សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ទស្សនៈ៖ យកអធិបតេយ្យភាពធ្វើជាចំណាប់ខ្មាំងនយោបាយ៖ កំហុស​​ឆ្គងរបស់អ្នកវិភាគកម្ពុជា ក្នុង​ជម្លោះ​ព្រំដែន

រង្វង់មូល និងរូបសំណាកតាអ៊ុំ នៅតំបន់អានសេះ ត្រូវបានកម្ទេចដោយយោធាថៃកំឡុងពេលប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ ចន្លោះថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា។ រូបថត​ថ្ងៃទី ៣០ ខែ​កក្កដា ឆ្នាំ ២០២៥។ (ផ្តល់​ដោយ ស៊ុន ណារិន) 
រង្វង់មូល និងរូបសំណាកតាអ៊ុំ នៅតំបន់អានសេះ ត្រូវបានកម្ទេចដោយយោធាថៃកំឡុងពេលប៉ះទង្គិចគ្នានៅព្រំដែនកម្ពុជា-ថៃ ចន្លោះថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា។ រូបថត​ថ្ងៃទី ៣០ ខែ​កក្កដា ឆ្នាំ ២០២៥។ (ផ្តល់​ដោយ ស៊ុន ណារិន) 

អត្ថបទមួយនេះ ខ្ញុំបាទសរសេរមិនមែនក្នុងនាមអ្នកចេះច្បាប់ ឬក្នុងនាមមេធាវីទេ តែក្នុងនាមជាពលរដ្ឋម្នាក់ ដែល​កើតឡើង ធំដឹងក្តី ទទួល​បានការអប់រំ និងកំពុងរស់នៅក្នុងប្រទេសកម្ពុជា  ជាមាតុភូមិដែលឆ្លងកាត់​ការ​បែក​បាក់ជាច្រើនជំនាន់ តែនៅតែជាទីស្រលាញ់ពេញចិត្ត ជាមាតុភូមិដែលមានភាពស៊ីវិល័យ វប្បធម៌ សីលធម៌ និងប្រវត្តិសាស្ត្រដ៏រុងរឿង។

ប្រវត្តិសាស្ត្របានបង្រៀនយើងយ៉ាងជូរចត់ថា រាល់ពេលដែលជាតិខ្មែរបែកបាក់ គឺជារបត់ដែល​ប្រទេសជិត​ខាង​តែងតែឆ្លៀតឱកាសជាន់ឈ្លី និងលេបត្របាក់ទឹកដី។ ពេលនេះ កម្ពុជាកំពុងឈរនៅចំពោះមុខ​សង្រ្គាមភូមិសាស្ត្រ​នយោបាយ និងការគំរាមកំហែងជាថ្មី ពីសំណាក់ចរន្តជាតិនិយមជ្រុលរបស់ថៃ ដែលកំពុងព្យាយាម​ឈ្លានពាន​ទាំងលើផ្នែកភូមិសាស្ត្រ វប្បធម៌ និងនិទានកថាប្រវត្តិសាស្ត្ររបស់យើង។

ក្នុងកាលៈទេសៈដ៏ស្ងាត់កំបាំងតែគ្រោះថ្នាក់នេះ អ្វីដែលមាតុភូមិយើងត្រូវការជាបន្ទាន់បំផុត មិនមែនជាការបន្ត​ហែកហួរ​គ្នាឯង ឬការ​យក​បញ្ហាជាតិមកធ្វើជាល្បែងនយោបាយនោះទេ។ យើងត្រូវការជាចាំបាច់នូវការដាស់ «ស្មារតីជាតិ» មួយដែលបរិសុទ្ធ។ យើងត្រូវការការផ្សះផ្សា និងការរួបរួមជាតិពិតប្រាកដ ដោយហ៊ាន​លះបង់​ចោល​នូវរាល់គំនុំ និងការខ្វែងគំនិតគ្នានៅផ្ទៃក្នុង ហើយងាកមក​ឈរត្រង់ជួរគ្នា បង្កើតជាខែលការពារ​អធិបតេយ្យភាព​ជាតិ។ ពីព្រោះថា ប្រសិនបើកម្ពុជាបាត់បង់ទឹកដី អត្តសញ្ញាណ និងភាពថ្លៃថ្នូរជាជាតិសាសន៍​ហើយ​នោះ រាល់សេរីភាព និងការប្រកួតប្រជែងខាងនយោបាយរបស់យើង ក៏លែងមានអត្ថន័យអ្វីទៀតដែរ។

ក្នុងនាមជាពលរដ្ឋម្នាក់ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ទាំងរូបខ្ញុំ សាធារណជនទូទៅ ព្រមទាំងរាជរដ្ឋាភិបាល សុទ្ធតែ​មានមហិច្ឆតារួមតែមួយ គឺចង់ឃើញកម្ពុជាលេចត្រដែតជាជាតិសាសន៍ដ៏រឹងមាំ និងមានអំណាចទាំងនៅក្នុង​តំបន់ និងលើឆាកអន្តរជាតិ។ ដោយឈរលើឧត្តមគតិ​ស្នេហាជាតិ និងបំណងប្រាថ្នាចង់ឃើញការ​រួបរួមគ្នា​យ៉ាង​ពិតប្រាកដនេះហើយ ទើបការសង្កេតលើមតិសាធារណៈនាពេលបច្ចុប្បន្ន បានធ្វើឱ្យខ្ញុំមើលឃើញនូវ​ភាពផ្ទុយ​គ្នា​ដ៏គួរឱ្យព្រួយបារម្ភមួយ រវាងការអនុវត្តសេរីភាពបញ្ចេញមតិ និងភាពកម្សោយនៃការកសាង «អំណាចជាតិ» (National Power)។

នៅក្នុងយុគសម័យនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសង្គ្រាមព័ត៌មាន (Information Warfare) បញ្ហា​អធិបតេយ្យភាព និងបូរណភាពទឹកដី មិនមែនគ្រាន់តែជាសមរភូមិនៅលើខ្សែបន្ទាត់ព្រំដែន ឬនៅលើ​តុលាការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសមរភូមិ​មនោគមវិជ្ជា និងការកសាង «ទឡ្ហីករណ៍ជាតិ» ដ៏រឹងមាំមួយ។

នយោបាយវាយប្រហារគ្នាឯង និងវោហារស័ព្ទ «ឯកភាពជាតិ»ដ៏ស្រពិចស្រពិល

នៅក្នុងសង្គម​ប្រជាធិបតេយ្យ សេរីភាពសារព័ត៌មាន និងសិទ្ធិបញ្ចេញមតិ គឺជាសសរស្ដម្ភដ៏​សំខាន់ដែល​មិន​អាច​ខ្វះ​បាន។ ប៉ុន្តែ អ្វីដែល​គេសង្កេតឃើញនៅក្នុងទិដ្ឋភាពនយោបាយកម្ពុជា គឺអ្នកវិភាគ និងអ្នកបង្កើតមាតិកា​សង្គម​មួយចំនួន បានយកបញ្ហាអធិបតេយ្យភាពជាតិ ដែលជាបញ្ហារស់រានមានជីវិតរបស់ប្រទេស មកធ្វើ​ជា​ឧបករណ៍​សម្រាប់ប្រយុទ្ធក្នុងនយោបាយផ្ទៃក្នុង។

ជំនួសឱ្យការតម្រង់មុខព្រួញទៅរកការគំរាមកំហែងពីខាងក្រៅ ពួកគេបែរជាលើកដៃចង្អុល​បន្ទោស​រដ្ឋាភិបាល​ខ្លួនឯង ដោយចោទប្រកាន់ពីការខ្វះការយកចិត្តទុកដាក់ ឬកំហុសឆ្គងក្នុងការដឹកនាំ។ រាល់ពេលមានភាពតាន​តឹង ឬជម្លោះព្រំដែនកើតឡើង យើងតែងតែសង្កេតឃើញនិន្នាការមួយលេចឡើងជាប្រចាំ គឺការចេញមុខ​អំពាវនាវ​របស់ក្រុមអ្នករិះគន់ទាំងនេះ ដែលស្រែកទាមទារឱ្យមាន «ការផ្សះផ្សាជាតិ» «ការបង្រួបបង្រួមជាតិ» និង«ឯកភាពជាតិ»។ 

វោហារស័ព្ទទាំងនេះស្តាប់ទៅពិតជាពីរោះ និងមានលក្ខណៈស្នេហាជាតិ។ ប៉ុន្តែ ប្រសិនបើគិតវិភាគ​ឱ្យបាន​ស៊ី​ជម្រៅ ការអំពាវនាវទាំងនេះច្រើនតែបង្កប់នូវភាពស្រពិចស្រពិល និងគ្មានភាពប្រាកដប្រជា ដែលនាំឱ្យ​មាន​សំណួរ​ជាយុទ្ធសាស្ត្រសួរត្រឡប់មកវិញថា៖ តើការទាមទារឱ្យមានការផ្សះផ្សាជាតិ និងឯកភាពជាតិនេះ គឺ​ដើម្បី​រួបរួមជាមួយអ្នកណា? ហើយជាមួយក្រុមណាឱ្យប្រាកដ? ប្រសិនបើការស្រែករកការផ្សះផ្សាជាតិនេះ សំដៅ​លើ​ការទាមទារឱ្យរដ្ឋាភិបាលត្រូវតែសម្របសម្រួលជាមួយក្រុមប្រឆាំង ឬក្រុមនយោបាយ​ណាមួយជា​មុនសិន ទើប​ព្រម​រួបរួមគ្នាការពារជាតិនោះ វាមិនមែនជាឯកភាពជាតិពិតប្រាកដឡើយ តែវាគឺជាការយកបញ្ហា​អធិបតេយ្យភាព​ជាតិមកធ្វើជា «ចំណាប់ខ្មាំងនយោបាយ»។

ផលវិបាកដ៏គ្រោះថ្នាក់បំផុតនៃការបន្លំវោហារស័ព្ទនយោបាយនេះ គឺការបន្សាបកម្លាំងជាតិ (Neutralization of National Power)​។ ជំនួសឱ្យការប្រមូលផ្តុំកម្លាំងបញ្ញា ស្មារតី និងធនធានទាំងអស់ ឆ្ពោះទៅរកការកសាង «គោលជំហរជាតិរួមតែមួយដ៏រឹងមាំ» ដើម្បីប្រឈមមុខនឹងមហិច្ឆតាឈ្លានពានរបស់ប្រទេសជិតខាងក្រុម​អ្នក​វិភាគទាំងនោះបែរជាទាញអារម្មណ៍ពលរដ្ឋឱ្យមកខ្វល់ខ្វាយពីលក្ខខណ្ឌនៃការផ្សះផ្សាផ្ទៃក្នុងដែលមិនចេះចប់​មិន​ចេះហើយទៅវិញ។

យុទ្ធសាស្ត្រ៖ ការវាយលុករបស់បរទេស និងភាពទន់ខ្សោយនៃ «ទឡ្ហីករណ៍តបត» កម្ពុជា

ការបែកខ្ញែកកម្លាំងដោយសារការចោទសួរគ្នាឯងពីបញ្ហាឯកភាពជាតិនេះ បានបង្កើតឱ្យមាន​ចន្លោះប្រហោង​ខាងយុទ្ធសាស្ត្រដ៏ធំបំផុតរបស់កម្ពុជានៅក្នុងសង្គ្រាមព័ត៌មានបច្ចុប្បន្ន។ នៅក្នុងជម្លោះអន្តរជាតិ ភាគីដែល​មាន​សមត្ថភាពកសាង និងផ្សព្វផ្សាយ ទស្សនទានជាតិ របស់ខ្លួនបានល្អជាង គឺជាអ្នកមានប្រៀប។

នៅពេលដែលសង្គមខ្មែរកំពុងតែវង្វេងវង្វាន់ ភាគីថៃដែលកំពុងមានមហិច្ឆតាលេបត្របាក់ទឹកដី ពួកគេបាន​និងកំពុងបន្តសកម្មភាពឈ្លានពានរបស់ខ្លួនយ៉ាងសកម្ម តាមរយៈការរុញច្រានព្រំដែន ការផ្លាស់ប្តូរ​ភូមិ​សាស្ត្រ និងការកសាង ទស្សនទានជាតិនិយម របស់គេយ៉ាងរឹងមាំ។ ក្រុមជាតិនិយមថៃ​មានភាពប៉ិន​ប្រសប់​ក្នុងការបង្កើត «ទឡ្ហីករណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌» តម្រូវតាមមហិច្ឆតារបស់គេ។ តាមរយៈប្រព័ន្ធ​ផ្សព្វផ្សាយតាមបណ្ដាញសង្គម ការអប់រំ និងសកម្មភាពនយោបាយ ពួកគេបាន​ប្រមូលផ្តុំកម្លាំង​សរុប​របស់​ជាតិគេ ដើម្បី​បង្កើត​ជាសំឡេងតែមួយយ៉ាងគគ្រឹកគគ្រេង។

ផ្ទុយទៅវិញ ក្នុងពេលដែលភាគីម្ខាងទៀតកំពុងវាយលុកផ្នែកមនោគមវិជ្ជា អ្នកវិភាគ និងអ្នកបង្កើត​មាតិកា​កម្ពុជា​មួយចំនួន បែរជាបោះបង់ចោលតួនាទីជាអ្នកការពារផ្លូវច្បាប់ និងប្រវត្តិសាស្ត្រជាតិ។ ជំនួសឱ្យការ​ប្រមូលផ្ដុំ​ឯកសារ​ផ្លូវច្បាប់ (ដូចជាសាលដីកា តុលាការ ICJ ឆ្នាំ១៩៦២ កិច្ចព្រមព្រៀងអន្តរជាតិនានា) ដើម្បីកសាងជា ទឡ្ហីករណ៍តបត (Counter-Argument) ទៅកាន់ទស្សនៈរបស់បរទេស ពួកគេបែរជាបង្វែរ​សមរភូមិមក​វាយ​ប្រហារ​​គ្នាឯង។ ការធ្វើបែបនេះ ស្មើនឹងការបើកទ្វារចំហរឱ្យចរន្តគំនិត និង​អំណះ​អំណាង​របស់បរទេសវាយលុក និងចាក់ឫសយ៉ាងជ្រៅ ទាំងក្នុងឆាកអន្តរជាតិ និងក្នុងស្មារតីយុវជនខ្មែរមួយចំនួន។

កាតព្វកិច្ច និងភាពចាស់ទុំរបស់រដ្ឋាភិបាល៖ ស្ថាបត្យករនៃ «ឯកភាពជាតិ»ពិតប្រាកដ

នៅក្នុងទ្រឹស្ដីទំនាក់ទំនងអន្តរជាតិ និងនយោបាយការបរទេសនៃប្រទេសជឿនលឿន មានគោលការណ៍​មាស​មួយគឺ “Politics stops at the water’s edge” (ជម្លោះនយោបាយក្នុងស្រុក ត្រូវតែបញ្ចប់នៅត្រឹមខ្សែ​បន្ទាត់​ព្រំ​ដែន)​។ នៅពេលដែលប្រទេសជាតិប្រឈមមុខនឹងបញ្ហាអធិបតេយ្យភាព គ្រប់និន្នាការទាំងអស់​ត្រូវតែ​ឈរ​ក្នុង​ជំហរតែមួយដោយគ្មានលក្ខខណ្ឌ។ ប៉ុន្តែ ការទាមទារឱ្យប្រជាពលរដ្ឋ និងអ្នកវិភាគឈប់រិះគន់ ហើយងាក​មក​រួបរួមគ្នានេះ មិនអាចកើតឡើងដោយឯកឯង ឬកើតចេញពីការបង្ខិតបង្ខំបានឡើយ។

ក្នុងនាមជាអ្នកកាន់អំណាច និងជាស្ថាប័នដែលមានការទទួលខុសត្រូវខ្ពស់បំផុតលើជោគវាសនាជាតិ រដ្ឋាភិបាល​ត្រូវតែជាអ្នកបោះជំហាន​មុនគេ ក្នុងការបង្ហាញនូវ «ភាពចាស់ទុំខាងនយោបាយ»។ រដ្ឋាភិបាល​គួរតែបើកលំហរ និងទទួលយកជាបណ្តើរៗនូវអ្នកដែលមានមតិផ្ទុយ ដោយមិនត្រូវមើលឃើញ​រាល់ការរិះគន់ថា ជាការវាយប្រហារជានិច្ចនោះទេ។ ទន្ទឹមនឹងនេះ ការពង្រឹងកម្លាំងជាតិទប់ទល់នឹងបរទេស គឺទាមទារ​ជា​ដាច់​ខាត​​នូវការធ្វើ កំណែទម្រង់ស្ថាប័នយ៉ាងស៊ីជម្រៅ ដើម្បីលុបបំបាត់ភាពអសកម្ម អំពើពុករលួយ និង​ភាពអយុត្តិធម៌​នានា ក្នុងគោលដៅកសាងទំនុកចិត្តពេញលេញពីសាធារណជនឡើងវិញ។

ជាងនេះទៅទៀត វោហារស័ព្ទនៃការផ្សះផ្សា និងឯកភាពជាតិ មិនត្រូវទុកឱ្យត្រឹមតែជា​ការអំពាវនាវ​របស់​អ្នកវិភាគ ឬគ្រាន់តែជាពាក្យស្លោករបស់រដ្ឋនោះទេ។ រដ្ឋាភិបាលខ្លួនឯងត្រូវតែធ្វើជាគំរូ (Lead by example) និងបង្ហាញនូវ ឆន្ទៈនយោបាយពិតប្រាកដ ក្នុងការអនុវត្តគោលជំហរ «ខ្មែរតែមួយ» ដោយបើកច្រក​សម្រាប់​ការរួបរួម និងបង្រួបបង្រួមជាតិពិតប្រាកដ ដើម្បីប្រមូលផ្តុំធនធានបញ្ញវន្ត និង​អ្នកនយោបាយ​គ្រប់​និន្នាការ​ទាំងអស់ មកធ្វើជាខែលការពារមាតុភូមិរួម។

សេចក្តីសន្និដ្ឋាន

សេរីភាពបញ្ចេញមតិ គឺជាគុណតម្លៃប្រជាធិបតេយ្យ ប៉ុន្តែវាមិនត្រូវក្លាយជាអាវុធដែលយករកាប់បំពង់កខ្លួនឯង នៅ​ក្នុងបរិបទនៃការការពារអធិបតេយ្យភាពជាតិនោះទេ។ ការស្រែកហៅរកឯកភាពជាតិដែលប្រហោងក្នុង និង​ខ្វះគោលដៅច្បាស់លាស់ពីសំណាក់អ្នកវិភាគមួយចំនួន មិនត្រឹមតែមិនបានជួយការពារជាតិទេ តែវាបាន​ក្លាយ​ជាកត្តាបំផ្លាញដោយប្រយោលនូវថាមពលរួមរបស់ខ្មែរ ដែលជាជ័យជម្នះ​ដោយមិនបាច់ច្បាំង​របស់​ប្រទេសជិត​ខាង​។

កម្ពុជាកំពុងត្រូវការជាបន្ទាន់នូវការផ្លាស់ប្តូរផ្នត់គំនិតដ៏ទូលំទូលាយ ដែលទាមទារឱ្យមានឆន្ទៈ​នយោបាយ​ពិត​ប្រាកដ ទាំងពីសំណាក់រដ្ឋាភិបាលក្នុងការកែទម្រង់ខ្លួនឯង និងភាពចាស់ទុំពីសំណាក់អ្នកវិភាគ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ប្រសិនបើសង្គមខ្មែរនៅតែបន្តវង្វេងនៅក្នុងការប្រើប្រាស់បញ្ហាព្រំដែន ជាឧបករណ៍​សម្រាប់​វាយ​ប្រហារ​គ្នាឯងខាងនយោបាយផ្ទៃក្នុង នោះយើងនឹងបន្តបរាជ័យក្នុងការកសាង ទឡ្ហីករណ៍ជាតិ មួយដែលរឹងមាំ ហើយយើងនឹងក្លាយជាអ្នកចាញ់នៅក្នុងសង្គ្រាមភូមិសាស្ត្រនយោបាយ។ ឯកភាពជាតិពិតប្រាកដ ចាប់ផ្ដើម​ចេញពីការកសាងទំនុកចិត្តរវាងខ្មែរនិងខ្មែរ និងការកំណត់ឱ្យច្បាស់ថា នរណាជាដៃគូ​ប្រកួតប្រជែង​ពិតប្រាកដ​នៅលើឆាកអន្តរជាតិ៕

ចំណាំ៖ អត្ថបទទស្សនៈនេះសរសេរដោយ លោក ឡុង បញ្ញាវុឌ្ឍ ដែលជាមេធាវីនៅ PAN & Associates Law Firm

ព័ត៌មានថ្មី

អត្ថបទពេញនិយម