សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អតិថិជនធនាគារ អេភីឌី ទាមទារចម្លើយ ខណៈសាខាចំនួនបីត្រៀមបិទទ្វារ

អតិថិជនធនាគារ អេភីឌី ប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលរបស់ធនាគារ​ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ដើម្បីទាមទារដំណោះស្រាយ ខណៈធនាគារ​គ្រោងបិទសាខា​ចំនួន​បី​នៅក្នុងខែ វិច្ឆិកាខាងមុខ។ (ខេមបូចា/ស៊ើង និមល់)
អតិថិជនធនាគារ អេភីឌី ប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលរបស់ធនាគារ​ក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែតុលា ដើម្បីទាមទារដំណោះស្រាយ ខណៈធនាគារ​គ្រោងបិទសាខា​ចំនួន​បី​នៅក្នុងខែ វិច្ឆិកាខាងមុខ។ (ខេមបូចា/ស៊ើង និមល់)

អតិថិជនប្រមាណ ៤០នាក់របស់ធនាគារ អេភីឌី បានប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាល របស់​​ធនា​គារ​​នេះ​ក្នុងតំបន់បឹងកក់ រាជធានីភ្នំពេញ កាលពីថ្ងៃចន្ទ ដើម្បីទាមទារដំណោះ​ស្រាយ​​​ចំពោះ​ការរឹតត្បិ​ត​ការ​ដកប្រាក់ដែលបានកើតឡើងតាំងពីខែមីនា ខណៈធនាគារត្រៀម​បិទសាខាចំនួនបីចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ដោយមិនបានផ្តល់មូលហេតុច្បាស់​លាស់ណា​មួយ​ឡើយ។

យោងតាមសេចក្តីជូនដំណឹងដែលធនាគារបានផ្ញើជូនអតិថិជនកាលពីពេលថ្មីៗនេះ សាខា​ដែលត្រូវ​បិទ​រួមមានសាខានៅមហាវិថីព្រះនរោត្តម មហាវិថីម៉ៅសេទុង និងអូឡាំព្យ៉ា។

អតិថិជនធនាគារ អេភីឌី បានប្រាប់សារព័ត៌មានខេមបូចាថា ពួកគេចង់បានចម្លើយ​ច្បាស់​លាស់​​​ពី​ធនា​​គារ និងធនាគារជាតិនៃកម្ពុជា (NBC) ដោយព្រមាន ថា ភាពមិនច្បាស់លាស់អូស​បន្លាយ​ពេលយូរ​ជុំវិញលទ្ធភាពក្នុងការដកប្រាក់បញ្ញើរបស់ពួកគេ កំពុងធ្វើឱ្យពួកគេបាត់បង់​ទំនុក​ចិត្តលើធនាគារនេះ និងវិស័យធនាគារទាំងមូល។

ស្ត្រីម្នាក់ វ័យជាង ៤០ឆ្នាំ ដែលសុំមិនបញ្ចេញឈ្មោះដោយសារហេតុផលសុវត្ថិភាព បាន​និយាយ​ថា នាងមានប្រាក់បញ្ញើប្រមាណ ៤០ម៉ឺនដុល្លារនៅធនាគារ អេភីឌី ហើយបានជួបការ​លំបាក​ក្នុង​ការដក​ប្រាក់​​​របស់ខ្លួនអស់រយៈពេលប្រហែលប្រាំមួយខែមកហើយ។

ស្រ្តីដដែលបានបន្តថា នៅពេលបញ្ហាចាប់ផ្តើមកើតឡើងដំបូង​ធនាគារអនុញ្ញាត​ឱ្យ​អតិថិជន​ដក​ប្រាក់​បាន​រហូត​ដល់ ៥០០ដុល្លារក្នុងមួយថ្ងៃ។ ប្រហែលពីរខែក្រោយមក ការដកប្រាក់ និងការផ្ទេរប្រាក់​ត្រូវ​បាន​ផ្អាក។

នាងបានប្រាប់ថា៖ «ធនាគារបានបង្កកគណនីរបស់យើង ហើយមិនអនុញ្ញាតឱ្យយើង​ដក​ប្រាក់​​របស់​យើង​ទេ»។

ប្រភពដដែលបានបន្តថា៖ «អតិថិជនខំប្រឹងធ្វើការហូរញើស ហូរឈាម ទាំងទឹកភ្នែក​ដើម្បី​បាន​ប្រាក់​មក​ដាក់នៅធនាគារ។ យើងគិតថា យើងអាចទទួលបានការប្រាក់បន្តិចបន្តួច និង​សន្សំ​ប្រាក់​ទុក​សម្រាប់​​ការសិក្សារបស់កូនៗ។ ប៉ុន្តែឥឡូវនេះ ធនាគារបាន​បង្កកប្រាក់​ទាំង​អស់​។ យើង​អាចមើល​ឃើញ​​តែ​ចំនួនក្នុងទូរសព្ទប៉ុណ្ណោះ»។

នាងបានរំឭកថា ធនាគារធ្លាប់ផ្តល់អត្រាការប្រាក់ ៧% ក្នុងមួយឆ្នាំ ដែលខ្ពស់ជាងអត្រាការ​ប្រាក់​​​ដែល​​ធនាគារផ្សេងទៀតផ្តល់ជូន។

កាលពីខែមីនា ធនាគារបានផ្អាកសេវាកម្មមួយរយៈពេលខ្លី និងកំណត់ការផ្ទេរប្រាក់​ប្រចាំ​ថ្ងៃ​ត្រឹម ៣០០​ដុល្លារ ដែលបណ្តាលឱ្យអតិថិជននាំគ្នាតម្រង់ជួរនៅទីស្នាក់ការកណ្តាល​របស់​ធនាគារ ដើម្បី​ដក​​ប្រាក់របស់ខ្លួន។​ នៅខែកក្កដា ធនាគារបានដកចេញនូវការកំណត់ការ​ផ្ទេរ​ប្រាក់​ប្រចាំថ្ងៃត្រឹម ៥០០ដុល្លារ តាមរយៈ Bakong KHQR និងការកំណត់ការដកប្រាក់ត្រឹម ១០ ០០០ដុល្លារពីប្រាក់​បញ្ញើ​មាន​​កាលកំណត់ដែលបានដល់កំណត់។ ការផ្លាស់ប្តូរនេះ​អនុញ្ញាត​​ឱ្យម្ចាស់​គណនីគោល​ម្នាក់អាច​ដកប្រាក់​បានរហូត​ដល់ ២០ ០០០ដុល្លារ ដោយផ្អែក​លើ​សមតុល្យសរុបនៃគណនីទាំង​អស់របស់​ពួក​គេ។

សាខាធនាគារ អេភីឌី នៅមហាវិថីម៉ៅសេទុង ដែលជាសាខាមួយក្នុងចំណោម​សាខា​ទាំងបី​ដែល​គ្រោង​បិទនៅខែវិច្ឆិកាខាងមុខ។ ថតនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/​ព្រីង សំរាំង)

ស្ត្រីរូបនេះបានទៅធនាគារជាច្រើនលើក ដើម្បីស្វែងរកការបំភ្លឺ ប៉ុន្តែមិនទទួលបាន​ចម្លើយជាក់​លាក់​ឡើយ​។ បុគ្គលិកបានប្រាប់គាត់ថា ពួកគេគ្រាន់តែអនុវត្តតាមការណែនាំពីថ្នាក់លើ​គេ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​បាន​បញ្ជាក់ថា នរណាជាអ្នកចេញការណែនាំនោះទេ។

ការត្រៀមបិទសាខាចំនួនបីបានធ្វើឱ្យការព្រួយបារម្ភរបស់ស្រ្តីរូបនេះកាន់តែកើនឡើងខ្លាំង​ថែម​ទៀត។ នាងបានលើកឡើងថា៖ «ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ ហើយខ្ញុំលែង​មាន​កម្លាំងចិត្តក្នុង​ការ​បន្ត​​អាជីវកម្មរបស់ខ្ញុំទៀតហើយ»។

នាងបានអំពាវនាវឱ្យធនាគារជាតិ នៃកម្ពុជា ពន្យល់អំពីស្ថានភាពនេះ និងជំរុញឱ្យធនាគារ អេភីឌី បញ្ជាក់ថា តើធនាគាររំពឹងថានឹងអាចបញ្ចេញប្រាក់សងអតិថិជនបាន​ចំនួនប៉ុន្មានក្នុង​រយៈពេល​មួយ​ឆ្នាំ​ខាងមុខ។ នាងបាននិយាយថា ការផ្តល់ព័ត៌មានឱ្យកាន់តែច្បាស់លាស់​នឹង​ជួយកាត់បន្ថយការ​ព្រួយ​បារម្ភរបស់អតិថិជន។

នាងបានលើកឡើងថា៖ «ចាប់តាំងពីធនាគារ ព្រីនស៍ និងធនាគារមួយចំនួនទៀតបានបិទ ខ្ញុំ​ចាប់​ផ្តើម​​មានការភ័យខ្លាច។ ខ្ញុំមានអារម្មណ៍បាក់ទឹកចិត្តយ៉ាងខ្លាំង ហើយលែង​ចង់ដាក់​ប្រាក់​​​​នៅ​ធនាគារ​ទៀតហើយ។ ខ្ញុំបានបាត់បង់ទំនុកចិត្ត [លើធនាគារ]»។

អតិថិជនម្នាក់ទៀត ដែលបានប្រាប់ថា លោកបានប្រើប្រាស់សេវាធនាគារ អេភីឌី អស់រយៈ​ពេល​​បួន​ឆ្នាំ​មកហើយ និងមានប្រាក់បញ្ញើប្រមាណ ៥០ម៉ឺនដុល្លារ បានសង្កត់ធ្ងន់ថា ធនាគារ និងស្ថាប័ន​និយ័តករគួរតែផ្តល់ចម្លើយដល់អតិថិជន ជាជាងទុកឱ្យពួកគេ​ស្ថិតក្នុងភាពមិន​ច្បាស់​លាស់។

លោកបាននិយាយថា៖ «[ពួកគេ] បន្តសន្យាហើយសន្យាទៀត ប៉ុន្តែសុទ្ធតែជាការសន្យា​ខ្យល់​​។ ពួក​គេ​និយាយថា មានផែនការជាច្រើនដើម្បីដោះស្រាយបញ្ហា ប៉ុន្តែ​រហូត​មក​ដល់​ពេលនេះ មិនទាន់មាន​ដំណោះស្រាយ​​ជាក់លាក់​ណាមួយឡើយ»។

លោកបានបន្តថា កាលពីខែកញ្ញា ធនាគារបានបង្ហាញផែនការសង​ប្រាក់ចំនួនពីរ​ជម្រើស​ដល់​អតិ​ថិជន ដោយផ្អែកលើចំនួនប្រាក់បញ្ញើរបស់ពួកគេ។

សម្រាប់អតិថិជនដែលមានប្រាក់បញ្ញើក្រោម ៥០ម៉ឺនដុល្លារ ផែនការដែលបានស្នើឡើង គឺ​អនុញ្ញាត​​ឱ្យពួកគេដក​ប្រាក់ ១៥ភាគរយ ក្នុងដំណាក់កាលដំបូង ដកប្រាក់ ១៥ភាគរយ ទៀត​ក្រោយ​រយៈ​ពេល​ពីប្រាំ​មួយ​ខែ​ដល់មួយឆ្នាំ និងដកប្រាក់ ៧០ភាគរយ ដែលនៅសល់​ក្នុង​រយៈ​ពេលពីរឆ្នាំ។

ចំណែកអតិថិជនដែលមានប្រាក់បញ្ញើលើសពី ៥០ម៉ឺនដុល្លារ ធនាគារបានស្នើផ្តល់បន្ទប់​ខុនដូ​មួយ​យូនីត អនុញ្ញាតឱ្យពួកគេដកប្រាក់បញ្ញើបាន ២០ភាគរយ និងប្រាក់ ៦០ភាគរយដែល​នៅ​សល់​ក្នុងរយៈ​ពេលពីរឆ្នាំ។ នេះបើតាមការបញ្ជាក់របស់អតិថិជនរូបនេះ។

ប៉ុន្តែចាប់តាំងពីពេលនោះមក អតិថិជនមិនទទួលបានព័ត៌មាន​ថ្មីណាមួយទៀត​ពីសំណើ​ទាំង​នេះ​ឡើយ​។

បុរសរូបនេះក៏បានបង្ហាញការព្រួយបារម្ភផងដែរថា ការមិនអាចប្រើប្រាស់ប្រាក់​បញ្ញើ​អាចប៉ះពាល់​ដល់អាជីវកម្មរបស់គាត់ ដោយសារប្រាក់មួយចំនួនត្រូវបានប្រើជាទុនបង្វិល​សម្រាប់ដំណើរ​ការអាជីវកម្ម។

ធនាគារ អេភីឌី ធនាគារជាតិ នៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា មិនបានឆ្លើយតប​នឹង​សំណើ​សុំ​ការអត្ថាធិប្បាយឡើយ។

លោក ង៉ែត ជូ សេដ្ឋកិច្ចវិទូ និងអ្នកជំនាញវិនិយោគនៅក្រុមហ៊ុន F.I. Vision Capital បាន​ប្រាប់​​សារ​ព័ត៌​មានខេមបូចាថា ធនាគារជាតិ នៃកម្ពុជា គួរតែបញ្ជាក់​អំពីស្ថានភាពហិរញ្ញវត្ថុ​របស់ធនាគារ អេភីឌី ជាពិសេសជុំវិញលទ្ធភាពរបស់ធនាគារក្នុងការមានសាច់ប្រាក់គ្រប់គ្រាន់ និងបំពេញតម្រូវការ​ដក​ប្រាក់​របស់អតិថិជន។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ ធនាគារ អេភីឌី មានប្រាក់បញ្ញើសរុបលើសពី ១ពាន់​លាន​​ដុល្លារ​។ ប្រធានក្រុមប្រឹក្សាភិបាលរបស់ធនាគារ លោក Wang Dong ដែលបានទទួល​សញ្ជាតិ​​ខ្មែរ​ក្នុង​ឆ្នាំ២០១៥ និងប្តូរឈ្មោះជា វង់ ពេជ្រ កាន់កាប់ភាគហ៊ុនចំនួន ៩៩ភាគរយ នៅ​ក្នុង​ធនាគារ។ អ្នក​ជំនាញ​ក្នុង​វិស័យ​ធនាគារបានពិពណ៌នារចនាសម្ព័ន្ធកម្មសិទ្ធិបែបនេះថា «មិនប្រក្រតី»។

បញ្ហាសេវាកម្មរបស់ធនាគារបានធ្វើឱ្យមានការលើកឡើងនូវមន្ទិលសង្ស័យផ្សេងៗខណៈអាជ្ញាធរកំពុងបង្ក្រាបលើស្ថាប័នហិរញ្ញវត្ថុដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងជាមួយ​បណ្តាញ​ឆបោក។​ សហរដ្ឋអាមេរិក និងអាជ្ញាធរនៃប្រទេសផ្សេងទៀតបានចាត់វិធានការ​លើ​ក្រុមហ៊ុនមួយចំនួន រួម​មាន ធនាគារ ព្រីនស៍ និង Huione Pay ដែលបច្ចុប្បន្នមានឈ្មោះថា H-Pay។ ក្រុមហ៊ុនទាំងនេះ និងក្រុមហ៊ុន​មេរបស់ពួកគេបានបដិសេធថា ខ្លួនមិនមានជាប់​ពាក់​ព័ន្ធ​នឹងការឆបោក ឬការលាងលុយ​កខ្វក់ឡើយ។

ស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅកម្ពុជា រួមមាន ធនាគារ Panda Bank និង ធនាគារ CCU Bank, HH Bank និង Heng Feng Bank ក៏បានប្រឈមនឹងការរំលាយផងដែរ។

កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអាស៊ានមួយចំនួនតូចដែលមិនទាន់មានប្រព័ន្ធ​ធានារ៉ាប់រងប្រាក់បញ្ញើថ្នាក់ជាតិ ដើម្បីការពារអ្នកដាក់ប្រាក់ ប្រសិនបើ​ស្ថាប័ន​ហិរញ្ញវត្ថុ​​ណា​មួយ​ដួលរលំ។ ទោះជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងធនាគារជាតិ នៃកម្ពុជា បាន​ពិភាក្សា​គ្នាអំពី​ការ​បង្កើតប្រព័ន្ធធានារ៉ាប់រងប្រាក់បញ្ញើនេះអស់រយៈពេល​ជាង១០ឆ្នាំ​មក​ហើយក៏ដោយ ក៏កម្ពុជានៅមិនទាន់មានប្រព័ន្ធនេះនៅឡើយដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ APD Bank Customers Demand Answers as Three Branches Set to Close

ព័ត៌មានថ្មី

អត្ថបទពេញនិយម