សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សេចក្ដីព្រាង​ថវិកាជាតិ​ឆ្នាំ២០២៧ គ្រោងចំណាយ​៩,៨​ពាន់​លាន​ដុល្លារ កើនឡើង​៣,២ភាគរយ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំគណៈរដ្ឋមន្ត្រីប្រជុំនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ ដើម្បីអនុម័តសេចក្ដីព្រាងថវិកាជាតិឆ្នាំ២០២៧ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖STPM)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំគណៈរដ្ឋមន្ត្រីប្រជុំនៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញ ដើម្បីអនុម័តសេចក្ដីព្រាងថវិកាជាតិឆ្នាំ២០២៧ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ (រូបភាព៖STPM)

រដ្ឋាភិបាល​បាន​អនុម័ត​លើ​សេចក្តីព្រាងថវិកា​ជាតិ​ឆ្នាំ​២០២៧ ដែល​ការចំណាយ​នឹង​កើន​ឡើ​ង​៣,២​ភាគរយ​ ខណៈការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​​ថា​កើន​ឡើង​លឿន​ជាង​អ្វីដែល​ស្ថាប័ន​មូលនិធិ​រូបិយវត្ថុអន្តរជាតិ និង​ធនាគារ​ពិភព​លោក​​បាន​រំពឹង​ទុក​។​

សេចក្ដីព្រាងថវិកាជាតិ ដែល​រដ្ឋាភិបាល​បាន​អនុម័ត​កាលពី​ថ្ងៃសុក្រ រដ្ឋាភិបាល​គ្រោង​ចំណាយ​ថវិកា​៣៩,៧​ទ្រីលាន​រៀល ឬ​ប្រហែល​នឹង​៩,៨​ពាន់​លាន​ដុល្លារ ដែល​តួលេខនេះកើន​ពី​៣៨,៥​ទ្រីលាន​រៀល​ ឬ​៩,៥​ពាន់​លាន​ដុល្លារ សម្រាប់​កញ្ចប់​ថវិកាជាតិ​ឆ្នាំ​២០២៦​។ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​របស់​រដ្ឋាភិបាល​។ ចំណែក​ចំណូល​វិញ រដ្ឋាភិបាល​ប៉ាន់​ប្រមាណ​ថា​នឹង​រក​បាន​៣២,៣​ទ្រីលាន​រៀល ឬ​ប្រហែល​៨ពាន់​លាន​ដុល្លារ កើន​ឡើង​៦,៧​ភាគរយ​។​

កាល​ពី​ឆ្នាំ​មុន​រដ្ឋាភិបាល​បាន​ប្រកាស​ថា ​​ថវិកាជាតិ​សម្រាប់​ឆ្នាំ​២០២៦​ គឺ​៤០,៩​ទ្រីលាន​រៀល ឬ​ប្រហែល​១០,១​ពាន់​លាន​ដុល្លារ ហើយ​តួលេខ​នេះ​គឺ​​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំទូលាយ​ថា​ជាទំហំ​​ថវិកាជាតិ​។ កញ្ចប់​ថវិកា​នេះគឺ​​គិត​រួម​ទាំង​ការ​ចំណាយ​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ​។​

រដ្ឋាភិបាល​បាន​លើក​ឡើងថា ​អាទិភាព​របស់​ថវិកា​ជាតិ​គឺ​ដើម្បី «ការពារ​អធិបតេយ្យភាព​ជាតិ និង​បូរណភាព​ជាតិ» ព្រម​ជាមួយ​ការ​រក្សា​ស្ថិរភាពជាតិ និង​ជីវភាព​របស់​ប្រជា​ពល​រដ្ឋ ក្នុង​ពេល​ដែល​ពិភព​លោក​កំពុង​ស្ថិត​ក្នុ​ង​ភាព​មិនប្រាកដប្រជា។​ យ៉ាង​ណា​តួលេខ​របស់​ថវិកាជាតិ​នេះ​មិន​ទាន់​បាន​បង្ហាញ​ពី​ការ​បែង​ចែក​កញ្ចប់​ថវិកាទៅ​តាម​វិស័យ​មួយៗនៅ​ឡើយ​។​

រដ្ឋាភិបាល​ក៏​បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​​ជាតិ​សម្រាប់​ឆ្នាំ​២០២៧ ដោយ​ថា​មាន​កំណើន​៤,៨​ភាគរយ ខណៈ​ឆ្នាំ​នេះ​ព្យាករថា​មាន​ត្រឹម​៤ភាគរយ។ នេះ​បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​ដដែល​។ ចំណែក​មូលនិធិ​រូបិយវត្ថុអន្តរជាតិ និង​ធនាគារ​ពិភព​លោក​បាន​ព្យាករ​ថា ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​​មាន​៤ភាគ​រយ​នៅ​ឆ្នាំ​២០២៧ និង​រំពឹង​ថា​កំណើន​នឹង​ចុះ​ខ្សោយជាង​អ្វី​ដែល​រដ្ឋាភិបាល​រំពឹង​ទុក​​​សម្រាប់​ឆ្នាំ២០២៦។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី កាល​ពី​ខែ​មុន​បាន​បន្ថយ​ការ​ព្យាករ​របស់​ខ្លួន​​សម្រាប់​ឆ្នាំ​២០២៦​មក​នៅ​៣,៩​ភាគរយ និង​រំពឹង​ថា​សេដ្ឋកិច្ច​នឹង​កើន​ឡើង​៤,៧​ភាគរយ​នៅ​ឆ្នាំ​២០២៧។​

​ស្ថាប័ន​អន្តរជាតិ​ទាំង​នោះ​រំពឹង​បែបនេះ​ដោយ​ផ្អែក​លើ​តម្លៃ​ថាមពល​កើន​ឡើង ចំនួន​ភ្ញៀវទេសចរ​ធ្លាក់​ចុះ និង​ការ​មិន​ទាន់​កម្រើក​ឡើង​វិញ​នៃ​វិស័យ​អចលនទ្រព្យ​។​ មូល​និធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏​បាន​គូស​បញ្ជាក់​ពី​ការ​ធ្លាក់ចុះ​នៃ​ចំនួន​ប្រាក់​ផ្ញើ​ពី​បរទេស​មក​ក្នុង​ស្រុក ក្រោយ​ពល​ករ​កម្ពុជា​ជិត​១លាន​នាក់​បាន​ត្រឡប់​ពី​ថៃ​មក​កម្ពុជា​វិញ បន្ទាប់​ពី​​មាន​ជម្លោះ​ព្រំ​ដែន​ និង​ថា​សកម្ម​ភាព​ឆបោក​តាមអនឡាញ​ក៏​ជា​ហានិភ័យ​មួយ​ដែរ។​​

តួលេខ​ចុង​ក្រោយ​ដែល​បាន​បញ្ចេញ​ជាមួយ​នឹង​សេចក្ដីព្រាង​ថវិកា បាន​បង្ហាញ​ថា ​រដ្ឋាភិបាល​​រក​ចំណូល​​បាន​៧ភាគរយ​ច្រើន​ជាង​ផែនការ​ដែល​គ្រោង​ទុក​កាល​ពី​ឆ្នាំ​២០២៥ ប៉ុន្តែ​ថាការ​ចំណាយ​មាន​ទាបជាង​ផែន​ការ​៧ភាគរយ​ដែរ។​​

អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ចលោក មាស សុខសេនសាន បដិសេធអត្ថាធិប្បាយ​លើ​រឿង​នេះ និង​បាន​បង្វែរ​ឲ្យ​អ្នក​សារព័ត៌មាន​យោង​តាម​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​វិញ​។​

លោក ម៉ារ សុផល លេខា​ធិការ​ក្រុម​ការងារ​ថវិកា​របស់​អង្គការ​ NGO Forum ​មាន​ប្រសាសន៍​ថា ​លោកជឿ​ថា​រដ្ឋាភិបាល​បាន​កាត់​ចំណាយ​ខ្លះ រួម​ទាំង​ការ​វិនិយោគ​សាធារណៈ ដោយសារ​តែ​ភាព​មិ​នច្បាស់​លាស់​របស់​ពិភព​លោក​។​

លោក​ឲ្យ​ដឹងថា៖​ «រាជរដ្ឋាភិបាល​បាន​កាត់​បន្ថយ​ការ​ចំណាយ រួម​ទាំង​ការ​វិនិយោគ​សាធារណៈ»។ លោក​បន្ថែម​ថា ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន «អាច​ត្រូវ​ពន្យារពេល»។​

សេចក្ដីព្រាង​ថវិកា​នេះនឹង​ត្រូវ​បញ្ជូន​ទៅ​សភាជាតិ និង​ក្រោយ​ពី​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ព្រឹទ្ធសភា ដែល​ស្ថាប័ន​ទាំងពីរ​​គ្រប់​គ្រងស្ទើរទាំងស្រុង​​ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា។ ក្រោយ​ទទួល​បាន​ការអនុម័ត​ពី​ស្ថាប័ន​ទាំង​ពីរ​ សេចក្ដីព្រាង​ថវិកា​នឹង​ត្រូវ​បញ្ជូន​បន្តទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ឡាយព្រះហត្ថលេខា​ជា​ចុង​ក្រោយ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Draft 2027 Budget Proposes $9.8 Billion National Spending, Up 3.2%

ព័ត៌មានថ្មី

អត្ថបទពេញនិយម