ក្រសួងការពារជាតិនឹងចាប់ផ្តើមបើកប្រាក់បៀវត្សជូនកងទ័ពតាមប្រព័ន្ធធនាគារ បន្ទាប់ពីបញ្ចប់ដំណើរការបង្កើតគណនីឱ្យយោធិនទាំងអស់នៅត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៧។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនតម្លាភាព សុវត្ថិភាព និងជាការធ្វើទំនើបកម្មឌីជីថលក្នុងជួរកងទ័ពផង។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ សីហា តាមរយៈលិខិតចុះថ្ងៃទី១៣ ខែសីហា បានបញ្ជាឱ្យគ្រប់ស្ថាប័នក្រោមចំណុះទាំងអស់ រៀបចំបង្កើតកុងធនាគារជូនកងទ័ពឱ្យបានរួចរាល់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ ពោលគឺមានរយៈពេលជាង ១០ខែ គិតចាប់ពីថ្ងៃចេញបទបញ្ជានេះ។ លោកបញ្ជាក់ថា កំណែទម្រង់នេះស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាល និងភាពចាំបាច់របស់ក្រសួង ក្នុងការបង្កើនប្រសិទ្ធភាព តម្លាភាព និងសុវត្ថិភាពក្នុងការគ្រប់គ្រងប្រាក់បៀវត្ស និងជំរុញការធ្វើទំនើបកម្មឌីជីថលក្នុងជួរកងទ័ព។
ដើម្បីធានានូវប្រសិទ្ធភាពនៃផែនការនេះ លោកបានណែនាំឱ្យគ្រប់កងឯកភាព ជំរុញការបើកគណនីឱ្យបាន ១០% នៃចំនួនទ័ពសរុបជារៀងរាល់ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៦នេះតទៅ រហូតដល់សម្រេចបាន ១០០% ស្របតាមឱសានវាទដែលបានកំណត់។
រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានប្រាប់សារព័ត៌មានខេមបូចាថា ការបើកប្រាក់បៀវត្សជូនកងទ័ពតាមប្រព័ន្ធធនាគារនឹងចាប់ផ្តើមដំណើរការ បន្ទាប់ពីការបង្កើតកុងធនាគារជូនយោធិនទាំងអស់ បានបិទបញ្ចប់ក្នុងរយៈពេលដែលក្រសួងបានកំណត់។
លោកបញ្ជាក់ថា៖ «បើកកុងហើយចប់ គឺយើងបើកតាមធនាគារ។ ដោយយើងយកកុងហ្នឹង យកទៅក្រសួងការពារជាតិ នោះក្រសួងការពារជាតិយកទៅសហការជាមួយធនាគារពាក់ព័ន្ធ ហើយយើងចាប់ផ្តើមដំណើរការបានហើយ។ លឿនទេ យើងបង្ខំក្នុងមួយឆ្នាំនេះឱ្យហើយ»។
ទោះជាយ៉ាងណាលោកអះអាងថា ប្រសិនបើដំណើរការបង្កើតគណនីធនាគារជូនកងទ័ពបញ្ចប់មុនការគ្រោងទុក នោះក្រសួងអាចនឹងពិចារណាដំណើរការបើកប្រាក់បៀវត្សលឿនជាងការគ្រោងទុកដូចគ្នា។
បើតាមលោក ទៀ សីហា គ្រប់បណ្តាកងឯកភាពត្រូវជ្រើសរើសធនាគារក្នុងចំណោមធនាគារពាណិជ្ជទាំង៨ ដែលបានចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយក្រសួងសេដ្ឋកិច្ច ដែលរួមមាន អេស៊ីលីដា កាណាឌីយ៉ា វឌ្ឍនៈ វីង អេប៊ីអេ ជីបម៉ុង ជេត្រាស់រ៉ូយ៉ាល់ និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា។ បន្ថែមលើនេះលោកប្រាប់ឱ្យ អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ បង្កើតក្រុមការងារចំពោះកិច្ចមួយ ដើម្បីពិនិត្យតាមដាន សម្របសម្រួល និងផ្សព្វផ្សាយពីការបើកគណនីធនាគារជូនយោធិននេះ។
បទបញ្ជារបស់ក្រសួងការពារជាតិនេះធ្វើឡើង ក្រោយទីស្តីការគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បានប្រគល់ភារកិច្ចឱ្យក្រសួងសេដ្ឋកិច្ច ក្រសួងការពារជាតិ និងអគ្គទេសាភិបាលធនាគារជាតិ ឱ្យសហការគ្នារៀបចំបើកប្រាក់បៀវត្សជូនយោធិនតាមប្រព័ន្ធធនាគារ ជំនួសឱ្យការបើកប្រាក់ខែដោយផ្ទាល់។ កាលនោះប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានប្រកាសគាំទ្រ ដោយថាការបើប្រាក់បៀវត្សជូនយោធិន និងនគរបាលតាមប្រព័ន្ធធនាគារ ជាវិធានការមួយលុបបំបាត់អំពើពុករលួយនៅក្នុងជួរកងកម្លាំង និងបង្ហាញពីល្បឿននៃកំណែទម្រង់រដ្ឋផង។
កងទ័ពខ្មែរដែលកំពុងឈរជើងការពារព្រំដែន លោក ពេជ្រ ឆម ឱ្យដឹងថា លោកមិនទាន់ទទួលបានបទបញ្ជានេះនៅឡើយ ក៏ប៉ុន្តែលោកថាជាដំណឹងល្អ ដែលអាចផ្តល់ភាពងាយស្រួល។ ងាយស្រួលត្រង់ថា បច្ចុប្បន្នពេលបើកប្រាក់ខែរួច លោកត្រូវធ្វើដំណើរចុះពីភ្នំដើម្បីយកប្រាក់ខែនោះទៅប្រគល់ឱ្យគ្រួសារនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលចំណាយពេលទៅមកប្រហែល២ម៉ោង។
លោកយល់ថា៖ «វាស្រួលជាងការបើកតាមអង្គភាព[…]ដោយសារយើងនៅលើភ្នំ វាមានផលលំបាកដែរ ពេលផ្ញើលុយមកផ្ទះ»។ លោកបន្តថា៖ «ពេលបើកលុយ សុំច្បាប់គេមួយថ្ងៃ ឬ២ថ្ងៃ យកលុយហ្នឹងមកឱ្យប្រពន្ធ ហើយឡើងទៅលើវិញ»។
លោកនិយាយថា បើថ្ងៃមុខប្រាក់បៀវត្សបើកតាមប្រព័ន្ធធនាគារ នោះលោកអាចផ្ទេរប្រាក់ទៅក្រុមគ្រួសារបានភ្លាមៗ ពេលមានតម្រូវការ។ ណាមួយលោកថា វាមានសុវត្ថិភាព មិនបារម្ភពីការបាត់បង់ផង។
ប្រហាក់ប្រហែលគ្នា ភរិយាកងទ័ពម្នាក់រស់នៅស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង អ្នកស្រី រស់ ផាន បង្ហាញអារម្មណ៍ត្រេកអរ ដោយថា បច្ចុប្បន្នប្តីរបស់គាត់ត្រូវធ្វើដំណើរប្រាក់ខែមកឱ្យផ្ទាល់នៅផ្ទះ ហើយបើមិនបានមក ម្តងម្កាលត្រូវពឹងគេឱ្យបាញ់លុយមកឱ្យអ្នកស្រី ដើម្បីបង់ការប្រាក់ធនាគារ។ អ្នកស្រីថា ប្តីរបស់គាត់មានការលំបាកទៅមក បើចំរដូវភ្លៀងផង។
អ្នកស្រីប្រាប់ថា៖ «បើកតាមធនាគារស្រួល ព្រោះវាអត់សូវពិបាកយើងធ្វើដំណើរទៅបើកលុយ។ ហើយពេលយើងរវល់ ពេលលុយយើងធ្លាក់មក វានៅក្នុងកុងអ៊ីចឹងវាស្រួល។ ដូចខ្ញុំអ៊ីចឹងត្រូវការបង់ធនាគារ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា កំណែទម្រង់នេះជារឿងល្អបំផុត ដោយលោកមើលឃើញថា ការផ្លាស់ប្តូរមកបើកប្រាក់បៀវត្សតាមប្រព័ន្ធធនាគារ គឺជាជំហានដំបូងយ៉ាងសំខាន់ក្នុងការលុបបំបាត់អំពើពុករលួយ និងការកាត់ប្រាក់ខែកងទ័ពដោយគ្មានមូលហេតុ ដែលធ្លាប់មានការលើកឡើងពីមុនមក។ លោកបន្ថែមថា យន្តការនេះមិនត្រឹមតែជួយឱ្យក្រសួងការពារជាតិអាចគ្រប់គ្រងទិន្នន័យកងទ័ពពិតប្រាកដ និងរក្សាការសម្ងាត់ជាតិបានល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់យុត្តិធម៌ និងតម្លាភាពពេញលេញជូនដល់យុទ្ធជននៅតាមកងឯកភាពផងដែរ។
លោកថ្លែងថា៖ «ការបើកលុយតាមធនាគារនេះ វាជាការចាប់ផ្តើមដើម្បីឱ្យក្រសួងការពារជាតិអាចគ្រប់គ្រង់ចំនួនកងទ័ពបាន [… ] ហើយក៏អាចជួយកាត់បន្ថយការកេងប្រវ័ញ្ញផ្សេងៗ […] វាជាផ្នែកមួយដើម្បីឱ្យក្រសួងងាយស្រួលក្នុងការរក្សានូវការសម្ងាត់ផង និងផ្តល់យុត្តិធម៌គ្រប់គ្រាន់ដល់យុទ្ធជន»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមរូបនេះ ចង់ឃើញក្រសួងកំណើរការបើកប្រាក់ខែជូនកងទ័ពតាមប្រព័ន្ធធនាគារឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីឈានទៅពង្រឹងវិស័យការពារជាតិឱ្យបានខ្លាំង តាមរយៈការដឹងពីចំនួនកងទ័ពពិតប្រាកដ។
នាយិកាអង្គការតម្លាភាពកម្ពុជា អ្នកស្រី ស៊ិន ពុទ្ធារី ថ្លែងថា ការអនុវត្តស្តង់ដាររួមក្នុងការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការ គឺជាអ្វីដែលសង្គមស៊ីវិលចង់ឃើញ និងគាំទ្រ។ យ៉ាងណា អ្នកស្រីស្នើឱ្យការផ្លាស់ប្តូរប្រព័ន្ធបើកប្រាក់បៀវត្សនេះ អនុវត្តដោយតម្លាភាព និងស្មើភាពគ្នាដូចទៅនឹងមន្ត្រីរាជការផ្សេងដែរ។
អ្នកស្រីមានប្រសាសន៍ថា៖ «យើងចង់ឱ្យការអនុវត្តហ្នឹងមានភាពពេញលេញស្មើគ្នា ស្របគ្នាដូចគាត់ជាមន្ត្រីសាធារណៈផ្សេងដែរ ដើម្បីឱ្យមានភាពងាយស្រួល និងប្រសិទ្ធភាព ប្រសិទ្ធផល ហើយនិងតម្លាភាព អាហ្នឹងយើងគាំទ្រឱ្យមានប្រព័ន្ធនេះនៅស្រុកយើងបន្តទៅមុខទៀត»៕










