើមានទីផ្សាភាគច្រើននៅវត្តអារាម បុណ្យទានអាហ្នឹងបានមានសិល្បៈទៅលេងបានហើយវិធីបួស សម្រាប់សក្ការៈផ្លូវរដ្ឋតែម្តង ប្រមុខរាជរដ្ឋាភិបាលបានមានយកទៅបន្តទៀតអត់បានទេ»

ក្រៅពីបញ្ហាការបន្តហាត់ លោក ហង់ ភូមិរា ក៏បារម្ភពីការរៀនសិល្បៈតាមរយៈវីដេអូតែមួយមុខ ដោយគ្មានគ្រូណែនាំផ្ទាល់។ លោកថា ការរៀនតាម YouTube អាចធ្វើឱ្យយុវជនរៀនខុសបច្ចេកទេស និងច្រឡំក្បាច់។

លោកមានប្រសាសន៍ថា៖ «បើក្លែងបន្លំក្បាច់ បើក្លែងបន្លំអីអាហ្នឹងវាទៅហើយ បើមិនច្បាស់ពីខ្លួនឯង ពួកខ្ញុំសុទ្ធតែច្បាស់ ព្រោះខ្ញុំមានគ្រូត្រឹមត្រូវ សុទ្ធតែអញ្ជើញគាត់ មកបង្ហាត់វាច្បាស់ បើអ្នកខ្លះសុទ្ធតែហាត់តតាមគ្នា អ្នកខ្លះយក youtube យកមកជាគ្រូមិនមែន យកជាគ្រូជាអ្នកបង្ហាត់ ជួនណាអាដៃឆ្វេងទៅចេញដៃស្តាំ វាខុសវាអត់ត្រូវតាមក្បួនខ្នាតរបស់គេ បើយកគ្រូមកបង្ហាត់ផ្ទាល់គឺយើងមានបច្ចេកទេសល្អ តាមក្បួនតាមខ្នាត»

ក្រុមសិល្បៈដែលលោកដឹកនាំ បានបង្កើតឡើងប្រមាណ១០ឆ្នាំមកហើយ និងបានបណ្តុះបណ្តាលយុវជនរហូតដល់ជំនាន់ទី២៨ ដោយមានអ្នកចូលរួមសរុបជាង១ពាន់នាក់ក្នុងនោះមានទាំងសិល្បៈបុរាណខ្មែរ និងល្ខោនខោល។ បច្ចុប្បន្នក្រុមកំពុងបន្តទទួលយុវជនជំនាន់ទី២៩ ហើយការបណ្តុះបណ្តាលមិនយកកម្រៃពីសិស្សឡើយ។

លោក ហង់ ភូមិរា បន្តថា ក្រុមក៏ប្រឈមនឹងកង្វះគ្រូ និងថវិកាផងដែរ ដោយគ្រូស្នូលមានចំនួនតិច ហើយលោកត្រូវចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនមួយចំនួន ដើម្បីបន្តការបង្រៀនយុវជន។

បើតាម លោក ហង់ ភូមិរា ពន្យល់ថា ល្ខោនខោល គឺជាទម្រង់ពាក់មួក សម្តែងដោយតួអង្គប្រុសសុទ្ធ និងសម្តែងតែរឿងរាមកេរ្តិ៍ ដោយមានភ្លេងពិណពាទ្យជាអ្នកកំដរ។ ល្ខោនខោលក៏មានលក្ខណៈជាល្ខោនសក្ការៈ ដែលតែងសម្តែងក្នុងពិធីបួងសួងតាមតំបន់ភូមិស្រុក ដើម្បីសុំសេចក្តីសុខ និងសិរីសួស្តី។

លោក ហុង ភូមិរា បង្ហាញក្បាច់ និងចលនារបាំ ខណៈសិស្សានុសិស្សកំពុងយកចិត្តទុកដាក់អនុវត្តតាម នាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ ពូ សូរាជីនី)

ល្ខោនខោលរបស់កម្ពុជាត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។

ក្រៅពីលោក ក្រុមនេះក៏មានការចូលរួមពីគ្រូសិល្បៈជំនាន់មុន រួមទាំង បុរសវ័យចំណាស់ម្នាក់ មាឌធំ សម្បុរស្រអែម ពោលពាក្យសំដីច្បាស់ៗ អមដោយកាយវិការផង គឺ លោក ចាម សុផាត អាយុ៦៨ឆ្នាំ ដែលបានចូលនិវត្តន៍ពីការងារនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងបច្ចុប្បន្ន​ជាជំនួយការក្រសួងនៅនាយកដ្ឋានសិល្បៈទស្សនីយភាព។ ។ លោក សុផាត នៅតែចំណាយពេលមកជួយកែតម្រូវក្បាច់ និងបច្ចេកទេសដល់យុវជន។

លោកបន្តថា លោកចាប់ផ្តើមរៀនសិល្បៈតាំងពីអាយុ៧ឆ្នាំ នៅក្នុងព្រះបរមរាជវាំង ហើយបានបន្តអាជីពសិល្បៈជាច្រើនទសវត្សរ៍។ លោកក៏ជាអ្នកសិល្បៈជំនាន់ទី៣ក្នុងគ្រួសារ ខណៈកូនរបស់លោកក៏បន្តជាអ្នកសិល្បៈជំនាន់ទី៤។

លោក សុផាត បន្តថា ការចូលមកជួយបណ្តុះបណ្តាលយុវជន គឺដោយសារលោកចង់ឱ្យមានការកែតម្រូវបច្ចេកទេស និងការផ្ទេរចំណេះដឹងពីជំនាន់មុនទៅជំនាន់ក្រោយ ព្រោះបើគ្មានអ្នកណែនាំ ក្បាច់ និងទម្រង់អាចត្រូវបានអនុវត្តខុស។

លោកលើកឡើងថា៖ «មកនេះមកជួយ បើយើងមិនជួយទេទម្រង់ក្បាច់យើងវាធ្លាក់ស្រុតៗ អត់មានអ្នកកែ អត់មានអ្នកតម្រង់ផ្លូវគឺវាស្រុតចុះ ចឹងខ្ញុំនេះ គឺមកជួយ»

លោក ចាម សុផាត ក៏មើលឃើញថា ទីផ្សារសិល្បៈសម្រាប់យុវជនជំនាន់ក្រោយក៏ជាបញ្ហាសំខាន់ផងដែលពីព្រោះយុវជនមកទីនេះគឺជាការស្ម័គ្រចិត្ត ព្រោះពួកគេត្រូវចំណាយលើការធ្វើដំណើរ និងការរស់នៅ ទោះការហាត់រៀនមិនគិតថ្លៃក៏ដោយ។

លោកលើកឡើងថា៖ «បញ្ហាដែរសំខាន់ជាងគេលើថវិការនឹងហើយ កុំថាកូនគេកូនយើងត្បិតថា១អាទិត្យមករៀន ម៉ាពេលការចំណាយញ៉ាំមកសព្វគ្រប់បែបយ៉ាង ថ្លៃជិះថ្លៃអី វាចំណាយហើយធ្វើម៉េចការស្រឡាញ់ការចូលចិត្ត»

ទោះជាយ៉ាងណា លោកជឿថា ការបន្តវេននៅតែអាចធ្វើទៅបាន ប្រសិនបើមានការចូលរួមពីយុវជនជាបន្តបន្ទាប់។

លោកលើកឡើងថា៖‍ «ព្រួយខ្លាំងជាងគេ គឺវប្បធម៌យើងស្រុតចុះនឹងឯង ប្រសិនជាយើងអត់កែណែនាំវាឲ្យច្បាស់លាស់ទេ វាអាចស្រុតចុះ អាគេខ្លាំងជាងយើងខ្លាំងរឿងអី គេមានផ្សព្វ​ផ្សាយ​ទូលំទូលាយយើងតូច ទាល់ចឹងយើងត្រូវតែច្បាស់ រឹងមាំចឹងបានយើងទៅរួច»

សម្រាប់យុវជនមួយចំនួន ការមករៀនសិល្បៈល្ខោនខោល ពួកគេចាត់ទុកវាជាចំណេះដឹង និងជាមរតកដែលគួររក្សាទុក។ យុវជនបន្តអាជីពមួយនេះ មើលឃើញថា ទីផ្សារការងារសម្រាប់អ្នកសិល្បៈល្ខោនខោលនៅមិនទាន់ទូលំទូលាយ ក្រៅពីរៀនសិល្បៈពួកគេមួយចំនួនក៏កំពុងបន្តសិក្សាផងដែល។

យុវជន លោក ហួត តាំងអ័រ ដែលជានិស្សិតផ្នែករដ្ឋបាលឆ្នាំទី២ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ បានចូលហាត់ល្ខោនខោលប្រមាណ២ឆ្នាំមកហើយ។ លោកថា ការស្រឡាញ់សិល្បៈតាំងពីកុមារភាព និងចង់ចូលរួមថែរក្សាមរតកដែលបន្សល់ទុកពីបុព្វបុរស គឺជាមូលហេតុដែលលោកជ្រើសរើសរៀនល្ខោនខោល។

លោក តាំងអ័រ លើកឡើងថា ការហាត់ល្ខោនខោលមានការលំបាក ជាពិសេសការពត់ដៃ ពត់ជើង និងការហាត់តួយក្ស ដែលទាមទារការខិតខំប្រឹងប្រែង។ ប៉ុន្តែលោកព្យាយាមរៀបចំពេលវេលាដោយប្រើថ្ងៃអាទិត្យសម្រាប់ការហាត់ ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សា។

យុវជននិយាយថា៖ «ដោយសារតែ ខ្ញុំស្រឡាញ់សិល្បៈតាំងពីតូចទាក់ទងទៅនឹងផ្នែក របាំនឹង ហើយខ្ញុំចង់រក្សាសិល្បៈដែលបានបន្សល់ទុកឲ្យ ណាមួយយើងជាយុវជនខ្មែរជំនាន់ក្រោយនឹង យើងមានតួនាទីផ្សេងៗគ្នា ប៉ុន្តែក្នុងនាមយើងជាកូនខ្មែរ ក្នុងការក្សាសម្បត្តិវប្បធម៌​របស់យើងដែលដូនតាបានរក្សាទុក។ ណាមួយបូកជាមួយនឹងទេពកោសល្យរបស់យើងទៀតអាច ប្រើប្រាស់វាបានក៏យើងបន្ត»

ចំពោះអនាគតការងារ លោក តាំងអ័រ មើលឃើញថា ឱកាសការងារពីសិល្បៈនេះមានប្រហែល​៥០ភាគរយ ហើយយុវជនមិនគួរពឹងផ្អែកលើជំនាញតែមួយមុខទេ។ លោកធ្លាប់ចូលរួមសម្តែងនៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ហើយការសម្តែងខ្លះទទួលបានប្រាក់ឧបត្ថម្ភពីក្រៅ ខណៈការសម្តែងខ្លះទៀតធ្វើឡើងដោយស្ម័គ្រចិត្ត។

យុវជនរូបនេះបន្ថែមថា៖ «ឪកាសការងារវា ៥០ ៥០ អត់អាចទាំងអស់បានទេ វាគួបផ្សំជាមួយនឹងការងារ វាគួបផ្សំអ្វីដែលយើងរៀនខាងក្រៅដែលប្រសិនពឹងទៅលើឯកទេសអាជីពតែ១ វាអត់អាចគ្រប់គ្រាន់នោះទេ ។

យុវជន ស៊ីថា វាសនា អាយុ២០ឆ្នាំ ដែលកំពុងសិក្សាផ្នែកស្ថាបត្យកម្មនៅសាលាសិល្បៈ និងបានហាត់ល្ខោនខោលប្រមាណ៤ឆ្នាំ ក៏មានទស្សនៈស្រដៀងគ្នា។ លោកចង់ផ្តោតលើការងារផ្នែកស្ថាបត្យកម្ម ប៉ុន្តែមិនចង់បោះបង់ជំនាញល្ខោនខោលដែលបានរៀន។​

យុវជនឱ្យដឹងថា៖«មូលហេតុដែលបន្តហ្នឹង គឺទី១គឺចិត្តស្រឡាញ់មែនទែន ទី២ ខ្ញុំគិតថាវាជាឪកាសរបស់ខ្ញុំដែរ ដែលហាត់អ្វីដែលខ្លួនឯងស្រឡាញ់ ហើយខ្ញុំមានពេលទំនេរចេះតែឆ្លៀតមកទៅព្រោះចំណេះនឹងវាអាចជាប់មកយើងរហូតដែរ ហើយយើងចេះទៅអាចបង្រៀនដល់ជំនាន់ក្រោយបងៗជំនាន់ក្រោយឬក៏ក្មេងជំនាន់ក្រោយអត់ទាន់ស្គាល់ល្ខោនខោល»

លោក វាសនា មើលឃើញថា ទីផ្សារការងារសម្រាប់ល្ខោនខោលនៅមិនទាន់ទូលំទូលាយ ហើយការសម្តែងភាគច្រើនធ្វើឡើងក្នុងកម្មវិធីរបស់ សសយក ឬព្រឹត្តិការណ៍ធំៗ ដែលយុវជនចូលរួមដោយស្ម័គ្រចិត្ត ហើយពេលខ្លះទទួលបានត្រឹមប្រាក់ឧបត្ថម្ភពីខាងក្រៅ។

លោកបញ្ជាក់ថា៖ «សម្រាប់ការងារវាមធ្យម វាមិនសូវបើកទូលំទូលាយនោះទេ ប្រៀបថាគេស្គាល់យើងមិនទាន់ច្បាស់ ដូចបងស្រីៗដូចរបាំព្រះរាជទ្រព្យ បើរបាំព្រះរាជទ្រព្យគាត់អាចរកបានការងារច្រើនជាងល្ខោនខោល»

ក្រុមយុវជនកំពុងហាត់ក្បាច់បុរាណ នៅទីតាំងសហព័ន្ធសហភាពយុវជនកម្ពុជា(សសយក) នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ពូ សូរាជីនី)

បើក្រឡេកទៅមើលសហគមន៍ល្ខោនខោលវត្តស្វាយអណ្តែត ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល លោក ប៉ុច ផៃ ប្រធានគណៈកម្មការគ្រប់គ្រងល្ខោនខោលវត្តស្វាយអណ្តែត បានលើកឡើងថា ការបង្ហាត់បង្រៀនសិល្បៈល្ខោនខោល និងការបណ្តុះអ្នកបន្តវេននៅតែបន្ត បើទោះបីសកម្មភាពបណ្តុះបណ្តាលខ្លះត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារគ្រូបង្ហាត់ជាប់រវល់នឹងជីវភាពរស់នៅ និងសិស្សខ្លះជាប់ការសិក្សា។

លោកលើកឡើងថា ខាងសហគមន៍ល្ខោនខោលបុរាណមាន យុវជនក្រោយជាង៤០នាក់ ដែលកំពុងរៀនតាមផ្នែកនីមួយៗ ខណៈការបង្ហាត់ភ្លេងពិណពាទ្យក៏មានអ្នកចូលរួមជាង២០នាក់ដោយការហាត់ល្ខោនខោលនឹងបន្តដំណើរការឡើងវិញនៅពេលសិស្សមានពេលទំនេរពីការសិក្សា។

លោក ប៉ុច ផៃ មានប្រសាសន៍ថា៖ «ចំពោះការសម្តែងគិតមកដល់ឥលូវនេះយើងមិនទាន់មានការសម្តែងទេ ប៉ុន្តែថ្ងៃ២៧ ខែកញ្ញា ខាងមុខនេះ ក្រុមល្ខោនខោល១ក្រុមចេញទៅសម្តែងនៅក្នុងកម្មវិធីបេតិកភណ្ឌវប្បធម៌អរូបី នៅសាធារណៈកូរ៉េ គេប្រារព្ធពិធីនៅកូរ៉េគេបានចូលរួម»

ក្រៅពីការហាត់ល្ខោនខោល និងភ្លេងពិណពាទ្យ លោក ប៉ុច ផៃ ថា សហគមន៍ក៏មានសកម្មភាពបណ្តុះបណ្តាលចំណេះជំនាញដូនតា ដូចជាការធ្វើខ្មុកស្មាញ់ ដែលមានការរៀនជាប្រចាំរៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ។

លោកមានប្រសាសន៍ថា៖ «បញ្ហាប្រឈមពីមុនមិនទាន់ចូលបេតិកភណ្ឌចេះតែមានការបាត់បង់ ព្រោះកាលនោះប្រពៃណីវប្បធម៌អរិយធម៌ ជាពិសេសគឺសិល្បៈបែបទំនើបនឹងវាចូលវ៉ៃលុកខ្លាំង ប៉ុន្តែក្រោយមកក្រសួងស្នើសុំដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌទាន់កុំឲ្យវាបាត់បង់។ កាលកន្លងមកយើងមានថវិកាទ្រទ្រង់ពីមូលលិធិ ជាអ្នកជួយឧបត្ថម្ភ បានជួយគ្រាំទ្រសម្រាប់ភ្លេង ការជួយគ្រាំទ្រសកម្មភាព»

លោកក៏ស្នើឱ្យមានជាគាំទ្របន្ថែមពីថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ដោយសហគមន៍កំពុងប្រឈមនឹងតម្រូវការកែលម្អ និងពង្រីករោងល្ខោនខោល។ លោកថា បច្ចុប្បន្នចំនួនសិស្សមានច្រើនជាងមុន ខណៈទីកន្លែងសម្រាប់រៀបចំពិធី និងសកម្មភាពសិល្បៈមិនសូវធំទូលាយ ហើយនៅពេលមានភ្លៀងក៏អាចប៉ះពាល់ដល់ការសម្តែង។

ក្រៅពីរោងសម្តែង សម្លៀកបំពាក់ក៏ជាតម្រូវការមួយដែលសហគមន៍កំពុងប្រឈម។ លោក ប៉ុច ផៃ បញ្ជាក់ថា សម្លៀកបំពាក់មួយចំនួនចាស់ និងត្រូវការថវិកាសម្រាប់ជួសជុល ឬរៀបចំថ្មី ខណៈសហគមន៍មានកម្រិតក្នុងការរកថវិកាទ្រទ្រង់ដោយខ្លួនឯង។

លោកបន្ថែមថា៖ «មានការខ្វះខាតដែរ ដូចជាសម្លៀកបំពាក់ ឥលូវពួកក្រុមខ្ញុំចេះធ្វើមុខខ្លះដែរ ប៉ុន្តែវាត្រូវកាថវិកាអ៊ីចឹងដែរ សម្លៀកបំពាក់នឹងវាចាស់ៗ អស់ហើយព្រោះយើងមិនមានលទ្ធភាពរកថវិកាណាមួយទ្រទ្រង់បាន ចំពោះមុខយើងអាចរកថវិកាបាន ប៉ុន្តែយើងត្រូវគិតគូរដល់ការឧបត្ថម្ភលើកទឹកចិត្តដល់អ្នកចឹងដែរ ក៏មានការចូលរួមពីថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋានក្រុងឬក៏ខេត្ត ក៏ក្រសួងអីបន្ថែមទៀតកាន់តែល្អប្រសើរ»។

នៅខេត្តបាត់ដំបង លោក ជា ធី គ្រូបង្ហាត់ទម្រង់ក្បាច់យក្ស ល្ខោនខោលនៅខេត្តបាត់ដំបង សង្កេតឃើញថា ការចូលរួមរបស់យុវជននាពេលបច្ចុប្បន្ន នៅមិនទាន់ច្រើនដោយពួកគេមួយចំនួនមានទំនោរចាប់អារម្មណ៍លើសិល្បៈសម័យជាងសិល្បៈបុរាណ។

លោកលើកឡើងថា ក្រុមក៏ប្រឈមនឹងការខ្វះសម្ភារៈ សម្លៀកបំពាក់ ទីកន្លែងហាត់ និងថវិកា ដែលធ្វើឱ្យអ្នកសិល្បៈមួយចំនួនត្រូវចេញទៅរកការងារផ្សេង និងមិនអាចហាត់បានជាប់លាប់​។

លោកបានបន្តថា៖ «ថវិកាក៏ជាបញ្ហាប្រឈមដ៏ធំមួយដែរសម្រាប់ក្រុម។ ការសម្ដែងបានថវិកា​តិច ម្យ៉ាងអ្នកសម្ដែងមិនអាចពឹងផ្អែកទៅលើចំណូលបានពីការសម្ដែងទាំងស្រុង ដែលតម្រូវឲ្យពួកគេសម្រេចចិត្តចេញពីសហគមន៍ទៅប្រកបការងារនៅតំបន់ ឬខេត្តផ្សេង ជាហេតុធ្វើឲ្យការហាត់មិនបានដិតដល់ និងតួសម្ដែងខ្លះក៏សម្រេចចិត្តផ្អាកសម្ដែង»

លោកមានប្រសាសន៍ថា៖ បច្ចុប្បន្ន សហគមន៍«មិនទទួលបាន»ការគាំទ្រថវិកា ឬធនធានពីស្ថាប័ន ឬអង្គការណា ជាប្រចាំនោះទេ។ តែដោយសារអ្នកដឹកនាំក្រុម ព្រឹទ្ធាចារ្យនាដកោសល្យវិជ្ជា ជា ហ៊ា ជាមរតកមនុស្សរស់ លោកផ្ទាល់ទទួលបានប្រាក់បៀរវត្សជារៀងរាល់ខែពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ តែថវិកានេះមិនមែនជាថវិកាដែលគាំទ្រសម្រាប់ក្រុមល្ខោនទេ ពោលជាប្រាក់របស់ព្រឹទ្ធាចារ្យ។ ទោះជាយ៉ាងណាក្ដី ក្រោយពីដកសម្រាប់ចំណាយ និងថ្នាំសង្កូវព្រឹទ្ធាចារ្យបានបែងចែកចំណែកខ្លះសម្រាប់ទ្រទ្រង់ដល់ក្រុមល្ខោន តែវាតិចតួច និងមិនទាន់គ្រប់គ្រាន់ទេ។

លោកស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្តផ្សព្វផ្សាយ និងបង្កើតកម្មវិធីសិក្សា ឬសិក្ខាសាលាអំពីល្ខោនខោលនៅតាមខេត្ត ដើម្បីបង្កើនការចូលរួមរបស់យុវជន និងឱ្យមានការគាំទ្រដល់សហគមន៍សិល្បៈតាមតំបន់កាន់តែច្រើន។

លោកបន្ថែមថា៖ «សូមស្ថាប័នពាក់ព័ន្ធ ដូចជាមន្ទីរនៅតាមខេត្តក្ដី ចុះជួបផ្ទាល់ជាមួយក្រុមល្ខោន​ទាំងនោះឲ្យបានជាប្រចាំ ដែលទាំងនេះជាទឹកចិត្តដ៏ធំធេងជួយជំរុញឲ្យក្រុមសិល្បៈតាមតំបន់នោះកាន់តែមានកម្លាំងចិត្តធ្វើបន្ដ។ ផ្ដល់ឱកាសឲ្យយុវជនដែលមានទឹកចិត្តចង់ធ្វើកម្មវិធី ឬផ្សព្វផ្សាយដោយសុចរិត មានឱកាសធ្វើកិច្ចការទាំងនោះដោយមានភាពងាយស្រួល»។

របាំងមុខរបាំបុរាណដែលដាក់តាំងនៅ«ពិព័រណ៍ស្នាដៃមត៌កមនុស្សរស់‍‍»​ នៅសារមន្ទីរខ្លែងខ្មែរ ក្នុងរាជធានីភ្នំពេញ ដែលថតនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសម្ពោធដំណើរការ«ពិព័រណ៍ស្នាដៃមត៌កមនុស្សរស់‍‍» ចាប់ពីថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០២៥ នៅសារមន្ទីរខ្លែងខ្មែរទល់មុខវិមានរដ្ឋសភា ក្នុងរាជធានីភ្នំពេញ។ ​(ខេមបូចា/ព្រីង សំរាំង)

ចំណែកអគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌអរូបី និងឧស្សាហកម្មច្នៃប្រឌិត លោក ឈុំ ម៉េងហុង បានឱ្យដឹងថា យុវជននៅតែមានចំណាប់អារម្មណ៍ចំពោះល្ខោនខោល ហើយក្រសួងកំពុងជំរុញការបណ្តុះបណ្តាល ការសម្តែង និងការផ្សព្វផ្សាយសិល្បៈនេះតាមរយៈកម្មវិធីនានា​។

លោក ម៉េងហុង បញ្ជាក់ថា ក្រសួងក៏បានជំរុញការអភិរក្សល្ខោនខោលនៅតាមសហគមន៍ ជាពិសេសតំបន់ដែលមានប្រពៃណីល្ខោនខោល ហើយរៀបចំវគ្គបណ្តុះបណ្តាលជំនាញ ការតាំងពិព័រណ៍ និងការបោះពុម្ពផ្សព្វផ្សាយ ដើម្បីឱ្យសាធារណជន និងយុវជនបានស្គាល់កាន់តែច្រើន​​​។

លោកក៏ទទួលស្គាល់ថា អាជីពសិល្បៈមានបញ្ហាទីផ្សារខុសពីអាជីពមួយចំនួនផ្សេងទៀត ហើយការបង្កើតឱកាសការងារសម្រាប់អ្នកសិល្បៈនៅតែជាបញ្ហាប្រឈម។ ដូច្នេះ ក្រសួងព្យាយាមបង្កើតឱកាសសម្តែង តាមរយៈកម្មវិធីជាតិ និងការអញ្ជើញទៅសម្តែងនៅក្រៅប្រទេស​។

លោកលើកឡើងថា៖ «អាជីពនេះមិនមែនដូច អាជីពផ្សេងទេវាពិបាករកទីផ្សាជូនវាមិនមែនតែល្ខោនទេផ្សេងៗទៀតដែលយើងពិបាក ចឹងហើយបានក្រសួងព្យាយាមរកទីផ្សាជូនអីចឹងឧបមាថាបើមានគេទាក់ទងមកចង់លេងស្អីៗ ជាពិសេសរឿងជូនទៅក្រៅប្រទេសផ្សេងៗយើងតែងតែឲ្យសហគមន៍គាត់ទៅ ក្រសួងខ្លួនឯងក៏មានល្ខោនខោលប៉ុន្តែភាគច្រើនយើង​ផ្តល់​អាទិភាពទៅកាន់សហគមន៍ជាង»។​

លោកបន្តថា៖ «ហើយអាហ្នឹងវាពិបាកវាមិនមែនជារបស់លក់ ឧបមាថាមួកទម្រង់ល្ខោនខោលព្យាយាមឲ្យគាត់លក់ព្រោះកន្លងមកវាមិនមែនគ្រាន់តែរាំទេ យើងព្យាយាមលក់សម្ភារៈហើយកម្រិតនៃការលក់គឺវាមានតម្លៃថ្លៃហើយអ្នកខ្លះគេទិញអ្នកខ្លះគេអត់ទិញកន្លែងហ្នឹងវាពិបាកដែល»

ជុំវិញការគាំទ្រថវិកា លោក មានប្រសាសន៍ថា ក្រសួងមានថវិកាប្រចាំឆ្នាំសម្រាប់ការងារបេតិកភណ្ឌ ប៉ុន្តែថវិកានោះមិនមែនសម្រាប់ល្ខោនខោលតែមួយទេ ហើយមានចំនួនកំណត់។

លោកបានបញ្ជាក់ថា៖ «មានក៏ប៉ុន្តែ Budget(ថវិកា) វាតិច មិនមែនតែសម្រាប់តែល្ខោនខោលទេ វាសម្រាប់បេតិកភណ្ឌផ្សេងៗទៀត គេហៅជា Budget (ថវិកា)ផ្សេងៗដែលប្រឈម អាហ្នឹងវាមាន Budget (ថវិកា)ប្រចាំឆ្នាំសម្រាប់ធ្វើកិច្ចការរឿងហ្នឹង ក៏ប៉ុន្តែអត់ច្រើនទេថវិកាវារាងតិចដែរ»

លោកក៏សុំអំពាវនាវឲ្យយុវជនចូលរួមថែរក្សាតាមរយៈការទស្សនាក្តី ឬមួយការចូលរៀនក្តី ជាកម្មវិធីផ្សេងៗដែលតាមសហគមន៍ធ្វើ កាលណាដែលមានចូលរួមច្រើនមានន័យថាសន្ទុះនៃការចូលរួមការពារនេះវាកាន់តែល្អ ជៀសវាងយុវជនអត់សូវចាប់អារម្មណ៍យើងបារម្មណ៍រឿងការប្រឈមចឹងដែរ។

ក្រឡែកមកមើល លោក ហង់ ភូមិរា បានរៀបរាប់មួយៗនិងច្បាស់ៗថា ការបន្តល្ខោនខោលមិនអាចពឹងផ្អែកតែលើគ្រូជំនាន់ចាស់បានទេ។ លោកចង់ឱ្យយុវជនដែលបានរៀនពីក្រុមរបស់លោក អាចបន្តបង្កើតក្រុមសិល្បៈនៅតាមខេត្តរបស់ខ្លួន និងបន្តបង្រៀនអ្នកជំនាន់ក្រោយ។

លោកចង់ឃើញសិល្បៈខ្មែររីកចម្រើនក្នុងរយៈពេល៥ឆ្នាំខាងមុខ ហើយស្នើឱ្យយុវជនចូលរួមលើកតម្លៃ និងការពារសិល្បៈរបស់ខ្លួន ដោយមិនយកទម្រង់សិល្បៈមកបំភ្លៃដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន។

លោក ហង់ ភូមិរា បានបន្ថែមទៀតថា៖ «សំណាក់ពីយុវជន យុវនារីត្រូវគ្រាំទ្រលើកតម្កើងនិងលើកតម្លៃវប្បធម៌ជាតិរបស់ខ្លួនឯង បើមិនលើកទេមិនផ្សព្វផ្សាយទេ មានន័យថាបាត់បង់ហើយក្មេងជំនាន់ក្រោយទៀត គ្មានអីសល់ឲ្យគាត់ទេ អត់មានកេរ្តិ៍ដំណែលណាដល់យើងទេ ហើយធ្វើអ្វីឲ្យច្បាស់ឲ្យតម្លៃសិល្បៈខ្លួនឯង ហើយស្គាល់ខ្លួនឯងឲ្យច្បាស់មុននឹងស្គាល់របស់គេ »

ព័ត៌មានថ្មី

អត្ថបទពេញនិយម