រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមួយរូប បានប្រាប់សារព័ត៌មានក្នុងស្រុកកាលពីថ្ងៃពុធថា ប្រជាពលរដ្ឋខ្មែរណាដែលនិយាយថាកម្ពុជាបាន «បាត់បង់ដី» ទៅឲ្យប្រទេសថៃគឺកំពុងប្រព្រឹត្តអំពើក្បត់ជាតិ។
ការលើកឡើងបែបនេះចំពេលដែលមានការបង្ក្រាបលើអ្នករិះគន់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ។ មនុស្សជាង៣០នាក់រួមទាំងសកម្មជន និងអ្នកសារព័ត៌មានផង ត្រូវបានកាត់ទោសទាក់ទងនឹងនឹងបទអត្ថាធិប្បាយលើគោលនយោបាយព្រំដែនរបស់រដ្ឋាភិបាល និងបញ្ហាយោធា។
លោក សូ ណារ៉ូ គឺជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីមួយរូប ហើយលោកក៏ជាអ្នកកាន់កិច្ចការអាស៊ានផងដែរ។ លោកបានលើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានកម្ពុជាថ្មី ឬហៅជាភាសាអង់គ្លេសថា Kampuchea Thmey Daily។ លោកស្រី ហ៊ុន ម៉ាណា ធ្លាប់ធ្វើជានាយិការបស់សារព័ត៌មានកម្ពុជាថ្មីអស់ពេលជាច្រើនឆ្នាំ។ លោកស្រីត្រូវជាកូនស្រីច្បងរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងត្រូវជាបងស្រីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត។ លោកស្រីបានចុះចេញពីតំណែងនាយិកានៅឆ្នាំ២០២០។ នេះបើតាមកំណត់ត្រារបស់ស្ថាប័នសារព័ត៌មានមួយនេះ។
លោក សូ ណារ៉ូ បានលើកឡើងបែបនេះដោយសម្ដៅដល់លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅបរទេស។ លោកបានចោទប្រកាន់រដ្ឋាភិបាលថាបានធ្វើឲ្យបាត់បង់ដីនៅខេត្តបាត់ដំបងទៅឲ្យប្រទេសថៃ និងលោកក៏បានប្រកាសជាសាធារណៈជាមួយលោក ហ៊ុន ម៉ាណែត ថា នឹងត្រឡប់មកកម្ពុជាដើម្បីពិភាក្សាអំពីអ្វីដែលលោកបានលើកឡើង។
លោក សូ ណារ៉ូ បានលើកឡើងថា «ខ្មែរណា» ដែលប្រើពាក្យថា «បាត់បង់ដី» «មិនមែនតែ អ៊ុំ សំអាន រួមទាំងខ្ញុំ» គឺបញ្ជាក់ថាកម្ពុជាបានបាត់បង់ដីទៅថៃមែន។ លោកបន្ថែមថា៖ «ខ្ញុំសុំឲ្យអ្នកទាំងអស់គ្នាលុបពាក្យ «បាត់ដី» នេះចេញ និងមិនអនុញ្ញាតឲ្យប្រើទេ មិនថាជាអ្នកណា ព្រោះថាពាក្យនេះគឺជាការក្បត់ជាតិ។ ដីរបស់យើងមិនទាន់បាត់ទៅណាទេ»។
លោក សូ ណារ៉ូ បានលើកពីជំហរបស់រដ្ឋាភិបាល ដោយថាកងទ័ពថៃបានចូលកាន់ដាប់ទឹកដីកម្ពុជានៅតាមបណ្ដោយព្រំដែនដោយខុសច្បាប់ និងថារដ្ឋាភិបាលកំពុងតស៊ូតាមផ្លូវច្បាប់ និងការទូតយកដីទាំងនោះត្រឡប់មកវិញ។
រដ្ឋាភិបាលថៃលើកឡើងម្ដងហើយម្ដងទៀតថា ថៃបានយកត្រឡប់វិញនូវដីរបស់ខ្លួនដែលប្រជាពលរដ្ឋខ្មែរបានចូលកាន់កាប់ រួមទាំងអ្នកដែលបានចូលតាំងលំនៅក្រោយការភៀសខ្លួនពីសង្គ្រាមស៊ីវិលនៅកម្ពុជា និងថាកងទ័ពរបស់ខ្លួនបានអនុវត្តពេញលេញលើកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែធ្នូ ឆ្នាំមុន។
លោក សូ ណារ៉ូ ធ្លាប់ជាជំនួយការផ្ទាល់របស់លោក ហ៊ុន សែន កាលចុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ មុននឹងលោកប្រកាសពីការបែកបាក់ជាមួយលោក ហ៊ុន សែន នៅឆ្នាំ២០១៣ និងបានចូលរួមជាមួយបក្សប្រឆាំងធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក ក្នុងឆ្នាំដែលមានជម្លោះលើលទ្ធផលបោះឆ្នោត។ លោកបានត្រឡប់ចូលក្នុងជួររដ្ឋាភិបាលវិញនៅឆ្នាំ២០២៣។
កងទ័ពថៃ និងរបងបន្លាលួសបានដាក់ក្រោយបញ្ចប់ការផ្ទុះអាវុធដាក់គ្នាលើកទីពីររវាងកងទ័ពកម្ពុជា-ថៃ នៅខែធ្នូ ឆ្នាំ២០២៥ និងបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាង២ម៉ឺននាក់មិនអាចត្រឡប់ទៅផ្ទះវិញបាន។ នេះបើតាមតួលេខរបស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ មនុស្សរាប់ពាន់នាក់បានចាកចេញពីជំរំតង់មករស់នៅក្នុងផ្ទះដែលរដ្ឋាភិបាលបានផ្ដល់ឲ្យ ប៉ុន្តែមានប្រជាពលរដ្ឋមួយចំនួនបាននិយាយថាខ្លួនពិបាករកការងារធ្វើ មានចំណូលតិចតួច បញ្ហាទឹក ភ្លើងសម្រាប់ប្រើប្រាស់កើតមានញឹកញាប់ និងថាកូនៗមិនមានសាលារៀនគ្រប់គ្រាន់។
តំបន់ថៃចូលកាន់កាប់ គឺជាបញ្ហាមួយសម្រាប់រដ្ឋាភិបាលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ហើយថ្នាក់ដឹកនាំជាន់ខ្ពស់បាននិយាយពីបញ្ហានេះ តែពេលនេះលោក ណារ៉ូ បានចាត់ទុកការប្រើពាក្យបាត់ដីថាជារឿងក្បត់ជាតិ។
និយាយទៅកាន់ក្រុមគ្រួសារប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅផ្ទះបណ្ដោះអាសន្នដែលរដ្ឋាភិបាលប្រគល់ឲ្យ កាលពីខែមិថុនា នៅខេត្តបន្ទាយមានជ័យ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បានសុំទោសចំពោះអ្វីដែលលោកហៅថាកម្ពុជាមិនបានត្រៀមខ្លួនគ្រប់គ្រាន់ក្នុងការរៀបចំកងទ័ពសម្រាប់ជម្លោះ។ លោកមានប្រសាសន៍ថា៖ «យើងបាត់បង់ដីនៅតំបន់ផ្សេងៗគ្នា ប៉ុន្តែយើងមិនទទួលស្គាល់ការប្រើប្រាស់កម្លាំងខុសច្បាប់ណាមួយចូលកាន់កាប់ ឬគូសវាសព្រំដែនថ្មីនោះទេ»។
លោក សូ ណារ៉ូ និយាយដោយទំនងសម្ដៅថា ការលើកថា«បាត់ដី» គឺជាការបញ្ជាក់ថាដីគឺបានបាត់ប្រាកដមែន។ លោក ហ៊ុន សែន ក៏បានលើកប្រហាក់ប្រហែលគ្នានេះដែរកាលពីខែមិថុនា និងលោកបានដាក់ឈ្មោះលំនៅឋានបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋភៀសសឹកថា «ភូមិរង់ចាំ» ព្រោះថាប្រជាពលរដ្ឋទាំងនោះមិនបានបោះបង់ការទាមទារដីដែលថៃចូលកាន់កាប់នោះទេ។
ការចោទប្រកាន់រឿងក្បត់ជាតិទាក់ទងនឹងការអត្ថាធិប្បាយលើបញ្ហាព្រំដែន ក៏បានកើតចេញពីមាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែរ។ លោក ហ៊ុន ម៉ាណែត បានឡើងកាន់តំណែងតពីឪពុក កាលពីឆ្នាំ២០២៣។ កាលដើមខែនេះ លោកបានហៅអ្នកនិយាយថា កងកម្លាំងកម្ពុជាបានបាញ់លើជនស៊ីវិលថៃអំឡុងផ្ទុះអាវុធដាក់គ្នាថា ជា«សកម្មភាពក្បត់ជាតិដ៏ធំមួយ»។ លោកលើកឡើងបែបនេះទំនងជាសម្ដៅលើលោក សម រង្ស៊ី ប្រធានបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងអ្នកអត្ថាធិប្បាយមួយចំនួនទៀតនៅសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនបានឆ្លើយតបសំនួរអ្នកសារព័ត៌មានភ្លាមៗអំពីថាតើអ្នកនិយាយថាកម្ពុជាបាត់បង់ដីទៅថៃគឺជាបទល្មើសក្បត់ជាតិឬយ៉ាងនោះទេ។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ឯម ច័ន្ទមករា មិនបានឆ្លើយចំទៅនឹងសំនួរនោះទេ ប៉ុន្តែថាអាជ្ញាធរ និងស្ថាប័នយុត្តិធម៌ «មិនចាប់ខ្លួន ឬចោទប្រកាន់បុគ្គលណាម្នាក់ដោយគ្រាន់តែផ្អែកលើសម្ដីធម្មតា ឬបញ្ចេញមតិនោះទេ»។
លោកមានប្រសាសន៍ថា៖ «រាល់សកម្មភាពផ្លូវច្បាប់ណាមួយត្រូវធ្វើឡើងដោយផ្អែកលើការស៊ើបអង្កេតច្បាស់លាស់ទៅលើចេតនា និងធាតុផ្សំរបស់បទល្មើស ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ»។
លោកបន្តថា ក្រសួងបានច្រានចោលការអះអាងថាសកម្មភាពអនុវត្តច្បាប់លើជនល្មើសកន្លងមក ថាជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិ តាមមាត្រា៤១ នៃរដ្ឋធម្មនុញ្ញ។ ការលើកឡើងនេះទំនងជាលោកចង់សម្ដៅដល់មនុស្សមួយចំនួនដែលកំពុងជាប់ឃុំទាក់ទងនឹងការនិយាយពីបញ្ហាព្រំដែន។
អ្នកវិភាគនយោបាយឯករាជ្យ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ការលើកឡើងរបស់លោក សូ ណារ៉ូ បានដើរផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា ដែលធានាដល់សិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋ និងសិទ្ធិចូលរួមក្នុងនយោបាយ។
លោកឲ្យដឹងថា៖ «ពេលដែលរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលនិយាយបែបនេះ វាដូចជាដាក់សម្ពាធលើសេរីភាពរបស់ប្រជាពលរដ្ឋ ដែលវាផ្ទុយពីគោលការរដ្ឋធម្មនុញ្ញ»។
លោកបន្ថែមថា រដ្ឋាភិបាលទំនងជាបារម្ភពីមុខមាត់ និងលទ្ធភាពរបស់ខ្លួនក្នុងការគ្រប់គ្រងដីដែលថៃកាន់កាប់ បើទោះបីជាមានការអះអាងថាដីមិនបានបាត់ទៅណានោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Minister Says Calling Border Land ‘Lost’ to Thailand is Treason










