ការប្រមាថមើលងាយនៅលើបណ្តាញសង្គម បានជំរុញឱ្យកម្មករជិត ៦០០០នាក់នៅរោងចក្រ យីដា ក្នុងខេត្តកណ្តាល ផ្ទុះការតវ៉ាបិទផ្លូវនៅមុខរោងចក្រ រហូតបង្ខំឱ្យបុគ្គលិកផ្នែករដ្ឋបាលម្នាក់ សម្រេចចិត្តលាឈប់ពីការងារភ្លាមៗ នៅថ្ងៃពុធទី៩ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងការតវ៉ានោះ កម្មករក៏ទាមទារឱ្យថៅកែក្រុមហ៊ុនដំឡើងប្រាក់ឈ្នួលដេរគិតបុងបន្ថែមដែរ។
ប្រធានសហព័ន្ធសហជីពកម្ពុជាប្រចាំរោងចក្រ យីដា អ្នកស្រី ឆាន ចន្នី ឱ្យដឹងថា កម្មករនិយោជិតសរុបប្រមាណជិត៦០០០នាក់នៃរោងចក្រកាត់ដេរ យីដា បានសម្រេចចិត្តមិនចូលធ្វើការនៅថ្ងៃទី៩ ខែកញ្ញាម្សិលមិញ ហើយងាកទៅប្រមូលផ្តុំគ្នាតវ៉ាបិទផ្លូវនៅមុខរោងចក្រ ដែលស្ថិតក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនមួយនេះដកបុគ្គលិករដ្ឋបាលម្នាក់ឈ្មោះ យូ បូរ៉ា ដែលប្រមាថមើលងាយកម្មករ និងស្នើឱ្យថៅកែក្រុមហ៊ុនគិតគូអត្តប្រយោជន៍ការងារបន្ថែមផង។
អ្នកស្រីប្រាប់ថា៖ «គោលបំណង គឺទាមទារឱ្យបញ្ឈប់ជំនួយការខាងរដ្ឋបាល ដែលគាត់ប្រើប្រាស់ពាក្យសម្តីលើបណ្តាញសង្គមដោយមានការប្រមាថដល់កម្មករ។ និងមានគោលបំណងមួយទៀតស្នើសុំឱ្យមានការដំឡើងថ្លៃបុងដល់កម្មករគ្រប់មុខងារទាំងអស់»។
ជំនួយការរដ្ឋបាលលោក យូ បូរ៉ា ត្រូវបានកម្មកររាយការណ៍ថា ជាញឹកញាប់ប្រើពាក្យសម្តីមិនសមរម្យជាមួយពួកគេ ជាពិសេសពេលមានវិវាទការងារដែលត្រូវដោះស្រាយ។ ដោយឡែក ការតវ៉ារបស់កម្មករនាថ្ងៃពុធ បណ្តាលមកពីលោក យូ បូរ៉ា បញ្ចេញមតិក្នុងគណនីហ្វេសប៊ុករបស់កម្មករនិយោជិតថា៖ «អាភ្លើទៅសួរអាឆ្កួត ទៅអួតប្រាប់អាឡប់។ សម័យហ្វេសប៊ុក មនុស្សមួយចំនួនកំពុងដើរតួជាបណ្ឌិត»។
បន្ទាប់ពីមានការប្រមូលផ្តុំគ្នាតវ៉ានេះ តំណាងក្រសួងការងារ បានកោះហៅប្រជុំរកដំណោះស្រាយនៅព្រឹកថ្ងៃដដែលនេះ ជាមួយភាគីពាក់ព័ន្ធ ដោយមានសហជីពមូលដ្ឋាននៃរោងចក្រនេះចំនួន ៧ស្ថាប័នចូលរួម ហើយស្ថាប័ននីមួយៗមានតំណាង៣នាក់។
អ្នកស្រី ឆាន ចន្នី ឱ្យដឹងថា នៅក្នុងកិច្ចប្រជុំតំណាងក្រសួងការងារបានលើកយកតែចំណុចដែលកម្មករទាមទារបញ្ឈប់បុគ្គលិកផ្នែករដ្ឋបាល និងចំណុចមួយទៀតទាក់ទងនឹងការស្នើឱ្យត្រួតពិនិត្យប្រាក់ឈ្នួលឱ្យបានត្រឹមត្រូវ ដែលអ្នកស្រីថាសំណើនេះធ្លាប់បានព្រមព្រៀងគ្នាហើយកាលពីថ្ងៃទី៨ ខែកញ្ញារួចហើយ។ ដោយឡែក សំណើសុំដំឡើងថ្លៃដេរគិតបុង ដែលអ្នកស្រីប្រាប់ថាជាការទាមទាររបស់កម្មករនិយោជិត បែរជាត្រូវបានអង្គប្រជុំថាជារឿងផ្សេង មិនមែនជាស្មារតីកម្មករ ព្រោះតំណាងសហជីពមកពីស្ថាប័ន៦ផ្សេងទៀតមិនលើកឡើង។
ប្រធានផ្នែកធនធានមនុស្សនៃរោងចក្រ យីដា លោក ម៉ុក ភួងមុន្នីរ័ត្ន ឱ្យដឹងថា ក្រុមហ៊ុនសម្រេចទទួលយកសំណើ ២ចំណុចរបស់កម្មករនិយោជិត គឺឱ្យលោក យូ បូរ៉ា ឈប់ពីការងារ និងទូទាត់ប្រាក់ឈ្នួលឡើងវិញឱ្យត្រឹមត្រូវតាមច្បាប់ជូនកម្មករ បើរកឃើញថាមានការទូទាត់ខុសកន្លងមក។ ប៉ុន្តែលោកថាមិនមានសំណើសុំដំឡើងប្រាក់បុងទេ។
លោកថ្លែងថា៖ «បើសិនជាគិតទៅមានការខុស ឬក៏លម្អៀងអីមែន យើងនឹងប៉ះប៉ូវជូនគាត់វិញ។ កុំឱ្យថាប្រព័ន្ធពេលគិតវាមានបញ្ហាអីមួយ អ៊ីចឹងយើងសុខចិត្តបើកSystemគិតម្តងទៀត ដើម្បិឱ្យវាសុក្រឹត»។ លោកបន្តថា៖ «ដោយសារក្រុមការងារខ្ញុំគាត់គិតថាជាប្រយោជន៍រួមធំជាង គាត់សុខចិត្តដាក់ពាក្យលាឈប់ពីការងារដោយខ្លួនឯង មិនចាំបាច់ក្រុមហ៊ុនបញ្ឈប់ទេ»។
ទោះបីជាបែបនេះក្តី ប៉ុន្តែលោកអះអាងថា តាមពិតទៅករណីនេះជារឿងបុគ្គលប៉ុណ្ណោះ ព្រោះលោក យូ បូរ៉ា ដែលជាជំនួយការរបស់លោកប្រើប្រាស់បណ្តាញសង្គមផ្ទាល់ខ្លួន ដើម្បីបញ្ចេញមតិប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងក្រុមហ៊ុនឡើយ។
ប្រធានសហព័ន្ធសហជីពប្រចាំរោងចក្រ យីដា អ្នកស្រី ឆាន ចន្នី នៅតែបារម្ភថា ការតវ៉ារបស់កម្មករអាចនឹងកើតមានជាថ្មីទៀត ព្រោះអ្វីដែលពួកគេចង់បានគឺស្នើសុំដំឡើងថ្លៃបុង តែមិនទាន់សម្រេចនៅឡើយ។

កម្មការិនីរោងចក្រយីដា អ្នកស្រី ហេង សុខឿន អាយុ ៤៧ ឆ្នាំ បានឱ្យដឹងថាបួកគាត់ត្រូវបង្ខំចិត្តធ្វើការលើសកម្លាំង និងប្រឹងប្រែងដេររហូតគ្មានពេលសូម្បីតែទៅបន្ទប់ទឹក ដើម្បីតែដេរឱ្យគ្រប់ចំនួនដែលក្រុមហ៊ុនកំណត់ ទើបទទួលបានប្រាក់ភាគរយបន្ថែម។ ប៉ុន្តែបើធ្វើមិនគ្រប់ចំនួនទេ នោះនឹងទទួលបានប្រាក់កម្រៃតិចតួចប៉ុណ្ណោះ។
អ្នកស្រីថា៖ «វាពិបាកចំពោះកម្មករ ព្រោះប្រាក់ខែតិចហើយពួកខ្ញុំខំដេរណាស់រាល់ថ្ងៃ អត់ហ៊ានទៅបន្ទប់ទឹកទេពេលខ្លះ ដើម្បីធ្វើឱ្យគ្រប់ប្រាក់ខែ ហើយដេរឱ្យលើសប្រាក់ខែហ្នឹងទើបបានលុយភាគរយហ្នឹង។ បើធ្វើមិនគ្រប់ មិនបានភាគរយទេ»។
កម្មការិនីម្នាក់ទៀត អ្នកស្រី អុល សារឿន ស្នើឱ្យថៅកែក្រុមហ៊ុនដំឡើងថ្លៃបុងឱ្យពួកគេ ដោយថាបច្ចុប្បន្នការដេរគិតបុងមានតម្លៃទាប និងបង្ខំឱ្យកម្មករនិយោជិតប្រឹងធ្វើការលើសកម្លាំង។
អ្នកស្រីនិយាយថា៖ «បើសិនជាគាត់អត់ឡើងតម្លៃបុងទេ ពួកខ្ញុំតាមអត់ទាន់នឹងប្រាក់ខែក្រសួងដែលគាត់ឡើងឱ្យទេ ធ្វើការកាន់តែច្រើន ប្រាក់ខែកាន់តែតិច[…]បើលុយបុងទាប យើងតាមប្រាក់ខែអត់ទាន់ទេ ហើយយើងធ្វើការអត់ដល់គោលដៅ ពួកគាត់ក៏មានការសួរនាំដែរ»។
នៅចំពោះមុខកម្មកររោងចក្រ យីដា តំណាងក្រសួងការងារដែលជាអ្នកដឹកនាំប្រជុំដោះស្រាយវិវាទការងារនៅថ្ងៃទី៩ ខែកញ្ញា បានបញ្ជាក់ថា ប្រសិនបើកម្មករនិយោជិតចង់ស្នើដំឡើងថ្លៃបុង នោះត្រូវពិភាក្សាជាមួយភាគីរោងចក្រនាពេលក្រោយ ខណៈលោកថាសំណើលើកនេះមិនមានចំណុចនេះទេ។
រោងចក្រកាត់ដេរសម្លៀកបំពាក់ យីដា មានកម្មករនិយោជិតសរុបចំនួន ៥៩៨៣នាក់ ក្នុងនោះកម្មការិនីជាង ៤២០០នាក់។
ប្រធានសហព័ន្ធសហជីពកម្ពុជា(CATU) អ្នកស្រី យ៉ាង សោភ័ណ្ឌ លើកឡើងថា ការដែលកម្មករធ្វើការច្រើនម៉ោង ប៉ុន្តែទទួលបានប្រាក់កម្រៃតិច បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគេ។ អ្នកស្រីបន្តថា ការកំណត់តម្លៃបុងត្រូវតែមានការចូលរួមពិភាក្សា និងឯកភាពពីកម្មករ ឬតំណាងសហជីព ដើម្បីធានានូវប្រាក់ឈ្នួលសមរម្យ។
អ្នកស្រីបញ្ជាក់ថា៖ «តម្លៃបុងហ្នឹងគឺត្រូវbalance(តុល្យភាព)គ្នាទៅនឹងប្រាក់ឈ្នួលរបស់កម្មករនិយោជិតដែលគាត់ធ្វើការងារ។ មិនមែនតម្លៃបុងហ្នឹងកំណត់តែលើនិយោជក អត់មានកត្តាវាស់វែង ហើយកំណត់ឱ្យកម្មករតាមតែចិត្តរបស់និយោជកទេ»។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ លើកឡើងថា ការជេរប្រមាថ និងដាក់សម្ពាធការងារពីអ្នកគ្រប់គ្រង ជាឫសគល់នៃការតវ៉ារបស់កម្មករនិយោជិត។ លោកបន្តថា បញ្ហាទាំងនេះកើតមានស្ទើរតែគ្រប់ទីកន្លែង។
លោកថ្លែងថា៖ «ការកំណត់ស្តង់ដារ ជាពិសេសការដេរកំណត់ចំនួន វាជាសម្ពាធមួយសម្រាប់កម្មករនិយោជិត[…] អ៊ីចឹងភាគច្រើនកម្មករទទួលរងនូវសម្ពាធនៃចំនួនដែលដាក់ដោយក្រុមហ៊ុន ហើយបញ្ហាខ្លះត្រូវបានកាត់បន្ថយអត្ថប្រយោជន៍ ក្នុងករណីដែលពួកគាត់មិនអាចដេរគ្រប់ចំនួនដែលក្រុមហ៊ុនបានដាក់ឱ្យ។ បញ្ហានេះជាសម្ពាធបន្ថែមសម្រាប់កម្មករនិយោជិត»។
បើតាមលោក ថារ៉ូ ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យនៅកន្លែងធ្វើការមិនមែនជារឿងថ្មីនោះទេ ហើយវាត្រូវតែចាត់ទុកថាជា «កំហុសធ្ងន់» ដែលត្រូវលុបបំបាត់ចោល តាមរយៈការធ្វើអធិការកិច្ច និងអនុវត្តច្បាប់ការងារតឹងរឹងឆ្លើយតបនឹងបណ្តឹងរបស់កម្មករនិយោជិត។
លោកថ្លែងថា៖ «ការដោះស្រាយតែករណីដាច់ដោយឡែកនីមួយៗ វាមិនអាចដោះស្រាយបានជាលក្ខណៈប្រព័ន្ធទេ វាលុះត្រាតែមានការអនុវត្តវិធានការច្បាប់តឹងរឹង ការដាក់ពិន័យ ការដាក់ទោសទណ្ឌចំពោះបុគ្គល ឬអ្នកគ្រប់គ្រងណាដែលគាត់ប្រព្រឹត្តកំហុសធ្ងន់»។
កាលពីថ្ងៃទី៨ ខែកញ្ញាថ្មីៗនេះ កម្មករជាច្រើនរយនាក់នៅរោងចក្រ លានហ្វាហេងយូ និងរោងចក្រ ប៉ូលស្តា បានតវ៉ាបិទផ្លូវជាតិលេខ៥ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយទាមទារឱ្យប្រធានរដ្ឋបាលរោងចក្រឈ្មោះ ផុង សុខា លាឈប់ពីការងារ បន្ទាប់ពីប្រើប្រាស់សម្តី និងឥរិយាបទមិនសមរម្យនៅកន្លែងធ្វើការ។ លោក ផុង សុខា ក៏បានលាឈប់ពីការងារ បន្ទាប់ពីមានការសម្របសម្រួលពីតំណាងក្រសួងការងារ ហើយកម្មករក៏យល់ព្រមចូលធ្វើការវិញ៕










