រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា លើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៦នេះ អាចនឹងសម្លាប់មនុស្សរហូតដល់១៧០០នាក់ បើបន្តផ្អាកការរឹតបន្តឹងការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍។ លោកអះអាងថា តួលេខអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៦ខែដំបូងក្នុងឆ្នាំនេះ កំពុងធ្វើឱ្យផែនការកាត់បន្ថយអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍របស់ក្រសួងបរាជ័យ។
ថ្លែងក្នុងទិវាជាតិអន្តរសាសនា ប្រឆាំងនឹងការជួញដូរមនុស្សលើកទី១០ នៅថ្ងៃទី២០ ខែសីហា លោក ស សុខា ហៅគ្រោះថ្នាក់ចរាចរណ៍ថាជាជំងឺមួយដ៏សាហាវ បើធៀបនឹងបញ្ហាសង្គមផ្សេងទៀត។ លោកអះអាងថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមធ្ងន់ធ្ងរដែលបានផ្តាច់ជីវិតប្រជាពលរដ្ឋ ភាគច្រើនជាសិស្សានុសិស្ស និងកម្មករ-កម្មការិនី ដែលជាធនធានមនុស្សសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ លោកបន្តថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ កំពុងធ្វើឱ្យផែនការគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបរាជ័យ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា៦ខែដើមឆ្នាំនៃលទ្ធផលសម្រេចបានចំពោះគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបែបនេះ ខ្ញុំគិតថាយើងបរាជ័យហើយ។ គោលដៅរបស់យើងធ្វើម៉េចឱ្យមកនៅក្រោម១៥០០ក្នុងឆ្នាំ២០២៦នេះ ប៉ុន្តែដោយសារការឈ្លានពាន ដោយសារជីវភាព យើងបានផ្អាក។ នៅពេលការផ្អាកនេះធ្វើឱ្យបងប្អូនដែលជាអ្នកប្រើម៉ូតូមិនសូវគោរព។ ក្នុងនោះ ៨០ភាគរយនៃអ្នកជិះម៉ូតូ ដែលគ្រោះថ្នាក់ដល់ស្លាប់ ៨០ភាគរយគឺអ្នកប្រើប្រាស់ម៉ូតូ»
លោកសន្និដ្ឋានថា ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់នេះអាចកើនឡើងដល់ ១៧០០ នាក់ក្នុងឆ្នាំ២០២៦នេះ បើអាជ្ញាធរមិនរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ។
លោកថ្លែងថា៖ «ឆ្នាំនេះបើយើងអត់ធ្វើអីសោះ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មិនក្រោម ១៦០០នាក់ ទៅ១៧០០នាក់ទេ។ ក្នុងនោះសិស្សមានចំនួនច្រើនជាងគេ ដោយសារគាត់ត្រូវការប្រើប្រាស់ផ្លូវប្រចាំថ្ងៃ ទី២ គឺកម្មករ កម្មការិនី[…]បើមួយឆ្នាំៗ យើង១៦០០ទៅ១៧០០នាក់យើងស្លាប់ ខ្ញុំគិតថាការអភិវឌ្ឍសេដ្ឋកិច្ចជាតិបែបពិបាក»។
ចាប់តាំងពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ សមត្ថកិច្ចទូទាំងប្រទេសបានសម្រេចផ្អាកបណ្ដោះអាសន្នការអនុវត្តច្បាប់ចរាចរណ៍ផាកពិន័យចំពោះអ្នកល្មើសច្បាប់ ស្របតាមការបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក្នុងអំឡុងពេលដែលជម្លោះព្រំដែនកម្ពុជា-ថៃកំពុងផ្ទុះឡើង។
យ៉ាងណា លោក ស សុខា បានចេញបទបញ្ជាជាថ្មីឱ្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញាខាងមុខតទៅ នៅរាជធានីខេត្តចំនួន៦ ដែលមានអត្រាអ្នកស្លាប់ច្រើនជាងគេ ដើម្បីធានាអាយុជីវិតរបស់អ្នកបើកបរ ជាពិសេសអ្នកប្រើប្រាស់ម៉ូតូ ដែលត្រូវបានរកឃើញថាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៨០ភាគរយជាអ្នកជិះម៉ូតូ។
លោកបញ្ជាក់ថា៖ «[រឹតបន្តឹង]ទៅលើមុខសញ្ញាមួយចំនួនដូចជាល្បឿន[បើកបរលើសល្បឿនកំណត់] ដែលបង្កឱ្យគ្រោះថ្នាក់ស្លាប់ច្រើនជាងគេ ទី២ មិនគោរពផ្លាកសញ្ញា ឬមួយមិនគោរពសិទ្ធិអទិភាព ហើយធំជាងគេទៀត ទី៣ គឺប្អូនៗសិស្សានុសិស្សជិះមិនពាក់មួកសុវត្ថិភាព»។
របាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថា ឆមាសទី១ ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុបចំនួន ១,២៧៩លើក កើនឡើង ២១៣លើក ដោយបានបណ្តាលមានអ្នកស្លាប់ចំនួន ៧៧៣នាក់ កើនឡើង ៧៩នាក់ និងបង្កឱ្យមានអ្នករបួសជិត២០០០នាក់ កើនជាង៤៦០នាក់ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។
តួលេខបង្ហាញថា រាជធានីភ្នំពេញឈរលំដាប់ថ្នាក់លេខ១ដែលមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេរហូតដល់ ៤៦១លើក បន្ទាប់មកខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។
រយៈពេលត្រឹមមួយថ្ងៃ កាលពីថ្ងៃទី២៣ ខែឧសភាកន្លងទៅ កម្មកររោងចក្រកាត់ដេរយ៉ាងតិច ១៤នាក់បានស្លាប់ និង៩៣នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នានៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង អំឡុងពេលពួកគេជិះរថយន្តទៅធ្វើការនៅពេលព្រលឹម។
តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានខេមបូចា មន្ត្រីស្នងការដ្ឋាននគរបាលតាមបណ្តារាជធានីខេត្តមួយចំនួនអះអាងថា បានរៀបចំផែនការរួចរាល់ត្រៀមចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញាខាងមុខ ដោយផ្តោតសំខាន់លើការបើកបរលើសល្បឿនកំណត់ ការបំពានភ្លើងសញ្ញាចរាចរណ៍ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងការដឹកជញ្ជូនសំពីងសំពោង។
ស្នងការរងនគរបាលខេត្តស្វាយរៀង លោក ពុត កយ ឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀងកើតឡើងភាគច្រើនដោយសារការបើកបរលើសល្បឿន ការមិនគោរពសិទ្ធិអាទិភាព និងភាពកកស្ទះនៅពេលយប់។ ដូច្នេះលោកថា សមត្ថកិច្ចនឹងចុះអនុវត្តការរឹតបន្តឹងនេះនៅតាមបណ្តាក្រុង-ស្រុក ដែលមានអត្រាគ្រោះថ្នាក់ខ្ពស់។ លោកបន្តថា ក៏បានណែនាំសមត្ថកិច្ចឱ្យប្រកាន់ខ្ជាប់សីលធម៌ និងសុជីវធម៌របស់មន្ត្រីអនុវត្តច្បាប់រួចរាល់ដែរ។
លោកថ្លែងថា៖ «យើងនឹងប្រឹងប្រែងខិតខំទាំងអប់រំ ទាំងផាកពិន័យ ដើម្បីឱ្យកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀងយើង[…]កន្លែងណាដែលយើងត្រូវសម្រួល យើងនឹងសម្រួលចរាចណ៍ជូនគាត់ដូចជាកម្មករចូលធ្វើការនៅរោងចក្រ សិស្សានុសិស្សចេញ និងចូលសាលារៀន»។
ចំណែក ស្នងការរងនគរបាលខេត្តកណ្តាល លោក ឆេង សំអឿន មានប្រសាសន៍ថា កម្លាំងជំនាញនឹងចុះអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ស្របតាមបទបញ្ជាថ្នាក់ដឹកនាំ។ ជាមួយគ្នា លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និងអត្រាអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។
លោកថ្លែងថា៖ «កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាលមានការប្តេជ្ញាចិត្តខ្ពស់ និងចូលរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលឱ្យមានកម្រិតតិចបំផុត»។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមរយៈទំព័ហ្វេសប៊ុកនៅថ្ងៃទី២១ ខែសីហា បានបង្ហាញការព្រួយបារម្ភជុំវិញឥរិយាបទរបស់អ្នកបើកបរមួយចំនួនដែលនៅតែបន្តល្មើសច្បាប់ចរាចរណ៍ ដែលបង្កជាហានិភ័យ និងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពផ្លូវគោក។ ប្រភពបន្តថា ទោះបីជាអាជ្ញាធរបានខិតខំប្រឹងប្រែងចុះអប់រំ និងផ្សព្វផ្សាយយ៉ាងណាក៏ដោយ អ្នកដំណើរមួយចំនួននៅតែមិនទាន់កែប្រែទម្លាប់ នៅអំឡុងពេលដែលការអនុវត្តច្បាប់ត្រូវបានផ្អាកមួយរយៈកន្លងមក។
លោក វិន វ៉ាន់ឌឿន ជាអតីតកីឡាករប្រដាល់គុនខ្មែរម្នាក់ ដែលធ្លាប់បានរងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ ដោយសាររថយន្តបុកពីក្រោយបណ្តាលឱ្យខ្ទាតទៅក្រោមរថយន្តមួយទៀត កាលពីឆ្នាំ២០២១ នៅក្នុងរាជធានីភ្នំពេញ។ លោកចង់ឃើញមានការការរឹតបន្តឹងច្បាប់ចរាចរណ៍ឱ្យម៉ឺងម៉ាត់ ដោយសង្ឃឹមថា អាចកាត់បន្ថយចំនួនអ្នករងគ្រោះដោយសារការធ្វើដំណើរលើដងផ្លូវ។
លោកនិយាយថា៖ «ខ្ញុំយល់ថាល្អ ដោយសារយើងមើលទៅបញ្ហាហ្នឹងដូចជាធំដែររាល់ថ្ងៃ។ ហើយអ្នកដែលរងគ្រោះក៏ច្រើន។ បើបានរឹតបន្តឹងយើងសង្ឃឹមថាអាចកាត់បន្ថយបញ្ហាអ្នកដែលរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ហ្នឹងបានច្រើន»។
មិនតែប៉ុណ្ណោះ លោកក៏ស្នើសុំឱ្យអាជ្ញាធរស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៅពេលមានគ្រោះថ្នាក់កើតឡើងដែរ៖ «ក្នុងនាមខ្ញុំពីមុនដែលធ្លាប់រងគ្រោះរឿងហ្នឹងពីមុន ខ្ញុំគ្រាន់តែចង់ឃើញថា បើសិនជាមានករណីហ្នឹងកើតឡើង ហើយ(ត្រូវរកឱ្យឃើញ)ថានរណាខុស នរណាត្រូវ។ ជាពិសេសសម្រាប់ជនរងគ្រោះដែលគាត់ជួបបញ្ហាហ្នឹងឱ្យគាត់ទទួលបានដំណោះស្រាយ អាចថាជាអ្វីមួយដែលអាចទទួលយកបាន»។
អតីតកីឡាករប្រដាល់ ដែលបច្ចុប្បន្នជាអ្នករត់កង់បីរូបនេះអះអាងដូច្នេះ ដោយថា គ្រោះថ្នាក់ចរាចរណ៍កាលពី៥ឆ្នាំមុន បានបណ្តាលឱ្យលោកបាក់ឆ្អឹងត្រកៀក និងត្រូវចំណាយថវិកាព្យាបាលអស់ប្រមាណ ១ម៉ឺនដុល្លារ ហើយបច្ចុប្បន្ននៅមិនទាន់ជាសះស្បើយ និងមានដែកក្នុងខ្លួននៅឡើយ។ អ្វីដែលធ្វើឱ្យលោកតូចចិត្តបំផុតនោះគឺ គ្រោះថ្នាក់នោះបានបញ្ចប់អាជីពប្រដាល់របស់លោក ហើយខាតបង់ពេលវេលា និងថវិកាយ៉ាងច្រើន ដោយគ្មានទទួលបានដំណោះស្រាយ ឬយុត្តិធម៌ណាមួយឡើយ ពីព្រោះសមត្ថកិច្ច និងតុលាការមិនទាន់រកឃើញជនបង្ក។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីការអភិវឌ្ឍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា សមត្ថកិច្ចបានប្រកាសរឹតបន្តឹងការអនុវត្តច្បាប់ជាបន្តបន្ទាប់ ប៉ុន្តែបញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមដ៏ធំ។ លោកបន្តថា បញ្ហានេះបន្តកើតមាន ដោយសារអាជ្ញាធរហាក់ស្ទាក់ស្ទើរក្នុងការអនុវត្តច្បាប់ឱ្យបានតឹងតែង ហើយច្បាប់ស្តីពីការត្រួវពិនិត្យគ្រឿងស្រវឹងក៏មិនទាន់មាន។
លោកថ្លែងថា៖ «រឿងដែលសំខាន់គឺយើងត្រូវតែឱ្យមានច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងស្រវឹងចាំបាច់ បើមិនអ៊ីចឹងទេ អ្នកស្រវឹងនៅតែបើកបរលើដងផ្លូវទេ បញ្ហាគ្រោះថ្នាក់នេះមិនអាចថមថយបានទេ»។
ចំណែកអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា ការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជាមិនគួរត្រូវបានបន្ធូរបន្ថយ ដោយសារសង្គ្រាម ឬបញ្ហាណាមួយឡើយ ព្រោះការធ្វើបែបនេះនាំឱ្យសណ្តាប់ធ្នាប់សង្គម និងការគោរពច្បាប់របស់ពលរដ្ឋមានការធ្លាក់ចុះ។ លោកបន្តថា ផ្លូវកាន់តែស្អាត ការរឹងបន្តឹងច្បាប់ចរាចរណ៍ត្រូវតែធ្វើឡើងទ្វេដង បើពុំដូច្នេះគ្រោះថ្នាក់ធ្ងន់ៗនឹងកើតឡើង។
លោកមានប្រសាសន៍ថា៖ «បើយើងមានតម្លាភាពគ្រប់គ្រាន់ វាដូចជាមិនចាំបាច់អីត្រូវបញ្ឈប់ការអនុវត្តច្បាប់ទេ។ ខ្ញុំគាំទ្រឱ្យមានការរឹតបន្តឹងច្បាប់ចរាចរណ៍[…]នៅពេលដែលស្រុកមានផ្លូវកាន់តែល្អ មិនមែនបានន័យថាគ្រោះថ្នាក់ចរាចរណ៍នឹងថយចុះទេ វាអាចនឹងកើនឡើងដែរ។ អ៊ីចឹងការរឹតបន្តឹងច្បាប់ចរាចរណ៍ត្រូវតែបង្កើនឡើងទ្វេដង នៅពេលដែលយើងមានផ្លូវកាន់តែស្អាត គ្រោះថ្នាក់វាតែងកើតមានធ្ងន់ៗ»។
លោកសង្កេតឃើញថា ពលរដ្ឋខ្មែរខ្លះគោរពច្បាប់មិនមែនដោយសារគិតពីសុវត្ថិភាពទេ ប៉ុន្តែដោយសារពួកគេខ្លាចប៉ូលិសប៉ុណ្ណោះ ជាក់ស្តែងលោកថាការពាក់មួកសុវត្ថិភាព និងការបើកបរលើសល្បឿនកំណត់ជាដើម។ លោកបន្តថា កត្តាធំៗចំនួន២ដែលត្រូវដោះស្រាយដើម្បីឱ្យការអនុវត្តច្បាប់ចរាចរណ៍មានប្រសិទ្ធភាព គឺតម្លាភាពក្នុងការផាកពិន័យ និងការអនុវត្តច្បាប់ដោយស្មើភាពគ្នា រវាងអ្នកមានអំណាច និងប្រជាពលរដ្ឋសាមញ្ញ ដើម្បីពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធច្បាប់។
លោកថ្លែងថា៖ «ដរាបណាច្បាប់ស្តង់ដារ២នៅតែបន្ត វានឹងនាំឱ្យកើតមានរឿងអយុត្តិធម៌កាន់តែច្រើនឡើង ហើយធ្វើឱ្យពលរដ្ឋអស់ជំនឿទៅលើច្បាប់ដែរ»។ លោកបន្ថែមថា៖ «នាំគ្នាកាត់បន្ថយទៅអាស្តង់ដារ២ហ្នឹង ឱ្យវានៅតែមួយបានហើយ អ្នកណាក៏ដោយនៅក្រោមច្បាប់ទាំងអស់គ្នាទៅ បើថាជាប់ខ្នោះជាប់ទាំងអស់គ្នាទៅ កុំឱ្យអ្នកខ្លះដែលគ្នាក្រ រឿងបន្តិចបន្តួចខ្នោះ ថតបង្ហោះ ប៉ុន្តែដល់ពេលអ្នកមានអំណាច អ្នកមានលុយ ជួនកាលមិនទាំងបានឃើញមុខគេផង គ្រាន់តែលឺសូរថាមានគេចាប់ខ្លួនហើយ ប៉ុន្តែគេមិនបង្ហាញ»៕










