សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក​ ហ៊ុន ម៉ាណែត លើកឡើងពី«ការពិតដ៏លំបាក» ខណៈ​កម្ពុជា​បើក​សន្និ​សីទប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរបស់លោក មកដល់សន្និសីទ​អន្តរជាតិ​ស្តីពី​ការប្រ​យុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងគណៈប្រតិភូរបស់លោក មកដល់សន្និសីទ​អន្តរជាតិ​ស្តីពី​ការប្រ​យុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនាថ្ងៃទី២៣ ខែកញ្ញាថា ការប្រយុទ្ធប្រឆាំងនឹង​អំពើ​ឧក្រិដ្ឋកម្ម​​ឆ្លង​ដែន​ តម្រូវឱ្យមាន «ការទទួលស្គាល់ចំណុចខ្សោយជាប្រព័ន្ធ» ខណៈកម្ពុជា​បាន​បើក​សន្និសីទ​អន្តរជាតិ​មួយស្តីពីការប្រយុទ្ធប្រឆាំងការឆបោក ដើម្បីបង្ហាញ​ពីការ​បង្ក្រាប​របស់ខ្លួន​លើ​ឧស្សាហកម្ម​​ដែល​មាន​ទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនេះ និងដែលកម្ពុជា​បាន​​​​ក្លាយជាមជ្ឈមណ្ឌល​មួយ សម្រាប់ឧស្សាហកម្មនេះ។

សន្និសីទនេះធ្វើឡើង ខណៈប្រធានគណៈកម្មាធិការពីររូបនៃសភាតំណាង​រាស្ត្រសហរដ្ឋ​អាមេរិក កំពុង​ជំរុញ​ឱ្យមានការស៊ើបអង្កេតថា តើមន្ត្រីជាន់ខ្ពស់កម្ពុជាមួយ​ចំនួន​ដោយ​ក្នុងនោះ​មានវាគ្មិន​ពីររូប​នៃសន្និសីទថ្ងៃនេះដែរគួរត្រូវបានដាក់ទណ្ឌកម្មជុំវិញការចោទប្រកាន់ថា​មាន​ទំនាក់​ទំនង​ជាមួយប្រតិបត្តិការឆបោកដែរឬទេ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ភាពជាអ្នកដឹកនាំពិតប្រាកដ និងអភិបាលកិច្ច​ប្រកប​ដោយ​ប្រ​សិទ្ធ​ភាព ទាមទារឱ្យយើងប្រឈមមុខនឹង​បញ្ហាប្រឈមបន្ទាន់​នានាដោយប្រកប​ដោយភាព​ច្បាស់​លាស់ និងការប្តេជ្ញាខ្ពស់​»។ លោកបន្តថា៖ «ការប្រឈមមុខនឹងអំពើ​ឧក្រិដ្ឋកម្មឆ្លងដែន​ដែល​កំពុង​លេច​ឡើងថ្មីនេះ ទាម​ទារ​​ឱ្យមានភាពក្លាហានក្នុងការទទួលយកការពិតដ៏លំបាកដោយផ្ទាល់»

លោកបានរំលឹកឡើងវិញនូវការអះអាងរបស់រដ្ឋាភិបាលកាលពីខែមុនថា បណ្តុំទីតាំងឆបោក ទ្រង់ទ្រាយ​ធំ​ទាំងអស់នៅក្នុងប្រទេស ត្រូវបានកម្ទេច ហើយលោកបានលើកឡើងថា អាជ្ញាធរ​នៅតែ​មាន​ការប្រុង​ប្រយ័ត្ន ខណៈបណ្តាញអំពើឧក្រិដ្ឋជនកំពុងបែកខ្ញែកទៅជាក្រុមតូចៗ និងមានលក្ខណៈវិមជ្ឈការ។

នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ស្ថាប័នអនុវត្តច្បាប់​អន្តរជាតិ និងឱ្យក្រុមហ៊ុនបច្ចេកវិទ្យាមានការត្រួតពិនិត្យកាន់តែខ្លាំង។ លោកបានបន្តថា ឧស្សាហកម្ម​នេះ «មិន​បាន​​ចាប់ផ្តើម​នៅកម្ពុជាទេ»​ ប៉ុន្តែវាមានទំនាក់ទំនងនឹង​ការរីកចម្រើន​នៃ​ល្បែង​តាម​​អនឡាញ និង «អាជីវកម្មពាក់ព័ន្ធនឹងកាស៊ីណូ» នៅក្នុងប្រទេស។

ប្រតិភូមកពីជាងដប់ប្រទេស រួមមានសហរដ្ឋអាមេរិក និងចិន ផងដែរ​កំពុងចូលរួម​ក្នុង​សន្និសីទ​​​អន្តរ​ជាតិ​​ស្តី​ពីការ​ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS) ដែល​មាន​រយៈ​ពេលពីរថ្ងៃ​នៅ​រាជ​​ធានីភ្នំពេញ។​ ព្រឹត្តិការណ៍នេះធ្វើឡើង​បន្ទាប់​ពីអាជ្ញាធរបាន​បង្ក្រាប​​ឧស្សាហកម្មមួយនេះ​អស់រយៈ​ពេលជាងមួយឆ្នាំ ដែលត្រូវបាន​គេប៉ាន់ប្រមាណថា​បង្កើតប្រាក់រាប់សិបពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយ​អង្គការសហប្រជាជាតិបានប៉ាន់​ប្រមាណ​កាលពីឆ្នាំ២០២៣ថា គ្រាន់តែប្រទេសកម្ពុជាមួយ​ឧស្សាហកម្ម​នេះពឹងផ្អែកលើ​ពលកម្ម​ដោយបង្ខំពីជនបរទេសរហូតដល់ ១០ម៉ឺននាក់។

កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ អ្នកសារព័ត៌មានត្រូវបានអាជ្ញាធរនាំទៅមើលបណ្តុំទីតាំងធំៗ ដែល​អាជ្ញាធរ​អះអាងថា ធ្លាប់ជាកន្លែងប្រតិបត្តិការឆបោក និងធ្លាប់មានកម្មកររហូតដល់ ២ម៉ឺននាក់​។ អាជ្ញាធរក៏បានបង្ហាញសម្ភារៈដែលនគរបាលរឹបអូសបាន រួមមានស្លាកសម្គាល់ក្លែងក្លាយ​របស់ FBI និងនគរបាល​ចិន ដែលត្រូវបានចោទប្រកាន់​ថាប្រើប្រាស់​ក្នុងការឆ​បោក​តាម​រយៈ​ការ​ក្លែង​បន្លំ​អត្តសញ្ញាណ។

អ្នកវិភាគមួយចំនួននៅតែមានមន្ទិលចំពោះការបង្ក្រាបនេះ ដោយនិយាយថាការបង្រ្កាបហាក់​មិន​បាន​ប៉ះ​​ពាល់​ដល់មន្ត្រី ឬបុគ្គលដែលមានអំណាច​ធំៗមួយចំនួនឡើយរួមទាំងមនុស្សមួយ​ចំនួន​​ដែលត្រូវ​បាន​សហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ជុំវិញការចោទប្រកាន់ថាមាន​ជាប់ពាក់ព័ន្ធ​នឹង​​ប្រតិបត្តិការឆបោក​នេះ។

លោកស្រី Delphine Schantz តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក​របស់​ការិយាល័យ​​អង្គការ​សហប្រជាជាតិស្តីពីគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បាននិយាយ​ថា សន្និសីទ​នេះ​បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះកិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប៉ុន្តែលោកស្រីបានលើកឡើងថា ភាគីពាក់ព័ន្ធត្រូវ​ការ​ធ្វើ​បន្ថែមទៀតនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ ដើម្បីស្វែងយល់ពីការវិវត្តនៃអំពើ​ឧក្រិដ្ឋកម្ម​នេះ ការពារជនរងគ្រោះ និងទស្សន៍​ទាយ​និន្នាការថ្មីៗ។

លោកស្រី Schantz បានបន្តថា ឧស្សាហកម្មឆបោកនៅ​ក្នុងតំបន់កំពុង​ផ្លាស់ប្តូរទៅ​រកគំរូ​មួយ​ដែល​ «មានលក្ខណៈដូចការធ្វើអាជីវកម្មតាមប្រព័ន្ធសិទ្ធិអាជីវកម្ម ដោយមានផ្នែកឯកទេសសម្រាប់​ការលាងលុយ ការជួញដូរមនុស្ស ការរត់ពន្ធជនចំណាកស្រុក និងការប្រមូលទិន្នន័យ»

លោកស្រីបានបន្ថែមថា៖ «រឿងនេះធ្វើឱ្យការងាររបស់ស្ថាប័ន​អនុវត្តច្បាប់​ក្នុងការបែងចែក​ជនរង​គ្រោះចេញ​ពីជនល្មើស ពិបាក ឬកាន់តែពិបាកជាងមុន»

លោក Nicholas Court ប្រធាននាយកដ្ឋានសម្របសម្រួលក្រុមការងាររបស់ INTERPOL បានថ្លែង​ថា​ សេចក្តីជូនដំណឹងពាក់ព័ន្ធនឹងការឆបោកដែលអង្គការនេះទទួលបាន បានកើន​ឡើង​ជាង ៥០​ភាគ​រយ​ក្នុងរយៈពេលពីរឆ្នាំចុងក្រោយ ហើយការឆបោកនៅតែជាបទ​ល្មើសដែល​កើតមាន​ច្រើន​បំផុ​តនៅ​លើ​ពិភពលោក។ ដោយយោងតាមទិន្នន័យរបស់ Global Anti-Scam Alliance លោកបានបន្តថា ការឆបោកបណ្តាលឱ្យបាត់បង់ប្រាក់ច្រើនជាង១ទ្រីលានដុល្លារ​ក្នុង​មួយឆ្នាំ។

លោក Court បានបន្ថែមថា៖ «យើងដឹងថាចំនួនការចាប់ខ្លួនក៏មានការកើនឡើង ហើយ​ចំនួន​ជនរងគ្រោះ​ក៏កំ​ពុង​​កើនឡើងគួរឱ្យសោកស្តាយ ហើយទំហំការ​ខាតបង់ក៏កំពុងកើនឡើងដែរ។ ប៉ុន្តែការឆបោកមិនមែនគ្រាន់តែជាបញ្ហានៃតួលេខនោះទេ»

លោក Stephen Flores មន្ត្រីជាន់ខ្ពស់របស់ FBI បានលើកឡើងថា ការឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា «មិនគោរពព្រំដែនប្រទេសទេ» ហើយបានសង្កត់ធ្ងន់លើតម្រូវការឱ្យរដ្ឋាភិបាល​នានា​សហការគ្នា។ លោក Yang Weilin អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន បាន​ថ្លែងថា ប្រទេសចិនត្រៀម​ខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសផ្សេងៗ​ក្នុងការប្រយុទ្ធប្រឆាំង​ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងតាមរយៈការចែករំលែកព័ត៌មានផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស សុខា ដែលជាមន្ត្រីម្នាក់ក្នុងចំណោម​មន្ត្រីដែល​សមាជិក​សភាអាមេរិក​បាន​ស្នើ​​ឱ្យរដ្ឋបាលលោក Donald Trump ស៊ើបអង្កេត ដើម្បីពិនិត្យ​លទ្ធភាពដាក់​ទណ្ឌកម្មជុំវិញ​ការ​ចោទ​ប្រកាន់​ថាមានទំនាក់ទំនងជាមួយប្រតិបត្តិការឆបោក បានថ្លែងនៅក្នុងសន្និសីទ​អន្តរជាតិ​ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)។ លោក ស សុខា បានបដិសេធការចោទប្រកាន់នេះ។ រូបថតថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ (ខេម បូចា/ព្រីង សំរាំង)

ខណៈសន្និសីទឈានចូលវគ្គពិភាក្សាជាក្រុម មុនពេលបិទបញ្ចប់នៅថ្ងៃព្រហស្បតិ៍ វាគ្មិន​កម្ពុជា មួយ​ចំនួនដែលចូលរួមក្នុងសន្និសីទនេះ នៅតែស្ថិតក្នុងការតាមដានរបស់​ក្រុង​វ៉ាស៊ីនតោន​។ កាលពី​សប្តាហ៍​មុន ប្រធានគណៈកម្មាធិការពីររូបរបស់សភាតំណាងរាស្ត្រ​អាមេរិក បានអំពាវនាវឱ្យ​មានការស៊ើបអង្កេតថា តើបុគ្គលចំនួន ២៦នាក់ និងអង្គភាពចំនួនពីរ គួរត្រូវបានដាក់ទណ្ឌកម្ម ដោយសារការចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹង​ប្រតិបត្តិការ​ឆបោក​ឬយ៉ាងណា។

ក្នុងចំណោមអ្នកដែលត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ជី មានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា និងឧបនាយករដ្ឋមន្ត្រី លោក នេត សាវឿន ដែលគ្រោងនឹងថ្លែងសុន្ទរកថា​បិទ​សន្និសីទ​នេះ។

លោក ស សុខា បានប្រាប់អង្គសន្និសីទថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរបានបង្ក្រាបទីតាំងឆបោកចំនួន ៦៦៥កន្លែង និងបញ្ជូនជនសង្ស័យជិត ២ ៨០០​នាក់​ទៅ​តុលាការ ក្នុងនោះ ២ ២០០នាក់ត្រូវបានឃុំខ្លួន។ លោកបានបន្តថា ក្នុងរយៈ​ពេល​ដូចគ្នា ជនបរទេសជាង ២១ ០០០នាក់ត្រូវបានបណ្តេញចេញពីប្រទេស។

លោកបានបញ្ជាក់ថា កម្ពុជាបានប្រើប្រាស់ «គ្រប់មធ្យោបាយ និងវិធានការគ្រប់ជ្រុងជ្រោយ» ដើម្បី ប្រយុទ្ធប្រឆាំងការឆបោក ហើយថាខណៈការបង្ក្រាបបានធ្វើឱ្យបណ្តាញ​ឧក្រិដ្ឋជន​ចុះ​ខ្សោយ ក្រុម​ទាំង​នោះបានបែកខ្ញែកទៅជាក្រុមតូចៗ ដែលប្រតិបត្តិការដោយ​សម្ងាត់នៅក្នុង​សហគមន៍​។

លោក ស សុខា មិនបានលើកឡើងអំពីការអំពាវ​នាវរបស់សមាជិកសភា​អាមេរិកឱ្យ​មានការ​ស៊ើប​អង្កេត​នោះទេនៅក្នុងសុន្ទរកថារបស់លោក។ លោកបានបដិសេធថាមិន​បានប្រព្រឹត្ត​ខុស​​អ្វី​ឡើយ៕

(រាយការណ៍បន្ថែមដោយ ឃួន ណារីម)

ព័ត៌មានថ្មី

អត្ថបទពេញនិយម