សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អ្នក​នេសាទ​ខ្មែរ​​២​នាក់​ក្នុង​ចំណោម​៣​នាក់ ​​ត្រូវបាន​អាជ្ញាធរថៃ​ដោះលែង​ បន្ទាប់​ពីជាប់ឃុំ​គ្រប់​ចំនួន​ទោស​

អ្នក​នេសាទ​ខ្មែរ​២​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ត្រាត​របស់​ប្រទេសថៃ ​ដឹក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះកុង​របស់កម្ពុជា ​​នៅ​ច្រកទ្ធារព្រំដែន​ចាំយាម ​នៅ​ព្រឹកថ្ងៃទី​៧ ខែ​កញ្ញា​ ​បន្ទាប់​ពី​បាន​ជាប់​ពន្ធនាគារ​គ្រប់​ចំនួនទោស។ (រូបភាព៖ ឈឹម មករា)
អ្នក​នេសាទ​ខ្មែរ​២​នាក់​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ត្រាត​របស់​ប្រទេសថៃ ​ដឹក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះកុង​របស់កម្ពុជា ​​នៅ​ច្រកទ្ធារព្រំដែន​ចាំយាម ​នៅ​ព្រឹកថ្ងៃទី​៧ ខែ​កញ្ញា​ ​បន្ទាប់​ពី​បាន​ជាប់​ពន្ធនាគារ​គ្រប់​ចំនួនទោស។ (រូបភាព៖ ឈឹម មករា)

អ្នក​នេសាទ​ខ្មែរ​២​នាក់​ក្នុង​ចំណោម​៣​នាក់​​​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ត្រាត​របស់​ប្រទេសថៃ ​ដឹក​មក​ប្រគល់​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះកុង​របស់កម្ពុជា ​​នៅ​ច្រកទ្វារព្រំដែន​ចាំយាម ​នៅ​ព្រឹកថ្ងៃទី​៧ ខែ​កញ្ញា​ ​បន្ទាប់​ពី​បាន​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​​ ទៅ​តាមការ​កាត់ទោស​របស់​តុលាការ​ថៃ ​ពីបទ​ចូល​នេសាទ​ក្នុង​ដែន​ទឹកថៃ ដោយ​ខុសច្បាប់​។

សូម​បញ្ជាក់​ថា​ សំណុំ​រឿង​នេះ ត្រូវ​បាន​ក្រសួង​ការបរទេសកម្ពុជា ​ធ្វើ​ការ​តវ៉ា​​ទាម​ទារ​ឱ្យ​អាជ្ញា​ធរ​ថៃ​ដោះ​លែង​អ្នក​នេសាទ​ខ្មែរ​ទាំង​៣​នាក់​នេះ​​ ចាប់​តាំង​ពីមានការ​ចាប់​ខ្លួន​កាលពីថ្ងៃទី​២២​​ខែកុម្ភៈ ​ឆ្នាំ​២០២៦មក​ម្ល៉េះ​​ ដោយ​សំអាង​ថា យោធា​ជើង​ទឹក​ថៃ​ បាន​ចូល​មក​ចាប់​ខ្លួន​​ប្រជា​នេសាទខ្មែរ​ទាំងនេះ​​ និង​ទូក​នេសាទ​របស់ពួកគេ នៅក្នុង​ដែន​ទឹកកម្ពុជា ​ក្នុង​ខេត្ត​កោះ​កុង​។ ប៉ុន្តែ​អាជ្ញាធរថៃមិន​ព្រមដោះ​លែងឡើយ។

លោក ​ឈិត រតនៈ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្តកោះកុង បាន​ប្រាប់​សារព័ត៌មាន​ខេម​បូចាថា អ្នក​នេសាទ​ខ្មែរ​២​នាក់​ក្នុង​ចំណោម​៣​នាក់ ដែល​ត្រូវ​បាន​យោធា​ជើង​ទឹក​ថៃ​​​ចាប់​ខ្លួន​កាលពីថ្ងៃទី ​២២ ខែកុម្ភៈ​ ឆ្នាំ​២០២៦​ ត្រូវ​បាន​​អាជ្ញាធរ​ថៃ​ដោះ​លែងមក​វិញ​ហើយ​នៅ​​ថ្ងៃទី​៧​ ខែកញ្ញា​នេះ ​តាម​ច្រក​ព្រំដែន​ចាំយាម។

ពួកគេ​ទាំង​២​នាក់ រួម​​មាន​ ​ទី​១ឈ្មោះ​ ជួន សុភាព ​ភេទប្រុស ​អាយុ ​៤២​ឆ្នាំ ​​រស់នៅ​ខេត្ត​កំពត​ជា​កម្មករទូក​នេសាទ​​ និង​ម្នាក់​ទៀត​ឈ្មោះ​ នាង ចាន់ណា ​ភេទប្រុស​អាយុ ២៧​ឆ្នាំ​ ​​ជាកម្មករ​ទូក​នេសាទ រស់នៅ​ខេត្ត​កំពង់​ចាម។

លោក​បញ្ជាក់​ថា៖ «ស្ថានភាព​សុខភាព​ពួកគាត់ទាំងពីរនាក់​​ នៅមាន​ភាពប្រក្រតី​ធម្មតាទេ។ ចាំមើល​គាត់​ត្រឡប់ទៅ​ផ្ទះ​វិញ​ យើង​នឹងតាម​ដាន​សុខ​ភាព​ពួក​គាត់​បន្ត។ ចំពោះម្នាក់​ទៀត​ ខាងភាគី​ថៃ​ មិន​ទាន់​បាន​ដោះ​លែង​នឹង​គឺ​ឈ្មោះ​ ង៉ូវ រ័ត្ន​ ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​រស់នៅ​ខេត្ត​កំពត​​ គឺ​ជាអ្នក​បើកបរ​​ទូក​ ដែល​អាជ្ញា​ធរ​ថៃមិន​ទាន់​ដោះ​លែង​នៅ​ឡើយទេ»។

បើ​តាម​លោក​ ឈិត រតនៈ បន្ទាប់​ពី​​បាន​ទទួលអ្នក​នេសាទ​ខ្មែរ​ទាំង​ពី​រនាក់ ​ពី​អាជ្ញាធរ​ខេត្ត​ត្រាត​​​របស់​ថៃ​ នៅ​ច្រក​ចាំយាម​ ​​ពួកគាត់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​លំនៅ​ឋាន​រៀង​ៗខ្លួន​។

បើ​ទោះ​បីជា​ប្រទេស​ទាំងពីរ ​កើតមាន​ជម្លោះ​ព្រំដែន​ជាង១ឆ្នាំ​មក​ហើយ​យ៉ាងណាក្តី ក៏​​កិច្ច​សហ​ប្រតិបត្តិការ ​រវាង​ខេត្ត​​កោះ​កុង​ ​និង​ខេត្ត​​ត្រាត​​ គឺនៅ​មាន​ទំនាក់​ទំនង​ជាធម្មតា​។

លោក​បានថ្លែងថា៖ «អានេះ​វាជាកិច្ចការ​ការ​ទូត​ យើង​ត្រូវ​តែមាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញទៅមក​ ពីព្រោះ​ករណី​ដែល​មាន​ពលករ​យើង​ ដែល​ត្រូវ​បាន​ភាគីថៃ​បញ្ជូន​មក​ តាម​ច្រក​ចាំយាម​ យើង​ក៏​ត្រូវការ​ទាក់​ទង​ទៅកាន់​ខេត្ត​ត្រាត​ផងដែរ»។

ជាមួយគ្នា​នេះ ​អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្ត​កោះកុង បាន​​អំពាវ​នាវ​ដល់​បងប្អូន​ប្រជា​នេសាទ​មេត្តា​នេសាទ​នៅ​តំបន់​ទឹក​រាក់​ ឬក៏ចៀសឆ្ងាយ​ពី​តំបន់​ព្រំដែន​ទឹក ​រវាង​កម្ពុជា​និង​ថៃ​ដើម្បី​ចៀសវាង​បញ្ហា​ណាមួយ ដែល​អាច​កើតឡើង​ជាយថាហេតុ​។

សារព័ត៌មាន​ខេម​បូចា​ មិន​មាន​ប្រភព​ទាក់​ទង ​​ដើម្បី​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​​ពី​អ្នក​នេសាទ​ខ្មែរ​ទាំង​ពីរនាក់​ដែល​ត្រូវ​បាន​ថៃ​ដោះ​លែង​មក​វិញនោះទេ។ ប៉ុន្តែ​បើ​យោង​តាម​វីដេអូឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ ឃើញ​កូន​ៗ​របស់​អ្នក​នេសាទ​ទាំង​ពីរ​នាក់ ​បាន​រត់​ទៅ​​អោប​ឪពុក​​របស់​ពួកគេ ​ដោយ​ក្តី​នឹក​រឭក ​ហើយ​បាន​យំ។

លោក​ មឿន តុលា នាយកប្រតិបត្តិ អង្គការសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)​បាន​លើកឡើង​ថា ប្រសិន​បើ​ប្រជា​នេសាទខ្មែរ​ទាំងនោះ​ពិត​ជា​ធ្វើ​ការ​នេសាទ ស្ថិត​នៅ​ក្នុង​ដែន​ទឹក​​របស់កម្ពុជា​​ពិត​មែន មិន​គួរ​ត្រូវ​បាន​អាជ្ញាធរ ​ឬ​កង​ទ័ព​បរទេស ​ចូល​មក​ចាប់​ខ្លួន​ពួកគាត់​យកទៅ​នោះទេ​ ហើយ​បើ​មានការចាប់​ខ្លួន​ដូចករណី​ខាងលើ​នេះ អាជ្ញាធរ​កម្ពុជា ​ត្រូវ​មាន​កិច្ច​អន្តរាគមន៍ ​ហើយ​រិះ​រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ការ​ពារ​ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​ជាអ្នក​នេសាទ​ទាំងនោះ​។

លោក​ថ្លែងថា៖ «អាហ្នឹង​វាជារឿង​មួយ​សំខាន់ ​វាជាតួនាទី​របស់​រដ្ឋ ​ហី​បើ​សិន​ជារដ្ឋ​អត់​បាន​ធ្វើ​រឿងហ្នឹងទេ ​អាហ្នឹងជាការ​ខកខាន​របស់​អាជ្ញាធររដ្ឋ​ អាហ្នឹង​ចំណុច​ទី១​។ ចំណុច​ទី​២ ​គួរ​តែ​មាន​ការ​ណែនាំ​​ឱ្យ​បាន​ច្បាស់​លាស់ ​ទៅ​ដល់​ប្រជាពល​រដ្ឋ​ ថា​តើ​ដែន​ទឹក​ត្រឹមណា​ដែល​ប្រជា​នេសាទ​យើង​អាច​ធ្វើការ​នេសាទបាន​ ហើយ​ដែន​ទឹក​ត្រឹម​ណា​ ដែល​ប្រជានេសាទ​មិន​អាច​ចូល​​ទៅ​នេសាទបាន ​ដើម្បី​កុំឱ្យ​មាន​ផល​ប៉ះពាល់ជាអវិជ្ជមាន​ទៅ​ដល់​ពួកគាត់​មាន​ន័យថា​ត្រូវ​បានគេចាប់​ខ្លួន»។

សម្រាប់​លោក ​តុលា បើ​សិន​ជាមាន​កន្លែងណាមួយនៅ​លើដែន​សមុទ្រ​​ ដែលមិន​មាន​ភាព​ច្បាស់លាស់​​រវាង​អាជ្ញាធរ​ថៃ ​និង​អាជ្ញាធរខ្មែរ​ទេ​​នោះ គឺ​​ត្រូវ​តែមាន​ការពន្យល់​ណែនាំទៅ​ដល់​ប្រជាពល​រដ្ឋ​ឱ្យ​បាន​ច្បាស់លាស់​ជាជាង​គាត់​ទៅ​នេសាទ​ដោយ​គិត​ថា ទីនោះ​ជាដែន​ទឹក​របស់​កម្ពុជា ​ហើយ​ត្រូវ​បាន​​យោធាបរទេស​ចាប់​ខ្លួន។

ទាក់​ទង​ទៅ​នឹងការ​ពិន័យ​លោក ​មឿន តុលា ​យល់​ថា វាមិន​មែន​ជាកំហុស​របស់​អ្នក​នេសាទ​ខ្មែរ​ទាំងនោះទេ ​បើ​សិន​ជាដែន​ទឹក​ដែល​ពួកគាត់​ទៅ​នេសាទ ​ជាដែន​ទឹក​របស់​កម្ពុជា ​ហើយ​អាជ្ញាធរ​គួរតែមាន​វិធានការក្នុងការ​ជួយ​ទៅ​ដល់​​ពួកគេ​។

សារព័ត៌មាន​ខេម​បូចា ​មិន​អាច​ទាក់​ទង​លោក​​ ចាន់ រតនា អ្នក​នាំពាក្យ​ក្រសួងការបរទេសកម្ពុជា ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃទី​៧ ខែ​កញ្ញា នេះ។ ប៉ុន្តែ​លោក​ចាន់ រតនា ធ្លាប់​​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន ​កាលពីពេល​កន្លងមក​ថា​ តុលា​ការ​ខេត្ត​ត្រាត​ប្រទេស​ថៃ ​បាន​កាត់​ទោស​អ្នក​នេសាទខ្មែរ​ចំនួន៣នាក់​ ក្នុងនោះ ​២នាក់​ ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ​៤ខែ និង​ពិន័យ​ជាប្រាក់​ក្នុង​ម្នាក់​ៗ ៩ម៉ឺនបាត (១០លាន​រៀល)​ និង​អ្នក​បើក​បរ​ទូក​នេសាទម្នាក់​ទៀត ​ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាការ ​១ឆ្នាំ ៤​ខែ ​និង​ពិន័យ​ជា​ប្រាក់​ជាង​ ២ម៉ឺន​បាត ​(១៤លាន​រៀល)​បើ​ទោះ​បីជាមាន​ការតវ៉ាជំទាស់​​យ៉ាងខ្លាំង​ជាបន្តបន្ទាប់​​ពី​តំណាង​កុង​ស៊ុល​កម្ពុជា​ ប្រចាំនៅ​ខេត្ត​ស្រះកែវ ​ប្រទេសថៃ​យ៉ាងណាក៏ដោយ។

សូម​បញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិកម្ពុជា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​​ ទាមទារ​ឱ្យ​ប្រទេស​ថៃ ដោះលែង​ពលរដ្ឋ​កម្ពុជា​ដែល​ជាអ្នក​នេសាទ​៣នាក់ រួម​នឹង​ទូក​នេសាទ​របស់​ពួកគេ​វិញ​ជាបន្ទាន់ បន្ទាប់ពី​អ្នក​​ទាំងនោះ ​ត្រូវ​បាន​កងទ័ព​ជើងទឹក​ថៃចាប់​ខ្លួនក្នុង​ថ្ងៃដដែល​នោះ​។

ក្រសួង​ការបរទេស​បញ្ជាក់​​ថា អ្នកនេសាទ​ជនជាតិ​ខ្មែរ​ទាំង៣នាក់​នោះ ត្រូវ​បាន​កងទ័ព​ជើងទឹក​ថៃ ចូល​មក​ចាប់​ខ្លួន ​កាលពី​ថ្ងៃទី​២២ ខែ​កុម្ភៈ និង​រឹបអូស​ទូក​នេសាទ​របស់​ពួកគេ ត្រង់​ទីតាំង​ស្ថិត​នៅ​ចម្ងាយ​ជាង៧​ម៉ាយល៍​សមុទ្រ (៧,២ ​ម៉ាយល៍​សមុទ្រ) ប្រហែល​ជាង១១​គីឡូ​ម៉ែត្រ (១១,២៦​ គីឡូម៉ែត្រ) ពី​កោះយ៉ ដែល​ស្ថិត​ក្នុង​ខេត្ត​កោះកុង។ សកម្មភាព​នេះ គឺជា​ការ​រំលោភ​យ៉ាង​ច្បាស់​លើ​អធិប​តេយ្យ និង​ដែនទឹក​របស់​កម្ពុជា ព្រមទាំង​ច្បាប់​អន្តរជាតិ​ផង​ដែរ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម