គ្រួសារពលករខ្មែរ ដែលគេជឿថាជាប់នៅក្រោមគំនរបាក់បែកនៃអគារការិយាល័យសវនកម្មរដ្ឋកម្ពស់ ៣០ ជាន់ក្នុងទីក្រុងបាងកក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ា នៅតែរង់ចាំសំណងពីអាជ្ញាធរថៃ។ រហូតមកដល់ពេលនេះ មនុស្សចំនួន ៥១នាក់ មានសញ្ជាតិផ្សេងៗគ្នា ត្រូវបានបញ្ជាក់ថាបានស្លាប់ និង៤៣នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
អ្នកស្រី ឆាយ សោភ័ណ្ឌ ជាម្ដាយរបស់លោក ផល្លា រតនា ស្ថិតក្នុងចំណោមពលរដ្ឋខ្មែរពីរនាក់ដែលបានស្លាប់ក្នុងការបាក់អគារនោះ បានឱ្យដឹងថា អាជ្ញាធរថៃកំពុងព្យាយាមរកអត្តសញ្ញាណអ្នកស្លាប់ និងបោសសម្អាតកម្ទេចកម្ទី។
វិទ្យាស្ថានកោសល្យវិច័យនៃមន្ទីរពេទ្យនគរបាលជាតិក្នុងប្រទេសថៃបានលាតត្រដាងថា លទ្ធផល DNA បានបញ្ជាក់ថា រតនា ជាកូនរបស់អ្នកស្រី សោភ័ណ្ឌ និងស្វាមីឈ្មោះ សៅ ផល្លា ដែលបានស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៧,៧ រិចទ័រ ដែលបានវាយប្រហារប្រទេសពីមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៧ ខែមេសា បានឲ្យដឹងថាពលករខ្មែរចំណាកស្រុកម្នាក់ទៀតដែលត្រូវបានគេប្រទះឃើញស្លាប់នៅការដ្ឋាននោះមានឈ្មោះ មាស សាវ៉ាង អាយុ២៣ឆ្នាំ មកពីស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
អ្នកស្រី សោភ័ណ្ឌ បានប្រាប់ សារព័ត៌មានខេមបូចា ថា ពិធីបុណ្យសពកូនប្រុសរបស់អ្នកស្រីបានបញ្ចប់ហើយ ហើយពេលនេះកំពុងរង់ចាំសំណងពីអាជ្ញាធរថៃ។
អ្នកស្រី សោភ័ណ្ឌ បានបន្តថា កូនប្រុសរបស់អ្នកស្រីបានតាមអ្នកស្រីទៅប្រទេសថៃតាំងពីអាយុ៧ឆ្នាំ។ រតនា អាយុ២៤ឆ្នាំ បម្រើការងារជាជាងអគ្គិសនីបានរយៈពេលមួយខែ នៅឯការដ្ឋានអគារក្នុងទីក្រុងបាងកក អ្នកស្រីបានបន្ថែមថា អ្នកស្រីស្ទើរតែមិនជឿថាមានឧបទ្ទវហេតុសោកនាដកម្មនេះបានកើតឡើង ហើយបានសម្លាប់មនុស្សអស់ជាច្រើននាក់។
អ្នកស្រី សោភ័ណ្ឌ បានលើកឡើងថា៖ «យើងមិនទាន់ទទួលបានសំណងណាមួយនៅឡើយទេ ដោយសារយើងត្រូវការសំបុត្រមរណភាពពីអាជ្ញាធរ។ ខ្ញុំចង់បានដំណោះស្រាយ [សំណង] ទោះបីជាវាមិនអាចប្រៀបធៀប ឬស្មើនឹងជីវិតកូនប្រុសខ្ញុំក៏ដោយ។ ជីវិតរបស់គាត់មានតម្លៃ»។
ខណៈអាជ្ញាធរថៃកំពុងតែរើកម្ទេចកម្ទីអគារ អ្នកស្រីបានប្រាប់ថា សាច់ញាតិរបស់ពលករខ្មែរដែលបាត់ខ្លួនកំពុងរង់ចាំនៅប្រទេសថៃក្នុងករណីរកឃើញសាច់ញាតិរបស់ពួកគេ។ ទោះជាយ៉ាងណា អ្នកស្រីនឹងត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីរស់នៅជាមួយក្រុមគ្រួសារបន្ទាប់ពីកូនប្រុសគាត់ស្លាប់។
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន មានប្រសាសន៍ថា ក្រៅពីកម្មករខ្មែរទាំងពីរនាក់ដែលបានស្លាប់នោះ មានកម្មករខ្មែរពីរនាក់ទៀតរងរបួស។
ស្ថានទូតកម្ពុជាប្រចាំទីក្រុងបាងកក និងក្រុមមកពីក្រសួងកំពុងធ្វើការដើម្បីដំណើរការឯកសារដែលតម្រូវដោយអាជ្ញាធរថៃ។ លោកបានប្រាប់ សារព័ត៌មានខេមបូចា ថា៖ «អាជ្ញាធរថៃបានបញ្ឈប់ការរញ្ជួយដី [ការឆ្លើយតបគ្រោះមហន្តរាយ] ប៉ុន្តែពួកគេនៅតែកំពុងយកកម្ទេចកម្ទីចេញពីកន្លែងនោះ»។
លោក អ៊ន បានបន្ថែមថា ការចំណាយបុណ្យសពជាបន្ទុករបស់ក្រសួង ហើយនឹងបន្តត្រួតពិនិត្យលើសំណងដែលត្រូវផ្ដល់ឲ្យគ្រួសារសពពីភាគីថៃ។

យោងតាមកាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ថា ជនជាតិថៃចំនួនបីនាក់ និងនាយកប្រតិបត្តិជនជាតិចិនម្នាក់នៃក្រុមហ៊ុន China Railway No.10 (Thailand) Co ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើការសាងសង់អគារការិយាល័យសវនកម្មរដ្ឋត្រូវបានចាប់ខ្លួនដោយនាយកដ្ឋានស៊ើបអង្កេតពិសេសកាលពីថ្ងៃសៅរ៍ទី១៩ ខែមេសា។
បើតាម អង្គការសង់ត្រាល់ ពលករខ្មែរពីរនាក់ប្តីប្រពន្ធ ដែលគេស្គាល់ឈ្មោះ សាន សឿន និង សុខ គឹមសី មកពីភូមិតាម៉ា សង្កាត់ម៉ាក់ប៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មិនទាន់រកឃើញនៅឡើយ។ ពួកគេធ្វើការជាជាងអិដ្ឋការ៉ូក្នុងការដ្ឋានសំណង់។
នៅថ្ងៃទី១៧ ខែមេសា កាសែត The Nation បានរាយការណ៍ថាជនរងគ្រោះចំនួន ៣៣ នាក់ដែលត្រូវបានទាញចេញពីគំនរបាក់បែកត្រូវបានគេកំណត់អត្តសញ្ញាណវិជ្ជមាន។ ក្នុងនោះមានជនជាតិថៃ២២នាក់ ជនជាតិមីយ៉ាន់ម៉ា១០នាក់ និងខ្មែរម្នាក់៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Families of Dead or Missing Relatives in Bangkok Building Collapse Continue to Wait for Compensation