សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ក្រុមបញ្ញវន្ត រួមគ្នាបណ្តុះមនសិការស្នេហាជាតិ និងសតិជាតិ ដើម្បីពង្រឹងជាតិឱ្យ​ខ្លាំង

បាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» នៅឯសាលាCJCC ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ (ខេមបូចា/ ពក ពន្លឺ)
បាឋកថាសាធារណៈជាស៊េរី «ឧត្តមគតិ» លើកទី២ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ» នៅឯសាលាCJCC ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ (ខេមបូចា/ ពក ពន្លឺ)

បញ្ញវន្តបីរូបបានផ្លាស់ប្តូរគំនិតផ្សេងៗគ្នា ដើម្បីបណ្តុះមនសិការស្នេហាជាតិ និងធ្វើឱ្យ​ជាតិខ្លាំង តាមរយៈការបង្រៀន​ភាពជាខ្មែរ​ទៅ​ដល់​កុមារ ជំរុញការសិក្សាប្រវត្តិសាស្រ្ត និងពង្រឹងសតិជាតិដល់​ពលរដ្ឋ ខណៈ​ពេល​ប្រទេសជាតិ​ទទួល​រង​ការ​ឈ្លានពាន។

​តាមរយៈបាឋកថាសាធារណៈស្តីពីឧត្តមគតិ ក្រោមប្រធានបទ «ការអប់រំ ដើម្បីពង្រឹងសតិជាតិរបស់មនុស្សខ្មែរ»​ កាលពីរសៀលថ្ងៃទី២០ ខែសីហានេះ លោក ជេត ជាលី​ ជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​ចាត់ទុកប្រព័ន្ធអប់រំថ្នាក់​មូល​ដ្ឋាន​ ដើរ​តួដ៏ចម្បង​ក្នុងការ​បណ្តុះមនសិការស្នេហាជាតិ​ឬសតិជាតិ ព្រោះនៅពេលកុមារទទួលបានការអប់រំ ឬបណ្តុះបណ្តាលនូវអ្វីភាពជាខ្មែរ វប្បធម៌ខ្មែរ និងអត្តសញ្ញាណខ្មែរ ពួកគេនឹងមានស្មារតីដឹងខុសត្រូវ និងយល់អំពីកាតព្វកិច្ច ដែលពួកគេត្រូវធ្វើដើម្បីជាតិសាសន៍ខ្មែរ។ លោកបន្ថែមថា កុមារប្រៀប​ដូច​ក្រដាសស អប់រំពួកគេបែបណា ពួកគេនឹងធ្វើបែបនោះ។

លោក​បញ្ជាក់ថា៖ «យើងបង្រៀនភាពជាខ្មែរ​ឱ្យ​ស្រឡាញ់វប្បធម៌ប្រពៃណីខ្មែរដល់គាត់ មុនយើងបង្រៀនវិទ្យាសាស្ត្រ។ ការអប់រំយ៉ាងណា សង្គមយើងយ៉ាងនោះ»។

លោក អះអាងបន្តថា ដើម្បីអាចការពារជាតិ ឬក៏ស្រឡាញ់ជាតិមួយបាន លុះត្រាតែយុវជន ឬពលរដ្ឋត្រូវស្គាល់ឲ្យ​ច្បាស់​លាស់ អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ អត្តសញ្ញាណ​ជាតិ ឬ​ក៏​អ្វី​ដែល​ភាព​ជា​ខ្មែរ។ ជាមួយគ្នានេះ លោក​ពន្យល់អំពីជាតិនិយម (Nationalism) ដែលទាក់ទង​មនោគមវិជ្ជា ដែល​មាន​លក្ខណៈ​រើសអើង​ពូជសាសន៍ ចំណែស្នេហាជាតិ(Patriotism) គឺជាសតិជាតិ ឬទស្សនជាតិ ក្នុងការថែរក្សា ការពារ និងស្រឡាញ់ជាតិសាសន៍ខ្មែរ។

លោកលើកឡើងជាសំណួរថា៖​«យើងនិយាយអំពីការស្រឡាញ់ជាតិសាសន៍យើង យើងត្រូវធ្វើ​យ៉ាងមិច ហើយជារដ្ឋាភិបាលក្តី ជាអង្គភាពមួយ សកលមួយត្រូវធ្វើយ៉ាងមិច ដើម្បីឱ្យ​មានការស្នេហាជាតិហ្នឹង? សតិជាតិហ្នឹង មាននៅក្នុងយុវជនយើង»។

គួររំឭក​ថា នៅ​​ក្នុង​អំឡុងឆ្នាំ ២០០៣ ពលរដ្ឋ​ខ្មែរ​បាន​ធ្វើបាតុកម្ម​ដុត​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​មួយ​នៃ​ទំនាក់​ទំនង កម្ពុជា-ថៃ ឈាន​ទៅ​រក​ការ​ប្រេះឆា​គ្នា​នៃ​ជាតិ​សាសន៍​ទាំង២ ផ្តើម​ពីបុព្វ​ហេតុ​ជាតិនិយម ដោយសារ​មាន​តារា​សម្ដែង​ថៃ​ដ៏ល្បី​មួយរូប បាន​មាក់​ងាយ​មកលើជាតិសាសន៍ខ្មែរ ហើយអះអាងថា ប្រាសាទ​អង្គរវត្ត​ជា​របស់​ថៃ។ ក្រុមបាតុករ​ធ្វើ​បាតុកម្ម​ដុត​សំបកកង់​ឡាន ទាមទារ​ឱ្យ​តារា​ថៃ នាង​ផ្កាយព្រឹក ចេញ​មុខ​សុំ​ទោស​ប្រជាជន​កម្ពុជា​ជាសាធារណៈ។ យ៉ាងណាមិញ ក្រោយ​​​ការ​​វាយ​​ប្រហារ​​លើ​​ស្ថានទូតថៃ រាជ​រដ្ឋាភិបាល​​កម្ពុជា​​បាន​​ចេញ​​មុខ​​ទទួល​​ខុស​ត្រូវ ដោយ​​បង់​​ប្រាក់​​សំណង​​រាប់​​លាន​​ដុល្លារ​​ទៅ​​ប្រទេស​ថៃ។

ជុំវិញ​ប្រធាន​បទបណ្តុះមនសិការស្នេហាជាតិ និងពង្រឹងសតិជាតិរបស់មនុស្សខ្មែរ លោក ហោ ប៉េង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង អះអាងថា ការបណ្តុះសតិ ឬឧត្តមគតិស្នេហាជាតិ​ត្រូវ​ដុះ​ចេញ​ពី​បុគ្គល​ម្នាក់ៗក្នុង​សង្គម បរិស្ថាន​គ្រួសារ​ដែល​ត្រូវ​អប់រំ​កូន​ចៅ​ចំពោះ​មនសិការ​ស្នេហា​ជាតិ ប្រព័ន្ធ​អប់រំ​បណ្តុះ​សិស្សានុសិស្ស​ស្គាល់ច្បាស់​អំពី​ប្រវត្តិ​សាស្ត្រ វប្បធម៌ និង​អត្តសញ្ញាណ ហើយ​ចុង​ក្រោយ​សាសនា​ពង្រឹង​ស្មារតី និង​សតិភាព​ជា​ខ្មែរ។

លោក​បញ្ជាក់​ថា៖ «ខ្ញុំគិតថា ដើម្បីការអប់រំ​ពង្រឹង​ជាតិ សតិជាតិ​របស់​ពលរដ្ឋ​ខ្មែរ​ទៅ​បាន ត្រូវ​គួរ​គិត​ទស្សនៈ​ពីរសំខាន់ ទីមួយ ទស្សន​ជាតិ​និយម ទីពីរ ទស្សន​សកល​និយម ប្រសិន​ជា​យើង​ពង្រឹង​ចំណុច​ពីរ​នេះ​បាន នោះ​ប្រទេសជាតិយើង​មាន​ការ​រីកចម្រើន ការ​អភិវឌ្ឍន៍បានល្អ»។

លោកលើកឡើងបន្ថែមថា អ្នកខ្លះ​អួត​ថា ខ្លួន​ស្នេហា​ជាតិ ប៉ុន្តែ​បំពាន​ច្បាប់​គ្រប់​រឿង។ ការ​ស្នេហា​ជាតិ​អាច​បង្ហាញតាម​រយៈ ៥​ចំណុច​សំខាន់ៗ រួម​មាន ការ​ស្រឡាញ់ និង​គោរពខ្លួន​ឯង ការ​ស្រឡាញ់​ទឹកដី ការ​គោរព​ច្បាប់ ការ​គោរពឪពុក​ម្តាយ និង​ការ​គោរព​សិទ្ធិ​មនុស្ស។

យោងតាម​វចនានុក្រមខ្មែរ របស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ស្នេហាជាតិ» ជាការផ្សំគ្នារវាង​ពាក្យ​ពីរ គឺ «ស្នេហា» និង «ជាតិ»៖ ស្នេហា (នាម) សេចក្តី​ស្រឡាញ់​ស្និទ្ធ សេចក្តី​ស្រឡាញ់​ជាប់​ចិត្ត​ស្អិត​ដូច​ជ័រ។ ជាតិ (នាម) ដើមកំណើត ឬពូជអំបូរ ស្រុកទេស ឬ​ប្រទេស​ជា​ទី​កន្លែង​កំណើត។ ដូចនេះ «ស្នេហាជាតិ» ​គឺ​ជាទឹក​ចិត្ត​ស្រឡាញ់ប្រទេស​ជាតិ ស្រុក​កំណើត ពូជ​អំបូរ និង​ទឹកដី​របស់ខ្លួន​ដោយ​ស្មោះ​ស្ម័គ្រ និង​ជាប់​ចិត្ត​ដិតដាម​បំផុត។

ផ្ទុយពីវាគ្មិនខាងលើ លោក ស៊ុំ ឈុំឡុង ជាសាស្រ្តាចារ្យអក្សរសិល្ប៍ និង​អនុប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ បានលើក​ពី​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​ជា​ទឡ្ហីករណ៍ ដើម្បីបង្ហាញឱ្យ​​កូន​ខ្មែរ​ត្រូវ​សិក្សា​ស្រាវជ្រាវ ព្រោះ​ចាប់​តាំង​ពី​ក្រោយសម័យ​អង្គរ ទឹកដី​ខ្មែរ​បាន​ជួប​ប្រទះ​នូវវិបត្តិ សង្គ្រាម​ស៊ីវិល ការ​ឈ្លាន​ពាន និង​ការ​ជ្រៀត​ជ្រែក​ពីសំណាក់ប្រទេសជិតខាងជាបន្តបន្ទាប់ ដែលធ្វើឱ្យ​សង្គម​ខ្មែរ​ឆ្លង​កាត់​ភាព​ឈឺចាប់ ដោយសារ​បាត់​បង់​មូលដ្ឋាន​នៃ​សតិជាតិ ឬ​មនសិការស្នេហា​ជាតិ។

លោកបញ្ជាក់ថា៖ «អ្វីដែលគួរចងចាំ សង្គ្រាម៥០០ឆ្នាំ ធ្វើឱ្យ​ជាតិខ្មែរសឹងតែវិនាស នូវចុងសតវត្សរ៍ទី១៩ ដើមសតវត្សរ៍ទី២០»។

​អ្នកជំនាញ​អក្សរសិល្ប៍រូបនេះបន្តថា  ​«​សតិ​» ​គឺជា​ស្មារតី​ ​ឬ​ជា​ការ​ចងចាំ ​ដែល​នាំទៅ​ដល់​​​គំនិត​ ​អត្តសញ្ញាណ​ជាតិ​ខ្មែរ​ហើយកាលណាពលរដ្ឋខ្មែរមាន​ ​«​សតិ​» ​នឹង​នាំឱ្យពួកគេដឹង​អំពី​​អត្តសញ្ញាណ​​ជាតិ​ ​ដែល​​នាំឱ្យ​​មាន​​ការ​​បណ្ដុះ​ស្មារតី​ស្រឡាញ់​​ជាតិ​ ​និង​​ការពារ​​ទឹកដី។

លោក​ ជាវ អាន​សាន ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​កម្ពុជា​ ​បានថ្លែងថា​ បាឋកថា​សាធារណៈ​ជា​ស៊េរី ​«​ឧត្តមគតិ​» ​លើក​ទី​២ ​ត្រូវ​បាន​រៀបចំឡើង​ក្នុង​គោលបំណង​​បង្កើត​​វេទិកា​​សម្រាប់​​ការ​​ផ្លាស់​ប្តូរ​​ទស្សនៈ ​និង​​ចែក​​រំលែក​ចំណេះ​ដឹង​​អំពី​​តួនាទី​​នៃ​​ការ​​អប់រំ​​ក្នុង​​ការ​​កសាង​​សតិ​ជាតិ​ ​និង​​ការ​​អភិវឌ្ឍ​​ធនធាន​​មនុស្ស​ ​ប្រកប​​តាម​​បរិបទ​​នៃ​​ការ​ពង្រឹង​​សង្គម​​សម័យ​​ទំនើប។ លោកបន្ថែមថា​ ​«​ឧត្តម​គតិ​ ​ទៅ​នឹង​ឃ្លា​ថា ​​ខ្ញុំ​ស្រឡាញ់​ ​ខ្ញុំ​គាំទ្រ ​ខ្ញុំ​ការពារ​កម្ពុជា​!​» ​ដែល​មាន​ន័យ​ថា​ ​ក្នុងនាម​​ជា​​ជនជាតិ​​ខ្មែរ​ ត្រូវ​តែ​​មាន​​ក្ដី​​ស្រឡាញ់​ គាំទ្រ ​មាន​​ស្មារតី ​ភាព​​ជា​​ម្ចាស់​ ទំនួល​​ខុស​ត្រូវ​ ​និង​​ឆន្ទៈ​ក្នុង​​ការ​​អភិវឌ្ឍ​​ខ្លួន​​ជា​​បន្តបន្ទាប់​ ​ដើម្បី​​រួម​ចំណែក​​ការពារ​ ​និង​​អភិវឌ្ឍ​​ប្រទេស​ជាតិ។

អ្នកចូលរួមម្នាក់ កញ្ញា ជី គា ជា​និស្សិតនៃ​សាកលវិទ្យាល័យ​​ភូមិន្ទ​​ភ្នំពេញ បាន​លើកឡើង​ថា ការ​បង្កើត​វេទិកា​ពាក់​ព័ន្ធពង្រឹង​សតិ​ជាតិ ឬ​ស្នេហាជាតិ​ជា​ឪកាស​ដ៏​ល្អ​សម្រាប់​យុវជន​ក្នុង​ការ​យល់​ដឹង​ពី​បញ្ហាសង្គម​ និង​ប្រវត្តិ​សាស្ត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​។ វេទិកានេះ​ក៏​បាន​ជំរុញឱ្យ​ពលរដ្ឋ​យល់​ដឹង​ពី​តួនាទី និង​សិទ្ធិ​របស់​ខ្លួន ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ចូលរួម​ចំណែក​ការពារ​ប្រទេស​ជាតិ។

និស្សិត​រូបនេះ​បញ្ជាក់ថា៖ «បង្រៀនយុវជន​ឱ្យចេះ​ស្រឡាញ់​ជាតិ​ដោយ​ស្មារតី​ទូលំទូលាយ ស្មើ​ភាព​គ្នា។ ជំរុញឱ្យយុវជន​ខិតខំ​ប្រឹងប្រែង​រៀន​សូត្រ និង​មាន​ជំនាញ​ពិត​ប្រាកដ​ដើម្បី​បម្រើ​ជាតិ។ បង្កើត​សកម្មភាព​​ស្ម័គ្រ​ចិត្ត​ ពង្រឹង​យុវជនកុំឱ្យ​មាន​ភាព​ភ័យខ្លាច»។

ចំណែក​ព្រះតេជគុណ បាត សុជាតិ ជាសមណនិស្សិត​នៃ​សាកលវិទ្យា​ល័យ​បញ្ញា​សាស្ត្រ​កម្ពុជា មាន​ថេរៈដីកា​ថា ក្នុងនាមព្រះសង្ឃ​ ការជួយ​ជាតិមិន​សំដៅ​លើការចូលប្រឡូកក្នុងឆាកនយោបាយទេ ប៉ុន្តែជាការបំពេញ​ភារកិច្ច​ផ្សេងៗ ដូចជា​ការ​អប់រំ​សីលធម៌ និង​ស្មារតី​សាមគ្គី អំពី​មេត្តា និង​សច្ចភាព​ធម៌​ដែល​ជា​គោលធម៌​ព្រះពុទ្ធ​សាសនា ទៅ​ដល់​បរិស័ទ។ បន្ថែមពីនេះ ព្រះសង្ឃដើរតួនាទី ជាអ្នកថែរក្សាភាសា វប្បធម៌ អរិយធម៌ និងប្រពៃណីជាតិខ្មែរ ដែលជាឫសគល់​ការពារ​អត្តសញ្ញាណជាតិ កុំឱ្យ​រលាយទៅក្នុងវប្បធម៌បរទេស។

តេជគុណបន្ថែមថា៖ «ការចូលរួមក្នុងសកម្មភាពសង្គម តាមរយៈការផ្សព្វផ្សាយធម្មទេសនាអំពីការស្រឡាញ់ជាតិ យល់ដឹងពីប្រវត្តិសាស្ត្រ និងបណ្តុះគុណធម៌ សីលធម៌ តាមទស្សនៈព្រះពុទ្ធសាសនា ម្យ៉ាងទៀតជួយបរិស័ទក្នុងគ្រាលំបាក»។

ជាមួយគ្នានេះ តេជគុណ​ យល់ឃើញថា មានឧបសគ្គមួយចំនួន ដែល​ជា​បញ្ហា​ធ្វើឱ្យ​យុវជន និង​ពលរដ្ឋ​គ្មាន​មនសិការស្នេហាជាតិ ដូចជា ប្រព័ន្ធអប់រំ​មាន​កម្រិត​ក្នុង​ការ​បង្ហាត់​បង្ហាញ​អំពី​ប្រវត្តិសាស្ត្រ ជាហេតុ​ឱ្យ​យុវជន​មិន​យល់​គុណតម្លៃ​នៃ​ការ​លះបង់​របស់​បុព្វបុរស និង​ដឹង​គុណ​ចំពោះ​ប្រទេសជាតិ។ ឥទ្ធិពលវប្បធម៌​បរទេស ធ្វើឱ្យ​យុវជនមើល​ងាយ​វប្បធម៌ និង​អត្តសញ្ញាណរបស់​ខ្លួន។ បញ្ហា​សេដ្ឋកិច្ច និង​ភាព​អយុត្តិធម៌​ក្នុង​សង្គម នាំឱ្យ​ពួកគេពិបាកគិតដល់ជាតិ។

តេជគុណបន្ថែមថា៖ «នៅពេលយុវជនឃើញថា អ្នកដឹកនាំ​មួយ​ចំនួន​កេង​ប្រវ័ញ្ច​ធនធាន​ជាតិ ឬ​ចាត់​ចែង​អំណាចដោយ​បក្សពួក​និយម នោះពួកគេ​នឹង​មាន​អារម្មណ៍ថា ជាតិ​ គឺ​ជា​កម្មសិទ្ធិ​របស់​អ្នក​មាន​អំណាច​តែ​ប៉ុណ្ណោះ»។

ការជជែកអំពីគំនិតស្នេហាជាតិ​យ៉ាង​ផុសផុល​ឡើង​វិញ បន្ទាប់​ពីក្រោយ​​ជម្លោះព្រំដែន​រវាង​កម្ពុជា និងថៃ បាន​កើត​ឡើង​ម្តង​ទៀត នៅឆ្នាំ២០២៥ បណ្តាលឱ្យ​មានមនុស្សស្លាប់ ជនភៀសសឹកជាច្រើនម៉ឺននាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ជាដើម។ មុននឹង​សម្រេច​បាន​បទ​ឈប់​បាញ់ចំនួន ២លើក គឺ​​​ថ្ងៃទី២៨ ខែកក្កដា និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប៉ុន្តែស្ថានការណ៍​ព្រំដែន​នៅតែ​មិន​ទាន់​វិល​ទៅ​រក​ភាព​ប្រក្រតី​វិញ​ឡើយ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម