សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក ហ៊ុន សែន អំពាវនាវឱ្យបង្កើនស្ត្រីក្នុងវិស័យនយោបាយ ខណៈអង្គការ Comfrel ទាមទារឱ្យកំណត់ចំនួនកូតាជាក់លាក់

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជួបប្រជុំជាមួយសមាជិកានៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦។ (គេហទំព័រហ្វេសប៊ុក SHS)
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ជួបប្រជុំជាមួយសមាជិកានៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៦។ (គេហទំព័រហ្វេសប៊ុក SHS)

ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអំពាវនាវឱ្យមានតំណាងស្ត្រីកាន់តែច្រើន ក្នុងថ្នាក់ដឹកនាំនយោបាយកម្ពុជា ដោយបានជំរុញឱ្យគណបក្សរបស់លោក គឺគណបក្សប្រជាជនកម្ពុជា (CPP) ដែលកំពុងកាន់អំណាច បញ្ចូលស្ត្រីទៅក្នុងតំណែងដែលអាចជាប់ឆ្នោតបាន នៅមុនការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាឆ្នាំក្រោយនេះ ខណៈដែលអង្គការសង្កេតការណ៍ការបោះឆ្នោត Comfrel បានលើកឡើងថា កម្ពុជាត្រូវការកូតាដែលច្បាស់លាស់ និងមានមហិច្ឆតាជាងនេះ ដើម្បីប្រែក្លាយកាតព្វកិច្ចនេះឱ្យទៅជាតំណាងដែលមានន័យពិតប្រាកដ។

នៅក្នុងជំនួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានព្រឹទ្ធសភាសម្តេច ហ៊ុន សែន កាលពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៦ លោក ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជាផងនោះ បានថ្លែងថា ការពង្រឹងអំណាចស្ត្រីផ្នែកសេដ្ឋកិច្ចមានសារសំខាន់ណាស់សម្រាប់កម្ពុជា ព្រោះវានឹងជួយពង្រឹងការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយផងដែរ។

លោកបានលើកឡើងថា ស្ត្រីប្រមាណ ៤៩% ទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈដែលរៀបចំ ដោយរាជរដ្ឋាភិបាល ខណៈស្ត្រីប្រមាណ ៥៤% កំពុងបំពេញតួនាទីនៅក្នុងវិស័យអប់រំ។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើគ្មានការទទួលបានចំណេះដឹង និងជំនាញគ្រប់គ្រាន់ទេ ស្ត្រីមិនអាចចូលរួមបានពេញលេញក្នុងវិស័យនយោបាយ និងសេដ្ឋកិច្ចឡើយ។ ដោយលោកបាន បន្តថា នៅពេលស្ត្រីមានការងារធ្វើ និងមានប្រាក់ចំណូល ពួកគាត់នឹងទទួលបានអំណាចសេដ្ឋកិច្ច។ ដូចនេះ រាជរដ្ឋាភិបាល និងវិស័យឯកជន ត្រូវតែធ្វើការរួមគ្នាលើបញ្ហានេះ។

លោកបានថ្លែងថា៖ «ខ្ញុំអំពាវនាវដល់រាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា យកចិត្តទុកដាក់សាងសង់កន្លែងស្នាក់នៅសម្រាប់សិស្ស–និស្សិតជាស្ត្រី។ នៅតាមបណ្ដាខេត្ត មួយចំនួនក៏មានសាកលវិទ្យាល័យដែរ ដូច្នេះត្រូវរៀបចំកន្លែងស្នាក់នៅសម្រាប់ពួកគេ»។

លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យមានការតែងតាំងស្ត្រីបន្ថែមទៀត ក្នុងតំណែងដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសគឺការដាក់ស្ត្រីឱ្យស្ថិតក្នុងតំណែងដែលអាច ជាប់ឆ្នោតបាន ដោយយ៉ាងហោចណាស់ត្រូវមានស្ត្រីម្នាក់បានជាប់ឆ្នោតក្នុងឃុំនីមួយៗ និងត្រូវដាក់បេក្ខជនជាស្ត្រីសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង និងស្រុក។

លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោកបានកំណត់កូតាសម្រាប់ស្ត្រីនៅថ្នាក់ជាតិ រួមទាំងរដ្ឋលេខាធិការយ៉ាងហោចណាស់ម្នាក់ និងអនុរដ្ឋលេខាធិការ ខណៈដែលរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏មានកូតាសម្រាប់ស្ត្រីផងដែរ។

ក្នុងអំឡុងពេលចុះបំពេញបេសកកម្មនៅគ្រប់ ២៣ ខេត្ត លោកបានកត់សម្គាល់ឃើញថា រដ្ឋបាលឃុំ និងសង្កាត់មួយចំនួន នៅតែខ្វះខាតស្ត្រីក្នុងតំណែងដឹកនាំ។

លោកបានបញ្ជាក់ថា ជាគោលការណ៍ទូទៅ ឃុំនីមួយៗគួរមានស្ត្រីដែលបានជាប់ឆ្នោតយ៉ាងហោចណាស់ម្នាក់។ បេក្ខជនជាស្ត្រីក៏គួរទទួលបានការបណ្តុះបណ្តាល ដើម្បីធានាថាពួកគាត់មានជំនាញ ចាំបាច់ក្នុងការបម្រើសហគមន៍របស់ខ្លួន នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់នាឆ្នាំក្រោយនេះ។

លោកបញ្ជាក់ដែរថា បច្ចុប្បន្នមានមេឃុំជាស្ត្រីចំនួន ១៧៦ នាក់ បើធៀបជាមួយបុរសដែលមានប្រមាណ ១,៤០០ នាក់។

លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ក្នុងនាមខ្ញុំជាប្រធានគណបក្សប្រជាជន ខ្ញុំបានកំណត់ ឱ្យមានស្ត្រីឈរនៅលំដាប់ជាប់ឆ្នោត។ យើងចង់ឱ្យគ្រប់ឃុំទាំងអស់មានវត្តមានស្ត្រី ព្រោះកន្លែងខ្លះមានចំនួនច្រើន កន្លែងខ្លះអត់តែម្ដង»។

លោកបានបន្ថែមថា៖ «យើងចង់ឱ្យពង្រីកគ្រប់ឃុំ ដូចដែលយើងពង្រីកនៅតាមកម្រិតថ្នាក់ខេត្ត និងថ្នាក់ស្រុក។ ហើយទៅថ្ងៃក្រោយក្រុមប្រឹក្សាខេត្ត និងស្រុក ក៏ចាំបាច់ត្រូវមានស្ត្រីត្រូវជាប់ឆ្នោត»។

លោកក៏បានលើកទឹកចិត្តឱ្យស្ត្រីចូលរួមប្រកួតប្រជែងយកតំណែងជាស្មៀនឃុំផងដែរ។ ក្នុងនោះលោកបន្ថែមថា រដ្ឋាភិបាលគួរតែសម្រេចឱ្យបាននូវការរៀបចំឱ្យមានស្ត្រីចំនួន ៥០% ជាស្មៀនឃុំត្រឹមឆ្នាំ ២០៥០ ដោយមានការផ្តល់ការបណ្តុះបណ្តាលសមរម្យ។

លោកមានប្រសាសន៍ថា៖​ «ជួយស្រ្តី និងវិនិយោគលើស្ត្រី គឺជួយខ្លួនឯង»។

អ្នកស្រី សឺនកេត សិរីលក្ខណ៍ អ្នកសម្របសម្រួលផ្នែកអប់រំ និងយេនឌ័រនៅអង្គការ Comfrel បានលើកឡើងថា គោលដៅរបស់គណបក្សកាន់អំណាចក្នុងការរៀបចំឱ្យមានស្ត្រី ៥០% ជាស្មៀនឃុំត្រឹមឆ្នាំ២០៥០នោះ មើលទៅ«យូរពេកហើយ»។

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីបានបញ្ជាក់ថា ការជំរុញឱ្យដាក់ស្ត្រីក្នុងតំណែងដែលអាចជាប់ឆ្នោតបាននៅក្នុងការបោះឆ្នោតខាងមុខ គឺជាជំហានវិជ្ជមានមួយ។ អ្នកស្រីក៏បានចោទជាសំណួរ ថា តើស្ត្រីនឹងទទួលបានភាគរយប៉ុន្មានជាមេឃុំ និងចៅសង្កាត់ ដោយសារបច្ចុប្បន្ន ស្ត្រីកាន់កាប់តំណែងទាំងនោះបានត្រឹមតែ ១០,៥% ប៉ុណ្ណោះ។

គិតត្រឹមពេលនេះ ស្ត្រីមានចំនួន ២២% នៃសមាជិកក្រុមប្រឹក្សាឃុំ ខណៈដែលមានស្ត្រីត្រឹមតែ ១០.៥% ប៉ុណ្ណោះធ្វើជាមេឃុំ។ នៅថ្នាក់ជាតិ ស្ត្រីបានក្តោបក្តាប់អាសនៈ ១៤.៤% នៅក្នុងសភា ខណៈដែលមានស្ត្រីត្រឹមតែ ៣ រូបប៉ុណ្ណោះបម្រើការជារដ្ឋមន្ត្រី ដែលស្មើនឹង ១០%។ អ្នកស្រីបានបន្ថែមថា នៅថ្នាក់ក្រោមជាតិ មានស្ត្រីត្រឹមតែ ២ រូបប៉ុណ្ណោះដែលកាន់តំណែងជាថ្នាក់ដឹកនាំ។

អ្នកស្រីបានបញ្ជាក់ថា៖ «យើងជំរុញឱ្យរដ្ឋាភិបាលកំណត់គោលដៅជាក់លាក់ចំនួន ៣៥% ដែលមានន័យថា យ៉ាងហោចណាស់ស្រ្តី ៩រូប ក្នុងចំណោមអភិបាលខេត្តទាំង២៥ គួរតែជាស្ត្រី។ សម្រាប់ថ្នាក់រដ្ឋមន្ត្រី កូតាគួរតែត្រូវបានកំណត់នៅចន្លោះពី៣៥% ទៅ៥០% ដើម្បីឱ្យស្ត្រីអាចក្លាយជារដ្ឋមន្ត្រី»។

អ្នកស្រី សិរីលក្ខណ៍ បានបន្ថែមថា ស្ត្រីដែលបំពេញការងារជាមេឃុំ បានអនុវត្តភារកិច្ចរបស់ខ្លួន យ៉ាងមានប្រសិទ្ធភាព។ អ្នកស្រីបន្តថា ការកើនឡើងនៃតំណាងស្ត្រី នឹងលើកកម្ពស់ការធ្វើសេចក្តីសម្រេចចិត្តបែបបរិយាបន្ន និងធានាថាកង្វល់ និងតម្រូវការរបស់ស្ត្រី និងក្មេងស្រី ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការគ្រប់គ្រង និងការអភិវឌ្ឍមូលដ្ឋាន។

អ្នកស្រីបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ការកំណត់កូតាគឺមានសារសំខាន់ ហើយវាជារឿងល្អដែលសម្តេចបានលើកឡើងពីបញ្ហានេះ។ ប៉ុន្តែគួរតែមានតម្រូវការជាក់លាក់មួយ ដើម្បីធានាថា ស្ត្រីត្រូវបានដាក់នៅក្នុងតំណែងដែលមានឱកាសជាប់ឆ្នោតខ្ពស់ នៅជិតលំដាប់កំពូលនៃបញ្ជីបេក្ខជន។ នោះមានន័យថា បេក្ខជនដែលស្ថិតនៅលំដាប់លេខ ១ ចំនួន ៥០% គួរតែជាស្ត្រី នៅគ្រប់គណបក្សនយោបាយទាំងអស់»។

អ្នកស្រី សិរីលក្ខណ៍ បានថ្លែងថា កូតាច្បាស់លាស់ និងការគាំទ្រដើម្បីពង្រឹងសមត្ថភាពស្ត្រី ក្នុងការទទួលយកតំណែងដឹកនាំ គឺមានសារសំខាន់ណាស់។ ដោយអ្នកស្រីបន្ថែមថា នៅថ្នាក់ជាតិភាគីពាក់ព័ន្ធគួរតែពិភាក្សា និងអនុម័តគោលនយោបាយ និងច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបទៅនឹងផលប្រយោជន៍នៃយេនឌ័រផ្សេងៗគ្នា។

អ្នកស្រីបានសន្និដ្ឋានថា៖ «នៅពេលដែលស្ត្រីមានវត្តមានជាអ្នកដឹកនាំក្នុងការរៀបចំច្បាប់ និងបង្កើតគោលគោលនយោបាយ ពួកគេនាំមកនូវទស្សនខុសប្លែកពីបុរស ដែលជួយធានាឱ្យមានវិធីសាស្ត្រដ៏ទូលំទូលាយ និងការអភិវឌ្ឍប្រកបដោយចីរភាព»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen Calls for More Women in Politics, Comfrel Seeks Clearer Quotas

ព័ត៌មានថ្មី

អត្ថបទពេញនិយម