ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពម្តាយរបស់អតីតមេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃសុក្រ ទី១០ ខែកក្កដានេះ ដែលជាការបង្ហាញខ្លួនជាសាធារណៈដ៏កម្រមួយ ជាមួយអតីតគូប្រជែង ដែលគណបក្សរបស់លោកបានប្រឈមមុខនឹងបញ្ហាប្រឈមដ៏ខ្លាំងក្លាបំផុតក្នុងការបោះឆ្នោត ចំពោះការកាន់អំណាចរបស់លោកក្នុងរយៈពេលជាច្រើនទសវត្សរ៍។
លោកយាយ សៅ ង៉ែត ម្តាយរបស់លោក កឹម សុខា បានទទួលមរណភាពក្នុងជន្មាយុ ១០១ ឆ្នាំ នៅថ្ងៃទី៨ ខែកក្កដា ត្រឹមតែប៉ុន្មានខែបន្ទាប់ពីកូនប្រុសរបស់គាត់បានទទួលការលើកលែងទោសដោយមានជាប់លក្ខខណ្ឌ ដែលបានលើកលែងទោសឲ្យគាត់ជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ ពីបទក្បត់ជាតិ ប៉ុន្តែបានរក្សាទុកនូវការហាមឃាត់សកម្មភាពនយោបាយ និងការធ្វើដំណើរទៅក្រៅប្រទេស។
ពិធីបុណ្យសពនេះត្រូវបានធ្វើឡើងនៅទីក្រុងភ្នំពេញ មុនពេលក្បួនដង្ហែរដែលគ្រោងធ្វើដំណើរទៅកាន់ស្រុកកំណើតរបស់លោកយាយ សៅ ង៉ែត ស្ថិតក្នុងខេត្តតាកែវ នៅថ្ងៃអាទិត្យនេះ ដើម្បីធ្វើពិធីបញ្ចុះសព។ នេះបើយោងតាមមេធាវីរបស់លោក កឹម សុខា គឺលោកស្រី ម៉េង សុភារី។
លោកស្រី សុភារី បានបញ្ជាក់ពីការលើកឡើងដំបូងរបស់លោក កឹម សុខា បន្ទាប់ពីការដោះលែងពីការជាប់ឃុំក្នុងផ្ទះថា លោកមានគម្រោងចូលបួសជាព្រះសង្ឃមួយរយៈ ដែលជាការអនុវត្តជាទូទៅនៅក្នុងប្រទេសកម្ពុជាដែលភាគច្រើនជាពុទ្ធសាសនិក ដែលបុរសអាចចូលបួសជាព្រះសង្ឃជាបណ្តោះអាសន្ន ជាពិសេសបន្ទាប់ពីសមាជិកជិតស្និទ្ធនៃក្រុមគ្រួសារដែលបានទទួលមរណភាព។
ពិធីចូលបួសជាព្រះសង្ឃសម្រាប់លោក កឹម សុខា នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃសៅរ៍។ លោក កឹម សុខា នឹងទៅស្នាក់នៅនៅវត្តមហានន្ទិយនេរញ្ចរារាមនិវេទ ហៅវត្ត ព្រែកប្រាំង ដែលមានទីតាំងស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីត្រឡប់មកពីពិធីបញ្ចុះសពវិញ។
អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ បានបញ្ជាក់ថា ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នឹងចូលរួមពិធីបុណ្យសពម្តាយរបស់លោក កឹម សុខា នៅរសៀលថ្ងៃសុក្រ ទី១០ ខែកក្កដា។
លោក ហ៊ុន សែន និងកូនប្រុសរបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានឡើងស្នងតំណែងពីលោកនៅឆ្នាំ២០២៣ បានផ្ញើសាររំលែកទុក្ខទៅកាន់លោក កឹម សុខា និងក្រុមគ្រួសាររបស់លោក។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានផ្ញើសាររំលែកទុក្ខទៅកាន់លោក កឹម សុខា និងក្រុមគ្រួសាររបស់លោកផងដែរ។
លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី បានលើកឡើងថា ការចូលរួមរបស់លោក ហ៊ុន សែន គឺជាសញ្ញាវិជ្ជមាននៃការស្តារឡើងវិញនូវ «វប្បធម៌សន្ទនា» រវាងអ្នកនយោបាយចាស់វស្សា ដើម្បីលើកកម្ពស់ការផ្សះផ្សាជាតិ។
លោក សុខា ក៏បានចូលរួមពិធីបុណ្យសពរបស់ម្តាយក្មេករបស់លោក ហ៊ុន សែន គឺលោកស្រី ប៊ុន ស៊ាងលី ក្នុងឆ្នាំ២០២០ ផងដែរ ជាកន្លែងដែលអ្នកទាំងពីរត្រូវបានគេរាយការណ៍ថា បានសន្ធនាគ្នាយ៉ាងយូរ ខណៈពេលដែលលោក កឹម សុខា កំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទក្បត់ជាតិ។
អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិអាយុ៧២ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០១៧ បន្ទាប់ពីអាជ្ញាធរបានចោទប្រកាន់លោកពីបទគប់គិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ដែលលោក កឹម សុខា បានបដិសេធ ហើយក្រុមសិទ្ធិមនុស្ស និងអ្នកជំនាញអង្គការសហប្រជាជាតិបានពិពណ៌នាថា វាជាករណីដែលពាក់ព័ន្ធនឹងរឿងនយោបាយ។ ប៉ុន្មានសប្តាហ៍ក្រោយមក តុលាការកំពូលបានរំលាយគណបក្សសង្គ្រោះជាតិ ហើយលោក សុខា ត្រូវបានកាត់ទោសនៅឆ្នាំ២០២៣។
លោក កឹម សុខា បានរក្សាភាពស្ងៀមស្ងាត់ចាប់តាំងលោកត្រូវបានលើកលែងទោសដោយផ្នែក ហើយការហាមឃាត់លោកមិនឱ្យចូលរួមក្នុងជីវិតនយោបាយបានបង្កឱ្យមានសំណួរអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោក ខណៈដែលប្រទេសកម្ពុជានឹងឈានដល់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំក្រោយនេះ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Sen Attends Funeral of Kem Sokha’s Mother










