ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ បានធ្វើការបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យចំនួន៤នាក់ (ជនជាតិខ្មែរ និងចិន) ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន។ យោងតាមហ្វេសប៊ុកផេករបស់អគ្គស្នងការដ្ឋានគនរបាលជាតិ។
កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ សហការជាមួយ នគរបាលខណ្ឌច្បារអំពៅ និងនគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តិនៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
ជនសង្ស័យទាំង៤នាក់ រួមមាន ឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិ ខ្មែរ។ ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ។ ឈ្មោះ WONG YENLONG ភេទប្រុសអាយុ៣១ ជនជាតិចិន។ ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ ជនជាតិចិន ។
ជនរងគ្រោះពីរនាក់ដែលត្រូវបានជនសង្ស័យសម្លាប់ រួមមាន ឈ្មោះ តាំង ស៊ីម៉េង ភេទប្រុស (ក្លែងភេទជាស្រី) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា។ ឈ្មោះ អែម គីមស៊្រុន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត តាក់ស៊ី មានទីលំនៅស្នាក់នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញសាកសពជនរងគ្រោះទាំងពីរខាងលើ កប់ក្នុងរណ្តៅលូ មានចាក់បេតុងពីលើ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
វត្ថុតាងដែលចាប់យកមាន ដំបង ចំនួន១, ពូថៅ ចំនួន១, ខ្សែភ្លើងមួយចំនួន និងទូរស័ព្ទម៉ាកអាយហ្វូន ១គ្រឿង។
អគ្គស្នងការដ្ឋានគនរបាលជាតិបានបន្ថែមថា បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕










