អង្គការសង្គមស៊ីវិលជំរុញឱ្យគណបក្សនយោបាយបង្កើនចំនួនបេក្ខភាពស្ត្រីក្នុងបញ្ជីឈរឈ្មោះឱ្យបាន ៥០ភាគរយ និងដាក់ស្ត្រីនៅលំដាប់លេខរៀងទី១ យ៉ាងហោច ៥០ភាគរយ នៅតាមឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ដោយសារស្ត្រីនៅតែមានតំណាងតិចតួចក្នុងតួនាទីដឹកនាំនៅថ្នាក់មូលដ្ឋាន។
ទោះបីស្ត្រីមានការចូលរួមក្នុងសកម្មភាពនយោបាយ និងការបោះឆ្នោតក៏ដោយ ក៏ឱកាសរបស់ពួកគេក្នុងការឈរឈ្មោះនៅលំដាប់ខ្ពស់ និងទទួលបានតំណែងដឹកនាំនៅថ្នាក់មូលដ្ឋាននៅមានកម្រិត។
បញ្ហានេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ «ពន្លឿនអភិបាលកិច្ចមូលដ្ឋានប្រកបដោយបរិយាបន្នតាមរយៈការបង្កើនបេក្ខភាពស្ត្រីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ដែលរៀបចំដោយក្រុមអង្គការសង្គមស៊ីវិល រួមមាន គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅកម្ពុជា ហៅកាត់ថា ខុមហ្រ្វែល(COMFREL) អង្គការសីលការ (SILAKA) និងអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)ជាដើម ព្រមទាំងភាគីពាក់ព័ន្ធដោយមានតំណាងគណបក្សនយោបាយចំនួនជាងដប់គណបក្ស។
តាមទិន្នន័យដែលបានបង្ហាញក្នុងសិក្ខាសាលា បេក្ខភាពស្ត្រីមានចំនួន ៣២,៣ភាគរយ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ប៉ុន្តែស្ត្រីមានត្រឹម ១២ភាគរយ ប៉ុណ្ណោះដែលឈរឈ្មោះនៅលេខរៀងទី១ក្នុងបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ។ ចំណែកស្ត្រីដែលជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់មានចំនួន ២២ភាគរយ និងស្ត្រីជាមេឃុំ-ចៅសង្កាត់មានចំនួន ១២,៦ភាគរយ។
អ្នកស្រី សឺនកេត សិរីលក្ខណ៍ តំណាងក្រុមស្ត្រីដើម្បីទាំងអស់គ្នា និងជាអ្នកសម្របសម្រួលកម្មវិធីអប់រំ និងយេនឌ័រនៃខុមហ្វ្រែល បានលើកឡើងថា បញ្ហាសំខាន់មិនមែនដោយសារស្ត្រីខ្វះសមត្ថភាព ឬមិនចូលរួមក្នុងនយោបាយនោះទេ ប៉ុន្តែដោយសារតំណាងស្ត្រីនៅក្នុងតួនាទីដឹកនាំនៅមានកម្រិត។
អ្នកស្រីមានប្រសាសន៍ថា៖ «ការពិតទៅ ស្ត្រីមិនខ្សត់ខ្សោយនោះទេ មានស្ត្រីចូលរួមជាច្រើន ស្ត្រីសកម្ម មានអ្នកបោះឆ្នោតដល់ ៥៣% ហើយអ្នកចូលរួមសកម្មនយោបាយមានដល់ ៥២%»។
អ្នកស្រីបន្តថា បញ្ហាមួយគឺស្ត្រីតែងតែត្រូវបានដាក់នៅលំដាប់លេខរៀងទាបក្នុងបញ្ជីបេក្ខជន ដែលធ្វើឱ្យពួកគេមានឱកាសតិចក្នុងការជាប់ឆ្នោត។ អ្នកស្រីក៏បានលើកឡើងពីការខ្វះគោលនយោបាយបោះឆ្នោតដែលឆ្លើយតបនឹងយេនឌ័រ និងការខ្វះវិធានការជាក់លាក់ក្នុងគណបក្សនយោបាយ ដើម្បីធានាឱ្យស្ត្រីទទួលបានឱកាសស្មើភាព។
អ្នកស្រីមានប្រសាសន៍ថា៖ «រឿងដែលសំខាន់ ទោះបីជាដាក់លេខរៀងច្រើនឬតិចក៏ពិតមែន លេខរៀងដែលស្ត្រីអាចជាប់ឆ្នោតបាននោះ គឺលេខរៀងទាបមែនទែន។ លេខរៀងទី១ មានតែ ១២ ភាគរយក្នុងការបោះឆ្នោតឃុំ ហើយលេខរៀងទី១ថ្នាក់ជាតិមានតែ ១៨ ភាគរយ»។
អ្នកស្រីក៏បានលើកឡើងពីរចនាសម្ព័ន្ធអំណាចដែលភាគច្រើនស្ថិតក្នុងដៃបុរស និងការលំបាករបស់ស្ត្រីក្នុងការប្រកួតប្រជែងយកតំណែងដឹកនាំ។ អ្នកស្រីថា បុរសដែលកាន់តំណែងជាមេឃុំយូរឆ្នាំខ្លះមិនចង់ចុះចេញពីតំណែង ហើយនៅពេលមានការរៀបចំបញ្ជីបេក្ខជនសម្រាប់ការបោះឆ្នោតលើកក្រោយ ពួកគេចង់បន្តឈរឈ្មោះនៅលេខរៀងទី១។
អ្នកស្រីបន្ថែមថា ករណីខ្លះ បេក្ខជនបុរសដែលស្ថិតនៅលេខរៀងបន្ទាប់មិនព្រមទទួលយកការដាក់ស្ត្រីនៅលេខរៀងទី១ ហើយស្ត្រីខ្លះបានសម្រេចចិត្តលះបង់លំដាប់លេខរៀងរបស់ខ្លួន ដោយសារសម្ពាធ និងបញ្ហាផ្សេងៗក្នុងការជ្រើសរើសបេក្ខជន។
អ្នកស្រី សឺនកេត សិរីលក្ខណ៍ បានលើកឡើងថា ការបង្កើនចំនួនស្ត្រីក្នុងតួនាទីដឹកនាំអាចជួយឱ្យតម្រូវការ និងអាទិភាពរបស់ស្ត្រី ក្មេងស្រី និងក្រុមងាយរងគ្រោះ ត្រូវបានយកចិត្តទុកដាក់កាន់តែច្រើនក្នុងការសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន។
អ្នកស្រីមានប្រសាសន៍ថា៖ «នៅពេលដែលមានស្ត្រីច្រើន បញ្ហា តម្រូវការ និងអាទិភាពរបស់ស្ត្រី និងក្មេងស្រីនឹងត្រូវបានលើកមកក្នុងការសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន និងថ្នាក់ឃុំ-សង្កាត់។ មួយទៀត វាជួយធ្វើឱ្យមានបរិយាបន្នកាន់តែខ្លាំង»។
សម្រាប់ការបោះឆ្នោតឆ្នាំ២០២៧ អង្គការសង្គមស៊ីវិលចង់ឃើញបេក្ខភាពស្ត្រីមានចំនួន ៥០ភាគរយ ក្នុងបញ្ជីបេក្ខជនរបស់គណបក្សនយោបាយ និងស្ត្រីឈរឈ្មោះនៅលេខរៀងទី១ យ៉ាងហោច ៥០ភាគរយ នៅក្នុងឃុំ-សង្កាត់ដែលគណបក្សមានសក្តានុពលឈ្នះឆ្នោត។ គោលដៅនេះមានបំណងបង្កើនឱកាសឱ្យស្ត្រីទទួលបានតំណែងដឹកនាំ និងចូលរួមក្នុងការសម្រេចចិត្តនៅថ្នាក់មូលដ្ឋាន។

លោកស្រី ស៊ឹង សុធី ប្រធានគណបក្សស្រ្តីដើម្បីស្រ្តីឱ្យដឹងថា គណបក្សអ្នកស្រីមានគោលនយោបាយលើកទឹកចិត្តស្ត្រីដោយផ្ដល់អាទិភាពដល់ពួកគេដោយលើកតម្កើងស្ត្រីជាចម្បង ក៏ដូចជាជំរុញ និងលើកទឹកចិត្តស្រ្តីឱ្យចូលធ្វើនយោបាយ។
សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ខាងមុខនេះ លោកស្រី សុធី ថាគណបក្សស្រ្តីដើម្បីស្រ្តីគ្រោងដាក់បេក្ខភាពស្ត្រីឈរបោះឆ្នោតឱ្យបាន ១០០ភាគរយ បើសិនជាមានស្ត្រីឈេរឈ្មោះច្រើន។
លោកស្រី ស៊ឹង សុធី មានប្រសាសន៍ថា៖ «ខ្ញុំសង្ឃឹមថាអាណត្តិនេះ ប្រជាជនកម្ពុជាយើងទាំងមូល គឺមិនសូវរើសអើងរវាងអ្នកនយោបាយទេ។ អ៊ីចឹងធ្វើឱ្យស្រ្តីហ្នឹងដែលគាត់ខ្លាច ហើយនិងប្រជាជនទាំងអស់ដែលគាត់ខ្លាចពីកន្លងមកហ្នឹងគឺគាត់អាចនឹងចូលរួមនយោបាយឱ្យបានច្រើន»។
ប្រធានគណបក្សស្រ្តីដើម្បីស្រ្តីរូបនេះ ផ្ដាំឱ្យស្ត្រីទាំងអស់កុំមានការភ័យខ្លាចក្នុងការធ្វើនយោបាយ ហើយអ្នកស្រី សុធី ក៏ចង់ឱ្យគណបក្សនយោបាយទាំងអស់លើកកម្ពស់ស្ត្រីដូចគណបក្សគាត់ដែរ។
អ្នកស្រី ស៊ឹង សុធី និយាយថា៖ «ខ្ញុំសង្ឃឹមថាបក្សទាំងអស់គួរតែលើកតម្កើងស្ត្រី ហើយទាញស្ត្រីមកធ្វើជាមេ ហើយបើគាត់ខ្វះខាតកន្លែងណាយើងបង្រៀនគាត់។ នៅពេលដែលបង្រៀនគឺស្ត្រីចេះលឿនហើយគាត់ហ្មត់ចត់»។
អ្នកស្រី សរ សារ៉ាត់ មកពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ឱ្យដឹងថា គណបក្សគាត់បានផ្ដល់ឱកាសឱ្យស្ត្រីចូលរួមក្នុងជួរថ្នាក់ដឹកនាំបានច្រើន។ ជាក់ស្តែង អ្នកស្រី សារ៉ាត់ ធ្លាប់បានឈរឈ្មោះ២ដងរួចមកហើយ លើកទីមួយ អ្នកស្រីឈរឈ្មោះនៅលេខរៀងទី ១ ជាបេក្ខជនស្ត្រីនៅឃុំកំពង់ត្រឡាច កាលបោះឆ្នោតរើសក្រុមប្រឹក្សាឃុំ ឆ្នាំ២០២២។ លើកទីពីរ គាត់ឈរឈ្មោះនៅលេខរៀងទី២ ជាតំណាងរាស្ត្រនៅខេត្តកណ្ដាល ហើយនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ ឆ្នាំ២០២៧ខាងមុខនេះ សារ៉ាត់ នឹងឈរឈ្មោះនៅលេខរៀងទី១។
អ្នកស្រី សរ សារ៉ាត់ មានប្រសាសន៍ថា៖ «ខ្ញុំនឹងខិតខំប្រឹងប្រែងរកសំឡេងឆ្នោត ក៏ដូចជាចូលរួមធ្វើកិច្ចការងារនយោបាយហ្នឹងដើម្បីឱ្យជាប់ជាប្រធានក្រុមប្រឹក្សាឃុំ(ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង)»។
ជាមួយគ្នានេះ អ្នកស្រី សារ៉ាត់ ចង់ឱ្យមានភាពងាយស្រួលដល់ស្ត្រីឱ្យឈរឈ្មោះនៅលំដាប់លេខរៀងទី១ ដោយផ្ដល់ការគាំទ្រតាមតម្រូវការពួកគេ។ បន្ថែមពីនេះ អ្នកស្រីចង់ឱ្យរដ្ឋាភិបាលបង្កបរិយាកាសល្អប្រសើរសម្រាប់ការធ្វើនយោបាយ ដោយលុបបំបាត់ការឃ្លាំមើល បំភិតបំភ័យ និងចាប់ចងជាដើម ដើម្បីឱ្យស្រ្តីហ៊ានចូលរួមកាន់តែច្រើន និងក្លាយជាអ្នកដឹកនាំដែលជួយដោះស្រាយបញ្ហារបស់ស្ត្រីក្នុងមូលដ្ឋានបាន។
អ្នកស្រី សរ សារ៉ាត់ បន្ថែមថា៖ «ក្នុងនាមយើងជាស្ត្រី យើយយល់ពីបញ្ហារបស់ស្ត្រី យល់ពីបញ្ហារបស់ជនងាយរងគ្រោះ ហើយយើងមើលឃើញពីតម្រូវការរបស់ពួកគាត់ ហើយនៅពេលដែលយើងមានឱកាសនៅក្នុងការជាប់ឆ្នោត យើងមានឱកាសជាក្រុមប្រឹក្សាឃុំ ជាប្រធានក្រុមប្រឹក្សាឃុំ យើងអាចមានអំណាចធ្វើសេចក្ដីសម្រេចចិត្ត»។

អ្នកស្រី វ៉ែន ធុន អាយុ ៤០ឆ្នាំ ដែលមានបទពិសោធន៍ក្នុងនយោបាយរយៈពេល ១៥ឆ្នាំ និងជាបេក្ខនារីមកពីគណបក្សប្រជាជនកម្ពុជា នៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានលើកឡើងថា លោកស្រីនៅមិនទាន់មានឱកាសឈរនៅលំដាប់លេខរៀងទី១ ដោយសារការប្រកួតប្រជែងជាមួយបេក្ខជនបុរស។
អ្នកស្រីបានលើកឡើងថា៖ «លំដាប់លេខរៀងទី១ យើងអត់ទាន់មានសមត្ថភាពខ្ពស់នៅក្នុងលំដាប់ទី១ ដោយសារនៅមានការប្រកួតប្រជែងជាមួយនឹងបុរស។ខ្ញុំគិតថាបើការប្រកួតប្រជែងនេះជាលក្ខណៈសកល គឺមិនទាន់មានភាពស្នើរគ្នាទេយើងធ្វើការសម្រាប់អាណត្តិនេះ បោះឆ្នោតស្ទាបស្ទង់ យើងអត់ជ្រើសរើសដូចអាណត្តិមុន ចឹងស្ថិតលើការប្រជាប្រិយភាពរបស់បេក្ខជន បេក្ខនារីមួយៗដែរ»។
អ្នកស្រីបានបន្ថែមថា ប្រសិនបើមានឱកាសក្លាយជាមេឃុំ ឬចៅសង្កាត់ អ្នកស្រីចង់កែប្រែការរើសអើងស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងជំរុញឱ្យស្ត្រីមានឱកាសចូលរួមដឹកនាំស្មើនឹងបុរស។
អ្នកស្រីបន្តថា៖ «ខ្ញុំចង់កែប្រែការរើសអើងស្ត្រីក្នុងភាពជាអ្នកដឹកនាំ ពីព្រោះនៅក្នុងសហគមន៍ ឬក្នុងភូមិឃុំរបស់យើង ស្ត្រីដែលមានតួនាទីជាអ្នកដឹកនាំនៅមានចំនួនតិចជាងបុរស។ ខ្ញុំចង់ឱ្យស្ត្រីមានចំនួន ៥០ភាគរយ ស្មើនឹងបុរសដែរ»។
ចំពោះគណបក្សប្រជាជនកម្ពុជា អ្នកស្រីបន្ថែមថា គណបក្សមានគោលនយោបាយលើកកម្ពស់ការចូលរួមរបស់ស្ត្រីជាបេក្ខជន ហើយនៅអាណត្តិទី៤ នៅសង្កាត់ មានស្ត្រីចំនួន ១៥នាក់ ក្នុងចំណោមសមាជិកចំនួន ២៤នាក់។
ជុំវិញករណីនេះ អ្នកស្រី ឡោក ខេង ប្រធានគណៈកម្មការទី៨នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី ថ្លែងក្នុងសិក្ខាសាលាថា ការចូលរួមរបស់ស្ត្រីក្នុងអភិបាលកិច្ចមូលដ្ឋាន ក៏អាចជាគ្រឹះសម្រាប់កសាងជីវិតនយោបាយ។
ការណ៍នេះ លោកស្រី ឡោក ខេង បានលើកឡើងថា កម្មការទី៨នៃរដ្ឋសភាបានបណ្ដុះបណ្ដាលសមត្ថភាពក្មេងស្រីជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៩មកនៅទូទាំងប្រទេស តាមរយៈកម្មវិធី «ក្មេងស្រីឆ្ពោះទៅកាន់ភាពជាអ្នកដឹកនាំ» ដោយផ្ដល់ឱកាសឱ្យក្មេងស្រីជួបអ្នកនយោបាយស្ត្រី និងការធ្វើកម្មវិធីសភាត្រាប់ នៅវិមានរដ្ឋសភាជាដើម។
លោកស្រី ឡោក ខេង មានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថាសកម្មភាព និងគំនិតផ្ដួចផ្ដើមដែលកម្មការទី៨នៃរដ្ឋសភាបាននិងកំពុងធ្វើ នឹងចូលរួមចំណែកជាវិជ្ជមានក្នុងការកសាងអ្នកដឹកនាំស្ត្រីដែលមានសមត្ថភាពឱ្យបានកាន់តែច្រើនថែមទៀត»។
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន បានណែនាំទៅគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ឱ្យដាក់បេក្ខភាពស្ត្រីនៅលេខរៀងជាប់ឆ្នោតយ៉ាងតិចមួយឃុំមួយរូប ព្រមទាំងត្រូវដាក់បេក្ខភាពស្ត្រីជាក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុក។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ នៅគ្រប់ឃុំ សង្កាត់ទាំងអស់ទូទាំងប្រទេសសរុបចំនួន ១ ៦៥២។
តាមសេចក្ដីប្រកាសព័ត៌មានដដែល ចំនួនសរុបនៃសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅទូទាំងប្រទេសសម្រាប់អាណត្តិទី៦ មានចំនួន ១១ ៦២២រូប ដូចអាណត្តិទី៥ កន្លងទៅ។ ជាមួយគ្នានេះ ចំនួនសមាជិកក្រុមប្រឹក្សា តាមឃុំ សង្កាត់នីមួយៗនៅតាមរាជធានី ខេត្តមានចំនួន ៥រូប ៧រូប ៩រូប ឬ ១១រូប អាស្រ័យលើភូមិសាស្ត្រ និងប្រជាសាស្ត្រជាក់ស្ដែង៕










