ឆ្លងកាត់គ្រោះទឹកជំនន់ក្នុងពេលថ្មីៗនេះ តម្រូវឱ្យកម្ពុជាចាំបាច់ត្រូវសាងសង់ប្រព័ន្ធធារាសាស្ត្រ និងអាងស្តុកទឹក ខណៈបច្ចុប្បន្ន កម្ពុជាមានអាងស្តុកទឹកចំនួន ១ ៦៥៩ អាង ដែលមានសមត្ថភាពស្តុកទឹកអតិបរមាប្រមាណ ៤ ០០០ លានម៉ែត្រគូប អាចស្រោចស្រពស្រូវក្នុងរដូវវស្សាបាន ២លានហិកតា និងស្រូវប្រាំងបានជាង ៦០ម៉ឺនហិកតា។
ក្នុងចំណោមអាងស្តុកទឹកទាំងនោះ អាងស្តុកទឹកធំៗមានចំនួន៩ ស្ថិតក្នុងខេត្តចំនួន៧ ដែលមានសមត្ថភាពស្តុកទឹក អតិបរមាបានប្រមាណ ១ ០០០លាន ម៉ែត្រគូប។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។
លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានថ្លែងថា៖ «ផ្អែកលើបទពិសោធន៍ជាក់ស្តែងនៃទឹកជំនន់នាពេលថ្មីៗនេះ កម្ពុជាចាំបាច់ត្រូវវិនិយោគបន្ថែមទៀតលើការសាងសង់ប្រព័ន្ធធារាសាស្ត្រ និងអាងស្តុកទឹក ដើម្បីធានាសន្តិសុខទឹក ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ»។
នៅក្នុងជំនួបនៅថ្ងៃទី៦ ខែតុលា លោក ថោ ជេដ្ឋា បានប្រាប់លោក Michael Webster នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក របស់ធនាគារពិភពថា ក្រសួងធនធានទឹក កំពុងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ដើម្បីបង្កើននូវសន្ដិសុខទឹក ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានកំណត់យកទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។
លោក អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេបានប្រាប់សារព័ត៌មានខេមបូចាថា ក្រសួងធនធានទឹកបានធ្វើកិច្ចការងារលើវិស័យទឹកនេះរហូតមកហើយ។
ប៉ុន្តែលោកថា ឆ្លងកាត់ទឹកជំនន់នៅក្នុងឆ្នាំ២០២៦នេះ ក្រសួងនឹងព្យាយាមខិតខំរិះរកវិធីសាស្ត្រ ធ្វើយ៉ាងណាក្នុងការសិក្សាពីលទ្ធភាព ដើម្បីកាត់បន្ថយគ្រោះទឹកជំនន់ជាពិសេសទាំងហេដ្ឋារចនាសម្ព័ន្ធរឹង និងផ្នែកទន់។
ផ្នែករឹងគឺយើងសិក្សាពីការរំដោះទឹកបន្ថែមទៀតដោយព្យាយាមពង្រឹងហេដ្ឋារចនាសម្ព័ន្ធឱ្យមានភាពធន់ជាងមុន ពីព្រោះបើមិនពង្រឹងឱ្យមានភាពធន់ជាងមុន នៅពេលមានទឹកជំនន់ គឺវានឹងបណ្តាលឱ្យមានការខូចខាតច្រើន។
លោក អឿង ចន្ថា បញ្ជាក់ថា៖ «យើងទទួលស្គាល់ថាប្រឡាយស្ទឹងបឹងវាគោគរាក់ ប៉ុន្តែក្រសួងធនធានទឹកព្យាយាមកាត់បន្ថយការកើតមានគ្រោះទឹកជំនន់តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដើម្បីរំដោះទឹកបន្ថែម ដូចនៅបន្ទាយមានជ័យ យើងបានសាងសង់រួចរាល់នូវសំណង់មួយចំនួន»។
ទាក់ទងទៅនឹងសំណួរដែលសួរថា តើបច្ចុប្បន្នកម្ពុជានៅខ្វះអាងស្តុកទឹកប៉ុន្មានទៀតដើម្បីអាចស្តុកទឹកឱ្យកសិករធ្វើស្រែប្រាំង និងដាំដុះឱ្យបានគ្រប់គ្រាន់នៅគ្រប់រដូវថែមទាំងអាចជួយស្តុកទឹកនៅពេលដែលមានភ្លៀងខ្លាំងកុំឱ្យកើតមានគ្រោះទឹកជំនន់ ?
លោកប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងអាងទន្លេបានថ្លែងថា ៖«យើងមិនអាចនិយាយថា នៅខ្វះប៉ុន្មាននោះទេ ដោយបច្ចុប្បន្នលទ្ធភាពទឹករបស់យើងគឺស្រោចស្រពបាន ២លានហិកតា ហើយនៅក្នុងហ្នឹងស្រូវប្រាំងយើងស្រោចស្រពបាន ៦០ម៉ឺនហិកតាជាង។ បច្ចុប្បន្នក្រសួងនៅកំពុងកែលម្អអាងទឹកចាស់ៗឡើងវិញនិងធ្វើថ្មីបន្ថែម»។
លោកបញ្ជាក់ថា៖ «ទោះបីសាងសង់អាងស្តុកទឹកបន្ថែមបានប៉ុន្មាន ក៏វាមិនងាយគ្រប់ដែរពីព្រោះវាអាស្រ័យទៅលើការដាំដុះរបស់ប្រជាពលរដ្ឋ ពីព្រោះកាលណាមានទឹកកាន់តែច្រើនពួកគាត់នឹងដាំកាន់តែច្រើនយើងក៏ត្រូវការទឹកកាន់តែច្រើនដែរ។ ប៉ុន្តែតាមផែនការយើងព្យាយាមធ្វើយ៉ាងម៉េចឱ្យការស្តុកទឹករបស់យើងនឹងកាន់តែកើនថែមទៀត»។
លោក អឿង ចន្ថា បញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានអាងស្តុកទឹកទាំងជួសជុលទាំងសាងសង់ថ្មីអាចស្តុកទឹកបានប្រមាណ ៤ ០០០ លានម៉ែត្រគូប ហើយទៅថ្ងៃក្រោយក្រសួងនឹងរកប្រភពទឹកថ្មីៗបន្ថែមទៀត ដើម្បីបង្កើនការស្តុកទឹកបន្ថែមសម្រាប់បំពេញទៅតាមតម្រូវការរបស់កសិករ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ទឹកជំនន់ឆ្នាំនេះគឺជាឱកាសធំណាស់សម្រាប់ធ្វើការវាយតម្លៃលើប្រព័ន្ធធារាសាស្ត្ររបស់កម្ពុជា ខណៈខេត្តចំនួន ១០ ដែលគ្របដណ្តប់លើក្រុង និងស្រុកសរុបចំនួន៥៥ បានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ក្នុងឆ្នាំនេះ។
នៅក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ១០ នៅក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតបានប្រាប់ក្រុមមន្ត្រីជំនាញនិងអាជ្ញាធរខេត្តពាក់ព័ន្ធថា ទឹកជំនន់ឆ្នាំនេះជាឱកាសធំណាស់ សម្រាប់ធ្វើការវាយតម្លៃលើប្រព័ន្ធធារាសាស្ត្រកម្ពុជា។ លោកបន្តថា កាលពីឆ្នាំ២០១៣ទឹកធំល្មមទេ ប៉ុន្តែនៅឆ្នាំ២០២៦នេះ គឺទឹកធំខ្លាំង នៅបាត់ដំបង និងនៅបន្ទាយមានជ័យ។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «សូមយកឱកាសហ្នឹងសិក្សាទៅ កន្លែងណាជាទីទួលសុវត្ថិភាព ផ្លូវ ទាំងផ្លូវអភិវឌ្ឍជនបទ ត្រូវមើលឱ្យហើយ ពីព្រោះធម្មតាអាលូហ្នឹង វាមានស្តង់ដារកម្រិតណាមួយមិនធំទេ ប៉ុន្តែមើលឱ្យហើយកន្លែងណាដែលវាដាច់កន្លែងហ្នឹងវាមុខទឹក។ លើកក្រោយដាក់លូឱ្យធំទៅកន្លែងផ្សេងទៀតរក្សាទុក យកឱកាសហ្នឹងតែម្តង។ កន្លែងណាដែលទឹកធំហើយមិនលិចមើលអាហ្នឹងទៅទុកទួលសុវត្ថិភាពសម្រាប់ថ្ងៃក្រោយ»។
កាលពីថ្ងៃទី២៨ ខែកញ្ញា លោក ហ៊ុន ម៉ាណែត បានចុះទៅត្រួតពិនិត្យ ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ ខណៈខេត្តជាប់ព្រំដែនថៃមួយនេះទើបតែធ្វើប្រព័ន្ធប្រឡាយមេទឹកមួយរួចរាល់មានប្រវែងជាង ១០០គីឡូម៉ែត្រ ដើម្បីដោះទឹកមកក្រោម។ ប៉ុន្តែប្រឡាយមេនេះ បានជន់លិច បន្ទាប់ពីមានភ្លៀងសន្ធាប់ជាច្រើនថ្ងៃ។
លោក មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានថ្លែងថា គ្រោះទឹកជំនន់ នឹងការរាំងស្ងួតដែលបានកើតឡើងក្នុងឆ្នាំនេះនិងឆ្នាំបន្តបន្ទាប់កន្លងមក បានចោទជាសំណួរ ទៅកាន់ក្រសួងធនធានទឹក។ ក្រៅពីនិយាយថា ទឹកជំនន់គឺដោយសារភ្លៀងច្រើន គ្រោះរាំងស្ងួតដោយសារ អាកាសធាតុក្តៅ តើពាក្យថា ការគ្រប់គ្រង ធនធានទឹកត្រូវធ្វើអ្វីថែមទៀត ដើម្បីកាត់បន្ថយ បរិមាណទឹកជំនន់ និងជួយឲ្យប្រឡាយធារាសាស្ត្រមានទឹកនៅក្នុងរដូវប្រាំង ឬពេលមានការរាំងស្ងួត។ លោកបញ្ជាក់ថា៖ «គ្រាន់តែមានប្រឡាយទឹក តែគ្មានទឹក មិនអាចហៅថា ធារាសាស្ត្របានទេ។ រីឯការគ្រប់គ្រងទឹក វាអាចខុសគ្នាពីការគ្រប់គ្រងធនធានទឹក»។
អ្នកស្រី សម ស៊ីណាត វ័យជាង ៤០ឆ្នាំ រស់នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានថ្លែងថា ប្រឡាយស្ទឹង បឹងបួរ នៅក្នុងភូមិស្រុករបស់អ្នកស្រី បានគោករាក់ជាច្រើនឆ្នាំមកហើយពុំមានអាជ្ញាធរដែនដី ឬក្រសួងធនធានទឹកចុះទៅជួយស្តារនោះទេ។
ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ប្រព័ន្ធផ្លូវទឹកខ្លះត្រូវបានកាត់ផ្តាច់ដោយសារការបំពានយកដីចំណីបឹង ស្ទឹង ព្រែក អូរ និង ព្រៃលិចទឹក មួយចំនួន ធ្វើឱ្យផ្ទៃបឹង ស្ទឹង ព្រែក អូរ មានលក្ខណៈតូចចង្អៀត ប្រព័ន្ធទឹកធ្លាក់ហូរមិនប្រក្រតីរហូតធ្វើឱ្យផ្ទៃទឹកក្នុងបឹង ស្ទឹង ព្រែក អូរ ដែលមិនដែលរីងស្ងួត បែរជារីងស្ងួតជាបន្តបន្ទាប់នារដូវប្រាំង។
ស្ត្រីកសិករដែលមានដីស្រែជិត១០ហិកតារូបនេះ បានឱ្យដឹងថា គ្រោះរាំងស្ងួតកាលពីខែកក្កដា និងខែសីហា បានធ្វើឱ្យស្រូវស្រែរបស់អ្នកស្រីងាប់អស់ជិតពាក់កណ្តាល ហើយនៅពេលនេះក៏ស្រូវស្រែមួយចំនួនត្រូវបានទឹកជន់លិចធ្វើឱ្យខូចខាតផងដែរ។
អ្នកស្រីនិយាយថា៖ «ដល់ប្រឡាយស្ទឹងបឹងបួរគោករាក់អស់ អាអត់ភ្លៀងក៏រងគ្រោះដោយសារគ្មានទឹកបូមដាក់ស្រែ ពីព្រោះទឹកក្នុងបឹងក្នុងប្រឡាយវារាក់វារីងអស់ ដល់ពេលមានភ្លៀងខ្លាំងក៏រងគ្រោះដោយសារទឹកវាចាល់នៅលើស្រែអត់ផ្លូវទឹកហូរទៅអត់កន្លែងស្តុកទឹកពីព្រោះប្រឡាយបឹងសុទ្ធតែគោករាក់ឡើងចង់ស្មើស្រែហើយនឹង»។
ស្រ្តីកសិកររូបនេះ បានអំពាវនាវឱ្យក្រសួងធនធានទឹក ក៏ដូចជាអាជ្ញាធរខេតុ្ត ស្រុក ចុះស្តារប្រឡាយទឹក និងស្ទឹងបឹងបួរ ក្នុងស្រុកថ្មគោល ដែលគោករាក់ នៅក្នុងរដូវប្រាំងខាងមុខ ដើម្បីអាចស្តុកទឹកប្រើប្រាស់បាន នៅក្នុងឆ្នាំខាងមុខៗ និងក៏ដើម្បីត្រៀមទប់ទល់ទឹកជំនន់ផងដែរ។
សូមបញ្ជាក់ផងដែរថា គិតត្រឹមឆ្នាំ២០២៥ កម្ពុជាមានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ២,៣៥៤ ប្រព័ន្ធ ដែលអាចផ្គត់ផ្គង់ទឹកស្រោចស្រពលើផ្ទៃដីប្រមាណ ២ ០០៦ ៧២២ ហិកតា។ ក្នុងនោះ ស្រូវវស្សាមានជាង ១,៤លានហិកតា ស្រូវប្រាំងជាង ៦០ម៉ឺនហិកតា និងដំណាំរួមផ្សំជាង ១២ ០០០ ហិកតា។ នេះបើយោងតាមក្រសួងធនធានទឹក៕









