សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជានឹងធ្វើទំនើបកម្មយោធាដើម្បីបង្កើនសមត្ថភាពកងទ័ពទប់ទល់ការវាយប្រហារដោយបច្ចេកវិទ្យាទំនើប

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើរត្រួតពលនៅពិធីរម្លឹកខួប២៥ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ រូបថតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត)
លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដើរត្រួតពលនៅពិធីរម្លឹកខួប២៥ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ រូបថតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត)

រដ្ឋាភិបាលកម្ពុជានឹងធ្វើទំនើបកម្មយោធាឱ្យមានសមត្ថភាពខ្ពស់ក្នុងការការពារពីការវាយ​ប្រហា​ររបស់ខ្មាំងដែលមានបច្ចេកវិទ្យាទំនើប ដោយធ្វើការកសាងសមត្ថភាព និងការ​ពង្រឹង​​​​រចនាសម្ព័ន្ធកងទ័ព ព្រមទាំងបង្កើតអង្គភាពជំនាញនានាដើម្បីឆ្លើយតប​នឹងតម្រូវការ​និង​ការ​គំរាមកំហែងថ្មីៗ។

អ្នកវិភាគបានអំពាវនាវឱ្យកម្ពុជាចាប់យកកិច្ចសហការជាពហុភាគី​ដើម្បីអភិវឌ្ឍសមត្ថភាព​យោធា ដោយសារប្រទេសលោកសេរីមានជំនាញខ្ពស់ផ្នែកបច្ចេកវិទ្យា​ប្រឆាំងភេរវកម្មតាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ថ្លែងក្នុងខួបលើកទី២៥ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពល​ខេមរភូមិន្ទ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកឡើងថា ការធ្វើ​ទំនើបកម្មកងទ័ពនេះ ដើម្បីធានាថា យោធាកម្ពុជាមានសមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការការពារ​ដែនអធិបតេយ្យភាព សន្តិសុខ និង​ឯករាជ្យ​ជាតិរបស់ខ្លួន។

លោកនាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ថា កម្ពុជាមិនអនុញ្ញាតឱ្យមានកងកម្លាំងបរទេស​ដាក់​មូលដ្ឋានទ័ព​លើទឹកដីរបស់ខ្លួនឡើយ។ លោកបន្តថា លោកបានជួបជាមួយបណ្ដាទូត​មួយ​ចំនួន​នៅកម្ពុជា កាលពីពេលកន្លងទៅ ហើយគេទទួលស្គាល់ថា ក្រុមមនុស្សអាក្រក់​ដែល​ចង់​បំផ្លាញ​សន្តិភាពពិភពលោកកំពុងមានបច្ចេកវិទ្យាកាន់តែទំនើប។

ចំពោះការធ្វើឱ្យប្រសើរឡើងនូវវិស័យយោធា លោក បានអះអាងថា កងកម្លាំងថ្មើរ​ជើង​ទាំង​អស់​ត្រូវបានដាក់ឱ្យស្ថិតក្រោមបញ្ជាការដ្ឋានកងទ័ពជើងគោក ហើយអង្គភាពមួយចំនួន​នឹង​បង្កើត​ឡើងក្នុងករណីមានបញ្ហានិងការគំរាមកំហែងថ្មីៗដែលកើតមាន។

កងកម្លាំងយោធា និងសព្វាវុធដែលត្រូវបានដាក់បង្ហាញនៅពិធីរម្លឹកខួប២៥ឆ្នាំនៃថ្ងៃ​បង្កើត​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ រូបថតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត)

លោកបញ្ជាក់ថា ការប្រឈមមុខនឹងហានិភ័យនៃអំពើភេរវកម្ម ការវាយប្រហារ​តាម​ អ៊ីនធឺណិត និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការយោធា រាប់ទាំងយន្តហោះឌ្រូន និងផ្កាយរណបសម្រាប់ស៊ើបការជាដើម ដែលទាមទារ​ឱ្យ​យោធា​កម្ពុជា​ត្រូវ​ការអភិវឌ្ឍ​សមត្ថភាព​របស់ខ្លួនតាមការវិវត្ត​នៃបច្ចេកវិទ្យានេះ។ 

ជុំវិញការពង្រឹងសមត្ថភាព និងរចនាសម្ព័ន្ធកងទ័ព លោកនាយករដ្ឋមន្រ្តីថ្លែងថា មានទាំងការ​កែ​សម្រួលកម្មវិធីហ្វឹកហ្វឺន និងការរៀបចំរចនាសម្ព័ន្ធស្ថាប័នកងទ័ពឱ្យរឹងមាំ តាមរយៈ​ការ​អភិវឌ្ឍជំនាញក្នុងការដឹកនាំបញ្ជា ការបង្កើតសាលាយោធាបន្ថែម និងការជួយផ្គត់ផ្គងដល់​យោធាចារ្យ​ក្នុងការស្រាវជ្រាវលើកម្មវិធីសិក្សារបស់កងទ័ព។ សាលាយោធាត្រូវបណ្ដុះ​បណ្ដាល​លើជំនាញរថក្រោះ កាំភ្លើងធំ និងការពារដែនអាកាស។

បន្ទាប់ពីទទួលបានការបណ្ដុះបណ្ដាលអំពីការប្រើប្រាស់បច្ចេកវិទ្យាយោធាមានលក្ខណៈ​ទំនើប លោកនាយករដ្ឋមន្រ្តីថា កងទ័ពនឹងមានសមត្ថភាពក្នុងការការពារ ឬវាយបកទៅកាន់​សត្រូវ​ដែលមានបច្ចេកវិទ្យាខ្ពស់ត្រលប់ទៅវិញ។

បន្ថែមពីលើនេះ លោកបន្តថា កម្ពុជាក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្ដា​ប្រទេស​ជា​ច្រើន​ដើម្បីដោះស្រាយបញ្ហារួមជា​សកល ដូចជា ឧក្រិដ្ឋឆ្លងដែន និងភេរវកម្មជាដើម។

លោកបន្ថែមថា៖«គោលដៅក្នុងការធ្វើបរិវត្តន៍នៃកងកម្លាំងប្រដាប់អាវុធយើង ទៅជាកម្លាំង​ទំនើប​មានសមត្ថភាព ធានាបាននូវភាពម្ចាស់ការក្នុងការការពារអធិបតេយ្យភាព សុខ​សន្តិភាព និងឯករាជ្យភាពរបស់ជាតិ»

ខេមបូចាមិនអាចសូមការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ និងអ្នកនាំពាក្យ​បញ្ជាការ​ដ្ឋាន​កង​ទ័ព​ជើង​ទឹក​ លោក ទៀ វិចិត្រ បានទេ ដោយសារ​ទូរសព្ទ​ខលចូល ប៉ុន្តែអត់មានអ្នកទទួល ខណៈអ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពជើង​គោក លោក ម៉ៅ ផល្លា ថា លោកចាំបាច់សុំការអនុញ្ញាតពីមេបញ្ជាការទ័ពជើងគោក លោក ម៉ៅ សុផាន់ ជាមុនសិន ខណៈមេបញ្ជាការ​កងទ័ពជើងគោក លោក ម៉ៅ សុផាន់ មិនអាចទាក់ទងបាន។

ដោយឡែក លោក ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្រ បានអះអាងថា ការធ្វើ​ទំនើប​កម្មយោធា គឺរួមបញ្ជូលទាំងការធ្វើឱ្យប្រសើរនូវសមត្ថភាព កងទ័ពជើងទឹក ជើងគោក និង​អាកាស។  តែយ៉ាងណា​លោកមិនទាន់អាចរៀបរាប់បានទេថា តើកងទ័ពជើងទឹក​នឹង​ធ្វើ​ទំនើបកម្មយ៉ាងដូចម្ដេច។

លោកបញ្ជាក់ថា៖«ធ្វើតែកម្រិតណាមិនទាន់អាចបង្ហាញបាន»

កងកម្លាំងយោធា និងសព្វាវុធដែលត្រូវបានដាក់បង្ហាញនៅពិធីរម្លឹកខួប២៥ឆ្នាំ​នៃថ្ងៃ​បង្កើត​​បញ្ជាការដ្ឋាន​កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ រូបថតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។ (រូបភាព៖ តេឡេក្រាមលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត)

ដើម្បីអភិវឌ្ឍសមត្ថភាពកងទ័ពកម្ពុជាឱ្យមានកម្រិតខ្ពស់ លោក សំរិទ្ធ សារ៉េត មេបញ្ជាការ​កង​ពល​តូចអន្តរាគមន៍លេខ៥ មានប្រសាសន៍​ថា ការធ្វើទំនើបកម្មយោធា គឺជាជម្រើស​ដ៏ល្អ​បំផុត​។លោក សារ៉េត បន្តថា សព្វាវុធនៅកងពលរបស់លោក​មិនទាន់មានលក្ខណៈស្តង់ដារ​នៅ​ឡើយ ហើយលោកក៏បានស្នើសុំបន្ថែមកងទ័ពចំនួនទៀតសម្រាប់អង្គភាពនេះ។

លោកបន្ថែមថា៖ «តាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ល្អហើយ ព្រោះទ័ពឥឡូវ​ត្រូវការ​ទំនើបកម្ម​ទាំងអស់ហ្នឹង»

លោក ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ គាំទ្រចំពោះការសម្រេច​របស់​លោក នាយករដ្ឋមន្រ្តី ហើយលោកយល់ថា ការធ្វើទំនើបកម្មនេះ ជារឿងល្អសម្រាប់​យោធា​កម្ពុជា។

ដោយឡែក លោក អ៊ុក ចន្ធា លេខាកងពលតូចអន្តរាគមន៍លេខ៦ បានបន្ថែមថា ការធ្វើ​ទំនើបកម្មយោធានេះនឹងធ្វើឱ្យកងទ័ពមានសមត្ថភាព​ខ្លាំងក្លាជាងមុនក្នុងការការពារដែន​អធិបតេយ្យភាពរបស់ជាតិ។

បើតាមលេខារូបនេះ បច្ចុប្បន្នកងពលតូចលេខ៦ ត្រូវការសព្វាវុធទំនើបៗបន្ថែមទៀត រួមមាន​កាំភ្លើង​បាញ់យន្តហោះ និងរថក្រោះផង​ដែរ ដោយសារបច្ចុប្បន្នសព្វាវុធទាំងនោះ​មាន​លក្ខណៈ​សាមញ្ញពេក។

លោកបញ្ជាក់ថា៖«ទំនើបកម្មនឹងល្អអាចទប់ទល់សត្រូវ​បាន ព្រោះអីឡូវនេះកងទ័ព​អីមាន​អាវុធ​ថ្មីៗដែរ ដូចថាមានគូសត្រូវអីពាក់ព័ន្ធនឹងបញ្ហាព្រំដែនអីយើងអត់ខ្លាចសត្រូវ»។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា គាំទ្រចំពោះការធ្វើ​ឱ្យប្រសើរឡើង​នូវ​សមត្ថភាព​យោធាកម្ពុជា ហើយលោកជំរុញឱ្យការធ្វើទំនើបកម្មនេះឱ្យបានលឿន​ និងពង្រីក​វិសាលភាព​ឱ្យបានច្រើនផ្នែក។

ទន្ទឹមនេះ អ្នកវិភាគនយោបាយរូបនេះ យល់ថា ការធ្វើទំនើបកម្មយោធា កម្ពុជាគួរតែមានការ​កិច្ចសហការជាមួយបណ្ដាប្រទេស​ជឿន​លឿន​ជាច្រើនដើម្បីពង្រឹងបច្ចេកវិទ្យាយោធាតាម​ប្រព័ន្ធអ៊ីនធឺណិតមិនមែនគ្រាន់តែផ្ដោតលើប្រទេសចិនមួយប៉ុណ្ណោះ។

លោកថ្លែងថា៖ «បច្ចេកវិទ្យាប្រឆាំងភេរវកម្មតាមប្រព័ន្ធអ៊ីនធឺណិតអី ចិនមានកម្រិតទេ មិនអាចរីកចម្រើនទាន់លោកខាងលិច លោកខាងលិចគេមានមធ្យោបាយច្រើន»

706 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម