យុវជនមួយចំនួនលើកឡើងពីការលំបាករបស់ខ្លួនក្នុងការទទួលបានឱកាសការងារ ដោយសារពួកគេមានកង្វះជំនាញឌីជីថល ភាសាអង់គ្លេស និងការរើសជំនាញខុសពីទីផ្សារការងារជាដើម ខណៈពួកគេសង្កេតឃើញថា ទីផ្សារការងារនៅកម្ពុជាបច្ចុប្បន្នមានភាពតូចចង្អៀត។
ការលើកឡើងនេះធ្វើឡើងនៅក្នុងពិធីប្រារព្ធទិវាយុវជនអន្តរជាតិ ឆ្នាំ២០២៦ ដែលរៀបចំដោយ អង្គការសង្គមស៊ីវិលចំនួន៧ស្ថាប័ន រួមមាន សមាគមបណ្ដាញយុវជនកម្ពុជា(CYN) អង្គការតម្លាភាពកម្ពុជា(TIC) សមាគមយុវជនជនជាតិដើមភាគតិច(CIYA) និងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)ជាដើម នៅរាជធានីភ្នំពេញ។
ក្រុមអង្គការសង្គមស៊ីវិលបានប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២៦នេះឡើងក្រោមមូលបទ «ពង្រឹងភាពធន់ និងលំហសុវត្ថិភាពរបស់យុវជន និងអនាគតកម្ពុជា» ក្នុងគោលបំណងអបអរសាទរទិវាយុវជនផង និងផ្តល់ជាវេទិកាក្នុងការរៀនសូត្រ បញ្ចេញមតិ ពីតម្រូវការផ្សេងៗរបស់យុវជន ព្រមទាំងប្រមូលធាតុចូលពីបញ្ហាប្រឈមនានា ហើយកៀរគរភាគីពាក់ព័ន្ធឱ្យដោះស្រាយបញ្ហាទាំងនោះ។
ពិធីនេះមានអ្នកចូលរួមសរុបចំនួន ១៤៦នាក់ ក្នុងនោះមានស្ត្រី ៦៣នាក់ ជនជាតិដើមភាគតិច ១៨នាក់ និងLGBTQ ៣នាក់ ព្រមទាំងមានតំណាងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ និងអ្នកពីវិស័យផ្សេងៗមួយចំនួនទៀត។
ជនជាតិដើមពូនង ដែលជាសមាជិកសមាគមយុវជនជនជាតិដើមភាគតិច(CIYA) លោក ពូម បុន្នី បានលើកឡើងនៅក្នុងវេទិកាពិភាក្សាថា នៅសហគមន៍របស់លោក ការអប់រំបណ្ដុះបណ្ដាលចំណេះដឹងផ្នែកឌីជីថល និងភាសាអង់គ្លេសដល់យុវជនជនជាតិដើមភាគតិចនៅមានកម្រិតទាប បើប្រៀបធៀបនឹងពលរដ្ឋឯទៀតនៅប្រទេសកម្ពុជា គួបផ្សំនឹងការរើសជំនាញខុសពីទីផ្សារការងារផង បានធ្វើឱ្យពួកគេពិបាកទទួលបានឱកាសការងារ។
លោកបន្តថា៖ «គ្រូបង្រៀនជាជំនាញដែលគាត់ស្រឡាញ់ ជាមុខវិជ្ជា ជារបរដែលគាត់ចាប់យក។ ក៏ប៉ុន្តែនៅពេលដែលគាត់បន្តការសិក្សានៅរាជធានីភ្នំពេញ ទៅតំបន់ទីប្រជុំជនដូចជានៅសកលវិទ្យាល័យអត់ទេ គាត់មើលឃើញពីទីផ្សារការងារ ជំនាញឌីជីថល ប៉ុន្តែអ្វីដែលគាត់បានធ្វើគឺវាហួសពេល។ បានសេចក្ដីថាគាត់រៀនចប់ជំនាញនេះហើយ គឺគាត់ពិបាកនៅក្នុងការត្រឡប់មកខាងក្រោយវិញ»។
លោកឱ្យដឹងថា៖ «សង្គមរបស់យើងរីកចម្រើនដល់ការប្រើប្រាស់បច្ចេកវិទ្យា ទៅដល់ការប្រើប្រាស់សង្គមឌីជីថលហើយ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារទៅបាន លុះត្រាតែមានការផ្សព្វផ្សាយទៅដល់យុវជន ជាពិសេសផ្ដល់អាទិភាពដល់យុវជនជនជាតិដើមដែលគាត់រស់នៅតំបន់ដាច់ស្រយាលមួយចំនួន»។
បន្ថែមពីនេះ លោកបន្តទៀតថា ទីផ្សារការងារសម្រាប់យុវជនជនជាតិដើមភាគតិចដែលបានរៀនចប់ជំនាញបច្ចេកទេសនៅតាមបណ្ដាខេត្ត មិនសូវសម្បូរការងារធ្វើដូចជានៅរាជធានីភ្នំពេញឡើយ ដែលកក្តានេះក៏ជាឧបសគ្គមួយបន្ថែមទៀតដល់ជនជាតិដើមភាគតិចដែលរៀនចប់ជំនាញបច្ចេកទេស។
លោក បុន្នី បន្ថែមថា៖ «ការបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅតាមបណ្ដាខេត្តមួយចំនួន នៅពេលដែលគាត់រៀនចប់ គាត់នៅតែខ្វះខាតនៅក្នុងការធ្វើការងារ មានន័យថាទីផ្សារគឺមិនអំណោយផលសម្រាប់គាត់នៅពេលរៀនចប់ជំនាញបណ្ដុះបណ្ដាលបច្ចេកទេស វិជ្ជាជីវៈនោះទេ ពីព្រោះសហគ្រាស ក្រុមហ៊ុនមួយចំនួននៅតាមតំបន់ទីជនបទ នៅតាមសហគមន៍ នៅតាមខេត្ត គឺនៅមានកម្រិតនៅឡើយមិនដូចនៅរាជធានីភ្នំពេញទេ[…]គាត់នៅតែប្រឈមមុខនឹងការអត់មានការងារធ្វើ»។
ទន្ទឹមនឹងនេះ យុវតីជនជាតិដើមភាគតិចគ្រឹងមកពីខេត្តរតនគិរី កញ្ញា រិន ភារី ដែលបានចូលរួមទិវាយុវជនដែរនោះបានឱ្យដឹងថា បច្ចុប្បន្នកញ្ញាកំពុងសិក្សាជំនាញរដ្ឋបាលសាធារណៈ នៅវិទ្យាស្ថានជាតិសង្គមកិច្ច។ យុវតីវ័យ១៩ឆ្នាំរូបនេះថា នាងកំពុងស្វែងរកការងារធ្វើដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព តែជួបការលំបាកមួយចំនួន។
កញ្ញាបានឱ្យដឹងថា៖ «ដោយសារតែអាចនិយាយបានថាសមត្ថភាពភាសាអង់គ្លេសរបស់ខ្ញុំនៅមានកម្រិត ហើយណាមួយភាពក្លាហានរបស់ខ្ញុំនៅមានកម្រិតដែរ គ្រាន់តែឥឡូវខ្ញុំចាប់ផ្ដើមដើរម្ដងបន្តិចៗទៅ ដើរបន្ស៉ាំជាមួយគេ ចូលរួមវគ្គបណ្ដុះបណ្ដាលអ៊ីចឹងខ្ញុំរាងស៊ាំជាមួយគេបន្តិច អ៊ីចឹងទៅរាងគ្រាន់បើជាងមុន។ ប៉ុន្តែសម្រាប់ការងារវិញនៅតែពិបាកសម្រាប់ខ្ញុំ ដោយសារតែកម្រិតសមត្ថភាពយើងនៅមានកម្រិត ទាំងកុំព្យូទ័រៗខ្ញុំនៅមានកម្រិត អង់គ្លេចនៅមានកម្រិត អ៊ីចឹងទៅខ្ញុំរាងពិបាកក្នុងការរកការងារធ្វើ»។
កញ្ញា ភារី សង្កេតឃើញថា យុវជននៅក្នុងសហគមន៍របស់គាត់មានការលំបាកច្រើនទាំងបញ្ហាជីវភាពមិនអាចបន្តការសិក្សាបាន បញ្ហាកង្វះព័ត៌មានពីការសិក្សា និងពិបាករកការងារធ្វើដោយសារទីផ្សារការងារតូចចង្អៀតជាដើម។ យុវជនដែលរៀនចប់បាក់ឌុបជាច្រើន មិនអាចបន្តការសិក្សា ហើយត្រូវបង្ខំចិត្តធ្វើការងារស៊ីឈ្នួលដូចជា ដកដំបូង រើសស្វាយចន្ទី លីសែង ធ្វើសំណង់ លក់ខោអាវជាដើម។ ភារី ក៏ធ្លាប់ខាតបង់ការសិក្សាមួយឆ្នាំដោយសារបញ្ហាជីវភាព ហើយនាងធ្លាប់ធ្វើការនៅកន្លែងលក់ខោអាវនៅឯស្រុកកំណើត ដែលនាងត្រូវលើករបស់របរធ្ងន់ៗទៀតផង។
កញ្ញា ភារី បន្ថែមថា៖ «២០២៤ ខ្ញុំខាតមួយឆ្នាំដោយសារគ្រួសារខ្ញុំជួបវិបត្តិសេដ្ឋកិច្ចខ្លាំង អ៊ីចឹងទៅខ្ញុំក៏ខានមួយឆ្នាំ ខ្ញុំរកការងារធ្វើសិន ធ្វើការរាងធ្ងន់ៗដែរជួបខ្លួនឯងផ្ទាល់បទពិសោធន៍ខ្លួនឯងផ្ទាល់ ទើបមានឱកាសឡើងមកដល់នេះទៅក៏ហ្នឹងក៏ជាបុណ្យសំណាងរបស់ខ្ញុំ»។

ចំណែកឯនិស្សិតជំនាញទស្សនៈវិទ្យា នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញលោក គីន វ៉ាន់នីន បានប្រាប់ថា លោកធ្លាប់ដាក់ពាក្យចូលធ្វើការជាគ្រូបង្រៀននៅសាលារៀនមួយ តែពាក្យស្នើសុំរបស់គាត់ត្រូវបដិសេធដោយសារពេញ គ្មានសល់កន្លែងសម្រាប់លោក។ យុវជនដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំរូបនេះថា លោកនឹងដាក់ពាក្យធ្វើការម្ដងទៀតនៅឆ្នាំសិក្សាថ្មី។
លោក គីន វ៉ាន់នីន វ័យ១៩ឆ្នាំ បានឱ្យដឹងថា៖ «ការងាររបស់ខ្ញុំនេះវារាងចង្អៀតមែន ដោយសារខ្ញុំមើលឃើញថាតម្រូវការទីផ្សារការងារវានៅទាប។ ប៉ុន្តែសម្រាប់ការមើលឃើញរបស់ខ្ញុំទៅអនាគត ខ្ញុំថាជំនាញនេះគឺត្រូវ បើបច្ចុប្បន្នវាអាចនឹងចង្អៀត ប៉ុន្តែអនាគតវាត្រូវ ដោយសារអី? នៅពេលដែលបច្ចុប្បន្នផ្អែកលើបច្ចេកវិទ្យា អ៊ីចឹងនៅពេលដែលមនុស្សផ្អែកលើបច្ចេកវិទ្យា មនុស្សនឹងបាត់បង់ផ្លូវចិត្ត មានន័យថាផ្លូវចិត្តជួបវិបត្តិ។ អ៊ីចឹងនៅពេលជួបវិបត្តិ គាត់នឹងបកមករកអ្វីដែលជួយដោះស្រាយគាត់»។
តាមរយៈទំព័រហ្វេប៊ុករបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ បានលើកឡើងកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថាពលរដ្ឋដែលមានការងារធ្វើនៅឆ្នាំ២០២៥សរុបមានចំនួនប្រមាណ ១០,៧ លាននាក់ ដែលចំនួននេះកើនឡើងប្រមាណ ៨០ម៉ឺននាក់ បើធៀបឆ្នាំ២០២៤។ រដ្ឋមន្ត្រីក្រសួងការងាររូបនេះឱ្យដឹងទៀតថា ក្នុងចំពោះនោះ កម្លាំងពលកម្មបានបែងចែកដូចជា វិស័យកសិកម្មមានកម្លាំងពលកម្មប្រមាណ ២,៨លាននាក់ វិស័យឧស្សាហកម្មប្រមាណ ៣លាននាក់ និងសេវាកម្មប្រមាណ ៤,៩ លាននាក់។
ប្រធានប្រតិបត្តិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ម៉ើ ចាន់ដារ៉ា មើលឃើញពីបញ្ហារបស់យុវជនដែលពួកគេកំពុងជួបប្រទះបច្ចុប្បន្នរួមមាន ការប្រឹក្សាយោបល់អំពីជំនាញរៀនបន្តនៅថ្នាក់ឧត្តមសិក្សានៅមានកម្រិត ការធ្វើការងារខុសពីជំនាញដែលពួកគេបានរៀន និងបញ្ហាទំហំទីផ្សារមិនគ្រប់គ្រាន់សម្រាប់យុវជន។ ជាមួយគ្នានេះ លោកក៏សង្កេតឃើញចំណោមយុវជនមានកង្វះខាតផ្នែកចំណេះជំនាញទន់ ដែលប៉ះពាល់ដល់ការងារពួកគេផងដែរ។
លោកបន្តថា៖ «យុវជនរបស់យើងគាត់រៀនតែទ្រឹស្តីទេភាគច្រើននៅសាលា ប៉ុន្តែការអនុវត្តជាក់ស្ដែងដូចជំនាញទន់ ជំនាញបំណិនជីវិត ជំនាញការធ្វើការ ជំនាញការធ្វើការដោយភាពសុខដុមរម្យនាជាមួយគ្នាហ្នឹងក៏មិនទាន់មានដែរ ហើយជំនាញទាំងអស់នេះជាជំនាញចាំបាច់ វាចាំបាច់ជាងជំនាញជាក់ស្ដែងរបស់យើងទៀត ព្រោះជាទូទៅនៅពេលយើងមានចំណេះដឹងកម្រិតណាក៏ដោយ បើសិនជាយើងមិនមានជំនាញទន់ទាំងអស់នេះមកអែបទេ យើងធ្វើការងារប្រកបដោយប្រសិទ្ធិភាពបាននៅឡើយទេ»។
បន្ថែមពីនេះ លោក ចាន់ដារ៉ា កត់សម្គាល់ថា នៅកម្ពុជាមិនទាន់មានការកំណត់ប្រាក់ឈ្នួលអប្បរមាចំពោះវិស័យផ្សេងៗ ឬទៅតាមជំនាញនៅឡើយទេ ក្រៅពីវិស័យកាត់ដេរ។
លោកបានបន្ថែម៖ «បើសិនបើយើងមិនមានស្ដង់ដារការកំណត់អប្បរមានៃប្រាក់ឈ្នួលគោលសម្រាប់យុវជនដែលគាត់ចប់មហាវិទ្យាល័យទេ យើងមើលឃើញក្រុមហ៊ុនអាចឱ្យប្រាក់បៀវត្សទៅយុវជនហ្នឹងតាមតែចិត្តដែលគាត់ចង់ផ្ដល់ជូន អ៊ីចឹងហើយយើងអត់មានស្ដង់ដារមួយរួមទេ។ ប្រសិនបើរដ្ឋពិចារណានៅក្នុងការផ្ដល់ស្ដង់ដារមួយរួម កំណត់ស្ដង់ដារមួយរួមជាគោលតាមជំនាញវិជ្ជាជីវៈ ហើយនិងបច្ចេកទេសដែលយុវជនមាន អ៊ីចឹងហើយខ្ញុំគិតថាវាជាឱកាសថ្ងៃនេះដែរ ទិវាយុវជននេះវាជាឱកាសសម្រាប់ភាគីពាក់ព័ន្ធទទួលស្ដាប់ និងទទួលពិចារណាទៅលើបញ្ហានេះ»។
អនុប្រធាននាយកដ្ឋានព័ត៌មានទីផ្សារ ការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ទេព សេងហ៊ន មានប្រសាសន៍ថា ស្របពេលពិភពលោកមានបម្រែបម្រួលផ្នែកនយោបាយដែលធ្វើឱ្យយុវជនបាត់បង់ឱកាសការងារ ក្រសួងការងារបានអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ឬនិយមហៅថា TVET។
លោកបានថ្លែងថា៖ «ទាក់ទងនឹងឱកាសការងារ ឬក៏យើងហៅថាភាគច្រើនបារម្ភដែរ ជាពិសេសស្ត្រី ជនពិការ ជនជាតិដើមភាគតិច គាត់បារម្ភថាគាត់ត្រូវបានគេរើសអើង ឬក៏ការងារទាក់ទងនឹងជំនាញនេះគឺពិបាក។ តាមពិតគោលនយោបាយរបស់ក្រសួង បើកម្មវិធីបណ្ដុះបណ្ដាលយើងហ្មងគឺយើងផ្ដល់ឱកាសអាទិភាពសម្រាប់ពួកគាត់ ទាំងស្ត្រី ជនជាតិដើមភាគតិច អ្នកបោះបង់ការសិក្សា»។
លោកបន្ថែមទៀតថា៖ «អ៊ីចឹងដើម្បីឈានដល់សេដ្ឋកិច្ចមានអនាគត ឬក៏បម្រែបម្រួលស្ថានភាពនយោបាយពិភពលោកដែលវាមានការបាត់បង់ឱកាសការងារច្រើនសម្រាប់យុវជន អ៊ីចឹងហើយបានបង្កើតឱ្យមានកម្មវិធីបណ្ដុះបណ្ដាលនេះ ដោយផ្ដោតជាសំខាន់លើការចាប់យកជំនាញរយៈពេលខ្លី ហើយឆាប់ចូលទីផ្សារការងារ»។
អគ្គនាយករងយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា លោក ចឹក លីម លើកឡើងថា អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ បានធ្វើការងារជាច្រើនដើម្បីពង្រឹងចំណេះជំនាញរបស់យុវជនដូចជា កម្មវិធីប្រកួតប្រជែងក្នុងផែនការអាជីវកម្ម កម្មវិធីស្ម័គ្រចិត្ត កម្មវិធីតស៊ូមតិ ឬ Debate ការងារក្រុមប្រឹក្សាយុវជននៅតាមវិទ្យាល័យនានាជាដើម។
លោកបានបន្ថែមថា៖ «យើងមានកម្មវិធីជាច្រើនសម្រាប់យើងផ្ដល់ការអភិវឌ្ឍន៍ជំនាញដល់យុវជន ទាំងជំនាញបំណិតសតវត្សន៍ទី២១ ជំនាញឌីជីថល ជំនាញ AI ហើយនិងការងារស្ម័គ្រចិត្តមួយចំនួនក្នុងន័យដើម្បីឱ្យយុវជនហ្នឹង គាត់យកចំណេះដឹង សមត្ថភាព ជំនាញ របស់គាត់ដែលរៀននៅសកលវិទ្យាល័យហ្នឹងយកទៅប្រើប្រាស់នៅក្នុងសង្គម ដើម្បីជួយសង្គម ដើម្បីពង្រឹងសមត្ថភាពខ្លួនឯង ក៏ដូចជារួមចំណែកដើម្បីអភិវឌ្ឍនៅក្នុងសហគមន៍»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ២០២៦នេះថា ត្រឹមខែសីហា ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានគម្រោងវិនិយោគពីបរទេសចំនួនជាង ២០០គម្រោង ដែលអាចបង្កើតការងារបានប្រមាណ ១៤ម៉ឺនកន្លែង។
លោកបានថ្លែងថា៖ «បើនិយាយទូទាំងប្រទេសនៅឆ្នាំ២០២៦នេះ មកដល់គិតត្រឹមថ្ងៃ៧ សីហា ដែរ ទូទាំងប្រទេសគម្រោងវិនិយោគពីក្រៅមកយើងមាន២១៤គម្រោង គិតជាទឹកប្រាក់ដូចជិត៤ពាន់លាន ហើយបង្កើតការងារ១៤០ពាន់កន្លែង»។
ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត បានបន្ថែមថា ខេត្តភាគឦសានទាំង៤ គឺខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងខេត្តស្ទឹងត្រែង ទទួលបានសំណើវិនិយោគចំនួន៧២គម្រោង មានទុនវិនិយោគសរុបប្រមាណ ២,៧ពាន់លានដុល្លារ និងបង្កើតការងារជូនពលរដ្ឋជាង ៨ម៉ឺននាក់។ ៥៧គម្រោងចំណោម៧២គម្រោង បានពិនិត្យ និងបន្តនីតិវិធី។
ទិវាយុវជនអន្តរជាតិត្រូវបានប្រារព្ធលើកដំបូងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០០ ពោលគឺនៅឆ្នាំ២០២៦នេះ ជាខួបទី២៧នៃការប្រារព្ធទិវានេះ។ បើតាមក្រុមអង្គការសង្គមស៊ីវិលដែលប្រាព្ធទិវានេះបានឱ្យដឹងថា ការប្រារព្ធទិវាយុវជនអន្តរជាតិនៅកម្ពុជាដែលមានគ្រប់ភាគីពាក់ព័ន្ធចូលរួមលើកដំបូងគឺតាំងពីឆ្នាំ២០២២មក៕










