ថ្ងៃទី៣ ខែសីហានេះ កម្មករនិយោជិតរាប់រយនាក់នៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ បានផ្ទុះការតវ៉ា និងស្វែងរកការងារថ្មី ដោយសារពួកគេប្រឈមមុខនឹងការរើសអើងសហជីព ការបៀតបៀន និងការប្រកាសបិទទ្វាររោងចក្រដែលពួកគេធ្លាប់ធ្វើការ។ យោងតាមសហជីព និងកម្មកររោងចក្រលើកឡើង។
សារព័ត៌មានខេមបូចា បានប្រមូលព័ត៌មានទាក់ទងនឹងវិស័យការងារចំនួន៣កន្លែងដែលកើតឡើងផ្ទួនៗគ្នានៅថ្ងៃចន្ទ ទី៣ ខែសីហា ប៉ុន្តែនៅកន្លែងផ្សេងៗគ្នា។ យ៉ាងណា វិវាទការងារមួយនៅរាជធានីភ្នំពេញដែលមានកម្មករនិយោជិតជាង២០០០នាក់តវ៉ា ត្រូវបានដោះស្រាយដោយក្រសួងការងារនៅថ្ងៃដដែលនេះ។
ជាប់ឆ្នោតជាសហជីព តែត្រូវថៅការព្យួរការងារ
ការតវ៉ារបស់កម្មករនិយោជិតប្រមាណជាង៦០នាក់នៅនឹងរោងចក្រ ឈានស៊ីង ហ្ស៊ី ឈ័នឡេហ្សឺរ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឈានដល់ថ្ងៃទី៦ហើយ គិតត្រឹមថ្ងៃចន្ទ ទី៣ ខែសីហានេះ។ ការតវ៉ានេះ ដើម្បីជំទាស់ទៅនឹងថៅកែរោងចក្រ ដែលបានព្យួរកិច្ចសន្យាការងារតំណាងកម្មករ៣នាក់ភ្លាមៗ ក្រោយពួកគេចងក្រងបង្កើតសហជីពមូលដ្ឋាន។
តំណាងអ្នកតវ៉ានៅរោងចក្រ ឈានស៊ីង អ្នកស្រី អ៊ុក ស្រីនាង ប្រាប់សារព័ត៌មានខេមបូចាថា អ្នកស្រី និងតំណាង២នាក់ផ្សេងទៀតត្រូវបានកម្មករបោះឆ្នោតជ្រើសរើសជាថ្នាក់ដឹកសហជីពមូលដ្ឋាននៃសហព័ន្ធសហជីពអំណាចយុវជនប្រចាំរោងចក្រ ដោយអ្នកស្រីជាប់ជាប្រធាន។ នៅថ្ងៃទី២២ ខែកក្កដា ពួកគេបានទៅចុះបញ្ជីនៅក្រសួងការងារ និងជូនដំណឹងពីការចងក្រងសហជីពនេះទៅភាគីរោងចក្រ។ រំលងបាន៥ថ្ងៃ គឺនៅថ្ងៃទី២៧ ខែកក្កដា ខាងភាគីរោងចក្របានយកក្រដាសសដើរប្រមូលស្នាមមេដៃកម្មករដោយប្រាប់ថាថៅកែបើកលុយរង្វាន់ឱ្យ។ ក៏ប៉ុន្តែជាក់ស្តែង ក្រុមហ៊ុនយកមេដៃកម្មករដើម្បីប្តឹងអ្នកស្រី និងថ្នាក់ដឹកនាំសហជីព២នាក់ទៀត ឱ្យឈប់ពីការងារ និងលែងឱ្យចូលបរិវេណរោងចក្រ។
ក្រោយភាគីរោងចក្រមិនអនុញ្ញាឱ្យពួកគាត់៣នាក់ចូលធ្វើការនៅថ្ងៃទី២៧ អ្នកស្រីថាកម្មករសរុបប្រមាណ ៦០នាក់ទៀត បានចេញមកទាមទារនៅមុខរោងចក្រដែរ ដោយចាប់ផ្តើមតវ៉ាដំបូងនៅថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី៣ ខែសីហានេះ ដោយមិនព្រមចូលធ្វើការវិញ។ ការតវ៉ានេះក្នុងគោលបំណងទាមទារឱ្យថៅកែរោងចក្រ ទទួលថ្នាក់ដឹកនាំសហជីពទាំង៣នាក់ឱ្យចូលធ្វើការវិញ។ មិនតែប៉ុណ្ណោះពួកគេក៏ទាមទារថវិកាធ្វើដំណើរ២,៥ដុល្លារតាមការសម្រេចរបស់ក្រសួងការងារ ដែលពួកគេថាមិនទាន់ទទួលបានតាំងពីខែមេសាមក។
អ្នកស្រីឱ្យដឹងថា៖ «ពួកខ្ញុំចង់ឱ្យក្រុមហ៊ុនយកពួកខ្ញុំចូលធ្វើការវិញបន្ត[…] គាត់រំលោភបំពានលើពួកខ្ញុំ ដែលពួកគាត់យកស្នាមមេដៃដែលអត់មានអក្សរយកបោកបន្លំកម្មករ ដែលយកមកបញ្ឈប់ពួកខ្ញុំ។ ហើយគាត់រើសអើងខ្ញុំចូលជាសហជីព គឺគាត់រើសអើង! គាត់បញ្ឈប់ខ្ញុំហ្មង!»។
លិខិតចុះថ្ងៃទី២៧ ខែកក្កដា ថៅកែរោងចក្រ ឈានស៊ីង លោក RUI LIN បានប្រកាសព្យួរកិច្ចសន្យាការងារថ្នាក់ដឹកនាំសហជីពមូលដ្ឋានដែលទើបជាប់ឆ្នោតទាំង៣នាក់ ក្រោមហេតុផល រោងចក្របានទទួលបណ្តឹងពីកម្មករថា តំណាងកម្មករទាំង៣នាក់ បានញុះញង់ និងរារាំងកម្មករមិនឱ្យធ្វើការបន្ថែមម៉ោង និងបានដឹកនាំកម្មករធ្វើកូដកម្មខុសនីតិវិធី ដែលធ្វើឱ្យខូចប្រយោជន៍ដល់កម្មករដទៃទៀតយ៉ាងខ្លាំង។
ទោះជាយ៉ាងណា អ្នកស្រី ស្រីនាង ច្រានចោលការចោទប្រកាន់នេះ ដោយថាការតវ៉ារបស់គាត់ និងកម្មករផ្សេងទៀត បានធ្វើឡើងនៅថ្ងៃទី២៨ ខែកក្កដា ពោលគឺក្រោយរោងចក្រប្រកាសព្យួរកិច្ចសន្យាការងារពួកគាត់មួយថ្ងៃ។
អ្នកស្រីប្រាប់ថា៖ «គេ(ភាគីរោងចក្រ)ថាពួកខ្ញុំអត់ឱ្យកម្មករធ្វើការ! នាំកម្មករបះបោរ កូដកម្ម! បើសិនជាពួកខ្ញុំបះបោរកូដកម្មមុនថ្ងៃទី២៨ អាហ្នឹងទើបខ្ញុំបះបោរ។ ក៏ប៉ុន្តែគាត់ព្យួរការងារខ្ញុំហើយ បានកម្មករអត់សុខចិត្ត»។
បើតាមអ្នកស្រី ស្រីនាង ការផ្តួចផ្តើមចងក្រងសហជីពប្រចាំរោងចក្រនេះ ក្នុងគោលបំណងការពារសិទ្ធិកម្មករ ពីការធ្វើទុក្ខបុកម្នេញ និងជេរប្រមាថជាញឹកញាប់ពីភាគីរដ្ឋបាលរោងចក្រ ដោយពេលខ្លះនិយាយសំដៅកម្មករថា«សុទ្ធតែបិទទ្វារវាយឆ្កែ»ជាដើម។
អ្នកស្រីថា៖ «បង្កើតសហជីពដើម្បីពេលមានបញ្ហាអ្វីមួយ យើងអាចជួយដោះស្រាយកម្មករ កុំឱ្យមានរងភាពពិបាកអ៊ីចឹង»។
កម្មការិនីម្នាក់ អ្នកស្រី ឌឹម ស្រីល័ក្ខ ឱ្យដឹងថា ថ្នាក់ដឹកនាំសហជីពទាំង៣នាក់ខាងលើមិនបានរារាំងកម្មករមិនឱ្យធ្វើការថែមម៉ោងនោះទេ ប៉ុន្តែជាការស្ម័គ្រចិត្តរបស់កម្មករ។ អ្នកស្រីបន្ថែមថា ការចោទរបស់ភាគីរោងចក្រហាក់មានការរើសអើងចំពោះការចងក្រងសហជីព ព្រោះនៅមុនពេលចងក្រងសហជីព មិនដែលមានរឿងបែបនេះឡើយ។
អ្នកស្រីប្រាប់ថា៖ «ខ្ញុំក៏គាំទ្រដែរការដែលមានសហជីព ព្រោះអីជារឿងត្រឹមត្រូវ ព្រោះអីយើងកម្មករ យើងតែងចង់បានសហជីពដើម្បីជួយការពារសិទ្ធិរបស់យើង»។
ចំណែក លោក ខុន សុខចាន់ ជាតំណាងកម្មករដែលទើបជាប់ឆ្នោតជា អនុប្រធានសហជីពមូលដ្ឋាន លើកឡើងថា ការចងក្រងសហជីពមូលដ្ឋានជាខែលការពារសិទ្ធិកម្មករនិយោជិតពីការរំលោភពបំពាន។ ប៉ុន្តែលោកថា ភាគីរោងចក្រ ជាពិសេសរដ្ឋបាលរោងចក្រ ហាក់មិនពេញចិត្តសោះ។
លោកបន្តថា៖ «ខ្ញុំគិតថាខាងក្រុមហ៊ុនគាត់រើសអើងសហជីព។ គាត់រើសអើងត្រង់ថាឃើញពួកខ្ញុំបោះឆ្នោតចូលជាសហជីពអ៊ីចឹង។ ខាងថៅកែក្រុមហ៊ុនមិនអីទេ តែខាងរដ្ឋបាលគាត់រើសអើង នឹងការបង្កើតសហជីពហ្នឹង»។
លោកស្នើឱ្យក្រសួងការងារដោះស្រាយវិវាទការងារឱ្យបានឆាប់ ដើម្បីឱ្យពួកគេបានចូលធ្វើការវិញ។
ក្រុមថ្នាក់ដឹកនាំសហជីពដដែលក៏ស្នើឱ្យ រោងចក្រ ឈានស៊ីង រៀបចំបន្ទប់ពេទ្យសង្គ្រោះបន្ទាន់ដែរ ដោយថាកន្លងទៅពេលកម្មករដួលសន្លប់ គឺកម្មករគ្នាឯងត្រូវដឹកតាមម៉ូតូទៅមន្ទីរពេទ្យខាងក្រៅ ទាំងមេឃភ្លៀងក៏មាន។
ប្រធានរដ្ឋបាលនៅរោងចក្រ ឈានស៊ីង លោក ខៀវ ដា បំភ្លឺថា ភាគីរោងចក្រមិនបានរើសអើងសហជីពមូលដ្ឋានឡើយ ប៉ុន្តែការព្យួរកិច្ចសន្យាការងារតំណាងកម្មករ ៣នាក់នេះ ដោយសារពួកគេញុះញង់កម្មករឱ្យធ្វើកូដកម្មបណ្តាលឱ្យកកស្ទះចង្វាក់ផលិតកម្ម និងការនាំចេញរបស់រោងចក្រ ក្រោមហេតុផលបុគ្គល។ លោកបន្ថែមថា ការចោទថាភាគីរោងចក្របន្លំមេដៃកម្មករលើក្រដាសស ជារឿងមិនពិតឡើយ ដោយលោកថាក្រដាសទី១ដែលមានលាយល័ក្ខអក្សរអស់ទើប យកក្រដាសមួយផ្សេងទៀតមកផ្តិតមេដៃកម្មករបន្ត។
លោកបញ្ជាក់ថា៖ «ខាងខ្ញុំនិយាយហើយថា សហជីពពួកខ្ញុំអត់បានរើសអើងទេ។ គោលជំហររបស់ពួកខ្ញុំ អត់រើសអើងសហជីពទេ។ ពេលដែលចប់រឿងហ្នឹង ខ្ញុំនឹងបើកចំហឱ្យសហជីពទាំងអស់ចូលរួមជជែកវែកញែក»។
លោកបន្តថា គិតមកទល់ពេលនេះតំណាងកម្មករដែលជាថ្នាក់ដឹកនាំសហជីពម្នាក់ បានលាឈប់ពីការងារ និងទទួលសំណងតាមច្បាប់ពីក្រុមហ៊ុនរួចរាល់។ លោកអះអាងថា ក្រុមហ៊ុននឹងបន្តផ្តល់សំណងតាមច្បាប់ឱ្យថ្នាក់ដឹកនាំសហជីព ២នាក់ដែលនៅសល់បើពួកគេចង់បាន ប៉ុន្តែក្រុមហ៊ុនមិនព្រមឱ្យពួកគេចូលធ្វើការវិញឡើយ។
ប្រធានការិយាល័យអធិការរកិច្ចការងារនៃមន្ទីរការងារខេត្តកំពង់ស្ពឺ លោក មុំ មករា មានប្រសាសន៍ថា លោកបានសម្របសម្រួលភាគីទាំងសងខាងម្តងរួចហើយ ដោយភាគីសហជីពចង់ចូលធ្វើការវិញ ប៉ុន្តែភាគីរោងចក្រមិនព្រមទទួល ដោយចង់ដោះស្រាយតាមច្បាប់បញ្ចប់កិច្ចសន្យាការងារ។ ក៏ប៉ុន្តែលោកថា ភាគីរោងចក្របានឯកភាពការទាមទារផ្សេងៗ លើកលែងតែការទាមទារចង់ចូលធ្វើការវិញរបស់សហជីពទាំង៣នាក់។
លោកថ្លែងថា៖ «សំណូមពរផ្សេងគឺក្រុមហ៊ុនគេឯកភាពអស់ហើយ។ ដូចជាធ្វើការថែមម៉ោងតាមគោលការណ៍ស្ម័គ្រចិត្ត ហើយលុយដែលរាជរដ្ឋាភិបាលឱ្យឧបត្ថម្ភ២,៥ដុល្លារហ្នឹង(គឺព្រមទូទាត់ឱ្យសរុប)។ ក្រៅពីហ្នឹងគឺយើងបន្តនីតិវិធីទៅក្រសួង ឱ្យគាត់ធ្វើតាមច្បាប់ ដើម្បីអញ្ជើញគាត់ទៅផ្សះផ្សានៅក្រសួង»។
លោកបន្តថា នីតិវិធីបន្ទាប់គឺបានបញ្ជូនទៅក្រសួងការងាររួចរាល់។ ដូច្នេះភាគីវិវាទការងារនេះនឹងត្រូវទៅដោះស្រាយផ្សះផ្សារនៅក្រសួងការងារ។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា មានប្រសាសន៍ថា បញ្ហារបស់កម្មករនិយោជិត សហជីព និងនិយោជក ជាអទិភាពរបស់ក្រសួងការងារ។ ជាក់ស្តែងលោកថា ក្រសួងកំពុងយកចិត្តទុកដាក់ដោះស្រាយករណីនេះ ដោយសន្យាបញ្ចប់ត្រឹមសប្តាហ៍នេះ។
លោកថ្លែងថា៖«ករណីនេះយើងកំពុងតែសម្របសម្រួល។ យើងនឹងបញ្ចប់ករណីនេះនៅក្នុងសប្តាហ៍នេះផ្ទាល់តែម្តង»។
អនុប្រធានសហព័ន្ធសហជីពអំណាចយុវជនកម្ពុជា លោក ប៉ៃ បូរ៉ា យល់ថា ថ្នាក់ដឹកនាំសហជីពហាក់រងភាពអយុត្តិធម៌ពីខាងរោងចក្រ ត្រង់ថាពួកគេគ្រាន់តែអនុវត្តសិទ្ធិតាមច្បាប់ក្នុងចងក្រងសហជីព បែរជាត្រូវរងការព្យួរកិច្ចសន្យាការងារ។ លោកចង់ឃើញឱ្យភាគីទាំង២ចូលតុចរចា ដើម្បីឱ្យកម្មករអាចចូលធ្វើការវិញទាំងអស់គ្នា។
លោកថ្លែងថា៖ «សូមឱ្យខាងរោងចក្រកុំរើសអើងថ្នាក់ដឹកនាំសហជីពទាំង៣នាក់ហ្នឹងឱ្យគាត់នៅក្រៅរបងរោងចក្រ។ អុីចឹងសូមឱ្យខាងរោងចក្រគោរពច្បាប់ កុំរើសអើងថ្នាក់ដឹកនាំសហជីព ឱ្យគាត់ចូលធ្វើការធម្មតាទៅ។ ហើយកម្មករទាំង៦០នាក់ជាងហ្នឹង គាត់នឹងចូលតាមដែរហើយ។ ចំពោះលក្ខខណ្ឌការងារមួយចំនួន យើងអាចបន្ធូរបន្ថយគ្នា អាចជជែកចរចាគ្នាតុមូល»។

កម្មករនៅភ្នំពេញជាង២០០០នាក់ផ្ទុះការតវ៉ាប្រឆាំងការបៀនបៀន
នៅថ្ងៃទី៣ ខែសីហាដដែលនេះ កម្មករជាង ២ ០០០ នាក់នៅរោងចក្រ ជេអេស លេឌើរ ខលលិកសិន ក្នងរាជធានីភ្នំពេញ ក៏បានផ្ទុះការតវ៉ា ប្រឆាំងនឹងអ្នកគ្រប់គ្រងរោងចក្រជនជាតិកូរ៉េម្នាក់ ដែលបានបៀតបៀនកម្មការិនី រួមនិងទាមទារឱ្យគិតគូពីផាសុខភាពនៅកន្លែងធ្វើការរបស់កម្មករនិយោជិត។
ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ អ្នកស្រី ឆែម សុភី បានបញ្ជាក់ថា កម្មករនិយោជិតជាង ២ ០០០ នាក់ ដែលចេញតវ៉ាទាំងអស់គ្នាបែបនេះ គឺក្នុងគោលបំណងស្នើឱ្យក្រុមហ៊ុនដកអ្នកគ្រប់គ្រងជនជាតិកូរ៉េ ឈ្មោះ WANG EUMLEE ដោយថាលោកបានបៀតបៀនកម្មការិនីខ្មែរ តាមរយៈការចូលទៅបន្ទប់ពេទ្យ ពេលដែលកម្មការិនីកំពុងកោសខ្យល់។ មិនតែប៉ុណ្ណោះអ្នកស្រីថា អ្នកគ្រប់គ្រងរូបនេះតែងតែប្រើពាក្យសម្តីមិនសមរម្យជាមួយកម្មករនិយោជិត។
អ្នកស្រីប្រាប់ថា៖ «ការបៀតបៀនហ្នឹង គឺគាត់ចូលទៅកន្លែងដែលស្ត្រីយើងសុំការអនុញ្ញាតពីប្រធាន ទៅកោសខ្យល់នៅបន្ទប់ពេទ្យ។ គាត់ទៅដល់អត់មានសួរពេទ្យថាមានមនុស្សឬអត់ទេ។ គាត់ទៅដល់គឺដើរឆេក(ពិនិត្យ)នៅតាមគ្រែដែលពួកគាត់កំពុងតែកោសខ្យល់ហ្នឹងតែម្តង»។
ក្រៅពីនេះ អ្នកស្រី សុភី បញ្ជាក់ថា កម្មករនិយោជិតក៏ទាមទារឱ្យផ្លាស់ប្តូរកន្លែងម៉ាស៊ីនកាត់ពុម្ពជ័រ ដែលកំពុងបង្កក្លិនមិនល្អ ប៉ះពាល់ដល់សុខភាពកម្មករ។
ជុំវិញការតវ៉ានេះ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានបញ្ជាក់នៅក្នុងបណ្តាញសង្គមតេឡេក្រាមរបស់លោកថា ក្រសួងការងារបានចាត់តាំងមន្ត្រីជំនាញចុះអន្តរាគមន៍ភ្លាមៗ។
តាមរយៈលទ្ធផលនៅក្នុងកំណត់ហេតុនៃការដោះស្រាយវិវាទការងារដែលកម្មករបានបង្ហោះលើទំព័រហ្វេសប៊ុកបង្ហាញថា អ្នកគ្រប់គ្រងជនជាតិកូរ៉េ លោក WANG EUMLEE បានសន្យាកែប្រែពាក្យសម្តី និងឥរិយាបទមិនសមរម្យ ដោយមិនឱ្យប៉ះពាល់ដល់កម្មករនិយោជិតទៀតឡើយ។ លោកថា បើមិនដូច្នេះទេ លោកនឹងចុះចេញពីតំណែង។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ជេអេស ក៏បានសន្យាប្តូរទីតាំងម៉ាស៊ីនកាត់ពុម្ពជ័រតាមការទាមទាររបស់កម្មករឱ្យបានមុនថ្ងៃទី១៦ ខែសីហា ខាងមុខ រួមនិងជូនពេជ្យជំនាញចុះធ្វើអធិការកិច្ច។
លោក ស៊ុន មេសា បានថ្លែងថា៖ «ក្តីកង្វល់របស់បងប្អូនកម្មករនិយោជិត គឺជាក្តីកង្វល់របស់ឯកឧត្តមរដ្ឋមន្ត្រី និងប្រមុខរាជរដ្ឋាភិបាល ដូចនេះ នៅពេលបងប្អូនមានបញ្ហា ក្រសួងមិនរង់ចាំទេ គឺចុះអន្តរាគមន៍ភ្លាម ស្តាប់គ្រប់ភាគី និងស្វែងរកដំណោះស្រាយដែលមានតុល្យភាព ស្របតាមច្បាប់ ដើម្បីការពារផលប្រយោជន៍កម្មករនិយោជិត និងរក្សានិរន្តរភាពអាជីវកម្មរបស់សហគ្រាស»។
កន្លែងចាស់ប្រកាសបិទទ្វារនៅជាយដែន កម្មករស្វែងរកការងារថ្មីនៅកំពង់ឆ្នាំង
អតីតកម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ ហាយ-ថេក អឹភែរឹល (Hi-Tech Apparel) នៅតំបន់សេដ្ឋកិច្ចពិសេសអូនាង នៃក្រុងប៉ោយប៉ែត រាប់រយនាក់បានសម្រុកមករកការងារធ្វើនៅខេត្តកំពង់ឆ្នាំង នាថ្ងៃទី៣ ខែសីហានេះ ក្រោយកន្លែងធ្វើការចាស់របស់ពួកគេប្រកាសបិទទ្វារត្រឹមថ្ងៃទី៣១ ខែសីហា ដោយសារមិនអាចទប់ទល់នឹងការចំណាយថ្លៃផលិតកម្ម និងគ្មានការបញ្ជាទិញដូចមុន។ រោងចក្រខាងលើធ្លាប់ជាកន្លែងដែលកម្មករនិយោជិត ជាង ២ ៥០០ នាក់ធ្វើការ។
ប្រធានសហជីពការពារសិទ្ធិកម្មករនៅរោងចក្រ ហាយ-ថេក លោក កេត ជីវ័ន្ត ឱ្យដឹងថា ការដែលអតីតកម្មករនៅរោងចក្ររបស់លោកសម្រុកទៅរកការងារធ្វើនៅក្រុមហ៊ុនថ្មី នាខេត្តកំពង់ឆ្នាំង ដោយសារតែក្រុមហ៊ុននេះបានសន្យាថានឹងសម្របសម្រួលយកអតីតកម្មករនៅរោងចក្រ ហាយ-ថេក ទាំងអស់ទៅបម្រើការងារ។ លោកបន្តថា គិតមកទល់ពេលនេះ មានអតីតកម្មករប្រមាណ ៦០០នាក់ហើយដែលបានចូលបំពេញការងារនៅរោងចក្រថ្មី ដែលលោកប្រាប់ថាមិនទាន់ស្គាល់ឈ្មោះ។ លោកបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកក្កដា កម្មករប្រមាណ២៥០នាក់ និងនៅថ្ងៃទី៣ ខែសីហានេះ មានកម្មករប្រមាណ ៣៥០នាក់ទៀតបានចូលធ្វើការ។
ទោះជាបែបនេះក្តី ប៉ុន្តែលោក ជីវ័ន្ត បារម្ភថា ទម្រាំរោងចក្រ ហាយ-ថេក បិទទ្វារនៅបំណាច់ខែសីហា នោះអ្នកដែលមិនមានជំនាញផ្នែកដេរ អាចនឹងពិបាករកការងារ ព្រោះនៅរោងចក្រថ្មីនាខេត្តកំពង់ឆ្នាំង ពុំសូវត្រូវការកម្មករក្រៅពីផ្នែកដេរឡើយ។ ម្យ៉ាងទៀតលោកថា កម្មករដែលកំពុងបំពេញការងារនៅរោងចក្រ ហាយ -ថេក នៅខែចុងក្រោយនេះនៅសល់យ៉ាងតិចក៏១៨០០នាក់ ខណៈដែលតម្រូវការនៅរោងចក្រថ្មីកាន់តែជិតពេញ។
លោកប្រាប់ថា៖ «គេធ្លាប់សន្យាថានឹងជួយសម្រួលបុគ្គលិកក្រៅពីផ្នែកដេរដែរ។ ប៉ុន្តែដោយសារតែរោងចក្រយើងក្របិទ។ កម្មករមិនទាន់បានមក ដូច្នេះគេរើសពីក្រៅផ្សេងបានចំនួនច្រើនហើយ វាសឹងតែគ្រប់ទៅហើយ។ អីចឹងនៅពេលដែលបុគ្គលិកយើងមកពីរោងចក្រ ហាយ-ថេក ដែលត្រូវបិទហ្នឹង គឺវាលែងមានកន្លែងចូល។ វាលែងត្រូវនឹងតម្រូវការគេទៀត»។
លោកបន្ថែមថា៖ «វាមានផលលំបាកមួយគឺ អ្នកដែលក្រៅពីផ្នែកដេរ គឺអត់សូវមានតម្រូវការទេ។ តម្រូវការច្រើនគឺផ្នែកដេរ។ ចំណុចសំខាន់ដែលគេត្រូវការជាងគេបំផុតគឺអ្នកដេរទេ អីចឹងហើយបុគ្គលិកមកពីរោងចក្រ ហាយ ធិក ដែលគាត់មិនមែនជាបុគ្គលិកផ្នែកដេរ គឺគាត់រៀងពិបាកក្នុងការរកការងារធ្វើ»។
លោកសំណូមពរឱ្យក្រសួងការងារ និងរោងចក្រផ្សេងៗសម្របសម្រួលទទួលយកកម្មករផ្នែកផ្សេងៗ ដូចផ្នែកដេរដែរ ដើម្បីឱ្យពួកគេអាចមានការងារចិញ្ចឹមជីវិត។
អ្នកនាំពាក្យក្រសួងការងារ លោក ស៊ុន មេសា បញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហានេះ កម្ពុជានៅសល់ការងារទំនេរជាង ៩ម៉ឺនកន្លែង។ ឱកាសការងារទាំងនោះមាននៅក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងសេវាកម្ម៕
រាយការណ៍បន្ថែមដោយ ហុង សេរីហ្វុង










