មន្រ្តីជាន់ខ្ពស់កម្ពុជា បញ្ជាក់ប្រាប់បណ្ដាអង្គទូត និងអង្គការអន្តរជាតិ ថា ក្នុងប្រទេសកម្ពុជាលែងមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទៀតហើយ បន្ទាប់ពីការដាក់ចេញយុទ្ធនាការបង្រ្កាបរយៈពេលជាង១ឆ្នាំ និងបានឃាត់ខ្លួនជនសង្ស័យសរុបជិត៣ម៉ឺននាក់។ នេះបើតាមគេហទំព័រក្រសួងព័ត៌មាន។
ក្រសួងព័ត៌មានបានចេញផ្សាយនៅថ្ងៃទី២៨ ខែសីហាថា ការបញ្ជាក់នេះ ធ្វើឡើងក្នុងកិច្ចប្រជុំ ផ្តល់បច្ចុប្បន្នភាពស្តីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជូនដល់តំណាងអង្គទូតបរទេស និងអង្គការអន្តរជាតិប្រចាំកម្ពុជាប្រមាណ៥០នាក់ នៅទីស្ដីការក្រសួងការបរទេស នាថ្ងៃទី២៧ ខែសីហា។
ក្នុងកិច្ចប្រជុំ ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ ថ្លែងថា បច្ចុប្បន្ននេះ ពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទៀតទេ បន្ទាប់ពីការបោសសម្អាតទ្រង់ទ្រាយធំបានទាំងស្រុង និងការចាត់វិធានការផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់លើជនល្មើស បណ្តាញ និងមន្ត្រីពាក់ព័ន្ធ។
លោក ស៊ីណារិទ្ធ បន្តថា យុទ្ធនាការបោសសម្អាតទីតាំងឆបោកធំៗបានទាំងស្រុងនេះ បានចំណាយពេលជាង១ឆ្នាំ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ ក្នុងនោះសមត្ថកិច្ចបានបង្រ្កាបចំនួន ៦២៤ទីតាំង និងឃាត់ខ្លួនមុខសញ្ញាសង្ស័យសរុបជិត៣ម៉ឺននាក់ មាន៣៩សញ្ជាតិ។
លោកបន្តទៀតថា អាជ្ញាធរកម្ពុជា ក៏បានជួយសង្រ្គោះ និងបញ្ជូនទៅកាន់មាតុប្រទេសពួកគេវិញនៃជនបរទេសសរុបជិត៦ម៉ឺននាក់ មាន៣៨សញ្ជាតិ ដែលជាមុខសញ្ញាពាក់ព័ន្ធផ្ទាល់នឹងបទល្មើសឆបោកតាមអនឡាញផងដែរ។
យ៉ាងណាក៏ដោយលោកថា ក្រៅពីការបណ្ដេញចេញ អាជ្ញាធរក៏បានចាត់វិធានការផ្លូវច្បាប់ លើជនសង្ស័យជិត ៣ ៥០០នាក់ មាន២៩សញ្ជាតិ ដោយឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ។ ក្នុងនោះរួមមាន ជនជាតិចិន វៀតណាម ខ្មែរ ប៉ាគីស្ថាន ថៃ ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី ស្វីស ជាដើម។ ជាងនេះទៅទៀត សមត្ថកិច្ចកម្ពុជាក៏កំពុងស្វែងរកការចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន៨៥៥នាក់បន្ថែមទៀត តាមដីការបស់តុលាការ។
មន្រ្តីជាន់ខ្ពស់រូបនេះបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានចាត់វិធានការលើមន្រ្តីរាជការដែលពាក់ព័ន្ធនឹងបទល្មើសឆបោកតាមបច្ចេកវិទ្យានេះផងដែរ ដែលមានទាំង ព្រះរាជអាជ្ញារង អគ្គនាយករងអន្តោប្រវេសន៍ ស្នងការរងរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស រួមទាំងមន្រ្តីនគរបាល និងយោធាមួយចំនួនទៀតផង។
តែទោះជាយ៉ាងណា លោកក៏បានលើកឡើងដែរ នៅពេលដែលទីតាំងធំៗត្រូវបានបោសសម្អាតទាំងស្រុង ឧក្រិដ្ឋជនបានបង្វែរកន្លែងឆបោកទៅធ្វើលួចលាក់តាមផ្ទះសំណាក់ ខុនដូ ផ្ទះជួល រថយន្ត និងហាងកាហ្វេ ដែលអាជ្ញាធរកម្ពុជា ក៏កំពុងបន្តស្រាវជ្រាវ និងបង្រ្កាបដោយគ្មានការលើកលែងផងដែរ។
ជុំវិញករណីនេះ បន្ទាប់ពីបិទទីតាំងធំៗដែលប្រព្រឹត្តអំពើឆបោក កាលពីពេលថ្មីៗនេះ នគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបង្រ្កាបបទល្មើសឆបោកតាមអនឡាញនេះ ប៉ុន្តែនៅទីតាំងដែលជាផ្ទះរបស់ពលរដ្ឋផ្ទាល់ដែលជាជនសង្ស័យប្រព្រឹត្តអំពើឆបោក។ នគរបាលបានបញ្ជូន មនុស្សចំនួន៦នាក់ (ស្រី២នាក់) ដែលជាពលរដ្ឋខ្មែរ ទៅកាន់តុលាការដើម្បីបន្តនីតិវិធី។
អធិការនគរបាលស្រុកត្រពាំងប្រាសាទលោក ជ័យ វាសនា លើកឡើងថា ការឈានទៅចាប់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើសនេះ បន្ទាប់ពីពួកគេត្រឡប់មកស្រុកកំណើតវិញ ក្រោយបាត់បង់ការងារពាក់ព័ន្ធនឹងការឆបោកតាមអនឡាញ ដោយសារការបង្រ្កាបខ្លាំងក្លា។
លោកបន្តថា ជាធម្មតាតាមភូមិ អាជ្ញាធរនៅមូលដ្ឋាន បានដឹងព័ត៌មានកូនៗរបស់អ្នកភូមិពាក់ព័ន្ធនឹងការងាររបស់ពួកគេ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចបានសង្កេតឃើញថា ជនសង្ស័យសម្ងំតែក្នុងផ្ទះចាប់ពីម៉ោង៣រសៀល រហូតដល់ស្អែកព្រឹក ដែលជាម៉ោងអាចទំនាក់ទំនងជាមួយអ្នកនៅក្រៅប្រទេស។ លោកបន្ថែមថា សមត្ថកិច្ចក៏ផ្ដើមចាត់វិធានការ ក្រោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
លោកបន្ថែមថា៖ «ធម្មតាពាក់ព័ន្ធនឹងស្កេមនេះ គាត់ទាក់ទងជាមួយជនបរទេសនៅក្រៅប្រទេស។ ចឹងនៅក្រៅប្រទេសម៉ោងពេលវេលា ខុសពីពេលវេលានៅមូលដ្ឋាន។ ចឹងម៉ោងដែលគាត់ធ្វើសកម្មភាពចូលក្នុងផ្ទះ ក្នុងបន្ទប់ដែលអត់ចេញភាគច្រើនពីម៉ោង៣រសៀល រហូតដល់ព្រឹក ចឹងយើងកំណត់ដឹង។ ដល់ពេលប្រមូលព័ត៌មានផ្សេងៗទៀតបានគ្រប់ជ្រុងជ្រោយបានយើងទៅធ្វើការងាររដ្ឋបាល»។

អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី យល់ឃើញថា យន្តការរដ្ឋមិនគួរផ្តោតតែការចុះបិទអគារ ឬចាប់ជនបរទេសទេ តែត្រូវពង្រឹងការស៊ើបអង្កេតឌីជីថល តាមដានលំហូរប្រាក់ គណនីធនាគារ ស៊ីមទូរសព្ទ និងបណ្តាញអ្នករៀបចំនៅពីក្រោយ ហើយសហការជាមួយធនាគារ ក្រុមហ៊ុនទូរគមនាគមន៍ និងប្រទេសជិតខាង ដើម្បីកាត់បណ្តាញទាំងមូល។
លោក វណ្ណលី បានថ្លែងថា៖ «ខ្ញុំយល់ថា ការប្រកាសថា ពុំមានមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជាទៀតទេ គឺផ្ទុយនឹងស្ថានភាពជាក់ស្តែង ព្រោះករណីថ្មីៗដែលពលរដ្ឋខ្មែរអាចប្រព្រឹត្តអំពើឆបោកពីផ្ទះខ្លួនឯង បង្ហាញថា បញ្ហានេះកំពុងប្តូររូបរាងពីមជ្ឈមណ្ឌលធំ ទៅជាប្រតិបត្តិការតូចៗ បែកខ្ញែក និងពិបាកតាមដានជាងមុន»។
ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ រដ្ឋាភិបាលចេញវិធានការតឹងរឹងបង្ក្រាប់ទីតាំង ឬមជ្ឍមណ្ឌលឆបោកតាមអនឡាញធំៗ ប៉ុន្តែមួយរយៈចុងក្រោយនេះ ក៏លេចចេញមានលក្ខណៈគ្រួសារ និងបក្សពួកពីរបីនាក់។
ហេតុនេះ អ្នកជំនាញ រូបនេះបានបន្តទៀតថា ពលរដ្ឋខ្មែរដែលចូលរួមក្នុងសកម្មភាពបែបនេះ រដ្ឋអាចមានជម្រើស២ ក្នុងការអនុវត្តវិធាន។ ក្នុងនោះទី១ អ្នករៀបចំ អ្នករកប្រាក់ចំណេញ អ្នកបោកប្រាស់ដោយចេតនា និងអ្នកដែលធ្វើឱ្យជនរងគ្រោះខាតបង់ គួរអនុវត្តតាមច្បាប់។
ចំណែកទី២ ចំពោះពលរដ្ឋខ្មែរដែលចូលរួមប្រព្រឹត្ត ដោយសារអត់ការងារ ខ្វះជំនាញ ឬត្រូវបានបញ្ចុះបញ្ចូលនោះ រដ្ឋគួរមានកម្មវិធីស្តារនីតិសម្បទា បណ្តុះបណ្តាលជំនាញឌីជីថលស្របច្បាប់ និងភ្ជាប់ពួកគេទៅទីផ្សារការងារ ដើម្បីកុំឱ្យពួកគេត្រឡប់ទៅរកបទល្មើសវិញ។
លោកបន្ថែមថា៖ «បញ្ហាធំជាងនេះគឺ រដ្ឋត្រូវសួរថា ហេតុអ្វីបានជាប្រជាពលរដ្ឋខ្លះយល់ថា ការឆបោកអនឡាញជាមុខរបរដែលអាចរកចំណូលបាន? បើទីផ្សារការងារនៅតែខ្សោយ ប្រាក់ឈ្នួលទាប ជំនាញឌីជីថលត្រឹមត្រូវមិនគ្រប់គ្រាន់ និងការអប់រំអំពីឧក្រិដ្ឋកម្មបច្ចេកវិទ្យានៅតិច បញ្ហានេះអាចបន្តកើតជាទម្រង់ថ្មីៗ។ ដូច្នេះ ការបង្ក្រាបតែមួយមុខមិនគ្រប់គ្រាន់ទេ»។
លោក វណ្ណលី បានផ្តល់ជាអនុសាសន៍ថា ត្រូវមានវិធានការអប់រំតាំងពីសាលារៀន យុទ្ធនាការសាធារណៈអំពីវិធីសាស្ត្រឆបោកថ្មីៗ ហើយរដ្ឋាភិបាលគួរឈប់វាស់ភាពជោគជ័យត្រឹមចំនួនទីតាំងដែលបានបិទ ឬមនុស្សដែលបានចាប់ ដោយប្តូរទៅវាស់ថា តើចំនួនជនរងគ្រោះ និងការខាតបង់ថយចុះពិតប្រាកដ ឬអត់ និងតើបណ្តាញហិរញ្ញវត្ថុត្រូវបានកាត់ផ្តាច់ ឬនៅ និងតើមានអ្នករៀបចំធំៗណាខ្លះត្រូវបានផ្តន្ទាទោសនោះ។
ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា ថ្លែងថា ក្រោយការបង្រ្កាបបទល្មើសបច្ចេកវិទ្យាយ៉ាងខ្លាំងក្លា មានជនបរទេសសរុបប្រមាណ៣៦ម៉ឺននាក់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញ និងស្ម័គ្រចិត្តចេញដោយខ្លួនឯងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអាជ្ញាធរនឹងបន្តបង្រ្កាបបទល្មើសនេះបន្ថែមទៀត។
លោក សុខា ឱ្យដឹងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រហែល៨០ភាគរយនៃការជួញដូរមនុស្ស ត្រូវបានក្រុមឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីអូសទាញពីកម្ពុជាទៅធ្វើការនៅក្រៅប្រទេស និងពីក្រៅប្រទេសមកកម្ពុជា។
ក្រសួងព័ត៌មាន ឱ្យដឹងដែរថា នៅថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៦ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ក្រោមមូលបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដោយមានការចូលរួមពីតំណាងរដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នអនុវត្តច្បាប់ គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានស្រាវជ្រាវ និងភាគីពាក់ព័ន្ធនានា ដើម្បីចែករំលែកបទពិសោធន៍ ឧត្តមានុវត្តន៍ និងពង្រឹងកិច្ចសហការរួមគ្នាចំពោះការគំរាមកំហែងជាសកលនេះ៕









