សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នាយទាហានចំនួន២០នាក់ស្លាប់ និងមួយចំនួនទៀតរងរបួសដោយសារផ្ទុះឃ្លាំងគ្រាប់នៅខេត្តកំពង់ស្ពឺ

អគ្គិភ័យកំពុងឆាបឆេះក្នុងឃ្លាំងស្តុកគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថៃ្ងទី២៧ ខែមេសា ឆ្នាំ២០២៤។ រូបភាព៖ ទំព័រហ្វេសបុកផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
អគ្គិភ័យកំពុងឆាបឆេះក្នុងឃ្លាំងស្តុកគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថៃ្ងទី២៧ ខែមេសា ឆ្នាំ២០២៤។ រូបភាព៖ ទំព័រហ្វេសបុកផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

នាយទាហានចំនួន២០នាក់បានស្លាប់ និងមួយចំនួនទៀតរងរបួស ហើយអគារកងទ័ពនិងផ្ទះសម្បែងប្រជាពលរដ្ឋជិត៣០ខ្នងក៏រងការខូចខាត ដោយសារការផ្ទុះឃ្លាំងស្តុកគ្រាប់នៅបន្ទាយយោធភូមិភាគទី៣ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

យោងតាមរបាយការណ៍របស់ភូមិភាគទី៣ នៃកងទ័ពជើងគោក បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា វេលាម៉ោងជាង២រសៀល មានករណីផ្ទុះនៅទីតាំងឃ្លាំងស្តុកគ្រាប់បច្ចេកទេស នៅទីបញ្ជាការយោធភូមិភាគទី៣ ។

បើតាមរបាយការណ៍របស់កងទ័ពជើងគោក បានបញ្ជាក់ថា យោធិនដែលស្លាប់ទាំង២០នាក់នោះ មាន១៥នាក់ជានាយទាហាននៅខេត្តកោះកុង និង៥នាក់ជានាយទាហានទីបញ្ជាការយោធភូមិភាគ។

របាយការណ៍ខាងលើ បញ្ជាក់ថា ការខូចខាតជាបឋមរួមមមាន រថយន្តដឹកគ្រាប់ចំនួន២គ្រឿងមកពីខេត្តកោះកុង ត្រូវបានផ្ទុះខ្ទេច(ទាំងគ្រាប់)និងរងការខូចខាតធ្ងន់ធ្ងររថយន្តមួយគ្រឿងទៀត(គ្រាប់នៅដដែល) ខណៈអាវុធគ្រាប់នៅក្នុងឃ្លាំងបច្ចេកទេសទីបញ្ជាការយោធភូមិភាគមិនទាន់សរុបបាន។

បន្ទាប់ពីបានទទួលដំណឹងឧបទ្ទវហេតុផ្ទុះគ្រាប់នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត  បានថ្លែងសារតាមរយៈហ្វេសប៊ុករបស់លោក ដើម្បីចូលរួមរំលែកមរណទុក្ខចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវការសោកស្តាយចំពោះអ្នករងរបួស។

ជាការដឹងគុណចំពោះការពលីបុព្វហេតុជូនជាតិរបស់កងទ័ពទាំងនោះ លោកនាយករដ្ឋមន្រ្តី បានប្រកាសបរិច្ចាគថវិកាជូន ជនរងគ្រោះដែលស្លាប់ចំនួន២ម៉ឺនដុល្លារ ក្នុងមួយគ្រួសារសព និងចំនួន២០លានរៀលសម្រាប់យោធិនរងរបួស។

លោកនាយករដ្ឋមន្រ្តី បានថ្លែងថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ»។

លោក ហ៊ុន ម៉ាណែត ក៏បានចាត់ឱ្យ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ទៀ សីហា និងអគ្គមេបញ្ជាការកងទ័ព​ លោក វង្ស ពិសេន ចាត់ចែងពិធីបុណ្យសពឱ្យបានសមរម្យស័ក្តិសមនឹងការពលីកម្មរបស់ពួកគេចំពោះជាតិ និងមាតុភូមិ ហើយការចំណាយទាំងស្រុងជាបន្ទុករបស់រដ្ឋ។

បន្ទាប់ពីហេតុការណ៍នេះកើតមានឡើង តាមបណ្ដាញសង្គមហ្វេសប៊ុកនៅល្ងាចថ្ងៃសៅរ៍ ក៏មានប្រជាពលរដ្ឋជាច្រើននាក់បានសម្ដែងការកាន់ទុក្ខនិងសោកស្ដាយចំពោះឧបទ្ទវហេតុផ្ទុះឃ្លាំងដាក់គ្រាប់នេះផងដែរ។

អ្នកស្រី ឆាយ គឹមលី  កូនស្រីរបស់លោក ឆាយ សុផាត ជាមន្រ្តីបច្ចេកទេសនៅយោធភូមិភាគទី៣ បាននិយាយថា ឪពុករបស់អ្នកស្រីបានស្លាប់ក្នុងឧបទ្ទវហេតុនេះ ប៉ុន្តែអ្នកស្រី មិនទាន់ទទួលបានសាកសពរបស់លោក សុផាត មកធ្វើបុណ្យនៅឡើយទេ។

អ្នកស្រី គឹមលី បាននិយាយតាមទូរសព្ទដោយឮសំឡេងយំនិងអួលដើមកថា៖ «តាមដំណឹងឮថាគាត់ស្លាប់ ប៉ុន្តែខ្ញុំមិនទាន់បានឃើញសពគាត់ទេ»

ខេមបូចា​​ មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេ ពីមូលហេតុដែលបណ្តាលឲ្យមានករណីផ្ទុះនេះកើតឡើង។ ចំណែក​ អ្នកនាំពាក្យបញ្ជាការដ្ឋានកងទ័ពជើង​គោក លោក ម៉ៅ ផល្លា  បានមានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មានលម្អិតអំពីករណីនេះនៅឡើយទេ ហើយថា ព័ត៌មានលម្អិតអាចរង់ចាំនៅព្រឹកថ្ងៃអាទិត្យ បន្ទាប់ពីថ្នាក់ដឹកនាំប្រជុំចប់នៅឯកន្លែងកើតហេតុក្នុងយប់ថ្ងៃសៅរ៍។

អភិបាលខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង បានបដិសេធធ្វើអត្ថាធិប្បាយ ដោយសារករណីនេះទាក់ទងនឹងសន្តិសុខជាតិ ។

គិតត្រឹមម៉ោង ២២:៣០ យប់ថ្ងៃសៅរ៍នេះ មិនទាន់មានរបាយការណ៍បញ្ជាក់ពីមូលហេតុនៃការផ្ទុះនៅឡើយទេ ៕

3,346 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម