ការចរចាប្រាក់ឈ្នួលអប្បបរមារបស់របស់កម្មករកាត់ដេរកម្ពុជាសម្រាប់ឆ្នាំ២០២៧ បានចាប់ផ្តើមកាលពីរសៀលថ្ងៃអង្គារ ដោយកម្មករ និងសហជីពបានអំពាវនាវឱ្យមានការដំឡើងប្រាក់ឈ្នួលបន្ថែមទៀត ខណៈការកើនឡើងថ្លៃអាហារ ប្រេងឥន្ធនៈ និងការចំណាយលើការរស់នៅបានបន្តដាក់សម្ពាធលើកម្មករកាត់ដេរ ដែលមានប្រាក់ឈ្នួលអប្បបរមា២១០ដុល្លារក្នុងមួយខែ។
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន ដើម្បីពិភាក្សាអំពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ វាយនភ័ណ្ឌ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៧។
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កិច្ចប្រជុំស្តីពីប្រាក់ឈ្នួលលើកដំបូងនេះ បានបើកឱកាសឱ្យគ្រប់ភាគីស្ដាប់មតិយោបល់គ្នា ព្រមទាំងការពិនិត្យមើលទិន្នន័យ ការប្រែប្រួល និងលក្ខណៈវិនិច្ឆ័យនានា ដែលក្រសួងបានចងក្រងឡើង ដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការពិភាក្សាផ្ទៃក្នុង។
លោកសង្ឃឹមថា ការពិភាក្សាបន្តនឹងនាំមកនូវលទ្ធផល អំឡុងពេលកិច្ចប្រជុំត្រីភាគីដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤, ១៨, ២៨ និងទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដោយលោកបានបញ្ជាក់ថា ការកើនឡើងនៃអតិផរណា នឹងត្រូវយកមកពិចារណា រួមជាមួយនឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា និងស្ថានភាពទូទៅនៃទីផ្សារសកល។
លោកបានមានប្រសាសន៍ថា៖ «អំឡុងពេលនៃកិច្ចប្រជុំត្រីភាគីទាំងនេះ ភាគីនីមួយៗក៏អាចធ្វើការពិភាក្សាទ្វេភាគីបានផងដែរ។ ដូច្នេះ យើងសង្ឃឹមថា រយៈពេលនេះនឹងផ្តល់ពេលវេលាគ្រប់គ្រាន់សម្រាប់ភាគីនីមួយៗធ្វើការពិភាក្សាផ្ទៃក្នុងរបស់ខ្លួន»។
ប្រាក់ឈ្នួលអប្បបរមាបានកើនឡើងពី៤០ដុល្លារក្នុងឆ្នាំ១៩៩៧ ដល់១៤៥ដុល្លារក្នុងឆ្នាំ២០១៥ ដោយបានកើនឡើងជាបន្តបន្ទាប់ដល់ ២០០ដុល្លារក្នុងឆ្នាំ២០២៣ និង២០៤ដុល្លារក្នុងឆ្នាំ២០២៤។
នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរចំនួន៤ដុល្លារបន្ថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាប្រចាំខែកើនឡើងដល់២១០ដុល្លារសម្រាប់ឆ្នាំ២០២៦។ កម្មករ និងសហជីពឯករាជ្យបានបង្ហាញការមិនពេញចិត្តចំពោះការដំឡើងនេះ ដោយលើកឡើងថា ចំនួនទឹកប្រាក់នេះមិនគ្រប់គ្រាន់សម្រាប់ឆ្លើយតបនឹងការចំណាយលើជីវភាពរស់នៅរបស់ពួកគេឡើយ។
យោងតាមក្រសួងការងារ លក្ខណៈវិនិច្ឆ័យទាំង៧ ដែលត្រូវបានប្រើប្រាស់ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមា គឺផ្អែកលើកត្តាសង្គម និងសេដ្ឋកិច្ច ដែលរួមមាន៖ ស្ថានភាពគ្រួសារ អតិផរណា ការចំណាយលើការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងថ្នាក់ជាតិ លក្ខខណ្ឌទីផ្សារការងារ និងកម្រិតប្រាក់ចំណេញនៅក្នុងវិស័យនេះ។
លោក ហេង សួរ មានប្រសាសន៍ថា កត្តានៃលក្ខណៈវិនិច្ឆ័យមួយចំនួននៅតែមានស្ថិរភាព ខណៈកត្តាផ្សេងទៀតមានការថយចុះ ឬកើនឡើង។ ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងកិច្ចពិភាក្សា តម្រូវឱ្យធ្វើការវិភាគលើទិន្នន័យ ជាពិសេសពាក់ព័ន្ធនឹងភាពអាចប្រកួតប្រជែង និងផលិតភាព មុននឹងស្នើតួលេខជាក់លាក់ណាមួយ។
លោក ហេង សួរ បានមានប្រសាសន៍ថា៖ «វាជាការឆាប់ពេកក្នុងការនិយាយថា តួលេខប្រាក់ឈ្នួលគួរតែមានកម្រិតប៉ុន្មាន ឬគួរផ្តល់ជូនកម្មករក្នុងចំនួនប៉ុន្មាន»។
ការចរចាប្រាក់ឈ្នួលមិនមានធ្វើឡើង ដើម្បីបង្កឱ្យមាន «ផលវិបាកអវិជ្ជមាន» ដល់ភាគី ឬវិស័យណាមួយឡើយ ផ្ទុយទៅវិញ វាគួរតែធានាថា វិស័យនេះបន្តការអភិវឌ្ឍ ហើយភាគីពាក់ព័ន្ធទាំងអស់ទទួលបានផលប្រយោជន៍ពីវា។

នៅក្នុងខែសីហា អត្រាពន្ធលើការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកត្រូវបានកាត់បន្ថយមកនៅត្រឹម១៩% បន្ទាប់ពីធ្លាប់ប្រឈមនឹងការកម្រិតពន្ធ៤៩% និងក្រោយមក ៣៦% ដែលបានបង្កឱ្យមានភាពមិនប្រាកដប្រជា រហូតដល់មានការចរចា ដើម្បីបន្ថយអត្រាពន្ធនេះឱ្យស្របទៅនឹងប្រទេសជាដៃគូប្រកួតប្រជែងក្នុងតំបន់។
កន្លងទៅ តំណាងនិយោជកបានស្នើឱ្យសហជីពកំណត់ការស្នើសុំដំឡើងប្រាក់ឈ្នួលដោយផ្អែកលើលក្ខណៈវិនិច្ឆ័យបែបវិទ្យាសាស្ត្រ និងបច្ចេកទេស ដើម្បីជៀសវាងការស្នើតួលេខខ្ពស់ហួសហេតុ។
លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានលើកឡើងថា កិច្ចប្រជុំលើកដំបូងនេះ គឺដើម្បីឱ្យអ្នកចូលរួមស្ដាប់ការធ្វើបទបង្ហាញរបស់ក្រសួងការងារអំពីការប្រែប្រួលនៃកត្តាសេដ្ឋកិច្ច និងសង្គម ព្រមទាំងធ្វើការប្រៀបធៀបទិន្នន័យទាំងនោះជាមួយនឹងលទ្ធផលដែលពួកគេបានរកឃើញ អំឡុងពេលពិភាក្សាផ្ទៃក្នុង។
លោកស្រីបានបន្តថា សំណើជាក់លាក់អំពីប្រាក់ឈ្នួលនឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំបន្តបន្ទាប់ ដោយផ្អែកលើការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយភាគីទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់ថា ការចំណាយលើជីវភាពរស់នៅរបស់កម្មករគួរតែជាកត្តាសំខាន់មួយដែលត្រូវយកមកពិចារណា រួមជាមួយអតិផរណា និងកត្តាផ្សេងទៀតដែលស្ថិតក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំងប្រាំពីរ។
លោកស្រីបានថ្លែងថា៖ «យើងមិនទាន់អាចបង្ហាញពីតួលេខដែលយើងគ្រោងនឹងស្នើឡើងនោះទេ ពីព្រោះយើងនៅត្រូវការពិភាក្សាគ្នាអំពីបញ្ហានេះ។ ប៉ុន្តែយើងត្រូវសួរថា តើកម្មករអាចរស់បានដែរឬទេ នៅពេលដែលអតិផរណាបន្តកើនឡើង ខណៈប្រាក់ឈ្នួលអប្បបរមាមានត្រឹមតែ ២១០ដុល្លារ»។
សហជីពឯករាជ្យជាច្រើនក្នុងវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ធ្លាប់រំពឹងថា នឹងទទួលបានប្រាក់ឈ្នួលអប្បបរមា ២៣២ដុល្លារក្នុងមួយខែនៅក្នុងឆ្នាំ២០២៦ ដែលតួលេខនេះ ត្រូវបានសហជីព និងក្រុមការពារសិទ្ធិមនុស្សចាត់ទុកថា ជា «ការកែសម្រួលកម្រិតទាបបំផុត» ដែលចាំបាច់ ទោះបីជាចំនួននេះនៅតែមិនទាន់ឆ្លើយតបនឹងការចំណាយជាក់ស្តែងសម្រាប់ជីវភាពរស់នៅក៏ដោយ។
អ្នកស្រី កើត សុខនី អាយុ៣៣ឆ្នាំ ដែលជាកម្មការិនីផ្នែកដេរនៅរោងចក្រកាត់ដេរមួយកន្លែងក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននិយាយថា អ្នកស្រីសង្ឃឹមថា រដ្ឋាភិបាល និងសហជីពនឹងជំរុញឱ្យម្ចាស់រោងចក្រដំឡើងប្រាក់ឈ្នួលអប្បបរមាដល់ប្រហែល ២២០ដុល្លារសម្រាប់ឆ្នាំ ២០២៧។
អ្នកស្រីបានលើកឡើងថា ការកើនឡើងថ្លៃទំនិញ និងប្រេងឥន្ធនៈ បានធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាប្រចាំខែចំនួន ២១០ដុល្លារនាពេលបច្ចុប្បន្ននេះ មិនគ្រប់គ្រាន់សម្រាប់ចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃឡើយ។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំចង់ស្នើសុំឱ្យមានការដំឡើងប្រាក់ឈ្នួលយ៉ាងហោចណាស់ ១០ដុល្លារ ព្រោះតម្លៃទំនិញបន្តឡើងថ្លៃ ហើយតម្លៃប្រេងឥន្ធនៈនៅតែថ្លៃ។ ខ្ញុំត្រូវចំណាយពេលប្រហែល ៣០នាទី ក្នុងការធ្វើដំណើរទៅធ្វើការ។ ប្រាក់ឈ្នួលរបស់យើងនៅទាប ហើយតម្លៃទំនិញបន្តកើនឡើង ខណៈថៅកែរោងចក្រនៅតែបន្តនាំចេញផលិតផលរបស់ពួកគេបាន»។
បទប្បញ្ញត្តិស្តីពីប្រាក់ឈ្នួលអប្បបរមាអនុវត្តតែចំពោះវិស័យកាត់ដេរ ស្បែកជើង និងផលិត ផលធ្វើដំណើរប៉ុណ្ណោះ ដែលវិស័យនេះផ្តល់ការងារដល់ប្រជាពលរដ្ឋជិតមួយលាននាក់ (ភាគច្រើនជាស្ត្រី) និងជាឆ្អឹងខ្នងនៃកម្លាំងពលកម្មផ្លូវការរបស់ប្រទេសកម្ពុជា ខណៈកម្មករជាង ៨៨% នៅតែបន្តធ្វើការងារក្រៅប្រព័ន្ធនៅឡើយ។
កម្មការិនីម្នាក់ទៀតឈ្មោះ ឃួន សុខា អាយុ៤៤ឆ្នាំ ដែលបម្រើការងារនៅក្រុមហ៊ុន General Enterprises Garment (Cambodia) Co., Ltd. បានឱ្យដឹងថា អ្នកស្រីមិនរំពឹងថា ថៅកែរោងចក្រនឹងយល់ព្រមដំឡើងប្រាក់ឈ្នួលខ្ពស់សម្រាប់ឆ្នាំ២០២៧ នោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីបានបន្តថា កម្មករនៅតែបន្តសង្ឃឹមថា ប្រាក់ឈ្នួលនឹងកើនឡើងស្របតាមការឡើងថ្លៃអាហារ និងទំនិញនានា។ ទោះបីជាមានការងារថែមម៉ោងក៏ដោយ ក៏ប្រាក់ចំណូលរបស់កម្មករនៅតែមិនអាចឆ្លើយតបនឹងការចំណាយសម្រាប់ជីវភាពរស់នៅក្នុងទីក្រុងភ្នំពេញបានដែរ។
អ្នកស្រីបានលើកឡើងថា៖ «ខ្ញុំមិនអាចទស្សន៍ទាយថា មានអ្វីកើតឡើងនោះទេ។ កន្លងមក ប្រាក់ឈ្នួលគឺទាបពេក ដូច្នេះខ្ញុំមិនហ៊ាននិយាយទេថា តើចំនួនប៉ុន្មានទើបគ្រប់គ្រាន់។ ប៉ុន្តែខ្ញុំដឹងថា ប្រសិនបើប្រាក់ឈ្នួលនៅតែទាប នោះកម្មករនឹងធ្លាក់ក្នុងបំណុល ខណៈតម្លៃទំនិញបន្តកើនឡើង។ ជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងចាប់ផ្តើមជួបការលំបាកយ៉ាងខ្លាំង»។
ក្រៅពីប្រាក់ឈ្នួលទាប អ្នកស្រី សុខា បានលើកឡើងថា រោងចក្ររបស់អ្នកស្រីអនុវត្តបទបញ្ជាផ្ទៃក្នុងនៅកន្លែងធ្វើការយ៉ាងតឹងរ៉ឹង ប៉ុន្តែកម្មករទទួលបានអត្ថប្រយោជន៍ពីការមានប័ណ្ណបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលជួយកាត់បន្ថយការចំណាយមួយចំនួន។
លោក អាត់ ធន់ ជាមេដឹកនាំសហជីព បានមានប្រសាសន៍ថា ការចរចាប្រាក់ឈ្នួលកំពុងដំណើរការទៅស្រដៀងនឹងឆ្នាំមុនៗដែរ ហើយវាពិតជាពិបាកនឹងទស្សន៍ទាយថា តើសហជីព ដែលអាចជំរុញខ្លាំងក្លាប៉ុណ្ណាឱ្យមានការដំឡើងប្រាក់ឈ្នួលខ្ពស់ជាងមុន ដោយសារតែនៅសល់សហជីពឯករាជ្យតែមួយចំនួនតូចប៉ុណ្ណោះ។
លោកបានមានប្រសាសន៍ថា៖ «ជារួម កម្មករកំពុងប្រឈមនឹងការលំបាកខ្លាំងជាងមុន ដោយសារប្រាក់ចំណូលរបស់ពួកគេនៅដដែល ខណៈដែលការចំណាយលើជីវភាពរស់នៅបានកើនឡើង។ ជាលទ្ធផល វាធ្វើឱ្យជីវភាពរស់នៅកាន់តែមានការលំបាកជាងមុន»។
លោក អាត់ ធន់ បានស្នើនូវវិធានការចំនួនពីរ ដើម្បីដោះស្រាយស្ថានភាពនេះ។ ទីមួយ ប្រាក់ឈ្នួលអប្បបរមា គួរតែត្រូវបានដំឡើងដល់ប្រហែល ២៥០ដុល្លារក្នុងមួយខែ ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកម្មករកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា ប្រសិនបើការដំឡើងដល់កម្រិតនោះមិនអាចធ្វើទៅរួចទេ នោះរដ្ឋាភិបាលគួរតែខិតខំរក្សាតម្លៃទំនិញនៅលើទីផ្សារឱ្យនៅទាប ដើម្បីកាត់បន្ថយបន្ទុករបស់កម្មករ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodian Workers Seek Higher Minimum Wage as 2027 Talks Begin










