រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកកងកម្លាំងយោធាចេញពីក្រោមការគ្រប់គ្រងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីធ្វើការកំណែទម្រង់ ដោយទុកពេលវេលាឱ្យកងទ័ពពង្រឹងការងារជំនាញ ហ្វឹកហ្វឺន និងយុទ្ធសាស្រ្តយោធា។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដែលបង្ហោះលើហ្វេសប៊ុកផេករបស់លោកនាយករដ្ឋមន្ត្រីនៅទី១១ ខែកញ្ញា បានសម្រេចដកមេបញ្ជាការ ឬមេបញ្ជាការរងយោធភូមិភាគ និងមេបញ្ជាការផ្នែកប្រតិបត្តិការសឹករងក្រុង ស្រុក ដែលមានមូលដ្ឋានក្នុងដែនសមត្ថកិច្ចរបស់រាជធានី ខេត្ត ពីការស្ថិតក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដែលផ្ទុយពីអនុក្រឹត្យ កាលពីឆ្នាំ២០១៤។
បើតាមអនុក្រឹត្យដដែល ការចេញអនុក្រឹត្យថ្មី ពាក់ព័ន្ធនឹងការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនេះ ធ្វើឡើងតាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
យ៉ាងណាក៏ដោយ អនុក្រឹត្យខាងលើ បានឱ្យដឹងដែរថា កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ រាជធានី ខេត្ត នៅតែបន្តស្ថិតក្រោមគណៈបញ្ជាការរដ្ឋបាលរាជធានី ខេត្ត ដដែល ខណៈប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត អាចស្នើសុំកិច្ចសហការពីអង្គភាពយោធា ដែលមានមូលដ្ឋាននៅក្នុងដែនដីរបស់ខ្លួន ក្នុងការជួយសង្រ្គោះនៅពេលមានគ្រោះធម្មជាតិ ជំងឺរាតត្បាត ការបង្រ្កាបបទល្មើសធ្ងន់ធ្ងរ និងស្ថានភាពអាសន្នផ្សេងៗ។
អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ប៉ែន បូណា មានប្រសាសន៍ថា ការសម្រេចមិនឱ្យកងទ័ពនៅក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត បន្តទៀត ជាកំណែទម្រង់ថ្មីរបស់រដ្ឋាភិបាល។
ចំណែកអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុខៈ ថ្លែងថា ការសម្រេចបែបនេះ បន្ទាប់ពីរដ្ឋាភិបាល បានវិភាគមុខងារ និងរចនាសម្ព័ន្ធនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងចង់ទុកពេលវេលាជូនកងទ័ព ដើម្បីពង្រឹងការហ្វឹកហ្វឺន ដោយចៀសវាងរវល់លើការងារពិធីការផ្សេងៗតាមកម្មវិធីរបស់រដ្ឋបាលដែនដីដែលមិនសូវចាំបាច់។
លោកថ្លែងថា៖ «វាកើតពីអ្វីដែលយើងបានវិភាគមុខងារ និងរចនាសម្ព័ន្ធនៃរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ។ […] ដើម្បីកុំឱ្យយោធារវល់នឹងការងារពិធីការផ្សេងៗតាមកម្មវិធីនានាជាមួយរដ្ឋបាលដែនដី ដែលពុំសូវចាំបាច់»។
ជុំវិញករណីនេះ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារលោក គឹម ចាន់បញ្ញា មានប្រសាសន៍ថា ការដកកងទ័ពចេញពីក្រោមគណៈបញ្ជាការរដ្ឋបាលដែនដី ពុំបានប៉ះពាល់ដល់ដំណើរការដឹកនាំរបស់ខេត្តនោះទេ ក៏ព្រោះតែកងកម្លាំងនគរបាល និងរាជអាវុធហត្ថនៅតែបន្តស្ថិតក្រោមបញ្ជាដដែល ស្របពេលដែលរដ្ឋបាលខេត្ត អាចស្នើសុំកិច្ចសហការជាមួយយោធាបាន ប្រសិនបើមានតម្រូវការ។
លោក បញ្ជាក់ថា កាលពីអនុក្រឹត្យដែលចេញនៅឆ្នាំ២០១៤ គឺកងកម្លាំងទាំងបី ដែលមាននគរបាល អាវុធហត្ថ និងយោធាដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រាជធានី ខេត្ត ត្រូវបានដាក់ឱ្យស្ថិតក្រោមគណៈបញ្ជាការរដ្ឋបាលរាជធានី ខេត្ត ដែលបានអនុវត្តរហូតដល់មានអនុក្រឹត្យដែលទើបចេញនៅពេលថ្មីៗនេះ។
លោកបានបញ្ជាក់ថា៖ «អត់ប៉ះពាល់ទេ ក្នុងនោះយើងមានកម្លាំងកងរាជអាវុធហត្ថ និងនគរបាលជាតិ ដែលជាសមាជិកអនុប្រធាននៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏ដូចជាក្រុងស្រុកទាំងអស់»។
អ្នកសារព័ត៌មានខេមបូចាទូរសព្ទទៅអ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា ប៉ុន្តែលោកស្រីឱ្យទាក់ទងតាមតេឡេក្រាម ហើយអ្នកសារព័ត៌មានបានទាក់ទងតាមតេឡេក្រាមហើយ ប៉ុន្តែមិនមានការឆ្លើយតប គិតត្រឹមម៉ោងចុះផ្សាយព័ត៌មាន។
អ្នកនាំពាក្យកងទ័ពជើងគោក លោក ម៉ៅ ផល្លា បានឆ្លើយថា ករណីហ្នឹងគឺថ្នាក់ជាតិ លោកឱ្យសួរទៅក្រសួងការពារជាតិវិញ លោកអត់អាចនិយាយបានទេ ប៉ុន្តែគាត់ថា នៅមិនទាន់មានបញ្ជាផ្លូវការពីថ្នាក់លើមកទេ។
ចំណែកអ្នកវិភាគនយោបាយ និងសង្គម លោក មាស នី យល់ថា ក្នុងគ្រាដែលប្រទេសជាតិ កំពុងមានជម្លោះប្រដាប់អាវុធជាមួយថៃ ការធ្វើកំណែទម្រង់កងទ័ព ដោយដាក់ឱ្យស្ថិតក្រោមតែក្រសួងការពារជាតិ ជាចំណុចល្អដើម្បីងាយគ្រប់គ្រង់ ត្រួតពិនិត្យ និងអភិវឌ្ឍន៍ទ័ព។
តែទោះជាយ៉ាងណា លោកបារម្ភថា ប្រសិនបើក្រសួងការពារជាតិ ពុំបានត្រៀមលក្ខណៈគ្រប់គ្រាន់ និងការគ្រប់គ្រងដោយគ្មានតម្លាភាពនោះ ការអភិវឌ្ឍវិស័យយោធាទំនងគ្មានអ្វីប្រសើរនោះទេ។
លោកថ្លែងថា៖ «ការយកវិមជ្ឈការកងទ័ព យកទៅធ្វើជាមជ្ឈការដោយប្រមូលទៅដាក់ក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ វាជារឿងល្អ តែអាស្រ័យលើប្រព័ន្ធគ្រប់គ្រងក្រសួងការពារជាតិដែរ។ តែប្រសិនបើប្រព័ន្ធគ្រប់គ្រងរបស់ក្រសួងការពារជាតិមានបញ្ហាអីកើតឡើង ដូចជាមានអំពើពុករលួយកើតឡើងនោះ ទោះបីយកដាក់នៅកន្លែងណាក៏មិនប្រសើរដែរ»។
កាលពីដើមឆ្នាំ២០២៤ ថ្លែងក្នុងខួបលើទី២៥ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ថា កម្ពុជានឹងធ្វើទំនើបកម្មយោធាឱ្យមានសមត្ថភាពខ្ពស់ក្នុងការការរពារពីការវាយប្រហារបស់ខ្មាំងដែលមានបច្ចេកវិទ្យាទំនើប ដោយធ្វើការកសាងសមត្ថភាព និងការពង្រឹងរចនាសម្ព័ន្ធកងទ័ព ព្រមទាំងបង្កើតអង្គភាពជំនាញនានាដើម្បីឆ្លើយតបនឹងតម្រូវការនិងការគំរាមកំហែងថ្មីៗ។
ចំពោះការធ្វើឱ្យប្រសើរឡើងនូវវិស័យយោធា លោក អះអាងថា កងកម្លាំងថ្មើរជើងទាំងអស់ត្រូវបានដាក់ឱ្យស្ថិតក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោក ហើយអង្គភាពមួយចំនួននឹងបង្កើតឡើងក្នុងករណីមានបញ្ហានិងការគំរាមកំហែងថ្មីៗដែលកើតមាន។
រីឯការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធកងទ័ព លោក ហ៊ុន ម៉ាណែត ថា មានទាំងការកែសម្រួលកម្មវិធីហ្វឹកហ្វឺន និងការរៀបចំរចនាសម្ព័ន្ធស្ថាប័នកងទ័ពឱ្យរឹងមាំ តាមរយៈការអភិវឌ្ឍជំនាញក្នុងការដឹកនាំបញ្ជា ការបង្កើតសាលាយោធាបន្ថែម និងការជួយផ្គត់ផ្គងដល់យោធាចារ្យក្នុងការស្រាវជ្រាវលើកម្មវិធីសិក្សារបស់កងទ័ព។ សាលាយោធា ដោយបណ្ដុះបណ្ដាលលើជំនាញរថក្រោះ កាំភ្លើងធំ និងការពារដែនអាកាស៕










