សាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ជនជាតិចិន២នាក់ និងខ្មែរ២នាក់ ពីបទឃាតកម្មគិតទុកជាមុន បទចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង ដែលបានសម្លាប់ឈ្មោះ តាំង ស៊ីម៉េង ភេទប្រុស (ក្លែងភេទជាស្រី) អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុន និងឈ្មោះ អែម គីមស៊្រុន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្តតាក់ស៊ី។ យោងតាមអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានលើកឡើងនៅថ្ងៃទី១០ ខែមិថុនា។
លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងតាមតេឡេក្រាមនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ថា តំណាងអយ្យការបានសម្រេចចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ រួមមាន ឈ្មោះ សុខា ដានី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិ ខ្មែរ ឈ្មោះ យុន គឹមហ៊ន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ឈ្មោះ WONG YENLONG ភេទប្រុស អាយុ៣១ ជនជាតិចិន ឈ្មោះ YU WEIMING ភេទប្រុស អាយុ២៦ ជនជាតិចិន ពីបទឃាតកម្មគិតទុកជាមុន បទចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង។
អ្នកនាំពាក្យតុលាការបានបន្តថា ជនសង្ស័យទាំង៤នាក់ត្រូវបានចោទប្រកាន់តាមមាត្រា ២០០ មាត្រា ២៥៣ និងមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌ។ ចំណែកឯបក្ខពួកដែលរត់គេចខ្លួនត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងបទឃាតកម្មគិតទុកជាមុន បទចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលត្រូវផ្តន្ទាទោសតាមមាត្រា ២៨ មាត្រា ២០០ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ ។
លោក ប្លង់ សុផល បានថ្លែងថា៖ «ជនសង្ស័យចំនួន៤នាក់ដែលសមត្ថកិច្ចបានឃាត់ខ្លួន តំណាងអយ្យការបានសម្រេចចោទប្រកាន់តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរពីបទឃាតកម្មគិតទុកជាមុន បទចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ និងបទប្រើប្រាស់ឯកសារសាធារណៈក្លែង»។ លោកបានបន្ថែមថា៖ «ចំណែកឯបក្ខពួកដែលរត់គេចខ្លួនត្រូវបានចោទប្រកាន់ពីបទ ផ្តើមគំនិតក្នុងបទឃាតកម្មគិតទុកជាមុន បទចាប់ ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលត្រូវផ្តន្ទាទោសតាមមាត្រា ២៨ មាត្រា ២០០ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ» ។
សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ សហការជាមួយ នគរបាលខណ្ឌច្បារអំពៅ និងនគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅចំណុចផ្ទះសំណាក់១៦៨D ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ហើយសមត្ថកិច្ចបានបង្ហាញមុខពួកគេនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមិថុនា៕










