គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហាថា ប្រជាពលរដ្ឋរាប់ពាន់នាក់ដែលជាជនភៀសសឹកក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជួបការលំបាកក្នុងការចុះឈ្មោះ ដែលការចុះឈ្មោះបោះឆ្នោតនេះនឹងត្រូវធ្វើឡើងនៅខែតុលា ខាងមុខ សម្រាប់ត្រៀមការបោះឆ្នោតឃុំ-សង្កាត់ នៅឆ្នាំក្រោយ។
អ្នកនាំពាក្យ គ.ជ.ប. លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតប្រហែល ១០ ០០០ ទៅ ២៧ ០០០នាក់ ដែលជាជនភៀសសឹកនៅមិនទាន់ត្រឡប់ទៅស្រុកកំណើតដើម្បីចុះឈ្មោះបោះឆ្នោតបានទេ ដោយសារតំបន់ដែលអ្នកទាំងអស់នោះរស់នៅកំពុងស្ថិតនៅក្រោមការកាន់កាប់របស់ទាហានថៃ។ លោកឲ្យដឹងទៀតថា មណ្ឌលបោះឆ្នោតចំនួន៤៤នៅតាមបណ្ដាខេត្តជាប់ព្រំដែនបានរងផលប៉ះពាល់ ដែលក្នុងនោះមានចំនួន១៨ភូមិ ស្ថិតនៅក្នុងឃុំចំនួន១១ នៅក្នុងស្រុកចំនួនប្រាំមួយ នៅក្នុងខេត្តបន្ទាយមានជ័យ ព្រះវិហារ សៀមរាប និងឧត្តរមានជ័យ។
លោកឲ្យដឹងទៀតថា ផលលំបាកនេះមិនបង្កជាផលប៉ះពាល់ដល់ឃុំទាំងមូលនៅតាមបណ្ដោយព្រំដែនទេ និងថាការចុះឈ្មោះបោះឆ្នោតនឹងនៅតែបន្ត។ លោកបន្តថា ប្រជាពលរដ្ឋភៀសសឹកអាចចុះឈ្មោះបោះឆ្នោតនៅទីតាំងដែលកំពុងរស់នៅបច្ចុប្បន្ន ឬក៏អាចទៅចុះឈ្មោះនៅឃុំកំណើតក៏បាន។
លោកបន្ថែមថា គ.ជ.ប. នឹងពិចារណារៀបចំមណ្ឌលបោះឆ្នោតឲ្យនៅជិតលំនៅឋានបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋ ជាពិសេសនៅទីតាំងណាដែលមានប្រជាពលរដ្ឋជាភៀសសឹក និងមានសិទ្ធិបោះឆ្នោតរស់នៅច្រើន។
ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋជាជនភៀសសឹកវិញឲ្យដឹងថា ពួកខ្លួននៅមិនទាន់ដឹងថាយ៉ាងណានៅឡើយ។
អ្នកស្រី ឌឿ រក្សា ជាជនភៀសសឹកមកពីភូមិសាមគ្គី ក្នុងឃុំរមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា អ្នកស្រីមិនទាន់បានទទួលព័ត៌មានអំពីការចុះឈ្មោះបោះឆ្នោតនេះនៅឡើយ ហើយមណ្ឌលបោះឆ្នោតក៏មិនទាន់ដឹងថានៅទីណាដែរ។
អ្នកស្រីបន្តថា៖ «យើងនឹងបោះឆ្នោតនៅភូមិរង់ចាំ កន្លែងដែលយើងកំពុងរស់នៅ ព្រោះថាយើងមិនអាចត្រឡប់ទៅស្រុកភូមិយើងវិញបានទេ»។
លោក គឹម ចាន់បញ្ញា អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ មានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានកំពុងធ្វើការដើម្បីរៀបចំឲ្យមានការចុះឈ្មោះបោះឆ្នោតសម្រាប់គ្រួសារភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅភូមិកំណើតវិញបាន។
លោកឲ្យដឹងថា៖ «មានប្រជាពលរដ្ឋជាច្រើនរងផលប៉ះពាល់ ហើយកន្លែងខ្លះប៉ះពាល់ទាំងស្រុងតែម្ដង»។ លោកបន្ថែមថា ប្រជាពលរដ្ឋប្រហែល៧០០គ្រួសារនៅក្នុងខេត្តព្រះវិហារនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញដើម្បីចុះឈ្មោះបោះឆ្នោតបាននោះទេ។ យ៉ាងណាលោកមិនបានបញ្ជាក់ទេថាក្នុងចំណោមគ្រួសារទាំងនោះ មានប្រជាពលរដ្ឋប៉ុន្មាននាក់មានសិទ្ធិបោះឆ្នោត។
លោក កង សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេត និងស៊ូមតិរបស់អង្គការខុមហ្វ្រែល បានអំពាវនាវឲ្យ គ.ជ.ប. និងអាជ្ញាធរពាក់ព័ន្ធធានាថាមណ្ឌលបោះឆ្នោតត្រូវរៀបចំបានត្រឹមត្រូវសម្រាប់ប្រជាពលរដ្ឋភៀសសឹក ដើម្បីកុំឲ្យពួកគាត់បាត់បង់សិទ្ធិបោះឆ្នោត។
លោកមានប្រសាសន៍ថា៖ «បើសិនជាការរៀបចំមានការខ្វះចន្លោះ បញ្ហាធំបំផុតរបស់ពួកគាត់គឺបាត់បង់សិទ្ធិក្នុងការប្រើប្រាស់សិទ្ធិបោះឆ្នោត»។
លោកបានជំរុញឲ្យអាជ្ញាធរប្រមូលចំនួនប្រជាពលរដ្ឋភៀសសឹក ចំនួនភូមិ និងមណ្ឌលបោះឆ្នោតដែលរងផលប៉ះពាល់ដើម្បីកំណត់អត្តសញ្ញាអ្នកដែលមិនអាចទៅបោះឆ្នោតនៅមណ្ឌលដើមរបស់ខ្លួនបាន ហើយធានាថា អ្នកទាំងនោះបានទទួលព័ត៌មានច្បាស់លាស់ ទាន់ពេលវេលា អំពីទីតាំងបោះឆ្នោតថ្មីរបស់ខ្លួន។
យ៉ាងណា ប្រទេសថៃបានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាដែលកំពុងស្ថិតនៅជំរំភៀសខ្លួន ដោយសារជម្លោះប្រដាប់អាវុធកន្លងមកនោះ មិនគួរចាត់ថាជាជនភៀសសឹកនោះទេ ដោយអះអាងថាប្រជាពលរដ្ឋទាំងនោះបានរស់នៅលើទឹកដីថៃអស់ជាច្រើនទសវត្សរ៍ ដែលទីតាំងនោះកន្លងមកបើកសម្រាប់ជម្រកមនុស្សធម៌ ហើយអ្នកទាំងនោះមិនដែលត្រឡប់មកកម្ពុជាវិញនោះដែរ។ កម្ពុជាបានច្រានចោលចំពោះការលើកឡើងនេះ និងថាអ្នកភូមិទាំងនោះ ដែលដីរបស់ពួកគាត់ពេលនេះត្រូវទាហានថៃចូលកាន់កាប់ក្រោយជម្លោះប្រដាប់អាវុធបានផ្អាកកាលពីខែធ្នូ គឺបានរស់នៅលើទឹកដីរបស់កម្ពុជា៕










