លោកនាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត នៅថ្ងៃពុធនេះបានព្យាយាមសម្រួលក្ដីបារម្ភរបស់វិនិយោគិនទាក់ទងនឹងបរិយាកាសវិនិយោគនៅប្រទេសកម្ពុជា ដោយបានលើកឡើងពីមុខមាត់ប្រទេសក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាញ។ ការលើកឡើងនេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធថ្មីភាគខាងជើងនៃខេត្តស្ទឹងត្រែង។
លោកមានប្រសាសន៍ថា៖ «ពួកគេថាប្រទេសយើងមានសង្គ្រាម ប្រទេសយើងមានស្កែម គ្មានអ្នកណាមកវិនិយោគទេ»។ លោកបន្តថា៖ «មិនថាបញ្ហាតូច ឬធំ យើងត្រូវតែទទួលយក និងដោះស្រាយវា ហើយការវិនិយោគនឹងទទួលបានការទាក់ទាញ»។
លោកបន្ថែមថា រដ្ឋាភិបាលនឹងផ្ដល់ការអនុគ្រោះសម្រាប់ការវិនិយោគនៅខេត្តភាគខាងជើង រូមមាន អត្ថប្រយោជន៍លើការអនុគ្រោះពន្ធ គយ និងកម្ចីមានអត្រាការប្រាក់ទាប។
លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យមានការវិនិយោគលើវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ក្នុងខេត្តស្ទឹងត្រែង និងខេត្តជិតខាងដូចជាក្រចេះ មណ្ឌលគិរី និងរតនគិរី។
សេដ្ឋកិច្ចប្រទេសកម្ពុជាហាក់ធាក់ថយបន្តិចនៅប៉ុន្មានខែចុងក្រោយនេះ ដោយរងគ្រោះពីការបិទព្រំដែនគោកជាមួយប្រទេសថៃក្រោយមានជម្លោះព្រំដែនកាលពីឆ្នាំមុន វិបត្តិថាមពលដោយសារជម្លោះនៅមជ្ឈិមបូព៌ា និងកេរិ៍ឈ្មោះមិនសូវល្អរបស់កម្ពុជាទាក់ទងនឹងឧស្សាហកម្មឆបោកតាមអនឡាញនៅក្នុងប្រទេស។ លោក ហ៊ុន ម៉ាណែត បានចង្អុលបង្ហាញពីការវិនិយោគរាប់ពាន់លានដុល្លារដែលមានស្រាប់ ទោះបីជាមានឧបសគ្គក៏ដោយ។
លោកនាយករដ្ឋមន្ត្រីឲ្យដឹងថា ក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំនេះ ខេត្តចំនួនបួននៅភាគឦសានបានទទួលសំណើគម្រោងវិនិយោគជាង៧០ បើគិតជាទឹកប្រាក់វិនិយោគប្រហែល២,៧ពាន់លានដុល្លារ និងរំពឹងថា អាចបង្កើតការងារបានចំនួន៨ម៉ឺនកន្លែង។ លោកបញ្ជាក់ថា៩៥ភាគរយនៃគម្រោងវិនិយោគនេះនឹងដាក់ឲ្យដំណើរការក្នុងរយៈពេលបីឆ្នាំ។
លោក ហុង វណ្ណៈ អ្នកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា ខេត្តភាគខាងជើងត្រូវការផែនការមេច្បាស់លាស់ដើម្បីទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍ រួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំសហគមន៍ និងការអភិវឌ្ឍតំបន់ព្រំដែន។
លោកបន្តថា ផែនការវិនិយោគត្រូវមានការគាំទ្រដោយនីតិវិធីច្បាស់លាស់ និងការតាមដានជាទៀងទាត់ និងមានការវាយតម្លៃជាប្រចាំ។
លោកបន្ថែមថា៖ «ខ្ញុំគិតថាគម្រោងវិនិយោគត្រូវតែឆ្លងកាត់ការគិតគូឲ្យបានល្អិតល្អន់ទាក់ទងនឹងដីស្រែចម្ការដែលប្រជាពលរដ្ឋបានបង្កបង្កើនផលនៅតាមព្រំដែន និងត្រូវទទួលបានការការពារ»។ លោកបន្ថែមថា៖ «ការវិនិយោគមិនមែនមានន័យថាអ្នកវិនិយោគ ឬអ្នកមានអំណាចអាចធ្វើបាបប្រជាពលរដ្ឋជាម្ចាស់ដីបានតាមចិត្តនោះទេ បើមិនដូចនេះទេជម្លោះនឹងកើតមានមិនចេះចប់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Manet Seeks to Reassure Investors Amid Scam, Border Fallout










