សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

បក្សភ្លើងទៀន-បក្សឆន្ទៈខ្មែរ ស្នើក្រសួងមហាផ្ទៃបង្ហាញចំណុចខុសឆ្គងដែលមិនទទួលស្គាល់​សម្ព័ន្ធភាព​បក្ស

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សឆន្ទៈខ្មែរ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង​)​
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សឆន្ទៈខ្មែរ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង​)​

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ស្នើក្រសួងមហាផ្ទៃចង្អុលបង្ហាញកំហុសឆ្គងដែលសម្រេចមិនទទួលស្គាល់នៃការធ្វើសម្ព័ន្ធភាពរបស់បក្សប្រឆាំងទាំងពីរ ដើម្បីអាចកែតម្រូវឱ្យស្របតាមច្បាប់ និងគោលការណ៍របស់ក្រសួង។ 

នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានធ្វើសន្និសីទសារព័ត៌មានមួយស្ដីពី «បច្ចុប្បន្នភាពនៃសម្ព័ន្ធភាពឆ្ពោះទៅអនាគត» ដែលប្រារព្ធឡើងនៅទីស្នាក់ការបក្សឆន្ទៈខ្មែរ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សន្និសីទនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែតុលា បានផ្ញើលិខិតទៅកាន់បក្សប្រឆាំងទាំងពីរថា ក្រសួងមិនទទួលស្គាល់ការធ្វើសម្ព័ន្ធភាពរបស់បក្សភ្លើងទៀន និងឆន្ទៈខ្មែរ ហៅថា «សម្ព័ន្ធភាពឆ្ពោះទៅអនាគត» នោះទេ ដោយអះអាងថា កិច្ចព្រមព្រៀងរវាងបក្សទាំងពីរស្ដីពីការចងសម្ព័ន្ធនោះ នៅមិនទាន់អនុលោមតាមគោលការណ៍របស់ក្រសួង និងដើរផ្ទុយពីច្បាប់ស្ដីពីបក្សនយោបាយ។

លុះថ្ងៃបន្ទាប់ ពោលនៅថ្ងៃទី២៣ ខែតុលា ក្រសួងមហាផ្ទៃ ក៏បានចេញលិខិតមួយទៀត ដោយនិរាករណ៍លិខិតកាលពីដើមខែមិថុនា ដែលទទួលស្គាល់លោក សេង ម៉ារឌី ជាប្រធានបក្សឆន្ទៈខ្មែរ និងបន្តចាត់ទុកលោក សុក ហាច នៅតែជាប្រធានបក្សនេះដដែល។

បើតាមក្រសួងមហាផ្ទៃ ការសម្រេចបែបនេះ បន្ទាប់ពីក្រសួងរកឃើញថា កិច្ចប្រជុំគណៈកម្មាធិការនាយកបក្សឆន្ទៈខ្មែរ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ដែលសម្រេចដកសេចក្តីទុកចិត្ត លោក សុក ហាច ពីប្រធានបក្ស និងជ្រើសតាំងលោក សេង ម៉ារឌី ជាប្រធានថ្មី គឺពុំបានអនុវត្តត្រឹមត្រូវតាមច្បាប់ស្តីពីគណបក្សនយោបាយ លក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់បក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃឡើយ។

តែទោះជាយ៉ាងណា ក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា ប្រសិនបើគណបក្សឆន្ទៈខ្មែរ ចង់ផ្លាស់ប្ដូរប្រធានបក្ស នោះបក្សឆន្ទៈខ្មែរត្រូវរៀបចំមហាសន្និបាត ឬសមាជបក្សឱ្យបានត្រឹមត្រូវ​ស្របតាម​គោលការណ៍ច្បាប់ និងលក្ខន្តិកៈរបស់ខ្លួនដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ។

ក្នុងសន្និសីទសារព័ត៌មាន អគ្គលេខាធិការនៃគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា សម្ដែងក្ដីបារម្ភចំពោះលំហប្រជាធិបតេយ្យ និងសិទ្ធិនយោបាយនៅកម្ពុជា ដោយលោកអះអាងថា គណបក្សទាំងពីរបានអនុវត្តតាមនីតិវិធីច្បាប់ទាំងអស់ ប៉ុន្តែក្រសួងនៅតែមិនព្រមទទួលស្គាល់កិច្ចព្រមព្រៀងនៃការចងសម្ព័ន្ធភាពបក្សនយោបាយ។

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ធ្វើសន្និសីទសារព័ត៌មាននៅទីស្នាក់ការគណបក្សឆន្ទៈខ្មែរ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង​)

សមាជិកព្រឹទ្ធសភាកូតាបក្សឆន្ទៈខ្មែររូបនេះ ស្នើឱ្យក្រសួងមហាផ្ទៃ បំភ្លឺ និងចង្អុលបង្ហាញពាក់ព័ន្ធនឹងកំហុសឆ្គងក្នុងកិច្ចព្រមព្រៀង ឬលិខិតរបស់បក្សទាំងពីរ ដើម្បីឱ្យគណបក្សអាចធ្វើការកែតម្រូវឡើងវិញ។

យ៉ាងណាក៏ដោយលោកលើកឡើងថា ការអនុវត្តការងារជាក់ស្ដែងជុំវិញដំណើរការនៃការចងសម្ព័ន្ធរបស់បក្សទាំងពីរនៅពេលនេះ គឺស្ថិតនៅដដែល ហើយបន្តបើកទា្វរស្វាគមន៍ចំពោះបក្សនយោបាយផ្សេងទៀតដែលចង់ចូលរួម។

លោកបន្តថា៖ «យើងបានអនុវត្តទៅតាមនីតិវិធីទាំងអស់ហ្នឹងហើយ នៅតែមិនទទួលស្គាល់នូវកិច្ចព្រមព្រៀង ឬលិខិតរបស់សម្ព័ន្ធភាពឆ្ពោះទៅអនាគតរបស់យើង។ ចឹងហើយយើងមានការព្រួយបារម្ភអំពីលំហនៃប្រជាធិបតេយ្យ ការធ្វើសកម្មភាពនយោបាយនៃគណបក្សនយោបាយដែលមានគោលដៅមានគោលបំណងលើកស្ទួយលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

លោក បន្តថា៖ « [ក្រសួង] មិនបានបញ្ជាក់ថាតើអ្វីដែលជាចំណុចខ្វះខាតដែលគណបក្សទាំងពីរគួរតែកែតម្រូវ។ នេះជាចម្ងល់តើអ្វីជាភាពត្រឹមត្រូវផ្នែកច្បាប់»។

លោក មុនីកា ក៏ថ្លែងបញ្ជាក់ដែរថា គណបក្សឆន្ទៈខ្មែរ ក៏ត្រៀមរៀបចំសមាជផ្លាស់ប្ដូរប្រធានបក្សតាមការណែនាំរបស់ក្រសួងមហាផ្ទៃផងដែរ ដែលការផ្លាស់ប្ដូរនេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងារបក្សបន្ថែមទៀត។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ ទូរសព្ទចូលតែមិនមានអ្នកទទួល ខណៈផ្ញើសំណួរតាមប្រព័ន្ធតេលេក្រាម មិនទាន់មានការឆ្លើយតបនៅឡើយ។

លោក សុក ហាច ប្រធានគណបក្សឆន្ទៈខ្មែរ ដែលត្រូវបានគណៈកម្មាធិការនាយករបស់បក្សបោះឆ្នោតដកសេចក្តីទុកចិត្តពីប្រធាន បដិសេធការធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះ ខណៈលោក សេង ម៉ារឌី អនុប្រធានគណបក្សឆន្ទៈខ្មែរ ដែលគណៈកម្មាធិការនាយករបស់បក្សបោះឆ្នោតផ្តល់សេចក្តីទុកចិត្តធ្វើជាប្រធាន មិនត្រូវបានទាក់ទងសុំការអត្ថាធិប្បាយបានទេ គិតត្រឹមម៉ោងចុះផ្សាយ។

ជុំវិញករណីនេះ ប្រធាន​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា យល់ថា ក្រសួងមហាផ្ទៃ​គួរតែមានការចង្អុលបង្ហាញឱ្យច្បាស់លាស់ អំពីមូលហេតុដែលមិនទទួលស្គាល់ការធ្វើសម្ព័ន្ធភាពបក្សនយោបាយ កុំឱ្យមានមន្ទិលសង្ស័យជុំវិញការរឹតត្បិតលំហនយោបាយបន្ថែមទៀត។

លោកថ្លែងថា៖ «បើសិនជាយើងអត់បង្ហាញទេ ហើយយើងចេះតែថាខ្វះៗ ចឹងទៅ មិនត្រឹមត្រូវតាមគោលការណ៍ ប៉ុន្តែ យើងមិនបានចង្អុលបង្ហាញថា អាត្រឹមត្រូវវាយ៉ាងម៉េច?។ អាហ្នឹងនាំឱ្យមានមន្ទិលសង្ស័យថា មានការរឹតត្បិតខាងនយោបាយ ខាងអីទៀតហើយ»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា​ មានប្រសាសន៍ថា គណបក្សសាមីអាចស្នើសុំបំភ្លឺបានពីក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងកំហុសឆ្គងផ្សេងៗ ដើម្បីអាចកែសម្រួលឡើងវិញ ហើយក្រសួង​ត្រូវរួសរាន់ក្នុងការឆ្លើយតបត្រឡប់មកវិញ ចៀសវាងរងការសង្ស័យពីមហាជន។

លោកបានថ្លែងថា៖ «ក្រសួងមហាផ្ទៃជាក្រសួងទទួលបន្ទុកឆ្លើយតបទៅនឹងកិច្ចការជាមួយគណបក្សនយោបាយ ដែលហៅថាក្រសួងបញ្ជាក់អំពីភាពស្របច្បាប់ ឬមិនស្របច្បាប់របស់គណបក្សនយោបាយក្នុងការចងសម្ព័ន្ធភាព តែបើមិនមានការឆ្លើយតប នឹងធ្វើឱ្យមហាជនដាក់បន្ទុកថា ក្រសួងដែលទទួលបន្ទុកមិនឆ្លើយតបតាមកិច្ចការ។ […] ជាកិច្ចការមួយដែលក្រសួងមហាផ្ទៃត្រូវមានការឆ្លើយតបស្វាហាប់ឱ្យទាន់ពេល»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម