សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ដំណើរ​ការ​ចុះឈ្មោះអ្នកបោះឆ្នោតដោយ​ប្រើ​​ប្រព័ន្ធ​ជីវមាត្រ កំពុងត្រូវបានពិនិត្យ​នៅមុនការបោះឆ្នោតឃុំ-សង្កាត់

អ្នកបោះឆ្នោតពិនិត្យមើល និងចុះឈ្មោះរបស់ពួកគេសម្រាប់ការបោះ​ឆ្នោតឃុំ-សង្កាត់នាពេលខាងមុខក្នុងឆ្នាំ២០២៧ នៅសង្កាត់​ទន្លេ​បាសាក់ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
អ្នកបោះឆ្នោតពិនិត្យមើល និងចុះឈ្មោះរបស់ពួកគេសម្រាប់ការបោះ​ឆ្នោតឃុំ-សង្កាត់នាពេលខាងមុខក្នុងឆ្នាំ២០២៧ នៅសង្កាត់​ទន្លេ​បាសាក់ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

ដំណើរការចុះឈ្មោះអ្នកបោះឆ្នោតដោយប្រើប្រាស់ប្រព័ន្ធ​ជីវមាត្រនៅកម្ពុជាកំ​ពុង​ស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្តូរ ដោយមានគណបក្សនយោបាយ និងអ្នក​សង្កេតការណ៍បោះឆ្នោតចូលរួមតាមដាន​។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបាន​កត់សម្គាល់ឃើញថា ការផ្សព្វផ្សាយនៅមិនទាន់គ្រប់គ្រាន់នៅឡើយ​ ខណៈគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងធ្វើបច្ចុប្បន្នភាពការចុះឈ្មោះអ្នកបោះឆ្នោត ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២៧។

អង្គការឃ្លាំមើលការបោះឆ្នោត គឺគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់​ថា​ ខុម​ហ្វ្រែល​ បានអំពាវនាវឱ្យមានការកែលម្អ​ការប្រមូលទិន្នន័យជីវមាត្រ ការលុបចោលកំណត់ត្រាស្ទួន និងការបង្កើនការយល់ដឹងជាសាធារណៈឱ្យកាន់តែទូលំទូលាយអំពីនីតិវិធី នៃការចុះឈ្មោះបោះ​ឆ្នោត។

គិតត្រឹមថ្ងៃទី១ ខែវិច្ឆិកា ការចុះឈ្មោះអ្នកបោះឆ្នោតបានដំណើរការរយៈពេល ២៦ថ្ងៃហើយ ដោយមានប្រជាពលរដ្ឋជាង ១,២លាននាក់បានចុះឈ្មោះ​អំ​ឡុង​ពេលនោះ ក្នុងនោះរួមមានមនុស្សចំនួន ៨៧៦​ ៨៦០នាក់ បានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់ពួកគេ។ នេះបើតាមការ​លើកឡើង​របស់​មន្ត្រីម្នាក់​នៅ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃទី២ ខែវិច្ឆិកា។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ ហើយនឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ចំពេល​ដែល​មាន​ការត្រៀមសម្រាប់​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយ។ យោងតាមសេចក្តីថ្លែងការណ៍របស់​​គណៈ​​កម្មាធិការជាតិរៀបចំការបោះឆ្នោតបានឱ្យ​ដឹងថា ​ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត​ និងមានអាយុ១៨ឆ្នាំ ត្រូវបានអញ្ជើញឱ្យមកចុះឈ្មោះ ខណៈអ្នកដែលមានឈ្មោះក្នុងបញ្ជីស្រាប់ ត្រូវបានស្នើឱ្យពិនិត្យមើលថា តើព័ត៌មានរបស់ពួកគេ​ត្រឹមត្រូវឬអត់ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់ពួកគេ​ផងដែរ។

លើសពីនេះ អ្នកបោះឆ្នោត ដែលបានចុះឈ្មោះក្នុងឆ្នាំ២០១៦ និង២០១៧ រួមទាំង​​អ្នក ដែលបានចុះឈ្មោះកាលពី១០ឆ្នាំមុន ប៉ុន្តែមិនដែលបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ (រូបថត និងស្នាមម្រាមដៃ) របស់ខ្លួន ត្រូវបានស្នើសុំឱ្យធ្វើការកែសម្រួលទិន្នន័យទាំងនោះតាម​ពេលវេលា​ដែលបានកំណត់។

ទោះជាយ៉ាងណាក៏ដោយ ​ការ​ភាន់ច្រឡំ​​ជុំវិញដំណើរការចុះឈ្មោះអ្នកបោះឆ្នោត​ដោយប្រើប្រាស់​ប្រព័ន្ធ​ជីវមាត្រ បានធ្វើឱ្យពលរដ្ឋមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជាពួកគេត្រូវ​ថតរូប នៅពេលពិនិត្យមើលព័ត៌មានក្នុងអត្តសញ្ញាណប័ណ្ណ​​សញ្ជាតិខ្មែរ រួមទាំងការផ្ទៀងផ្ទាត់ការចុះឈ្មោះបោះឆ្នោតរបស់​ពួកគេ​ជាមួយមន្ត្រីរៀបចំការបោះឆ្នោតនៅថ្នាក់ឃុំ។ ពួកគេបានលើកឡើងថា ពួកគេបានពិនិត្យមើលព័ត៌មានរបស់ខ្លួនរួចរាល់ហើយ ព្រមទាំងបានធ្វើបច្ចុប្បន្នភាពទិន្នន័យជីវ​មាត្រ និងកំណត់ត្រាអ្នកបោះឆ្នោតរបស់​ខ្លួ​ន​រួចហើយដែរ។

របាយការណ៍របស់អង្គការខុម​ហ្វ្រែល​ ស្តីពីការសង្កេតមើលដំណើរ​ការចុះឈ្មោះអ្នកបោះ​ឆ្នោត និងការពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២៥ បានរកឃើញឈ្មោះស្ទួនចំនួន ៤០នៅក្នុងចំណោមឈ្មោះសរុប ១០,១៩លាននាក់ដែលមាននៅក្នុងបញ្ជីឈ្មោះ​អ្នក​បោះឆ្នោត​។ លើសពីនេះ ក៏មានឈ្មោះចំនួន ១៨ផ្សេងទៀត ដែលសង្ស័យថា ជាឈ្មោះស្ទួន ដែលតម្រូវឱ្យមានការផ្ទៀងផ្ទាត់បន្ថែមតាមប្រព័ន្ធ​ទិន្នន័យជីវមាត្រ។ ភាពមិនប្រក្រតីទាំងនេះ គួរតែត្រូវបានដោះស្រាយមុនការបោះឆ្នោតលើកក្រោយ។

ទោះជាយ៉ាងណាក៏ដោយ គ.ជ.ប. បានលើកឡើងថា របាយការណ៍ស្តីពីការចុះឈ្មោះអ្នកបោះឆ្នោត និងការពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតឆ្នាំ២០២៥ គឺអាចទទួ​លយកបាន និងស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងពិនិត្យឡើងវិញ ដែលកំពុងដំ​ណើរ​ការ និង​បាន​កែលម្អ​ដំណើរការនៃការអនុវត្តជាបន្តបន្ទាប់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍ថា ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ប៉ុន្តែអត្តសញ្ញាណបណ្ណ​របស់​ពួកគាត់​អស់សុពលភាព និងត្រូវការធ្វើថ្មីនោះ គឺតម្រូវ​ឱ្យយកអត្តសញ្ញាណបណ្ណថ្មីនោះ​ទៅបង្ហាញជូនក្រុមការ​ងារ​ចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ។

លោកបានមានប្រសាសន៍ថា៖ «នេះមានន័យថា អ្នកបោះឆ្នោតត្រូវយកអត្តសញ្ញា​ណបណ្ណថ្មីទៅបង្ហាញជូនក្រុមការងារ​ចុះឈ្មោះអ្នកបោះឆ្នោត ដើម្បីឱ្យពួកគេថតរូប និងកត់ត្រា។ ការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺសំដៅទៅលើអ្នកបោះឆ្នោត ដែលបានចុះឈ្មោះកាលពី១០ឆ្នាំមុន ឬយូរជាងនេះ»។ ការធ្វើបច្ចុប្ប​ន្ន​ភាពទិន្នន័យជីវមាត្រនេះ នឹងត្រូវធ្វើឡើងរៀងរាល់ឆ្នាំ អំឡុងពេលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះអ្នកបោះឆ្នោតប្រចាំឆ្នាំ។

លោក ហង្ស ពុទ្ធា​ បានមានប្រសាសន៍ថា៖ «ប៉ុន្តែយើងបានកត់សម្គាល់ឃើញថា ពលរដ្ឋមួយចំនួនមានការភាន់ច្រឡំ ដោយគិតថា ពួកគេបានចុះឈ្មោះបោះឆ្នោត​រួចហើយ ប៉ុន្តែបែរជាតម្រូវឱ្យចុះឈ្មោះជាថ្មី ខណៈការចុះឈ្មោះលើកមុនរបស់​ពួកគាត់​បានធ្វើឡើងកាលពី១០ឆ្នាំមុន ឬយូរជាងនេះទៅទៀត»។

លោក ហង្ស ពុទ្ធា​ បានបន្ត​ថា៖ «ទោះបីជាពួកគាត់​មិនបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រនេះក៏ដោយ ក៏ឈ្មោះរបស់ពួកគេនៅតែមាននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ហើយពួកគាត់​នៅតែមានសិទ្ធិបោះឆ្នោតដដែល»។ ទោះជាយ៉ាងណា​ក៏ដោយ នៅថ្ងៃបោះឆ្នោត អាចនឹងមានការយឺតយ៉ាវ ឬការរំខានខ្លះៗ នៅពេលពិនិត្យមើលលក្ខណៈពិសេសនៃផ្ទៃមុខ ឬរូបរាង ដែលអាចនឹងមានការផ្លាស់​​ប្តូរទៅហើយនោះ។

ហេតុនេះហើយ លោកបានជំរុញឱ្យអ្នកបោះឆ្នោត ដែលបានចុះឈ្មោះកាលពីជាង១០ឆ្នាំមុន ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្ររបស់ខ្លួន ដែលរួមមានការថតរូបថ្មី និងការផ្តល់ស្នាមម្រាមដៃឡើងវិញ ដោយសារលក្ខណៈជីវសាស្ត្រមួយចំនួន ដូចជារចនាសម្ព័ន្ធផ្ទៃមុខ និងស្នាមម្រាមដៃ អាចនឹងមានការផ្លាស់ប្តូរ។

លោកបានមានប្រសាសន៍ថា៖ «ការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីការពិនិត្យ​មើល​បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជាទូទៅមិនមែនជារឿងលំបាកនោះទេ ដោយសារយើងអនុវត្តបែបនេះជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ មានការភាន់ច្រឡំបន្តិចបន្តួចពាក់ព័ន្ធនឹងទិន្នន័យជីវមាត្រ។ នេះគឺជាឆ្នាំទីពីរ​ហើយ ដែលយើងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ»។

លោក គង់ ម៉ូនីកា សមាជិកព្រឹទ្ធសភា មកពីគណបក្សឆន្ទៈខ្មែរ បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ គឺមាន​សារៈ​សំខាន់​សម្រាប់ដំណើរការបោះឆ្នោតនៅកម្ពុជា ដោយលោកបានកត់សម្គាល់ថា សកម្មភាពផ្សព្វផ្សាយជូនសាធារណជនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅមិនទាន់មានភាពទូលំទូលាយ​នៅឡើយ។

លោកបានលើកឡើងថា៖ «វាសំខាន់ណាស់ដែលថា ការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហានេះ ត្រូវមានតម្លាភាព​ ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន» ដោយលោក​បន្ថែម​ថា ការផ្សព្វ​ផ្សាយ​តាមរយៈបណ្តាញសង្គម ទូរទស្សន៍ និងស្ថានីយវិទ្យុ​មួយចំនួន គឺនៅមិនទាន់គ្រប់គ្រាន់នោះទេ។

លោក ម៉ូនីកា​ បានមានប្រសាសន៍ថា៖ «នៅពេល ដែលប្រជាពលរដ្ឋមិនទទួលបាន​ព័ត៌មានច្បាស់លាស់ ពួកគាត់អាចមានការ​ភាន់​ច្រឡំ​ ដែលនាំឱ្យមានការយល់ច្រឡំរវាងការចុះឈ្មោះថ្មី និងការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ»។

លោកបានទទូច​ឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ពង្រឹងការផ្សព្វ​ផ្សាយ និងការទំនាក់ទំនងជាមួយសាធារណជន អំឡុងពេលនៃការចុះឈ្មោះ​អ្នកបោះឆ្នោតថ្មីនេះ។ ការងារនេះរួមមានការសម្របសម្រួលជាមួយអង្គការ​​សង្គមស៊ីវិល និងគណបក្សនយោបាយនានា ដើម្បីលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសអ្នក ដែលទើបគ្រប់អាយុបោះឆ្នោត អ្នកដែលទើបត្រឡប់មកពីប្រទេស​ថៃ​វិញដោយសារជម្លោះព្រំដែន និងអ្នកផ្សេងទៀត ឱ្យយល់ដឹងអំពីបញ្ហាពាក់ព័ន្ធនានា និង​ចុះឈ្មោះសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

លោក កន សាវាង្ស​ អ្នកសម្របសម្រួលផ្នែកគោលនយោបាយ និងការតស៊ូមតិរបស់អង្គការខុមហ្វ្រែលបានស្វាគមន៍ចំពោះការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ប៉ុន្តែបានអំពាវនាវឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្សព្វ​ផ្សាយ​ព័ត៌មាននេះឱ្យ​បាន​ដល់​សហគមន៍មូលដ្ឋាន។

លោកបានមានប្រសាសន៍ថា៖ «​យើងបាន​សង្កេតឃើញថា ការផ្សព្វផ្សាយនិង​ការ​ផ្តល់​ព័ត៌មាន​នៅថ្នាក់មូល​ដ្ឋាននៅមិន​ទាន់​មាន​ភាព​​ច្បាស់លាស់នៅឡើយទេ ដោយសារប្រជាពលរដ្ឋយល់ច្រឡំអំពីភាពចាំបាច់ នៃការធ្វើបច្ចុប្បន្នភាព។ ពួកគាត់មានការភាន់ច្រឡំរវាងដំណើរការនៃការធ្វើអត្តសញ្ញាណប័ណ្ណ និងដំណើរការ​នៃការប្រមូលទិន្នន័យជីវមាត្រ»។

លោក សាវាង្ស​ បានបន្ថែម​ថា៖ «និយាយ​ឱ្យ​ខ្លី​ទៅ​​ ការផ្សព្វផ្សាយព័ត៌​មាន​មិនទាន់មានភាពទូលំទូលាយនៅឡើយទេ»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Biometric Voter Registration Under Scrutiny Ahead of Commune Elections

ព័ត៌មានថ្មី

អត្ថបទពេញនិយម