តំណាងសាសនាធំៗទាំងបីនៅក្នុងប្រទេសកម្ពុជា រួមមានសាសនាព្រះពុទ្ធ សាសនាគ្រិស្ត និងសាសនាអ៊ិស្លាម ប្ដេជ្ញាចិត្តសហការគ្នា និងចូលរួមជាមួយរដ្ឋាភិបាលដើម្បីបង្ការ និងទប់ស្កាត់ការជួញដូរមនុស្ស ដោយផ្សព្វផ្សាយពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សតាមរយៈវិហារសាសនា។
ការប្ដេជ្ញាចិត្តនេះធ្វើឡើងក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជារួមគ្នាបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»។
ក្នុងពិធីខាងលើ សម្តេចព្រះអរិយវង្ស យ៉ន សេង យៀត ព្រះចៅអធិការវត្តឧណ្ណាលោម និងជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា ព្រះសង្ឃក្នុងព្រះពុទ្ធសាសនានឹងចូលរួមទប់ស្កាត់អំពើជួញដូរមនុស្ស តាមរយៈការបង្រៀននូវមេត្តាធម៌ឱ្យបានច្រើនដល់មនុស្សជាតិក្នុងសង្គម។
ព្រះអង្គលើកឡើងថា៖ «ក្នុងនាមអ្នកកាន់ព្រះពុទ្ធសាសនា អាត្មាជាមួយនឹងព្រះសង្ឃដទៃ នឹងចូលរួមឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្រៀននូវក្ដីស្រឡាញ់ និងទប់ស្កាត់ តាមលទ្ធភាពដែលអាចធ្វើទៅបាន»។
រីឯតំណាងសាសនាអ៊ិស្លាមទូទាំងប្រទេសកម្ពុជា លោក មោសា អះម៉ាត់ ថ្លែងថា សាសនាអ៊ិស្លាម ប្ដេជ្ញាគាំទ្ររាជរដ្ឋាភិបាល ដោយផ្ដល់ចំណេះដឹងតាមព្រះវិហារ តាមសូរ៉ាវ និងសាលារៀន អំពីហានិភ័យនៃការជួញដូរមនុស្ស។ ក្នុងករណីសង្ស័យ នឹងបញ្ជូនជនរងគ្រោះរកសេវាគាំទ្រសមស្រប។
តំណាងសាសនាអ៊ិស្លាមរូបនេះថ្លែងថា៖ «ប្ដេជ្ញាគាំទ្រគោលនយោបាយ របស់រដ្ឋាភិបាលគ្រប់កាលៈទេសៈ ប្ដេជ្ញាថ្ដោលទោសការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចមនុស្សគ្រប់ទម្រង់។ ប្ដេជ្ញាផ្ដល់ចំណេះដឹងតាមព្រះវិហារ តាមសូរ៉ាវ និងសាលារៀន អំពីហានិភ័យ នៃការជួញដូរមនុស្ស។ ប្ដេជ្ញាធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសាសនាផ្សេងៗទៀត» ។ លោក អះម៉ាត់ បន្តថា៖«ប្ដេជ្ញាសហការជាមួយអាជ្ញាធរដើម្បីរាយការណ៍ ករណីសង្ស័យ និងជួយបញ្ជូនជនរងគ្រោះ ទៅរកសេវាគាំទ្រដែលសមស្រប»។
ចំណែកតំណាងសាសនាគ្រិស្ត លើកឡើងដែរថាសាសនាគ្រិស្តក៏នឹងផ្សព្វផ្សាយ ផ្ដល់ព័ត៌មាន និងបង្រៀនគ្រិស្តបរិស័ទក្នុងការបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាជាប់ជាប្រចាំ។ បន្ថែមពីនេះ ប្ដេជ្ញាចិត្ត អធិដ្ឋាន ជាប្រចាំសម្រាប់ជនរងគ្រោះ សម្រាប់អស់អ្នកដែលប្រឈមនឹងគ្រោះថ្នាក់ និងក្រុមអ្នកជួយសង្រ្គោះពីការកេងប្រវ័ញ្ច និងអំពើជួញដូរមនុស្ស។
តំណាងសាសនាគ្រិស្តរូបនេះថ្លែងថា៖ «ប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ និងបណ្ដាញព្រះវិហារគ្រិស្តបរិស័ទ ព្រមទាំងសាសនាដទៃទៀត ដើម្បីរាយការណ៍អំពីករណីសង្ស័យ ក៏ដូចជាចូលរួមក្នុងយុទ្ធនាការតស៊ូមតិ ដើម្បីបង្ការនិងទប់ស្កាត់អំពើជួញដូរមនុស្ស គ្រប់ទម្រង់ ក្នុងសម័យឌីជីថលនេះ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា»។
ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សនេះដែរ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលោកស្រី ជូ ប៊ុនអេង ថ្លែងថា សព្វថ្ងៃបច្ចេកវិទ្យាកាន់តែទំនើបដែលនាំឱ្យឧក្រិដ្ឋជនងាយស្រួលក្នុងការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ និងកាន់តែមានប្រសិទ្ធភាព។
លោកស្រីបានថ្លែងថា ហេតុនេះ ការអប់រំចិត្តតាមគន្លងសាសនាមានសារៈសំខាន់ដើម្បីសង្កត់ចិត្តមនុស្ស កុំឱ្យបាត់សតិ និងលង់ខ្លួនក្នុងភាពលោភលន់គ្មានព្រំដែន។
លោកស្រីបញ្ជាក់ថា៖ «ការអប់រំចិត្តតាមគន្លងនៃសាសនាគឺពិតជាមានសារៈសំខាន់ ហើយក៏គប្បីប្រកាន់ភ្ជាប់នៃការអប់រំនេះ ឱ្យបានកាន់តែទូលំទូលាយ ដើម្បីទប់ស្កាត់ការបាត់បង់សតិ ដែលធ្វើឱ្យមនុស្សលង់ខ្លួនទៅក្នុងភាពលោភលន់គ្មានព្រំដែន រហូតដល់ខ្លួនវិនាសអន្តរាយ តាំងពីវ័យក្មេង ជាកុមារ ជាយុវជន រហូតដល់មនុស្សចាស់ និងគ្រប់ស្រទាប់នៃមហាជនគ្រប់ច្រកល្ហក ទាំងមន្រ្តីរាជការស៊ីវិលគ្រប់លំដាប់ថ្នាក់ ទាំងសមត្ថកិច្ចគ្រប់ផ្នែកទូទៅ»។
រីឯរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា ក៏បានស្នើឱ្យអ្នកកាន់សាសនាព្រះពុទ្ធ សាសនាគ្រិស្ត និងសាសនាអ៊ិស្លាមនៅកម្ពុជា គិតគូរក្នុងការរៀបចំរចនាសម្ព័ន្ធដើម្បីប្រែក្លាយទីតាំងវិហារសាសនា ទៅជាកន្លែងផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាប្រឈម និងហានិភ័យនៃការជួញដូរមនុស្ស។
បន្ថែមពីលើនេះ លោក ស សុខា ក៏ស្នើឱ្យសាសនាធំៗទាំងបីនៅកម្ពុជា ជួយផ្សព្វផ្សាយពាក់ព័ន្ធនឹងការជួញដូរមនុស្សទៅដល់ពលរដ្ឋតាមរយៈព្រះវិហារសាសនាដែលមានអ្នកប្រតិបត្តិច្រើនដើម្បីចូលរួមកាត់បន្ថយការជួញដូរមនុស្ស។
លោកអះអាងថា ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស អាជ្ញាធរនឹងមិនអាចសម្រេចបាននោះទេ ប្រសិនបើគ្មានការចូលរួមពីអ្នកកាន់សាសនាធំៗទាំងបី។
លោកបានថ្លែងថា៖ «គិតគូរក្នុងការប្រើបណ្ដាញ ជាពិសេសការរៀបចំរចនាសម្ព័ន្ធក្នុងការទំនាក់ទំនង ប្រែក្លាយវត្តអារាម វិហារអ៊ិស្លាម និងវិហារគ្រិស្តមួយចំនួនដែលមានការចូលរួមច្រើន ឬមួយអ្នកប្រតិបត្តិច្រើន ដើម្បីជាអ្នកធ្វើមេក្រូផ្សព្វផ្សាយព័ត៌មានបន្ថែម ទៅលើហានិភ័យ [នៃអំពើជួញដូរមនុស្ស] នេះ» ។
កម្ពុជាត្រូវបានចាត់ទុកថា ជាគោលដៅសំខាន់មួយនៅក្នុងតំបន់ សម្រាប់ក្រុមឧក្រិដ្ឋជនដែលធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងនោះរួមមានការឆបោកតាមរយៈស្នេហាក្លែងក្លាយ និងការវិនិយោគរូបិយបណ្ណឌីជីថល (cryptocurrency) ក្លែងក្លាយ ដែលជាញឹកញាប់ដំណើរការពីទីតាំងអគារដែលមានការយាមកាមយ៉ាងតឹងរ៉ឹង និងពឹងផ្អែកលើកម្លាំងពលកម្មដែលត្រូវបានបង្ខំ។
សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក បានជំរុញឱ្យកម្ពុជាកម្ទេចឧស្សាហកម្មនេះ ដែលត្រូវបានរាយការណ៍ថា បានបោកប្រាស់ប្រាក់លើសពី ១២.៥ ពាន់លានដុល្លារ ក្នុងមួយឆ្នាំពីជនរងគ្រោះទូទាំងពិភពលោក។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា ក៏លើកឡើងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រហែល៨០ភាគរយនៃការជួញដូរមនុស្ស ត្រូវបានក្រុមឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាដើម្បីអូសទាញពីកម្ពុជាទៅធ្វើការនៅក្រៅប្រទេស និងពីក្រៅប្រទេសមកកម្ពុជា។
បើតាមលោក ស សុខា ថ្មីៗនេះតាមរយៈការបង្រ្កាបបទល្មើសបច្ចេកវិទ្យាយ៉ាងខ្លាំងក្លា មានជនបរទេសសរុបប្រមាណ៣៦ម៉ឺននាក់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញ និងស្ម័គ្រចិត្តចេញដោយខ្លួនឯងពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអាជ្ញាធរនឹងបន្តបង្រ្កាបបទល្មើសនេះបន្ថែមទៀត។
នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់លោក មឿន តុលា ថ្លែងថា លោកគាំទ្រចំពោះគំនិតផ្ដួចផ្ដើមផ្សព្វផ្សាយអប់រំអំពីការជួញដូរមនុស្សតាមរយៈវិហារសាសនា។ ស្របពេលជាមួយគ្នា នេះលោកយល់ថា អាជ្ញាធររដ្ឋត្រូវដាក់ទោសចំពោះអ្នកពាក់ព័ន្ធនឹងការជួញដូរមនុស្ស ជាពិសេសមេក្លោងធំៗ ទើបអាចកម្ចាត់បទល្មើសនេះយ៉ាងមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «ទាល់តែមានការដាក់ទោសទណ្ឌដល់មេក្លោងធំៗ អាហ្នឹងបានអាច ទប់ស្កាត់បទល្មើសមានប្រសិទ្ធភាពបាន» ៕










