សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជា​នឹង​ទទួល​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​ពី​កាតា ប៉ុន្តែ​ព័ត៌មាន​លម្អិត​ជុំវិញ​​កិច្ចព្រមព្រៀង​នៅ​មិនទាន់​ត្រូវ​បានបង្ហាញច្បាស់នៅឡើយ

ទង់ជាតិ​កម្ពុជា និង​សហរដ្ឋអាមេរិក ដាក់នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)
ទង់ជាតិ​កម្ពុជា និង​សហរដ្ឋអាមេរិក ដាក់នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។ (ខេមបូចា/ព្រីង សំរាំង)

កម្ពុជាបានបង្កើត ក្រុមការងារចំពោះកិច្ចដើម្បីទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានពីប្រទេសកាតា តាម​សំណើរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ខណៈ​អ្នកវិភាគ​បាន​លើក​ជា​ចម្ងល់​អំពី​រយៈពេល​ស្នាក់នៅ និង​ប្រភព​ថវិកា​គាំទ្រ ដោយ​យោង​ទៅ​លើ​បទពិសោធន៍​កន្លងមក​នៃ​ការ​ទទួល​យក​ជនភៀសខ្លួន​ក្រោម​កិច្ចព្រមព្រៀង​ជាមួយ​អូស្ត្រាលី និង​ករណី​ជនភៀស​ខ្លួន​​អាហ្វហ្គានីស្ថានផ្ទាល់ ដែលបានបង្ហាញថាមិន​បាន​ផ្តល់​លទ្ធផលដែលជាដុំកំភួន។

កាលពីឆ្នាំ២០១៤ កម្ពុជាបានទទួលជនភៀសខ្លួនក្រោមកិច្ចព្រមព្រៀង​ដ៏ចម្រូងចម្រាស​មួយ​ដែល​​​មាន​​តម្លៃ ៤០ លានដុល្លារ ជាមួយរដ្ឋាភិបាលអូស្ត្រាលី ដែលត្រូវបានចុះហត្ថលេខា​នៅខែកញ្ញាឆ្នាំ​នោះ។ ប៉ុន្តែជាក់ស្តែង មានតែអ្នកស្វែងរកសិទ្ធិជ្រកកោនមួយចំនួនប៉ុណ្ណោះ​ដែលត្រូវបានផ្ទេរមក​កម្ពុជា។

ចុងក្រោយនេះ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ជាមួយ​សហ​រដ្ឋអាមេរិក ដោយផ្អែកលើសំណើមួយដែលនាំឱ្យមានការបង្កើតក្រុមការងារមួយ ដើម្បីសម្រប​សម្រួល​ការទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដែលបច្ចុប្បន្នកំពុង​ស្នាក់​នៅក្នុង​ប្រទេស​កាតា​។ ជនភៀសខ្លួនទាំងនេះត្រូវបានជម្លៀសចេញពីប្រទេសរបស់ពួកគេ នៅពេលសហរដ្ឋអាមេរិក​ដកកង​កម្លាំងចេញពីអាហ្វហ្គានីស្ថានក្នុងឆ្នាំ២០២១ បន្ទាប់ពីសង្គ្រាមអស់រយៈពេល ២០ឆ្នាំ។

ក្រុមការងារនេះមានសមាជិកចំនួន១៦រូប មកពីក្រសួងមហាផ្ទៃ ក្រសួងការបរទេស និង​សហប្រតិ​បត្តិ​ការ​​​អន្តរជាតិ ព្រមទាំងក្រសួងពាក់ព័ន្ធផ្សេងៗទៀត។ លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ នឹងធ្វើជាប្រធានក្រុមការងារនេះ។

យោងតាមសៀវភៅ​រាជកិច្ចដែលចេញផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា កម្ពុជានឹង​សម្រេច​កំណត់​ចំនួន​ជនជាតិ​អាហ្វហ្គានីស្ថានដែលខ្លួនទទួលយក និងសម្របសម្រួលការស្នាក់នៅ​បណ្តោះអាសន្នរបស់​ពួកគេ រៀបចំកន្លែងស្នាក់នៅ និងសម្របសម្រួលជាមួយសហរដ្ឋអាមេរិក ដោយផ្អែកលើតម្រូវការ និងសុខុមាលភាពរបស់ពួកគេ។

សេចក្តីសម្រេចដដែល ក៏បានចែងពីការទទួលខុសត្រូវរបស់ក្រុមការងាររចំពោះកិច្ចក្នុង​ការ​សម្រប​​សម្រួល​​ជាមួយក្រុមហ៊ុនអាកាសចរណ៍ ដើម្បីសម្រួលដល់ការដឹកជញ្ជូន​ជនភៀសខ្លួន​មកកាន់កម្ពុជា ព្រមទាំងការរៀបចំមធ្យោបាយដឹកជញ្ជូន និងការងារផ្នែកភស្តុភារពីកន្លែងមក​ដល់ ​ទៅ​កាន់​​ទីតាំង​ស្នាក់​នៅ និងការចាកចេញពីកម្ពុជា។ លើសពីនេះ កម្ពុជានឹងធានា​សុវត្ថិភាព និងសន្តិសុខរបស់​ពួកគេ​ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា។

យោងតាមអង្គការ AfghanEvac ជនជាតិអាហ្វហ្គានីស្ថានប្រមាណ ១ ១០០នាក់ ត្រូវបាន​រាយការណ៍​​ថា នៅតែបន្តស្នាក់នៅក្នុងជំរំ Al-Sayliyah របស់ប្រទេសកាតា ខណៈ​កំពុង​រង់ចាំ​ការ​ផ្លាស់ទីលំនៅទៅ​កន្លែថ្មី។ អង្គការនេះបានរាយការណ៍កាលពីខែកក្កដាថា ថ្ងៃកំណត់​សម្រាប់​​ការផ្លាស់​ទីលំនៅ​របស់​ពួក​គេ គឺថ្ងៃទី៣០ ខែកញ្ញា។

នេះមិនមែនជាលើកទីមួយទេដែលកម្ពុជាទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថាន។ កាលពី​ឆ្នាំ​២០២១ រដ្ឋា​ភិបាល​បានយល់ព្រមទទួលជនភៀសខ្លួនអាហ្វហ្គានីស្ថានស្នាក់នៅ​បណ្តោះ​អាសន្ន​រហូតដល់ ៣០​០នាក់ ដែលមានទំនាក់ទំនងជាមួយមូលនិធិអាស៊ី ប៉ុន្តែមានមនុស្សតែ ១៥នាក់ប៉ុណ្ណោះ​ត្រូវបាន​ទទួល ខណៈពួកគេរង់ចាំការតាំងទីលំនៅនៅប្រទេសទីបី នេះបើយោងតាមសារព័ត៌មាន UCAnews។

នៅពេលនោះ កម្ពុជាបាននិយាយថា ខ្លួននឹងទទួលជនភៀសខ្លួន​ទាំងនេះតែ​ជា​ «បណ្តោះអាសន្ន​»​ ប៉ុណ្ណោះ​។

អ្នកវិភាគភូមិសាស្ត្រនយោបាយកម្ពុជា-អាស៊ីប៉ាស៊ីហ្វិក លោក សេង វណ្ណលី បាន​លើក​ឡើង​ថា ការ​ទទួល​ជន​ភៀសខ្លួន​អាចជួយពង្រឹងទំនាក់ទំនងរបស់កម្ពុជាជាមួយទីក្រុងវ៉ាស៊ីនតោន និងបង្ហាញពីឆន្ទៈក្នុងការជួយដោះស្រាយបញ្ហាមនុស្សធម៌អន្តរជាតិ។

ទោះជាយ៉ាងណា ខ្លឹមសារនៃកិច្ចព្រមព្រៀងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅមិន​ទាន់ច្បាស់​លាស់​នៅឡើយ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរគួរពន្យល់បន្ថែមឱ្យបានលម្អិត អំពីរយៈ​ពេល​ស្នាក់នៅ ការចំណាយលើការរស់នៅជាបណ្តោះអាសន្ន និងសិទ្ធិដែលពួកគេនឹង​ទទួល​បាន។

លោក វណ្ណលី បានថ្លែងថា៖ «អត្ថប្រយោជន៍ណាមួយអាចបាត់បង់ទៅវិញ ប្រសិនបើ​ជន​ភៀស​​​ខ្លួន​​មិនត្រូវបានយកចិត្តទុកដាក់ត្រូវត្រឹម ឬត្រូវទុកចោលដោយគ្មាន​អនាគត​ច្បាស់​លាស់​។ កម្ពុជា​គួរ​តែ​ស្វែងរកកិច្ចព្រមព្រៀងមួយដែលមានភាពយុត្តិធម៌ ដែល​សហរដ្ឋ​អាមរិក​នៅតែបន្តទទួល​ខុស​ត្រូវ​»។

លោកបានបន្ថែមថា៖ «ខ្ញុំគិតថា កម្ពុជាអាចជួយជនភៀសខ្លួនអាហ្វហ្គានីស្ថានបាន ប៉ុន្តែ​​រដ្ឋាភិបាល​ត្រូវ​​ពន្យល់ឱ្យបានច្បាស់ថា ខ្លួនបានព្រមព្រៀងលើអ្វីខ្លះ។ ការជួយមនុស្ស​ឱ្យ​រួច​ផុត​​ពីគ្រោះថ្នាក់​គឺជារឿង​ល្អ ប៉ុន្តែកម្ពុជាមិនគួរទទួលយកការទទួលខុសត្រូវដែល​អាច​បន្ត​អស់​រយៈ​​ពេលជាច្រើនឆ្នាំ ដោយគ្មានប្រភពថវិកា និងផែនការច្បាស់លាស់​សម្រាប់​អនាគត​របស់​ជនភៀសខ្លួននោះទេ»។

លោកបានលើកឡើងថា កិច្ចព្រមព្រៀងកាលពីមុនជាមួយប្រទេសអូស្ត្រាលី គួរតែអាចយក​ធ្វើជា​«មេរៀន​»មួយ​ហើយ។ នៅពេលនោះ មានជនភៀសខ្លួនតែ ៧នាក់​ប៉ុណ្ណោះដែល​បាន​មក​កម្ពុជា ហើយ៣នាក់នៅតែស្ថិតនៅកម្ពុជានៅពេលកិច្ច​ព្រមព្រៀងផុតកំណត់​ក្នុងឆ្នាំ២០១៨។ លោកថា វាបានបង្ហាញថា កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនឹងរដ្ឋាភិបាល «មិនទាន់គ្រប់គ្រាន់​ទេ»​​។

លោក វណ្ណលី បានបន្ថែមថា កម្ពុជាអាចប្រឈមនឹងការលំបាកធ្ងន់ធ្ងរ ប្រសិនបើការស្នាក់​នៅបណ្តោះ​អាសន្ន​ក្លាយជាអចិន្ត្រៃយ៍ ហើយពាក់ព័ន្ធនឹងការផ្តល់លំនៅឋាន សេវា​សុខាភិបាល ការសិក្សា និងការគាំទ្រផ្សេងៗទឿត ដោយសារតែវានឹងតម្រូវឱ្យ​មានថវិកាបន្ត​ជា​ប្រចាំ។

លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្ស លីកាដូ បានលើកឡើងពីក្តីបារម្ភ​ស្រដៀង​​​គ្នានឹង​លោក វណ្ណលី ដោយយកកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី​ធ្វើជា​ឧទាហរណ៍ និងអំពាវនាវ​ឱ្យ​កម្ពុជា​ពង្រឹងការការពារផ្នែកច្បាប់ មនុស្សធម៌ និងសិទ្ធិមនុស្ស។

លោកបាននិយាយថា៖ «កម្ពុជាក៏ត្រូវពង្រឹងការការពារ និងការគោរពសិទ្ធិមនុស្សឱ្យបានល្អ​ប្រសើរ​ជាង​មុន​ផងដែរ»។

លោក អំ សំអាត បានកត់សម្គាល់ថា កាលពីអតីតកាល មានការរិះគន់យ៉ាង​ខ្លាំងចំពោះ​ការ​ប្រព្រឹត្ត​របស់រដ្ឋាភិបាលកម្ពុជាទៅលើជនជាតិដើមភាគតិចម៉ុងតាញ៉ា ដែលបានរត់គេចមក​ស្វែងរក​សិទ្ធិជ្រកកោននៅកម្ពុជា ប៉ុន្តែត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។

លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបដិសេធមិនធ្វើអត្ថាធិប្បាយ ដោយបញ្ជាក់​ថា លោក​កំពុងជាប់ប្រជុំ។

ចំណែកលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ទូច សុខៈ អ្នកនាំពាក្យក្រសួង​មហាផ្ទៃ និងលោក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនអាចទាក់ទង​សុំការ​អត្ថាធិប្បាយ​បានទេ។

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញ លោក Jonathan Collett បាន​បង្វែរ​​​សំណួរ​​​ទៅ​កាន់ក្រសួងការបរទេសសហរដ្ឋអាមេរិក ប៉ុន្តែក្រសួងនេះមិ​នបានឆ្លើយ​តប​ឡើយរហូតពេល​អត្ថបទនេះ​ត្រូវបានចេញផ្សាយ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia to Receive Afghan Refugees from Qatar, But Deal Details Remain Unclear

ព័ត៌មានថ្មី

អត្ថបទពេញនិយម