សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សន្និសីទ​ប្រឆាំង​ការឆបោក​តាមអនឡាញ​ បញ្ចប់​ដោយ​មាន​កា​រគាំទ្រពី​ប្រទេស​​​ជា​ច្រើន ខណៈ​តំណាង​រាស្រ្តអាមេរិក​ស្វែងរកការដាក់ទណ្ឌកម្ម​បន្ថែម​

គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ស្វាគមន៍​គ្នា​ក្នុង​អំឡុង​ពេល​បិទសន្និសីទ​អន្តរជាតិ​ស្ដី​អំពី​​ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​​នៅ​ទី​ក្រុង​ភ្នំពេញ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៦​​។ (ខេមបូចា/ព្រីង សំរាំង)​
គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ស្វាគមន៍​គ្នា​ក្នុង​អំឡុង​ពេល​បិទសន្និសីទ​អន្តរជាតិ​ស្ដី​អំពី​​ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​​នៅ​ទី​ក្រុង​ភ្នំពេញ​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៦​​។ (ខេមបូចា/ព្រីង សំរាំង)​

នៅ​ថ្ងៃ​បិទ​បញ្ចប់​សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​កាល​ពី​ថ្ងៃព្រហស្បតិ៍ គណៈ​ប្រតិភូ​មក​ពី​រាប់​សិប​ប្រទេស​បាន​ព្រម​ព្រៀង​គ្នា​​លើ​កិច្ច​សហប្រតិបត្តិ​ការ​ប្រឆាំង​នឹង​បណ្ដាញ​ឆបោក និង​គាំពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​​​នៅ​ក្នុង​ឧស្សាហកម្ម​​មួយ​នេះ​។​​

លោក​ឧបនាយក​រដ្ឋមន្ត្រី នេត សាវឿន បាន​ធ្វើ​ជា​អធិបតី​បិទ​សន្និសីទនេះ បើ​ទោះ​បី​ជា​​កាល​ពីសប្ដាហ៍​មុន​​ប្រធាន​គណៈកម្មាធិការ​ចំនួន​ពីរ​របស់​សភា​អាមេរិក​បាន​អំពាវ​នាវ​ឲ្យ​រដ្ឋបាល​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ស៊ើប​អង្កេត​ថា​តើ​លោក​ នេត សាវឿន លោកឧបនាយក​រដ្ឋមន្ត្រី ស សុខា និង​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ ​គួរ​តែ​ត្រូវ​ដាក់​ទណ្ឌកម្ម ​ឬ​យ៉ាង​ណា​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា​​មាន​ទំនាក់​ទំនង​នឹង​ប្រតិបត្តិការ​ឆបោក​។

​លោក​ នេត សាវឿន មាន​ប្រសាសន៍​ក្នុង​ពិធី​បិទ​សន្និសីទ​នោះ​ថា៖ ​«មាន​ចំណុចសំខាន់​មួយ​ដែល​ខ្ញុំ​ជឿ​ថា​​យើង​ទាំង​អស់​គ្នា​បាន​ទទួល​ស្គាល់៖ គ្មាន​ប្រទេស​ណា​មួយ​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​បាន​ជោគ​ជ័យដោយ​ធ្វើការ​តែ​ម្នាក់​ឯង​នោះទេ​។ កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ គឺ​ជា​ចាំបាច់»។​​

​យ៉ាងណា​លោក​មិន​បាន​លើក​ឡើង​ពី​កា​រអំពាវ​នាវ​របស់​អ្នក​តំណាង​រាស្រ្ត​អាមេរិក​​នៅ​ក្នុង​សុន្ទរកឋា​របស់​លោក​នោះទេ។ ដូច​គ្នា​ដែរ លោក ស សុខា រដ្ឋមន្ត្រី​ក្រ​សួង​មហាផ្ទៃ​ក៏​មិន​បាន​លើក​ពី​បញ្ហា​នេះ​ដូច​គ្នា​នៅ​ពេល​លោក​ចូល​រួម​បើក​សន្និសីទ​នេះ។ លោក ស សុខា កន្លង​មក​បាន​បដិសេធ​រឿង​ជាប់​ពាក់​ព័ន្ធ​នឹង​បណ្ដាញ​ឆបោក​​តាម​អនឡាញ​​។​

​លោក នេត សាវឿន អតីត​អគ្គស្នងការ​នគរបាលជាតិ បាន​លើក​ឡើង​ថា ​គណៈប្រតិភូ រួម​ទាំង​រដ្ឋមន្ត្រី​មក​ពី​តំបន់​នានា និង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ស្ថាប័ន​ FBI អាមេរិក និង​ក្រ​សួង​សន្តិសុខ​សាធារណៈ​ចិន បាន​ចែក​រំលែក​បទពិសោធ​លើ​ការ​ឆ្លើយ​តប​នឹង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​។ លោកឲ្យ​ដឹងថា ​គណៈ​ប្រតិភូ​បាន​ពិភាក្សា​ពី​បញ្ហា​ប្រឈម និងទំនោរ​នៃការ​ឆបោក សុវត្ថិភាព​តាមប្រព័ន្ធ​អ៊ីនធឺណិត បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ការ​ស៊ើប​អង្កេត​ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធ និង​បណ្ដាញ​ជួញ​ដូរ​មនុស្ស​។​

សន្និសីទ​នេះ​បាន​រៀប​ចំឡើង​មួយ​ឆ្នាំ​ក្រោយ​អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​ជា​ទ្រង់​ទ្រាយ​ធំ​លើ​បណ្ដាញ​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​​ក្រោយ​មានការ​ដាក់​សម្ពាធ​ខ្លាំង​ពី​អន្តរជាតិ​។​ ឧស្សាហកម្ម​ឆបោក​តាមអន​ឡាញ​នេះ​បាន​រីករាល​ដាល​ខ្លាំង​​នៅ​កម្ពុជា មីយ៉ាន់ម៉ា និង​ឡាវ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​បាន​ប្រមូល​លុយ​​រាប់​សិប​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ និងភាគច្រើន​បាន​ពី​​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​។ ​កាល​ពី​ឆ្នាំ​២០២៣ អង្គការ​សហប្រជាជាតិ​បាន​ប៉ាន់​ប្រមាណ​ថា​ប្រតិបត្តិការឆបោក​តាម​អនឡាញ​នៅ​កម្ពុជា បាន​ប្រើ​ប្រាស់​កម្លាំង​ពល​កម្មបរទេស​​ដោយ​បង្ខំ​អាច​មាន​ដល់​១០​ម៉ឺន​នាក់​។​

អ្នក​វិភាគ​មួយ​ចំនួន​នៅ​មាន​ការ​សង្ស័យ​ទៅ​នឹង​យុទ្ធនាការ​បង្ក្រាម​នេះ ដោយ​បាន​លើក​ឡើង​ថា​បុគ្គល​ដែល​មាន​ឥទ្ធិពល​​មួយ​ចំនួន​នៅតែ​មិន​អាច​ប៉ះពាល់​បាន រួម​មាន ​អ្នក​ខ្លះ​ទៀត​ត្រូវ​បាន​រងទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការ​ចោទប្រកាន់​​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិការ​ឆបោក​។​

ក្រោយ​ចប់​កិច្ចពិភាក្សា​កាលពី​ថ្ងៃព្រហស្បតិ៍ ក្រ​សួង​ព័ត៌មាន​បាន​ប្រាប់​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ស្រង់​សម្ដី​ដោយ​បញ្ជាក់​ឈ្មោះ ក្រ​សួងយុត្តិធម៌​បាន​ប្រកាសពីចំណុច​សំខាន់ៗ​ចំនួន​១១​ សម្រាប់​ប្រទេស​ដែល​បាន​ចូល​រួម និង​អាច​យក​ទៅ​អនុវត្ត​នៅ​តាម​ច្បាប់​របស់​ប្រទេសសមី​ដោយ​ស្ម័គ្រចិត្ត​។​

ចំណុច​ទាំងនោះ​រួម​មាន​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ចែក​រំលែក​ព័ត៌មាន ដំណើរការ​បង្ក្រាបបទល្មើស​ឆបោក និង​ការគាំពារ​ជនរងគ្រោះពី​ការ​ជួញ​ដូរ​ជា​ដើម​។​ បុគ្គល​ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​ធ្វើការ​ក្នុង​​មជ្ឈ​មណ្ឌ​​ឆបោក​មិន​គួរ​ទទួល​ទោស​ទណ្ឌនោះ​ទេ លើក​លែង​តែ​បុគ្គល​នោះ​ត្រឡប់​ទៅ​កន្លែង​ឆបោក​នោះវិញ​ក្រោយ​ត្រូវ​បាន​សង្គ្រោះ​។​

ព្រីតថេន (Britain) និង​កម្ពុជា​ក៏​បាន​ចុះ​អនុស្សារណៈ​យោគយល់គ្នា​កាលពី​ថ្ងៃពុធ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​អនឡាញ អំពើឆបោក និង​អង្គការ​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​។​

អ្នកស្រី Bryony Lau នាយិកា​រង​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ មាន​ប្រសាសន៍​កាល​ពីថ្ងៃព្រហស្បតិ៍​ថា​៖ «អាជ្ញាធរ​កម្ពុជា​គួរ​បង្កើន​ការ​ត្រួត​ពិនិត្យ និង​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស ដែល​ត្រូវ​បាន​រំដោះ​ពី​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ និង​ជួយ​អ្នក​ទាំង​នោះ​ឲ្យ​បាន​វិល​ត្រឡប់ទៅ​ប្រទេស​កំណើត​វិញ​»។​

អ្នកស្រី​បន្ត​ថា៖ «អាជ្ញាធរ​គួរ​តែ​ធានាឲ្យ​បាន​ថា ​មជ្ឈមណ្ឌល​ឆបោក​ទាំងនោះ​នឹងមិន​កើត​ឡើង​វិញ​នៅ​កម្ពុជា តាម​រយៈ​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​តម្លាភាព​លើ​សមាជិក​ជាន់​ខ្ពស់​របស់​បក្ស​កាន់អំណាច និង​អ្នក​រក​ស៊ី​ដ៏មាន​ឥទ្ធិពល​ផ្សេង​ទៀត​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិ​ការ​ឆបោក​តាម​អនឡាញ​នេះ​»។​

អ្នកនាំពាក្យ​ក្រ​សួង​មហាផ្ទៃលោក ទូច សុខៈ លើកឡើង​ថា ​ជនបរទេស​ជិត​៤៧០​នាក់​ត្រូវ​បាន​រកឃើញ​ថា​រស់​នៅ​កម្ពុជា​ដោយ​ខុសច្បាប់ និង​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ ហើយ​អ្នក​ទាំង​នោះ​កំពុង​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​មុន​នឹង​ត្រូវ​បញ្ជូន​ខ្លួន​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។​

ឆ្លើយ​តប​ទៅ​នឹង​ក្ដី​កង្វល់​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អំពី​ការការពារ​លើ​ជន​រងគ្រោះ​ដោយ​អំពើ​ជួញ​ដូរ និង​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​មជ្ឈមណ្ឌល​ឆបោក លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​មានប្រសាសន៍​ថា ​មិន​មែន​តែ​ប្រទេស​កម្ពុជា​ទេ​ដែល​ជួប​ការ​លំបាក​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ ប្រទេស​ផ្សេង​ទៀត​នៅក្នុង​តំបន់​ក៏​បាន​ឲ្យ​ដឹង​ពី​ការ​លំបាក​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​។​

លោក​ឲ្យ​ដឹង​ថា៖ «ដើម្បី​កំណត់​ថា​នរណា​ម្នាក់​ជា​ជនរង​គ្រោះ ពួកគាត់​ជា​ដំបូង​ត្រូវ​តែ​ដាក់​បណ្ដឹង​ប្រឆាំង​នឹង​ជនល្មើស ឬ​ក៏​បាន​ស្នើ​រក​ជំនួយ​ក្នុងការ​ស៊ើប​អង្កេត និង​ទាមទារ​ទ្រព្យសម្បត្តិ​គាត់​មក​វិញ។ ទើប​ពេល​នោះ​យើង​អាច​ដឹង​ថា​នរណា​មួយ​ជា​ជន​រងគ្រោះ»។​​

លោក​បាន​បដិសេធ​ផ្ដល់​ព័ត៌មាន​អំពីចំនួន​ជន​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​ដែល​កម្ពុជា​កំណត់​បាន​នៅ​ពេល​ចុះ​បង្ក្រាប​នៅ​មណ្ឌល​ឆបោក​អនឡាញ ដោយ​ថា​ករណីទាំង​នេះកំពុង​នៅ​ក្នុង​ដៃ​របស់​តុលាការ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Anti-Scam Conference Ends With Pledge as US Lawmakers Seek Sanctions Probe

ព័ត៌មានថ្មី

អត្ថបទពេញនិយម