សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក ហ៊ុន សែន លើក​ឡើង​ថា ​ជម្លោះព្រំដែនជា «កំហុស​របស់លោក​» មិនមែន​​ ហ៊ុន ម៉ាណែត ទេ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងទៅ​កាន់​ប្រជា​ពល​រដ្ឋ​ភៀស​សឹក​នៅ​ជំរំបណ្ដោះ​អាសន្ន​ថ្មីក្នុង​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយមាន​ជ័យ ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៦​។ (SHS Media)
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែងទៅ​កាន់​ប្រជា​ពល​រដ្ឋ​ភៀស​សឹក​នៅ​ជំរំបណ្ដោះ​អាសន្ន​ថ្មីក្នុង​ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយមាន​ជ័យ ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៦​។ (SHS Media)

ប្រមុខ​រដ្ឋស្ដីទី និង​ជា​ប្រធានព្រឹទ្ធសភា លោក ហ៊ុន​ សែន មាន​ប្រសាសន៍​ថា ​លោក​គឺ​ជាអ្នក​ទទួល​ខុស​ត្រូវ​ចំពោះប្រជា​ពល​រដ្ឋ​កម្ពុជា​ ដោយសារ​មិន​បាន​ត្រៀម​ខ្លួន​គ្រប់គ្រាន់​សម្រាប់​ជម្លោះព្រំដែន​នាពេល​ថ្មីៗ​ជាមួយ​ប្រទេស​ថៃ ដោយ​លោក​អះអាង​ថា មកពី​ការជឿទុកចិត្ត​លើ​ «ទំនាក់ទំនង​ល្អ» ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ដែល​លោក​ទំនង​ជា​ទទួល​«កំហុស» ជំនួស​​កូន គឺ​លោក ហ៊ុន ម៉ាណែត​។​

លោក​បាន​ថ្លែងទៅ​កាន់​ប្រជា​ពល​រដ្ឋភៀសសឹក​នៅខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃអង្គារ​នេះថា៖​ «ដោយសារតែការ​ជឿទុកចិត្ត​នេះ​ហើយ ក្នុង​ឋានៈ​ខ្ញុំ​ជា​នាយក​រដ្ឋ​មន្ត្រី​​ដែល​មាន​អំណាច​ពេញ​លេញ​ គឺមិន​បាន​ត្រៀម​រៀបចំពេញ​លេញ​ណា​មួយ​សម្រាប់​ការ​ប្រយុទ្ធទេ អីចឹង​ពេល​មាន​សភាពការណ៍ នេះជា​កំហុស​របស់​ខ្ញុំ​ មិន​មែន​ជាកំហុស​នាយក​រដ្ឋ​មន្ត្រី​បច្ចុប្បន្ន​ទេ»។​

លោក​បាន​ពន្យល់​ថា​ លោក និង​លោក ​ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្ត្រី​ថៃ​ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០២៣ បាន​ធ្វើ​ការ​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ទាក់ទង​នឹង​កិច្ច​ការព្រំដែន។ លោក​ក៏​បាន​រំឭក​​ដល់​ការ​ដែល​លោក​ធ្លាប់បានជិះរថភ្លើង​ជាមួយ​លោក​ប្រាយុទ្ធ​នៅ​ជិតព្រំដែន​ប៉ោយប៉ែត ដើម្បីពិភាក្សា​គ្នា​អំពីពីគម្រោង​អភិវឌ្ឍន៍​ដែល​ផ្ដល់​ផល​ប្រយោជន៍​ដល់ប្រទេសទាំងពីរ​។​

លោក​បន្តថា ដោយសារតែលោក​បាន​​ជឿជាក់​លើ​ភាគីថៃ រដ្ឋាភិបាល​លោក​នាពេល​នោះ​បាន​បង្វែរ​ថវិកាជាតិ​​ទៅ​លើ​វិស័យ​សង្គម​កិច្ច​ជាពិសេស​សុខាភិបាល និង​អប់​រំ ជំនួស​ឲ្យ​វិស័យ​ការពារ​ជាតិ​។​

លោក​បន្ថែម​ថា៖ «យើង​មិន​ដែល​គិតថា​សង្គ្រាម​នឹង​កើត​ឡើង​នៅ​តាមព្រំដែន ចេញពី​តំបន់​មុំ​បី​ទៅ​ដល់​សមុទ្រនោះទេ»។

​ផ្ទះ​បណ្ដោះអាសន្ននៅទីតាំងថ្មី​បាន​សាង​សង់​រួច​រាល់​កាលពីខែមីនា ប៉ុន្មាន​ខែក្រោយមាន​បទឈប់បាញ់​រវាង​កម្ពុជា-ថៃ ដែល​ជួយ​ឲ្យ​ប្រទេស​ទាំង​ពីរ​បញ្ចប់ការ​ប្រយុទ្ធគ្នា​ដែល​កើត​មាន​ម្ដង​ក្នុង​ខែកក្កដា និង​ម្ដង​ទៀត​នៅខែធ្នូ នៅ​តាម​បន្ទាត់ព្រំដែន​ប្រទេសទាំងពីរ​ដែល​មាន​ប្រវែង​៨១៧​គីឡូម៉ែត្រ​។ ប្រជា​ពល​រដ្ឋជិត​១០០​នាក់​បាន​ស្លាប់ និង​ប្រជាពល​រដ្ឋ​ប្រហែល​១លាន​នាក់​របស់​ប្រទេសទាំង​ពីរ​បាន​ភៀស​ខ្លួន​​។​

ថ្មីៗ​នេះ​រដ្ឋាភិបា​ល​អូស្ត្រាលី និង​​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជា​ជាតិ​បាន​ចុះកិច្ចព្រៀម​ព្រៀង​គាំទ្រ​ដល់​ការស្ដារឡើងវិញ​របស់​កម្ពុជា​ក្រោយមាន​ជម្លោះ ដោយ​បាន​ផ្តល់​ជាជំនួយ​ថវិកាប្រមាណ​១លាន​ដុល្លារ​អាមេរិក​តាមរយៈ គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផលដំណាក់កាលទីV (CfR-V)​​។ គម្រោង​នេះ​នឹង​ផ្ដោត​សំខាន់​លើ​ការ​គាំទ្រលើកិច្ចការបោសសម្អាតមីន ការអប់រំអំពីហានិភ័យយុទ្ធភណ្ឌគ្រឿងផ្ទុះ និងការគាំទ្រជីវភាពរស់នៅរបស់ប្រជា​ពល​រដ្ឋ​ភៀស​សឹក​នៅ​ក្នុង​​​ខេត្ត​បន្ទាយមានជ័យ បាត់​ដំបង ឧត្ដរមានជ័យ និង​ព្រះវិហារ​។

ទោះ​បី​ជា​មាន​បទ​ឈប់​បាញ់ ភាពតាន​តឹង​រវាង​ប្រទេស​ទាំងពីរ​នៅ​តែមាន​ក្នុង​កម្រិត​ខ្ពស់​នៅ​តាម​បណ្ដោយព្រំដែន ដោយ​ភាគីកម្ពុជា​បាន​ចោទ​ប្រកាន់​ទាហាន​ថៃ​ថា«បាន​ទន្ទ្រាន​ចូលកាន់​កាប់​តំបន់​មួយ​ចំនួន​ក្នុង​ទឹកដីកម្ពុជា» ​ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​បាងកក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ​។​​

​ក្នុង​​ជំនួប​ជា​មួយ​ប្រជាពល​រដ្ឋ​ភៀស​សឹក​​ក្នុង​ជុំ​រំ​បណ្ដោះអាសន្នថ្មី លោក ហ៊ុន សែន បាន​ដាក់​ឈ្នោះ​ភូមិ​នោះ​ថា «ភូមិ​រង់ចាំ»​។​

លោក​បន្ថែម​ថា ​កម្ពុជា​នៅ​តែ​បន្ត​ទាមទារ​​ទឹក​ដី​ដែល​ទាហាន​ថៃ​ចូល​កាន់​កាប់ និង​ថា​មិន​ទទួល​ស្គាល់​ការ​ប្រើ​កម្លាំង​ណា​មួយ​ក្នុង​ការ​កំណត់​ព្រំដែន​រវាង​ប្រទេសទាំង​ពីរ​នោះទេ។​

នៅព្រឹក​ថ្ងៃ​អង្គារ ទី៩ ខែឧសភា លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែន បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រីថៃ Anutin Charnvrakul មុន​​​ចូលរួម​ពិធី​បើក​វេទិកា​អនាគត​អាស៊ាន​​លើកទី៣​ នៅទីក្រុង​ហាណួយ​។​

សារព័ត៌មាន​ថៃ Khaosod បាន​ដកស្រង់​សម្ដី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថៃ​ លោកស្រី Ratchada Thanadirek ដោយ​បាន​លើក​ឡើងថា ​ភាគីទាំង​ពីរមិន​មាន​ជំនួប​ទ្វេភាគីណាមួយ​នោះទេ ដោយ​​គ្រាន់តែ​​មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​ស្វាគមន៍​គ្នា​ និង​ជជែក​គ្នា​ធម្មតា ពេល​កំពុង​រង់ចាំ​វាគ្មិន​ឡើង​ថ្លែង​សុន្ទកឋាប៉ុណ្ណោះ​។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា មាន​ប្រសាសន៍​ថា​លោក​មិនមាន​ព័ត៌មាន​លម្អិត​​ទាក់ទង​នឹង​ជំនួប​រវាង​នាយក​រដ្ឋ​មន្ត្រីទាំង​ពីរ​នោះទេ។​

អ្នក​វិភាគ​នយោបាយ​លោក ឯម សុវណ្ណារ៉ា  បាន​លើកឡើងថា «ការនិយាយ​សុំទោស» ពី​សំណាក់​អ្នក​ដឹក​នាំ​ជាប់​ឆ្នោត ហាក់​មិន​បាន​បំពេញទឹក​ចិត្ត​របស់​សាធារណជន​ទាំង​ស្រុងទេ​ទាក់​នឹង​នឹង​ផល​ប្រយោជន៍​ប្រទេស​ជាតិ ដោយថា​ការ​សុំទោស​តែម្យ៉ាង​មិ​នទាន់​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​ពី​ភាព​ទទួល​ខុស​ត្រូវនយោបាយ​​នោះទេ។​

លោក​បានថ្លែងថា៖ «​បើ​សិន​ជា​អ្នក​នយោបាយ​​ដាក់​ការ​ទទួល​ខុសត្រូវ [សារភាព​កំហុស] វាគួរមានការសិក្សា​មួយ​ពីកម្រិតដែល​សាធារណជន​នៅ​អាច​ជឿជាក់​បាន​ថា​នៅ​កម្រិតណា និង​ថា​តើ​ពួកគាត់​ទទួ​ល​យក​ការសុំទោស​ឬអត់»។​​

​និយាយ​ដល់​រឿង​ជម្លោះ​នៅ​ប្រាសាទព្រះវិហារ លោកបន្ត​ថា បើ​ទោះ​បីជា​តុលាការអន្តរជាតិ​បាន​កាត់សេចក្ដី​ឲ្យ​កម្ពុជា​ឈ្នះ ក៏​កម្ពុជា​នៅ​តែ​ត្រូវ​ប្រើ​កម្លាំង​យោធា​ដើម្បី​ការពារ​កន្លែង​នោះ​។ និយាយបែប​​ម្យ៉ាងទៀត លោក​ថា​ការ​ឈ្នះ​ក្ដី​តាម​ផ្លូវ​ច្បាប់​តែមួយ​មុខ​មិន​ទាន់​គ្រប់គ្រាន់​ទេ​។​

លោកបានបន្ថែម​ថា៖ «ជម្លោះ​កាល​ឆ្នាំ​២០០៨ គួរ​តែជាមេរៀន​មួយ​ហើយ​សម្រាប់​កម្ពុជា។ ភាពជឿជាក់​គឺជាបញ្ហាចម្បង​​មួយ​របស់​អ្នក​នយោបាយ​។ រឿង​ទំនាក់​ទំនង​បងប្អូន គឺ​ជាគំនិត​ដែល​បង្កើត​ឡើង​ដោយ​អ្នក​នយោបាយ​កម្ពុជា-ថៃ ដែល​ប្រជា​ពល​រដ្ឋ​ធម្មតា​មិន​អាច​រិះគន់​បាន​ទេ»។​

​ជាមួយ​គ្នា​នេះដែរ លោក គិន ភា នាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​​រាជបណ្ឌិត្យសភា​កម្ពុជា បាន​មើល​ឃើញ​ថា ​ការសុំទោស​ជា​សាធារណៈ​​របស់​លោក ហ៊ុន សែន គឺ​ជាការទទួល​ខុសត្រូវ​មួយ និងជា​​ការ​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន​។ លោក​ថា​ចំណុច​សំខាន់​របស់​អ្នក​ដឹក​នាំគឺ​ឆន្ទៈ​ក្នុង​ការ​ទទួល​ស្គាល់​កំហុស និងថា​នេះជា​រឿង​ដែល​អ្នក​ដឹក​នាំត្រូវធ្វើ​។​

លោក​បន្ថែម​ថា ការ​សុំទោស​នេះ ក៏​ជាការលើក​ទឹកចិត្ត​ដល់​ថ្នាក់​​ដឹក​នាំ​បច្ចុប្បន្ន និង​ជំរុញ​ឲ្យ​អ្នក​ទាំង​នោះ​ខិត​ខំ​អភិវឌ្ឍ​វិស័យការពារជាតិ និង​ត្រៀម​ខ្លួន​សម្រាប់​សភាពការណ៍​ក្រោយៗទៀត ខណៈ​ដែល​រដ្ឋាភិបាល​កំពុងធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​។​

យ៉ាងណា លោកបានបន្ត​ថា ការ​ទទួល​ស្គាល់​កំហុស​តែមួយមុខ​នៅមិន​ទាន់​គ្រប់​គ្រាន់​ទេ ព្រោះថា​កម្ពុជា​ត្រូវ​ការ​ការ​យក​ចិត្ត​ទុក​ដាក់ និង​ពង្រឹង​សមត្ថភាព​ការពារ​ជាតិ​បន្ថែម​។​

លោក​បានថ្លែងថា៖ «មេរៀនទី​​មួយ ​មិន​ត្រូវ​ដាក់​ការជឿទុកចិត្ត​ទាំងស្រុង​លើ​ប្រទេសជិត​ខាងទេ​​។ បើ​សិនជាយើង​ចង់បានសន្តិភាព យើងត្រូវត្រៀម​ខ្លួន​សម្រាប់ការធ្វើសង្គ្រាម​។ ទីពីរ វិស័យ​​យោធា យើង​មិន​អាច​គ្រាន់តែ​គិត​ថា​គេនឹង​មិន​វៃយើង​នោះទេ​»។​

លោក​បន្ថែមទៀតថា៖ «​​យើង​ត្រូវ​បន្ត​ពង្រឹង​សមត្ថភាពការពារជាតិ​របស់​ខ្លួន​។ ​ការ​ជឿទុក​ចិត្ត​លើ​បុគ្គល​មិ​ន​អាច​យក​មក​ប្រើ​សម្រាប់​ការ​សិក្សា​ពីទំនាក់​ទំនង​រវាង​ប្រទេ​សទាំងពីរ​បានទេ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen Says Border Conflict Was His ‘Mistake’, Not Hun Manet’s

ព័ត៌មានថ្មី

អត្ថបទពេញនិយម