សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

រដ្ឋាភិបាល​ដំឡើងប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករកាត់ដេរ ២ដុល្លារ​ ឡើង​ដល់​២១២ ដុល្លារសម្រាប់ឆ្នាំ២០២៧

មន្ត្រីរាប់សន្លឹកឆ្នោត បន្ទាប់ពីសមាជិកក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ និង​តំណាងភាគីនានាបានបោះ​ឆ្នោត​កំណត់អត្រាប្រាក់ឈ្នួលអប្បបរមាថ្មី នៅក្រសួងការងារ កាល​ពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ ទ្រី ថានី)
មន្ត្រីរាប់សន្លឹកឆ្នោត បន្ទាប់ពីសមាជិកក្រុមប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ និង​តំណាងភាគីនានាបានបោះ​ឆ្នោត​កំណត់អត្រាប្រាក់ឈ្នួលអប្បបរមាថ្មី នៅក្រសួងការងារ កាល​ពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ ទ្រី ថានី)

រដ្ឋាភិបាលបានអនុម័តដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន ២ដុល្លារ សម្រាប់កម្មករក្នុងវិស័យកាត់ដេរ ស្បែកជើង និងផលិតផលសម្រាប់ការធ្វើដំណើរ ដែលធ្វើឱ្យប្រាក់ឈ្នួល​គោល​​កើនឡើងដល់២១២ដុល្លារសម្រាប់ឆ្នាំ២០២៧ នៅថ្ងៃទី៣០ ខែកញ្ញា ខណៈដែលកម្មករ និងសហជីពលើកឡើងថា ចំនួនទឹកប្រាក់នេះនឹងមិនគ្រប់គ្រាន់សម្រាប់ចំណាយលើការរស់នៅរបស់ពួកគេឡើយ។

ពួកគេបានលើកឡើងថា ប្រាក់ឈ្នួលគោលបច្ចុប្បន្នចំនួន ២១០ដុល្លារ ទោះបីជាបូករួមទាំងប្រាក់​ឧបត្ថម្ភថ្លៃធ្វើដំណើរចំនួន ២,៥០ដុល្លារក៏ដោយ ក៏នៅតែមិនគ្រប់គ្រាន់ដែរ ដោយពួកគេបាន​លើកឡើង​អំពី​ការចំណាយជាមធ្យមប្រចាំខែរបស់គ្រួសារកម្មករកាត់ដេរ ដែលមានចំនួន ៥០៤ដុល្លារ។

នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានសមាសភាពត្រីភាគី កាលពីថ្ងៃទី៣០ ខែកញ្ញា សមាជិក​ភាគច្រើនក្នុងចំណោមសមាជិកក្រុមប្រឹក្សា​សរុប ៥១រូប បានបោះឆ្នោតគាំទ្រតួលេខ​ប្រាក់ឈ្នួលអប្បបរមា ២១០ដុល្លារ ដោយសមាជិកចំនួន៤៧រូប បានបោះឆ្នោតគាំទ្រតួលេខ ២១០ដុល្លារ ខណៈសមាជិក ៣រូបបានគាំទ្រតួលេខ ២២៥ដុល្លារដែលស្នើឡើងដោយសហជីព ហើយសន្លឹក​​ឆ្នោតមួយ​មិន​បាន​ការ​។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារប្រាប់​អ្នកសារព័ត៌មានថា បន្ទាប់ពីការបោះឆ្នោតរួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមប្រាក់ចំនួន ២ដុល្លារ ទៅលើតួលេខ ២១០ដុល្លារ ដែលក្រុមប្រឹក្សាបានកំណត់ ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ កើនឡើងដល់ ២១២ដុល្លារ ហើយតួលេខនេះត្រូវបានអនុម័ត​ដោយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ចំណែកឯអត្ថប្រយោជន៍ផ្សេងៗ ដែលមានស្រាប់ គឺនៅតែរក្សាទុកដដែល។

លោក ហេង សួរ​ បានមាន​ប្រសាសន៍​ថា អ្នកសេដ្ឋកិច្ច​មួយ​ចំនួន​ និងអង្គការ​ផ្សេងទៀត ដែលពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច ប្រហែលជាមិនយល់ច្បាស់អំពីប្រព័ន្ធកំណត់ប្រាក់ឈ្នួលរបស់កម្ពុជា​នោះទេ ហើយពួកគេតែងតែផ្តោតទៅលើប្រាក់ឈ្នួលអប្បបរមាប៉ុណ្ណោះ នៅពេលប្រៀបធៀប​កម្ពុជាជាមួយប្រទេសដទៃទៀត ដោយមិនបានគិតគូរដល់ប្រាក់ឧបត្ថម្ភបន្ថែមផ្សេងៗទៀត​ឡើយ​។

លោក ហេង សួរ មាន​ប្រសាសន៍ថា៖ «រាល់ពេលដែលយើងនិយាយអំពីប្រាក់ឈ្នួលអប្បបរមា សូមកុំភ្លេចបូករួមបន្ថែម​អត្ថប្រយោជន៍ដែលមានទឹកប្រាក់​ ១៩,៥០ដុល្លារផង។ ជាទូទៅ កម្មករទទួលបានប្រាក់យ៉ាងហោចណាស់ ២៣១,៥០ដុល្លារក្នុងមួយខែ សូម្បី​មិនទាន់​គិតប្រាក់បន្ថែម​ម៉ោងក៏ដោយ។ វាមិនមែនត្រឹមតែ ២១២ដុល្លារក្នុងមួយខែប៉ុណ្ណោះទេ»។​

លោកបានបន្ថែមថា រដ្ឋាភិបាល និងភាគីពាក់ព័ន្ធនឹងខិតខំកែលម្អបរិយាកាសវិនិយោគសម្រាប់​​ការអភិវឌ្ឍឧស្សាហកម្ម ព្រមទាំងចាត់វិធានការផ្សេងទៀត ដើម្បីកាត់បន្ថយចំណាយលើការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករ។

លោក ណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា ដែលតំ​ណាង​​​ឱ្យភាគីនិយោជក បានថ្លែងថា និយោជកយល់ស្របនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល ហើយ​បានអំពាវនាវកុំឱ្យសាធារណជនយល់​ថា ការដំឡើងប្រាក់ឈ្នួលចំនួន២ដុល្លារនោះថាជា​ចំនួន «តិចតួចពេក» ដោយលោកបានលើកឡើងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា បញ្ហាព្រំដែន និងភាពមិនច្បាស់លាស់ នៃសេដ្ឋកិច្ចសកលថា ជាបញ្ហាប្រឈមនានាដែលកំពុងជះឥទ្ធិពលដល់​វិស័យផលិតកម្មនេះ​។

លោកបានលើកឡើងថា ការធ្លាក់ចុះនៃការនាំចេញ និងការកើនឡើងនៃថ្លៃដឹកជញ្ជូនអន្តរជាតិ អាចបង្កើនបន្ទុកដល់និយោជក និងប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់វិស័យកាត់ដេរ​។

លោក សុធី បានមានប្រសាសន៍ថា៖ «សូមកុំវាយតម្លៃថា ប្រាក់២ដុល្លារបន្ថែមនោះ តិចតួចពេក​ឡើយ ព្រោះយើងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច បញ្ហាព្រំដែន និងបញ្ហាផ្សេងៗនៅក្នុងសេដ្ឋកិច្ចសកល»។

លោកបានមានប្រសាសន៍ថា និយោជកកំពុងប្រឈមនឹងការចំណាយបន្ថែមលើការដឹកជញ្ជូនដោយសារតែវិបត្តិ ហើយការចំណាយជាក់ស្តែងក្នុងការជួលកម្មករម្នាក់ គឺខ្ពស់ជាងប្រាក់ឈ្នួលគោល ដែលបានប្រកាសទៅទៀត​។

បើ​តាមលោក សុធី អត្ថប្រយោជន៍ដែលនិយោជកតម្រូវឱ្យផ្តល់ជូន គឺ​មាន​ទឹកប្រាក់សរុប ១៩,៥០ដុល្លារ រួមមានប្រាក់រង្វាន់សម្រាប់ការមកធ្វើការទៀងទាត់ចំនួន១០ដុល្លារ ប្រាក់សម្រាប់ថ្លៃស្នាក់នៅ និងការធ្វើដំណើរចំនួន ៧ដុល្លារ និងប្រាក់ចំនួន ២,៥០ដុល្លារទៀត​សម្រាប់​ទូទាត់ការកើន​ឡើង​នៃ​ថ្លៃធ្វើដំណើរ ដោយសារវិបត្តិនៅព្រែកជីកស៊ុយអេ (Suez Canal)។

លោក​មាន​ប្រសាសន៍​ថា នៅពេលគណនាបញ្ចូលគ្នា ការចំណាយសរុបរបស់និយោជកសម្រាប់​​កម្មករម្នាក់ៗអាចឡើងដល់ប្រហែល ២៣១,៥០ដុល្លារ។ «តាមពិតទៅ វាមិនមែនត្រឹមតែ ២១២ដុល្លារនោះទេ»។​

លោក សុធី បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសដែលមានឧស្សាហកម្មពេញលេញនោះទេ ប៉ុន្តែពឹងផ្អែកយ៉ាងខ្លាំងលើវិស័យកែច្នៃ និងការនាំចេញ។ ហេតុដូច្នេះហើយ វិស័យនេះត្រូវពឹងផ្អែកលើទីផ្សារអន្តរជាតិ និងការដឹកជញ្ជូនទំនិញទៅកាន់បរទេស។

លោក​មាន​ប្រសាសន៍ថា៖ «ប្រទេសរបស់យើងមិនមែនជាប្រទេសឧស្សាហកម្មទេ។ ជាទូទៅ យើងជាប្រទេសកែច្នៃ ហើយទំនិញទាំងអស់នេះចាំបាច់ត្រូវនាំចេញ»។

លោកបានបន្ថែមថា ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងជម្លោះនៅតំបន់ផ្សេងៗនៃពិភពលោក អាចជះឥទ្ធិពលដល់ទីផ្សារ និងការនាំចេញរបស់កម្ពុជា។

យោងតាមអង្គការសង់ត្រាល់​បាន​ឱ្យ​ដឹង​ថា​ គ្រួសារកម្មករកាត់ដេរចំនួន៧៥% ជំពាក់បំណុល ហើយកម្មករចំនួន៥៦% ពឹងផ្អែកលើការធ្វើការងារបន្ថែមម៉ោង។ ជាលទ្ធផល គ្រួសាររបស់កម្មករ​​ត្រូវបានបង្ខំចិត្តកាត់បន្ថយការចំណាយលើម្ហូបអាហារ និងការអប់រំ ដើម្បីទូទាត់ថ្លៃចំណាយសម្រាប់ការរស់នៅ។

ក្រុមអង្គការ​សង្គមស៊ីវិលបានអំពាវនាវជាបន្តបន្ទាប់ទៅកាន់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ឱ្យពិចារណាលើលទ្ធផលនៃការស្ទង់មតិឆ្នាំ​២០២៦ ដែល​ចេញផ្សាយ​ថ្មីៗ អំពីការចំណាយ​របស់​គ្រួសារក្នុង​ចំណោម​កម្មករកម្ពុជា ព្រមទាំងបានទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្រិត ២៥០,៦៦ដុល្លារអាមេរិក។

កម្មករកាត់ដេរចាកចេញពីរោងចក្រ ដើម្បីសម្រាកទទួលទានអាហារថ្ងៃត្រង់នៅរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។ សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញដ៏ធំបំ​ផុតមួយរបស់កម្ពុជាសម្រាប់ផលិតផលកាត់ដេរ។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកស្រី សុខ កាញ់​ ជាកម្មកររោងចក្រម្នាក់នៅរាជធានីភ្នំពេញ បានលើកឡើងថា ប្រាក់ឈ្នួលគោល​ គឺដាច់ដោយឡែកពីប្រាក់បន្ថែមម៉ោង និងអត្ថប្រយោជន៍ផ្សេងៗទៀត ដែលមានន័យថា ការដំឡើងប្រាក់ឈ្នួលចំនួន ២ដុល្លារ គឺមិនគ្រប់គ្រាន់សម្រាប់ទូទាត់ថ្លៃចំណាយលើការរស់នៅរបស់កម្មករនោះទេ។

អ្នកស្រី​បាន​និយាយថា៖ «ប្រាក់ឈ្នួលគោល​ គឺដាច់ដោយឡែកពីប្រាក់បន្ថែមម៉ោង និងអត្ថប្រយោ​ជន៍ផ្សេងទៀត។ ប្រសិនបើប្រាក់ឈ្នួលគោល​កើនឡើងត្រឹមតែ ២ដុល្លារ ខ្ញុំមិនគិតថា វាគ្រប់គ្រាន់សម្រាប់កម្មករក្នុងការរស់នៅឱ្យ​បាន​សមរម្យនោះទេ»។

អ្នកស្រី សុខ កាញ់​ បាន​អះអាង​ថា ការកើនឡើងនៃតម្លៃទំនិញ និងថ្លៃជួលផ្ទះ នឹងកាត់បន្ថយបន្ថែមទៀតនូវប្រសិទ្ធភាពនៃការដំឡើងប្រាក់ឈ្នួល។

អ្នកស្រីនិយាយថា៖ «ប្រសិនបើប្រាក់ឈ្នួលកើនឡើង ប៉ុន្តែតម្លៃទំនិញក្នុងទីផ្សារនៅថេរ នោះយើងនឹងមិនមានបញ្ហាអ្វីឡើយ។ ប៉ុន្តែតម្លៃទំនិញ និងថ្លៃជួលផ្ទះក៏កំពុងកើនឡើងដែរ នោះវា​នឹង​បង្កជាបន្ទុកបន្ថែមដល់កម្មករ»។

អ្នក​ស្រី​បានអំពាវនាវដល់រដ្ឋាភិបាល អាជីវកម្ម និងម្ចាស់ផ្ទះជួល ឱ្យរក្សាតម្លៃទំនិញ និងថ្លៃជួលផ្ទះឱ្យស្ថិតក្នុងកម្រិត ដែលកម្មករអាចទទួលយកបាន។

អ្នកស្រី សុខ កាញ់​ បាននិយាយ​ថា៖ «ប្រាក់ឈ្នួលគោល​បច្ចុប្បន្នចំនួន ២១០ដុល្លារ គឺមិនគ្រប់គ្រាន់នោះទេ ជាពិសេសសម្រាប់កម្មករដែលមានកូន។ ឧទាហរណ៍ កម្មករម្នាក់ដែលមានកូនពីរនាក់ ត្រូវចំណាយថ្លៃសាលា​សម្រាប់កូនម្នាក់ៗចំនួន ៣០ឬ៤០ដុល្លារ ដែលសរុបទៅអាចឡើងដល់ ៨០ដុល្លារបាត់ទៅហើយ។ ពួកគេនៅត្រូវចំណាយលើសម្ភារៈសិក្សា អាហារ និងការ​ចំណាយប្រចាំថ្ងៃផ្សេងទៀត»។

លោកស្រី យ៉ាង សុ​ភ័ណ្ឌ​ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានសម្តែងការខកចិត្តចំពោះការចរចាប្រាក់ឈ្នួលអប្បបរមា ដោយលើកឡើងថា ការដំឡើងប្រាក់ឈ្នួលនេះនឹងមិនអាចជួយឱ្យកម្មករទទួលបានកម្រិតជីវភាពកាន់តែប្រសើរឡើងនោះទេ។

លោក​ស្រី​មាន​ប្រសាសន៍​ថា អត្រាអតិផរណាបានកើនឡើងដល់ ៣,៨% ដែលស្មើនឹងការចំ​ណាយបន្ថែមប្រហែល ៨ដុល្លារ ខណៈតម្លៃទំនិញនៅលើទីផ្សារនៅតែបន្តកើនឡើង។ លោក​ស្រី​បានបន្ថែមថា តួលេខនេះមិនរាប់បញ្ចូលការកើនឡើងនៃថ្លៃអគ្គិសនី ទឹក និងថ្លៃជួលផ្ទះសម្រាប់កម្មករនោះទេ។

លោកស្រី​ សុភ័ណ្ឌ​ ក៏បានច្រាន​ចោល​ការអះអាងដែរថា ការទាមទារដំឡើងប្រាក់ឈ្នួលនឹងធ្វើឱ្យម្ចាស់រោងចក្រផ្លាស់ប្តូរទីតាំងផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសដែលមានកម្រិតប្រាក់ឈ្នួលទាបជាង។

លោក​ស្រី​លើកឡើង​​ថា អាជីវកម្មនានាមានការទទួលខុសត្រូវផ្នែកសង្គមចំពោះកម្មករ រួមទាំងការទូទាត់ប្រាក់ឈ្នួល និងការគោរពសិទ្ធិមនុស្ស ហើយពួកគេត្រូវតែគោរពតាម​ច្បាប់នៃប្រទេសដែលពួកគេធ្វើប្រតិបត្តិការ។ អ្នក​ស្រី​បាន​បន្ថែម​ថា វាមិន​ទំនង​ជា​ថា រោងចក្រនឹងបិទទ្វារ​ដោយសារតែការដំឡើងប្រាក់ឈ្នួលនោះទេ​ ដោយអះអាងថា កម្ពុជាមានកម្លាំងពលកម្មគ្រប់​​គ្រាន់ ហើយបរិយាកាសនៅតែអំណោយផលសម្រាប់អាជីវកម្ម។

លោកស្រី​មាន​ប្រសាសន៍ថា៖ «កម្មករត្រូវការប្រាក់ចំណូលចន្លោះពី ២៥០ដុល្លារ​ទៅ៣០០ដុល្លារ ដើម្បីបំពេញតម្រូវ​កា​រមូលដ្ឋាន​ និងធានាបាននូវកម្រិតជីវភាពសមរម្យ។ ប៉ុន្តែការចរចាប្រាក់ឈ្នួលសម្រាប់ឆ្នាំ២០២៧ បានសម្រេចដំឡើងត្រឹមតែ ២ដុល្លារប៉ុណ្ណោះ។ ខ្ញុំមិនគិតថាពួកគេអាចផ្គត់ផ្គង់ការចំណាយសម្រាប់ជីវភាពប្រចាំថ្ងៃបានទេ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម