ឯកសារឌីជីថលដែលមានការចងក្រងទាំងសម្ដីរាប់ពាន់ខ្លឹមសារ សំណេរ និងឯកសារស្រាវជ្រាវជាច្រើនទៀតរបស់លោក កែម ឡី ដែលគេស្គាល់ថាជាអ្នករិះគន់រដ្ឋាភិបាលមិនសំចៃមាត់ នឹងត្រូវចេញផ្សាយនៅថ្ងៃសៅរ៍ ខាងមុខនេះ ពោលគឺមួយថ្ងៃក្រោយអ្នកគាំទ្រប្រារព្ធខួប១០ឆ្នាំនៃអំពើឃាតកម្មលើលោក កែម ឡី ទាំងកណ្ដាលថ្ងៃនៅរាជធានីភ្នំពេញ។
នៅថ្ងៃសុក្រនេះ ប្រជាពលរដ្ឋរាប់សិបនាក់បានប្រមូលផ្ដុំគ្នានៅស្ថានីយកាល់តិចបូកគោក្នុងក្រុងភ្នំពេញ ជាកន្លែងដែលលោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ខណៈដែលលោកកំពុងទទួលទានកាហ្វេនៅទីនោះក្នុងព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ អ្នកគាំទ្របានដាក់កម្រងផ្កា និងស្រែករកយុត្តិធម៌ឱ្យលោក កែម ឡី។
កន្លងមកអាជ្ញាធរបានរារាំងមិនឱ្យមានការរំឭកខួបជាសាធារណៈដល់អ្នកអត្ថាធិប្បាយបញ្ហាសង្គម និងនយោបាយរូបនេះទេ។ លោក កែម ឡី បានក្លាយជាបុគ្គលដែលមហាជនទទួលស្គាល់តាមរយៈការអត្ថាធិប្បាយរបស់លោកដោយមិនញញើតមាត់ទាក់ទងនឹងអំពើពុករលួយ សិទ្ធិដីធ្លី និងការបង្ហាញពីគម្លាតរវាងមន្ត្រីគ្រាក់ៗរបស់បក្សកាន់អំណាច និងប្រជាពលរដ្ឋធម្មតា។
លោក ង៉ែត ម៉ូសេ ទីប្រឹក្សាផ្នែកសន្តិសុខឌីជីថល និងជាមិត្តម្នាក់របស់លោក កែម ឡី បានឱ្យដឹងថា បណ្ដុំឯកសារសារធារណៈ នេះមានផ្ទុកជាង ៧១ ០០០ ឯកសារ មានទំហំ៤៨ជីហ្គាបៃ ដោយរួមមានទាំងសារជាសំឡេង សំណេរ ឯកសារស្រាវជ្រាវ និងឯកសារផ្សេងៗមួយចំនួនទៀត និងថាមានឯកសារខ្លះមិនដែលបានដាក់បង្ហាញជាសាធារណៈនោះទេ។
លោកបន្តថា លោកបានចាប់ផ្ដើមប្រមូលកិច្ចការរបស់លោក កែម ឡី តាំងពីថ្ងៃដែលលោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ ដើម្បីធានាថាស្នាដៃរបស់លោកអាចឱ្យសាធារណជនរកបាន និងសម្រាប់សកម្មជនតស៊ូមតិជំនាន់ក្រោយ។
លោកបន្ថែមថា៖ «ការផ្សព្វផ្សាយស្នាដៃដើមរបស់លោកបណ្ឌិត កែម ឡី នឹងអនុញ្ញាតឱ្យក្មេង ៗជំនាន់ក្រោយដែលផ្ដល់តម្លៃលើលទ្ធិប្រជាធិបតេយ្យបន្តប្រើប្រាស់ឯកសារទាំងនោះ បើសិនជាពួកគេត្រូវការ»។
ក្នុងចំណោមឯកសារមិនទាន់បានផ្សាយជាសាធារណៈពីមុនមក ដែលខេមបូចាទទួលបាន គឺមានឯកសារមួយរបស់លោក កែម ឡី ក្នុងឆ្នាំ២០១៦ ដែលនិយាយអំពី «ផែនទីបង្ហាញផ្លូវរបស់ប្រទេស» ដែលបានដាក់បញ្ចូលនូវទស្សនៈសំខាន់ៗរបស់លោកក្នុងការកែទម្រង់រដ្ឋ និងបានសង្កត់ធ្ងន់លើសារសំខាន់នៃជ័យជម្នះរបស់គណបក្សប្រឆាំងក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧។ គណបក្សសង្គ្រោះជាតិនៅពេលនោះបានទទួលការគាំទ្រយ៉ាងខ្លាំង មុនពេលដែលគណបក្សនេះត្រូវតុលាការកំពូលរំលាយនៅមួយឆ្នាំបន្ទាប់ ក្រោយមានការចាប់ខ្លួនប្រធានគណបក្ស គឺលោក កឹម សុខា ដោយពេលនោះលោករងការចោទទាក់ទងនឹងអំពើក្បត់ជាតិ។

អតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន មានប្រសាសន៍ថា គណបក្សតែងតែងទទួលយកធាតុចូលរបស់លោក កែម ឡី ដាក់ក្នុងគោលនយោបាយកំណែទម្រង់រួមទាំងការអប់រំកម្មករផងដែរ។
លោកបានថ្លែងថា៖ «ខ្ញុំតែងតែស្នើសុំ [ក្នុងនាមគណបក្ស]សម្រាប់គាត់អំពីសេចក្ដីព្រាងគោលនយោបាយ»។ លោកបន្តថា លំហនយោបាយកម្ពុជាបានធ្លាក់ទៅក្នុងស្ថានភាពកាន់តែលំបាកជាងមួយទសវត្សរ៍មកនេះ។
ក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកវិភាគនយោបាយបានរកឃើញថា លំហស៊ីវិលនៅក្នុងប្រទេសកម្ពុជាបានបន្តធ្លាក់ចុះ ចាប់តាំងពីមានឃាតកម្មលើលោក កែម ឡី ហើយគណបក្សប្រជាជនបានប្រមូលផ្ដុំអំណាចក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ចំណែកគណបក្សភ្លើងទៀន ទៀតសោធក៏មិនអាចមានលក្ខណៈសម្បត្តិក្នុងការចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិឆ្នាំ២០២៣។
មន្ត្រីរដ្ឋាភិបាលម្ដងហើយម្ដងទៀតបានច្រានចោលការរិះគន់ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ និងការដោះស្រាយលើសំណុំរឿងឃាតកម្មលើលោក កែម ឡី ខណៈអ្នកគាំទ្រជាច្រើនបានបន្តចោទជាសំនួរទាក់ទងនឹងការទទួលខុសត្រូវរបស់មន្ត្រីរដ្ឋាភិបាលលើឃាតកម្មនេះ។
ខ្មាន់កាំភ្លើង ដែលដំបូងគេស្គាល់ថាឈ្មោះ «ជួប សម្លាប់» ត្រូវបានអ្នកនៅក្បែរកន្លែងកើតហេតុដេញចាប់ និងវាយដំ មុនមានការចាប់ខ្លួន។ ក្រោយមកទៀតសមត្ថកិច្ចបានកំណត់អត្តសញ្ញាណបុគ្គលរូបនោះថាឈ្មោះ អឿត អាង ហើយបុគ្គលរូបនេះអះអាងថា លោក កែម ឡី ជំពាក់ប្រាក់មិនព្រមសង។ សាធារណជនជាច្រើនបានច្រានចោលការពន្យល់នេះ តែយ៉ាងណា លោក អឿត អាង ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត កាលពីឆ្នាំ២០១៧ ក្រោយមានការជំនុំជម្រះក្ដីត្រឹមកន្លះថ្ងៃ ដែលការណ៍នេះបានធ្វើឱ្យមានមតិរិះគន់ថាមិនបានរៀបចំការជំនុំជម្រះក្ដីដោយយុត្តិធម៌។ ក្រោយមកទៀត នៅសាលាឧទ្ធរណ៍ ក៏បានរក្សាសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដដែល។

លោក មឿន តុលា ដៃគូស្រាវជ្រាវជាមួយលោក កែម ឡី និងជានាយកប្រតិបត្តិអង្គការសង់ត្រាល់ មានប្រសាសន៍ថា ប្រជាពលរដ្ឋជាច្រើននៅតែបន្តសង្ស័យពីការផ្សំគំនិតគ្នានៅពីក្រោយឃាតកម្មនេះ។ លោកបានគូសបញ្ជាក់ពីការបញ្ចេញវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅមានកម្រិត។
លោកបន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំមិនទាន់បានឃើញថាតើរដ្ឋបានស៊ើបអង្កេតពេញលេញក្នុងការស្វែងរកឃាតករពិតប្រាកដនៅឡើយ»។
ភរិយាលោក កែម ឡី អ្នកស្រី ប៊ូ រចនា បានសិទ្ធិរស់នៅប្រទេសអូស្រ្តាលី ក្រោយរត់គេចខ្លួនជាមួយកូនប្រាំនាក់ បន្ទាប់ពីស្វាមីត្រូវសម្លាប់។ យ៉ាងណា អ្នកស្រីមិនបានឆ្លើយតបភ្លាមៗលើការស្នើសុំអត្ថាធិប្បាយពីអ្នកសារព័ត៌មាននោះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បដិសេធធ្វើអត្ថាធិប្បាយលើការយល់ឃើញរបស់សាធារណជនចំពោះលោក កែម ឡី។ លោកមានប្រសាសន៍ថា ឃាតកម្មលើលោក កែម ឡី គឺស្ថិតក្នុងដៃរបស់តុលាការ។
លោកបន្ថែមថា៖ «វាគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ ប៉ុន្តែសិទ្ធិនោះត្រូវតែស្របតាមច្បាប់»។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមឃឿន និងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនបានឆ្លើយតបភ្លាមៗលើសំណើសុំអត្ថាធិប្បាយនោះទេ។
លោក ម៉ូសេ បានបន្ថែមទៀតថា ឯកសាររបស់លោក កែម ឡី នឹងត្រូវដាក់ផ្សាយជាសាធារណៈនៅលើគេហទំព័រមួយដែលគ្រប់គ្រងដោយសមាជិកសហគមន៍ជនភៀសខ្លួន និងពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Kem Ley Archive Unveils Unpublished Writings Decade After His Killing









