សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្មកររោងចក្រចូលខ្ទង់ពាន់នាក់នៅប៉ោយប៉ែត ស្វែងរកការងារថ្មីនៅ​តំបន់ផ្សេង បន្ទាប់​រោងចក្រ៣ប្រកាសបិទទ្វារ

កម្មករកម្មការិនីរោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) នៅក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាច្រើននាក់ កំពុងត្រៀមឡើងរថយន្តក្រុងចាក​ចេញ​ទៅរកការងារនៅរោងចក្រថ្មីក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ (រូបភាពថតចេញពីវីដេអូមួយដែលផ្សាយនៅលើហ្វេសប៊ុកអង្គការសង់ត្រាល់)
កម្មករកម្មការិនីរោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) នៅក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ជាច្រើននាក់ កំពុងត្រៀមឡើងរថយន្តក្រុងចាក​ចេញ​ទៅរកការងារនៅរោងចក្រថ្មីក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។ (រូបភាពថតចេញពីវីដេអូមួយដែលផ្សាយនៅលើហ្វេសប៊ុកអង្គការសង់ត្រាល់)

កម្មករនិយោជិតមួយចំនួនធំនៃរោងចក្រនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណោមកម្មករ​សរុប​ប្រមាណ​ជាង ៤០០០នាក់ ដែល​រងផលប៉ះពាល់ដោយសាររោងចក្រ​ពួកគេបិទ​ដំណើរការ​នោះ ខ្លះ​សម្រេច​ចិត្តធ្វើការនៅរោងចក្រថ្មីតាមខេត្តក្រុងនានា ឯខ្លះសម្រេចប្ដូររបរចិញ្ចឹមជីវិត ស្រប​​ពេល​កម្មករ​មួយចំនួនទៀត​កំពុងបង្ហើយការងារនៅរោងចក្រចាស់មុនបិទទ្វារ។

ចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៦មក រោងចក្រចំនួន៣ នៅក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បានប្រកាសបិទដំណើរការ រួមមានរោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) បិទទ្វារចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ហាយ-ថេក អឹភែរឹល (ខេមបូឌា) នឹងបិទចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ និងរោងចក្របង្គំគ្រឿងបន្លាស់ នីឌិច ដាយខាសធីង (ខេមបូឌា) (NIDEC Die-casting (Cambodia) គ្រោងបិទពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។

តាមរយៈទំព័រហ្វេសប៊ុករបស់អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់​(CENTRAL)​ ដែលផ្សាយនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បាន​កត់ត្រាថា៖ «មានកម្មករ​ប្រមាណជាង ៤ ០០០នាក់ បានរងផលប៉ះពាល់រួចហើយពីការបិទរោងចក្រយ៉ាងហោច​ណាស់​ចំនួន២ ដែលពាក់ព័ន្ធនឹងការរំខាននៅតំបន់ព្រំដែន។ រោងចក្រមួយក្នុងចំណោម​រោងចក្រ​ដែល​​រងផលប៉ះពាល់ គឺជាសហគ្រាសដែលមានម្ចាស់ជាជនជាតិថៃ និងស្ថិតនៅក្នុងតំបន់​ព្រំដែន​»។

អង្គការសង់ត្រាល់ បានបន្តថា៖ «នៅក្នុងសហគមន៍តំបន់ព្រំដែន ផលប៉ះពាល់ទាំងនេះអាច​បង្កើតជាឥទ្ធិពល​ជាបន្តបន្ទាប់ ដែលនាំឱ្យមានការថយចុះនៃប្រាក់ចំណូលគ្រួសារ ការកើន​ឡើង​នៃបំណុល និងការលំបាកផ្នែកសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរសម្រាប់គ្រួសារ​រាប់ពាន់គ្រួសារ​ប្រសិនបើស្ថានភាពនេះនៅតែបន្តអូសបន្លាយ»។

កម្មកររោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ប្រមាណ ៣៥០នាក់បន្ថែមទៀត នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ បានចាក​ចេញ​ទៅរកការងារនៅរោងចក្រថ្មីក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង ខណៈរោងចក្រចាស់​របស់ពួកគេនឹងបិទដំណើរការទាំងស្រុងនៅចុងខែសីហា ឆ្នាំ២០២៦។ នេះបើតាមទំព័រហ្វេសប៊ុក​របស់សង់ត្រាល់(CENTRAL)​ ដែលផ្សាយនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ការដែលកម្មករនិយោជិតនៃរោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា)ចាកចេញទៅ​រកការងារថ្មី​ជាបន្តបន្តាប់នេះ ធ្វើឡើងបន្ទាប់ពីរោងចក្រកាត់ដេរសម្លៀកបំពាក់នេះបានចេញ​សេចក្ដីជូន​ដំណឹង​កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ជូនដល់កម្មករនិយោជិតពីការផ្អាកដំណើរការ​ផលិតកម្ម​ទាំងស្រុងរបស់ក្រុមហ៊ុននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

សេចក្ដីជូនដំណឹងរោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា)បន្តថា៖ «១. កញ្ចប់ប្រាក់ទូទាត់​បញ្ចប់​កិច្ចសន្យាការងាររួមមាន ៤ ចំណុច៖ ប្រាក់ឈ្នួលចុងក្រោយ ប្រាក់បំណាច់​ជួសការ​ឈប់​សម្រាក​ប្រចាំឆ្នាំដែលនៅសល់ ប្រាក់បំណាច់ជួសការជូនដំណឹងមុន (គិតផ្អែកតាមអតីតភាព​ការងារ) ប្រាក់បំណាច់អតីតភាពការងារ ឆមាសទី២នៃឆ្នាំ២០២៦ ចំនួន ៧,៥ថ្ងៃ។ ២. អត្ថ​ប្រយោជន៍​បន្ថែមសម្រាប់កម្មការិនីកំពុងមានផ្ទៃពោះ៖ ក្រុមហ៊ុន​នឹងបន្តបង់​ភាគទាន ប.ស.ស. ជូនរហូតដល់ថ្ងៃសម្រាល និងផ្តល់ប្រាក់ឈ្នួលចំនួន ៥០ភាគរយ សម្រាប់​រយៈ​ពេល ៩០ថ្ងៃ។ កម្មការិនីមានកូនតូច៖ ផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៥ដុល្លារអាមេរិកសម្រាប់​កូនម្នាក់ ក្នុងមួយខែ សម្រាប់កូនដែលមានអាយុពី ១៨ខែ ដល់ ៣៦ខែ។

ប្រធានសហជីពការពារសិទ្ធិកម្មករ នៅរោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) លោក កេត ជីវ័្មន ប្រាប់សារព័ត៌មានខេមបូចាថា ត្រឹមថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ កម្មករនៅរោងនេះ​បាន​ចេញ​ទៅរកការងារអស់ប្រមាណជាង ២ ០០០នាក់ ហើយ ដោយពួកគេទៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ខណៈកម្មករនៅសេសសល់គឺជាង៥០០នាក់។

លោក កេត ជីវ័្មន វ័យ២៨ឆ្នាំ មានប្រសាសន៍ថា៖ «មូលហេតុគឺនៅពែលដែលក្រុមហ៊ុន​ប្រកាស​បិទ គឺក្រុមហ៊ុនចាប់ផ្ដើមបិទថែមម៉ោង អត់មានឱ្យថែមម៉ោងទៀតទេរយៈពេល​ចាប់ផ្ដើម​ប្រកាស​​បិទរយៈពេល ៣ខែ។ អ៊ីចឹងកម្មករបើសិនជាគាត់អត់មានការថែមម៉ោង(OT)ហ្នឹងទេ ចំណូលគាត់បានទាប អ៊ីចឹងពួកគាត់ក៏សម្រេចចិត្តទៅរកក្រុមហ៊ុនថ្មី រោងចក្រថ្មីដែលមានការ​ថែមម៉ោង»។

កម្មការិនីនៅរោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) អ្នកស្រី ឌី​ នី ប្រាប់ថា អ្នកស្រីបានឈប់ពី​រោងចក្រគាត់កាលពីថ្ងៃទី១០ ខែសីហា ហើយចាប់ផ្ដើមការងារនៅរោងចក្រថ្មី​ឯខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃ​ទី២០ ខែសីហានេះ។

ស្ត្រីវ័យ ៣០ឆ្នាំរូបនេះ ឱ្យដឹងថា នៅឯរោងចក្រ​ ហាយថេក ក៏ផ្ដល់ឱ្យកាសការងារជូនអ្នកស្រីដែរ គឺមានជម្រើសការងារនៅរោងចក្រខេត្តកណ្ដាល ឬខេត្តកំពង់ឆ្នាំង ព្រមទាំងមានឡាន​មកដឹក​កម្មករ​ទៀតផង។ ក៏ប៉ុន្តែអ្នកស្រី ឌី នី បានសម្រេចជ្រើសយករោងចក្រផ្សេង។

អ្នកស្រី ឌី នី ដែលធ្វើការផ្នែកដេរសម្លៀកបំពាក់ជាង ៨ឆ្នាំនៅរោងចក្រ ហាយ-ថេក អឹភែរឹល បានប្រាប់ថា៖ «ចែគាត់នៅ​ខាង​កំពង់ស្ពឺហ្នឹងគាត់ប្រាប់ទៅ គាត់ថានៅខាងហ្នឹងស្រួល មាន​សាលារៀនឱ្យ​កូនរៀនជិតៗ។ នៅខាងកំពង់ឆ្នាំងក៏ជិតដែរ តែខ្ញុំអត់ចង់ទៅខាងហ្នឹងព្រោះ បន្ទប់​វារាងឆ្ងាយ​បន្ទាប់ជួលដែល​គេ​Free(ផ្ដល់ជូនឥតគិតថ្លៃ)ឱ្យយើងវារាងឆ្ងាយ»។ អ្នកស្រី​បាន​បន្តថា៖ «បារម្ភតើខ្លាចទៅហ្នឹង​ទៅវាអត់​បានដូចយើងគិត។ ទៅៗហ្នឹងវាឆ្ងាយ ខ្លាចយើង​ទៅៗធ្វើវាអត់ស្រួលដូចនៅ​ហាយ​ថេក​។ ការងារអីពិបាកអីស៊ូបាន តែកុំឱ្យតែគេជេរខុស​រឿង​»​។

ក្រៅពីបារម្ភបញ្ហាបរិយាកាសការងារនៅរោងចក្រថ្មី អ្នកស្រី ឌី​ នី ក៏បារម្ភពីការសិក្សារៀនសូត្រ​របស់កូនស្រីអាយុ១១ឆ្នាំ របស់គាត់ដែលនឹងចូលរៀនថ្នាក់ទី៦ នៅឆ្នាំសិក្សាថ្មី។

ជំនួយការប្រធានរដ្ឋបាលនៃរោងចក្រ ហាយ-ថេក អឹភែរឹល (ខេមបូឌា) លោក សេង ចាន់រ៉ា ប្រាប់ថា រោងចក្របញ្ចប់កិច្ចសន្យារបស់កម្មករនិយោជិតជាដំណាក់ៗ ហើយទូទាត់សំណង​ជូន​កម្មករទៅតាមអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នា។ ទន្ទឹមនឹងនេះ លោកថា មានរោងចក្រ​ពី​ខេត្ត​ក្រុងផ្សេងៗរួមមានរោងចក្រពីខេត្តកំពង់ឆ្នាំង​ កណ្ដាល និង​រាជធានីភ្នំពេញ​ចាំទទួលកម្មករ​ចូលធ្វើការ។

លោក ចាន់រ៉ា បានបន្តថា៖ «ពាក់ព័ន្ធនឹងការសម្របសម្រួលកម្មករ គឺយើងមានរោងចក្រផ្សេងៗ​ដែលគាត់ទំនាក់ទំនងមកក្នុងការជួយផ្ទេរកម្មករទៅរោងចក្ររបស់គាត់»។លោកបន្តថា៖ «​បុគ្គលិក​ដែលគាត់គ្មានការងារហ្នឹងគឺយើងបញ្ចប់ទៅតាមក្រុមទៅតាមថ្ងៃ[…]ជាដំណាក់កាល​រហូតទៅ​ដល់ថ្ងៃចុងក្រោយ[…]បច្ចុប្បន្ននេះគឺនៅសល់តែខ្ទង់ប្រហែលជា ៥១០នាក់ទេ ជាមួយ​និងចំនួនសរុប ២៥៣២នាក់»។

កម្មកររោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស (SEZ) ក្រុងប៉ោយប៉ែត កំពុងរងផលប៉ះពាល់ បន្ទាប់ពីរោងចក្រប្រកាសបិទទ្វារ។ រូបភាពនេះត្រូវបានអង្គការសង់ត្រាល់ផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦។

ចំណែក រោងចក្របង្គំគ្រឿងបន្លាស់ នីឌិច ដាយខាសធីង (ខេមបូឌា) (NIDEC Die-casting (Cambodia) វិញ លោក អ៊ី រ៉ង់ បានធ្វើការនៅរោងចក្រនេះតាំងពីឆ្នាំ២០១៧មកម៉្លេះ តាំងពីលោក​បានប្រាក់ខែខ្ទង់រយ រហូតដល់ពេលនេះ ទាំងប្រាក់ខែគោល និងប្រាក់ថែមម៉ោង លោកអាច​រក​បាន​​ចំណូលខ្ទង់ជាងមួយពាន់ដុល្លារអាមេរិកប្រចាំខែ។

បុរសវ័យ៣០ឆ្នាំរូបនេះ បន្តថា នៅពេលរោងចក្របិទដំណើរការនាខែតុលា ឆ្នាំ២០២៦ ខាងមុខ​នេះ លោកនិងកម្មករឯទៀតអាចជួបបញ្ហាជាច្រើនរួមមាន ពិបាករកការងារដែលមាន​ប្រាក់ខែ​ដូច​នៅរោងចក្រចាស់ ពិបាកផ្លាស់ទីទៅធ្វើការនៅខេត្តក្រុងផ្សេងដែលឆ្ងាយពីលំនៅឋាន និងសាលា​ដែល​កូនៗពួកគេកំពុងសិក្សារៀនសូត្រ និងបញ្ហាពិបាករកការងារធ្វើចំពោះអ្នកដែល​មានអាយុ​លើស​ពី៣៥ឆ្នាំជាដើម។

លោក អ៊ី រ៉ង់ បានលើកឡើងតាមខ្សែទូរសព្ទថា៖ «ដូចខាងក្រសួងគាត់ប្រកាស គាត់ថាមិន​បារម្ភ​ទេ ព្រោះមានការងារច្រើនកន្លែងទៀតដើម្បីរង់ចាំគាត់។ វាជារឿងត្រឹមត្រូវ ដោយសារមាន​ការងារ​ច្រើនកន្លែងទៀត ក៏ប៉ុន្តែមិនប្រាកដថាពួកគាត់ទាំងអស់ហ្នឹង សុទ្ធតែទទួលបានការងារ​ទាំងអស់គ្នានូវអ្វីដែលគាត់សមស្របចង់បានទេបង ដោយសារអ្នកខ្លះគាត់ក៏មានប្រាក់ខែ​ខ្ពស់​ហើយ ធនាគាររបស់គាត់ក៏ត្រូវបង់ខ្ពស់ដែរ»។

លោកបានរៀបរាប់ពីការលំបាករបស់លោកថា សម្រាប់លោក បញ្ហាគឺលោកមិនអាច​ចេញពីក្រុងប៉ោយប៉ែត​បាន ដោយសារកូនលោកក៏រៀននៅទីនោះ ប្រពន្ធគាត់ក៏ធ្វើការនៅទីនោះ។ នៅពេលដែលលោកឆ្ងាយ​ពី​ប្រពន្ធ​កូន ហើយលោកក៏មិនប្រាកដថា ប្រាក់ខែថ្មីដែលរកបាននោះ វាអាចស្មើ ឬអាចទប់ទល់នឹងប្រាក់សង​ធនាគារលោករួចអត់ ឬយ៉ាងណានោះទេ។

លោកបន្តទៀថា៖ «ហើយបញ្ហារបស់បុគ្គលិកផ្សេងៗដែលខ្ញុំចង់លើកហ្នឹង គឺអ្នកខ្លះ​អាយុ​ច្រើនបង! អាយុច្រើន[…]តាមគោលការណ៍រោងចក្រខ្លះ ពី ១៨ ដល់ ៣៥ ឆ្នាំអ៊ីចឹងទៅ អ្នកខ្លះគាត់ចាស់ហើយ គាត់ពិបាកក្នុងការរកការងារថ្មីដូចគ្នា»។

ចំពោះជំហានបន្ទាប់របស់លោក អ៊ី រ៉ង គឺលោកគ្រោងរកការងារនៅក្នុងក្រុងប៉ោយប៉ែត​ឱ្យ​អស់​លទ្ធភាព​សិន មិនថាជាការងារផ្នែកទីផ្សារ អចលនទ្រព្យ ឬអ្វីផ្សេងដែលជ្រើសរើស​លោកឱ្យចូល​ធ្វើការ។ លោកបញ្ជាក់ទៀតថា ទំនងជា​មិនមានរោងចក្រណានៅក្រុងប៉ោយប៉ែត​អាចទទួល​កម្មករ​​ចូលធ្វើការទេ ពីព្រោះរោងចក្រនៅទីនោះសុទ្ធតែប៉ះពាល់ពីការបិទព្រំដែនកម្ពុជា-ថៃ​ដូចគ្នា​។ លោក អ៊ី រ៉ង ថាលោកក៏មិនអាចធ្វើអាជីវកម្មនៅតំបន់លោកបានដែរ ព្រោះលោកសង្កេត​ឃើញ​​ស្ថានភាពនៅក្រុងប៉ោយប៉ែតបច្ចុប្បន្នមានសភាពស្ងាត់។

អតីតតំណាងកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ អិមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) ដែលស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត «អូរនាង» ក្នុងសង្កាត់និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក គឹម តូនិច ឱ្យដឹងថា កម្មករនៅរោងចក្រ​លោកភាគ​ច្រើន គឺប្រហែល ៧០ ឬ ៨០ភាគរយនៃកម្មករសរុបជាង ៦០០នាក់ ទទួលបានការងារធ្វើនៅតាម​ខេត្ត​ផ្សេងៗ ​រួមមាន ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ ឯកម្មករមួយចំនួនតូច ដែលរួម​ទាំង​លោក​ផង​សម្រេចចិត្តមិនទៅធ្វើការនៅរោងចក្រថ្មី ដោយសាររោងចក្រឆ្ងាយពីផ្ទះពួកគេ។ លោក​បានដឹងពីស្ថានភាពអតីតកម្មកររោងចក្រ អិមអិល ដោយសារលោករក្សាទំនាក់ទំនង​ជាមួយ​ក្រុម​កម្មករ។

លោក តូនិច ឱ្យដឹងថា ដោយសារកូនៗរបស់លោក២នាក់ជាប់សិក្សារៀនសូត្រ ម្នាក់នៅថ្នាក់​បឋមសិក្សា និងម្នាក់ទៀតកំពុងរៀនថ្នាក់វិទ្យាល័យ ធ្វើឱ្យលោកសម្រេចមិន​ទៅធ្វើការនៅ​រោងចក្រ​​ឯខេត្តកំពង់ស្ពឺទេ ដែលរោងចក្រនោះឆ្ងាយពីលំនៅឋានលោកផង។ អតីតកម្មកររូបនេះ​ក៏​សម្រេចចិត្តទៅរៀនជំនាញបច្ចេកទេស ឬហៅថា TVET បន្ទាប់ពីលោកទទួលដំណឹង​ពីការ​សិក្សា​នេះ​ពីអង្គការក្រៅរដ្ឋាភិបាលមួយ។

លោក គឹម តូនិច ដែលធ្វើការនៅរោងចក្រ អិមអិល ប្រមាណ៨ឆ្នាំនោះបានបន្ថែមថា៖ «ខ្ញុំ​​អត់បាន​ទៅទេ(លោកអត់បានទៅធ្វើការនៅរោងចក្រឯខេត្តកំពង់ស្ពឺ) ខ្ញុំមករៀនជំនាញ​នៅបន្ទាយមានជ័យឯនេះវិញ ជំនាញខាងជាងម៉ូតូ[…]ពីមុនមកខ្ញុំធ្លាប់រៀនមួយសារហើយ តែខ្ញុំខានធ្វើយូរទៅ ខ្ញុំចេះតែស៊េរីចាស់ ដល់ពេលនេះខ្ញុំមករៀនសារថ្មី​ដើម្បីឱ្យចេះស៊េរីថ្មី​ផង»។

ប្រធានកម្មវិធីនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់សារ​ព័ត៌មានខេមបូចាថា កត្តា​ចម្បង​ដែល​​ប៉ះពាល់ដល់ប្រតិបត្តិការរោងចក្រទាំងនោះ គឺ​ការ​ចំណាយថ្លៃដើមខ្ពស់ ក្នុងនោះរួមមាន​ការ​ចំណាយពេលវេលាយូរក្នុងការដឹកជញ្ជូន ទាំងការ​នាំចូលវត្ថុធាតុដើម ទាំងការនាំចេញ​ទំនិញ​ជាដើម​។ លោកបន្តថា បញ្ហារោងចក្របិទទ្វារនេះ មិនត្រឹមតែប៉ះពាល់កម្មករនិយោជិតទេ ថែម​ទាំង​ប៉ះពាល់ដល់គ្រួសារពួកគេ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងម្ចាស់ផ្ទះជួលផង។

ប្រធានកម្មវិធីនៃសង់ត្រាល់រូបនេះមាន​ប្រសាសន៍ថា៖ «ប្រសិនជាបញ្ហាបិទព្រំដែន​នេះវាកាន់តែ​យូរ ខ្ញុំអាចមើលឃើញសញ្ញាណមួយមិនល្អសម្រាប់ក្រុមហ៊ុនវិនិយោគទុន ជាពិសេសក្រុមហ៊ុន​របស់ជប៉ុននៅតាមជួរច្រករបៀងអីជាដើម ពីព្រោះយើងត្រូវយល់ពី​ហេដ្ឋារចនាសម្ព័ន្ធ ការ​វិនិយោគ​នៅតំបន់ទាំងអស់នោះកន្លងមក គឺវាកើតចេញពីអនុសារណៈរវាងប្រទេសទាំងពីរ ដើម្បីពង្រីកច្រករបៀង ហើយនិងផ្គត់ផ្គង់ខ្សែសង្វាក់ផលិតកម្ម ហើយនិងការបង្កើតការងារ»។

ជុំវិញបញ្ហានេះ លោក ថារ៉ូ ចង់ឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធផ្ដល់កិច្ចអន្តរាគមន៍ណាមួយ​ដល់​កម្មករ​និយោជិតដែលកំពុងរកការងារធ្វើ តួយ៉ាងដូចជាការឱ្យកម្មករអាចប្រើសេវា​បេឡាជាតិ​របប​សន្តិសុខសង្គម (ប.ស.ស)។

លោក ថារ៉ូ ថ្លែងថា៖ «ការស្ដារឡើងវិញនៃសេដ្ឋកិច្ចសម្រាប់សហគមន៍ ប្រជាពលរដ្ឋ កម្មករ​និយោជិតហ្នឹងគឺសំខាន់ ការសម្របសម្រួលឱ្យមានការងារធ្វើក្នុងស្រុកគឺជារឿងមួយ ក៏ប៉ុន្តែ​អ្វីដែលសំខាន់នោះគឺការឆ្លើយតប​ទៅនឹងវិធានការចាំបាច់ដើម្បីធានាថា អំឡុងពេល​ដែល​ពួកគាត់រកការងារធ្វើ ការបានចំណូល និងដោះស្រាយបញ្ហាសេដ្ឋកិច្ច ដោយឡែក​គឺ​គួរតែ​មាននូវកិច្ចអន្តរាគមន៍ជាក់លាក់សម្រាប់ឱ្យកម្មករនិយោជិត គាត់អាចមាន​លទ្ធភាព​នៅ​ក្នុង​ការប្រើប្រាស់សេវា ដូចជា ប.ស.ស ជាដើម»។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់តាម​ទំព័រ​ហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ថា ក្រសួងធានាការគាំពារសិទ្ធិ និង​អត្ថប្រយោជន៍ជូនកម្មករនិយោជិតនៃរោងចក្រ សហគ្រាសទាំង ៣ នៅខេត្តបន្ទាយមានជ័យ​ដែល​រងផលប៉ះពាល់ពីជម្លោះរវាងកម្ពុជា និងថៃ។

លោកបន្តថា នៅក្រុមហ៊ុន អិមអិល អ៊ីនធីមេត អឹភែរឹល (ខេមបូឌា) ដែលមានកម្មករ ៦៨៣នាក់ និង​ក្រុមហ៊ុន ហាយធិច មានកម្មករ ២ ៥៣២នាក់ នោះកម្មករត្រូវបានទូទាត់ប្រាក់ឈ្នួល និង​ប្រាក់​បំណាច់ផ្សេងៗស្របតាមច្បាប់។ ចំពោះក្រុមហ៊ុន នី ឌិច ដាយ ខាសធីង (ខេមបូឌា) វិញ​ដែលមានកម្មករ ៧២៤នាក់ ហើយ​ដែល​គ្រោងបិទដំណើរការនៅខែតុលា ឆ្នាំ២០២៦ នោះ លោក ស៊ុន មេសា បញ្ជាក់ថា ក្រសួង​ការងារនឹងបន្តតាមដាន ដើម្បីធានាការទូទាត់ សិទ្ធិ និងអត្ថ​ប្រយោជន៍​ជូនកម្មករតាមច្បាប់។

លោក ស៊ុន មេសា បានប្រាប់សារព័ត៌មានខេមបូចានៅថ្ងៃទី១៨ ខែសីហា ថា៖ «នៅរោងចក្រ អិមអិល ជាង៩០ភាគរយគាត់ទទួលបានឱកាសការងារហើយ ក្នុងខណៈពេលដែលរោងចក្រ ហាយថេក ក៏មានរាប់ពាន់នាក់ផ្សេងទៀត​ទទួលបានការងារផងដែរ តាមរយៈការទៅចុះ​ផ្ទាល់​ផ្ដល់​ការងារជូនបងប្អូននៅទីតាំងរោងចក្រផ្ទាល់ ក៏ដូចជាការដែលយើងទៅដឹកជញ្ជូនបងប្អូន​ទៅកាន់រោងចក្រថ្មីដែលមានតម្រូវការ»។

លោកបានបន្តថា៖ «យើងផ្ដល់ជូនពួកគាត់ទាំងឱកាសការងារ យើងផ្ដល់ជូនពួកគាត់​ទាំង​ឱកាស​​​នៃការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ដែលយើងចុះទៅ​ដល់ផ្ទាល់​នៅ​រោងចក្រសហគ្រាសផ្ទាល់តែម្ដង ហើយយើងបន្តនៅគៀកគិតជាមួយ​បងប្អូនកម្មករ​កម្មការិនី​ជានិច្ច»។

អ្នកនាំពាក្យក្រសួងការងារបានបន្ថែមថា ទន្ទឹមនឹងការរងផលប៉ះពាល់​ដល់រោងចក្រមួយ​ចំនួន​នោះ ជារួម ស្ថានភាពការងារតាមសហគ្រាស និងរោងចក្រនៅកម្ពុជានៅតែបន្តកើនឡើង ជាក់​ស្ដែង​ក្នុងឆ្នាំ២០២៥ កម្ពុជាមានរោងចក្រ សហគ្រាសកើនថ្មីប្រមាណ ២ ០០០ រោងចក្រ សហគ្រាស ហើយក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៦ មានការកើនរោងចក្រ សហគ្រាស ថ្មីចំនួន ៨៤៥។ ក្នុងចំណោមឱកាសការងារប្រមាណ ៩ម៉ឺនកន្លែងដែលមាននៅកម្ពុជាបច្ចុប្បន្ននេះ ប្រមាណ ៧ម៉ឺនជាការងារក្នុងវិស័យកាត់ដេរ និងឱកាសការងារជាច្រើនកន្លែងទៀតស្ថិតក្នុង​វិស័យ​​ផ្គុំគ្រឿង​​បន្លាស់​អេឡិចត្រូនិច៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម