សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

មេប៉ុស្តិ៍រងច្រកព្រំដែនភ្នំដិនត្រូវបណ្តេញចេញពីក្របខណ្ឌ ក្រោយផឹកស្រវឹងបើករថយន្ត​បង្ក​គ្រោះថ្នាក់

នគរបាលចរាចរណ៏ ឈរសម្រួលចរាចរណ៏នៅលើដងវិថីមួយ ក្នុងរាជធានីភ្នំពេញ​។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
នគរបាលចរាចរណ៏ ឈរសម្រួលចរាចរណ៏នៅលើដងវិថីមួយ ក្នុងរាជធានីភ្នំពេញ​។ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

មេប៉ុស្តិ៍រងនៃច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន(កម្ពុជា-វៀតណាម) ជាមន្ត្រីដំបូងគេដែលត្រូវ​បានបណ្តេញចេញពីក្របខណ្ឌក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួងបានដាក់ចេញវិធានការ​ដកតំណែងមន្ត្រីក្រោមឱវាទដែលសេពគ្រឿងស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍​ និងបញ្ហាផ្សេងៗលើអ្នកដទៃ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា តាមរយៈលិខិតចុះថ្ងៃទី២៨ ខែសីហា បានសម្រេច​ដក​ក្របខណ្ឌលោក ស៊ិន រ៉ាយូ ដែលជានាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ​ភ្នំដិន នៃនាយកដ្ឋានច្រកទ្វារទី២ ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ជាប់ព្រំដែនវៀតណាម មូលហេតុ​ល្មើសវិន័យនគរបាលជាតិ។ ប្រភពបន្តថា ចំពោះប្រាក់បៀវត្ស និងរបបផ្សេងៗ​របស់​លោកនឹងត្រូវកាត់ផ្តាច់ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៦តទៅ។ ចំណាត់ការនេះ ធ្វើឡើង​ក្រោយ​មន្ត្រីនគរបាលរូបនេះបានបើករថយន្តម៉ាក Rang Rover ក្នុងស្ថានភាពស្រវឹងបុក​រថយន្ត​មួយគ្រឿងទៀតដែលកំពុងឈប់កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅក្នុង​ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ដែលល្មើសនឹងបទបញ្ជារបស់ក្រសួងមហាផ្ទៃ​ដែលទើបដាក់​ចេញ ប៉ុន្តែមិនបង្កឱ្យមានអ្នករបួសធ្ងន់ធ្ងរឡើយ។

បទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ​កាលពីពេលថ្មីៗបានបញ្ជាក់ថា ចាប់​ពី​ថ្ងៃទី២៦ ខែសីហាតទៅ មន្ត្រីចំណុះក្រសួងមហាផ្ទៃទាំងអស់រួមមាន មន្ត្រីស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ ប្រឈមមុខនឹងការបណ្តេញចេញពីក្របខណ្ឌ ប្រសិន​បង្កគ្រោះថ្នាក់ចរាចរណ៍ បង្កជម្លោះនិងហិង្សាលើអ្នកដទៃ ឬប្រព្រឹត្តអំពើអសីលធម៌​ផ្សេងៗ​ក្នុងស្ថានភាពស្រវឹង។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់សារព័ត៌មានខេមបូចាថា នេះ​ជា​ករណី​ដំបូង គិតចាប់ពីថ្ងៃដែលក្រសួងដាក់ចេញវិធានការម៉ឺងម៉ាត់​លក្ខណៈ​ចំហមក។ ក៏ប៉ុន្តែលោកបញ្ជាក់ថា កន្លងមកក្រសួងក៏តែងតែអនុវត្តទណ្ឌកម្មលើនគរបាលជាតិ​ទៅ​តាមទំហំកំហុស និងបញ្ជូនសំណុំរឿងទៅតុលាការជាបន្តបន្ទាប់ផង។

លោកបញ្ជាក់ទៀតថា ការបណ្តេញចេញពីក្របខណ្ឌ មិនមែនអនុវត្តតែលើករណីបើកបរ​ស្រវឹង​បង្កគ្រោះថ្នាក់ ឬបង្កបាតុភាពក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែក៏រាប់បញ្ចូលទាំងករណីប្រើ​ប្រាស់ ឬពាក់ព័ន្ធបទល្មើសគ្រឿងញៀន អំពើឆបោកតាមអនឡាញ និងការប្រព្រឹត្តខុស​តួនាទី​ភារកិច្ចដោយគ្មានបទបញ្ជាផងដែរ។ យ៉ាងណា លោកមិនទាន់អាចបញ្ជាក់ពីតួលេខ​ជាក់លាក់នៅឡើយ។

លោក ទូច សុខៈ បញ្ជាក់ថា៖ «នេះគឺជាការដាក់ចេញនូវកំណែទម្រង់ម៉ឺងម៉ាត់ ហើយ​និង​គោលការណ៍អនុវត្តវិន័យម៉ឺងម៉ាត់ពីសំណាក់ក្រសួងមហាផ្ទៃដោយមិនមានការលើកលែងនោះទេ»។

បើតាមលោក សុខៈ មន្ត្រីចំណុះក្រសួងមហាផ្ទៃជាច្រើនបានអនុវត្តតួនាទីរបស់ខ្លួន​យ៉ាង​ល្អ​ប្រសើរ ប៉ុន្តែនៅមានមន្ត្រីខ្លះ អនុវត្តផ្ទុយពីបទបញ្ជា៖ «មានមន្ត្រីមួយចំនួនតូច នៅឆក​ល្វែង មិនព្រមអនុវត្តតាមតួនាទីភារកិច្ចឱ្យបានល្អប្រសើរ មិនព្រមគោរពនូវបទវិន័យ ក្រម​សីលធម៌ ឬច្បាប់ ដោយសម្លឹងឃើញប្រយោជន៍បន្តិចបន្តួច​នៅចំពោះមុខតែ​ប៉ុណ្ណោះ​។ ប៉ុន្តែអ្នកដែលល្មើសជារួមតែម្តង ការអនុវត្តវិន័យគឺតឹងរឹង ដោយគ្មាន​ការ​លើកលែង»។

ក្រៅពីបណ្តេញនគរបាលច្រកទ្វារព្រំដែនភ្នំដិនក្នុងខេត្តតាកែវចេញពីក្របខណ្ឌ ក្រសួង​មហាផ្ទៃ​តាមរយៈលិខិតមួយផ្សេងទៀតដែលចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បានសម្រេច​ផ្អាកការងារនគរបាលខេត្តស្វាយរៀង ២រូបបណ្តោះអាសន្ន ដោយសារល្មើសវិន័យ​នគរបាលជាតិ។ ក្នុងនោះរួមមាន នាយការិយាល័យនគរបាល​ប្រឆាំងបទល្មើសសេដ្ឋកិច្ច លោក ឈុន ឆាង និងនាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច អ្នកស្រី យ៉ន បូណាវី។

ជុំវិញវិធានការដកក្របខណ្ឌមន្ត្រីនគរបាលដែលល្មើសច្បាប់ចរាចរណ៍នេះ អ្នកប្រឹក្សា​យោបល់​ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ចាត់ទុកថា​ជា​សញ្ញា​វិជ្ជមាននៃការអនុវត្តច្បាប់ដោយស្មើភាព ហើយលោកសង្ឃឹមថាចំណាត់ការនេះនឹងអនុវត្ត​ដោយយុត្តិធម៌ តម្លាភាព និងមិនមែនធ្វើតែលើករណីដែលល្បីលើបណ្តាញសង្គម។

លោកថ្លែងថា៖ «សង្ឃឹមថាចំណាត់ការនេះនឹងបន្តធ្វើដោយមិនមានការយោគយល់ ហើយសូមកុំឱ្យធ្វើតែលើរឿងរ៉ាវណាដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ»។

លោក សុជាតិ បន្តថា ដើម្បីធានាប្រសិទ្ធភាពវែងឆ្ងាយ ក្រសួងមហាផ្ទៃត្រូវប្រុងប្រយ័ត្ន​ចំពោះ​​​​ការធ្វើរបាយការណ៍សម្រាលបន្ទុកពីអាជ្ញាធរថ្នាក់ក្រោម នៅពេលមន្ត្រីមាន​អំណាច​ណាម្នាក់បង្កគ្រោះថ្នាក់ក្រោមឥទ្ធិពលគ្រឿងស្រវឹង។ ហេតុនេះលោកថា ក្រសួង​ចាំបាច់​ត្រូវ​បង្កើតយន្តការស៊ើបអង្កេតសម្ងាត់ផ្ទៃក្នុង និងត្រូវលុបបំបាត់អំពើពុករលួយ បក្ខពួក​និយម និង​វប្បធម៌គំរាមកំហែងសាក្សី។

លោកមានប្រសាសន៍ថា៖ «ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃត្រូវតែមានការប្រុងប្រយ័ត្ន ហើយ​និង​ដាក់ចេញនូវយន្តការស៊ើបអង្កេតផ្ទៃក្នុងជាលក្ខណៈសម្ងាត់មួយទៀត ដើម្បីប្រមូល​ភស្តុតាង ថាតើរបាយការណ៍នោះមានការក្លែងបន្លំ​ ឬក៏មានការដកចេញ​នូវចំណុចណា​ដែលសម្រួលកុំឱ្យធ្លាយដល់ការអនុវត្តវិធានការផ្លូវច្បាប់ជាគោលជាដើម»។

រីឯនាយកប្រតិបត្តិអង្គការបង្ការរបួសអាស៊ី លោក គឹម បញ្ញា យល់ថា ការបណ្តេញ​មន្ត្រី​នគរបាល​ម្នាក់ចេញពីក្របខណ្ឌនេះ ជាការដាស់តឿនមន្ត្រីផ្សេងៗទៀតឱ្យប្រុងប្រយ័ត្ន និង​បង្កើនការគោរពច្បាប់ចរាចរណ៍។ លោកក៏ចង់ឱ្យមានការដាក់ទោសទណ្ឌធ្ងន់ធ្ងរលើមន្ត្រី ដែល​បង្កគ្រោះថ្នាក់ក្រោមឥទ្ធិពលគ្រឿងស្រវឹងដែរ។

លោកបន្តថា៖ «ក្រៅពីការបណ្តេញចេញនេះ[…]ប្រសិនបើករណីដែល​បង្កគ្រោះថ្នាក់​មាន​ពាក់ព័ន្ធជាមួយនឹងការរងរបួសធ្ងន់ធ្ងរ ឬការស្លាប់បាត់បង់អាយុជីវិតរបស់អ្នកប្រើផ្លូវ​របស់​យើងផ្សេងទៀត អ៊ីចឹងសូមចាត់វិធានការឱ្យបានម៉ឺងម៉ាត់ និងធ្ងន់ធ្ងរ ដើម្បី​ផ្តល់​យុត្តិធម៌ជូនដល់ជនរងគ្រោះ និងក្រុមគ្រួសាររបស់គាត់»។

ទោះជាយ៉ាងណា លោកនៅតែចង់ឃើញក្រសួងស្ថាប័ននីមួយៗ​រៀបចំគោល​នយោបាយ​ស្តីពី​សុវត្ថិភាពចរាចរណ៍ផ្ទៃក្នុងស្ថានប័ន ដើម្បីឱ្យមន្ត្រីរបស់ខ្លួនយល់ដឹងពីការគោរពច្បាប់ និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយលោកហៅថាជាយុទ្ធសាស្ត្រឈ្នះៗ។

លោកមានប្រសាសន៍ថា៖ «ការជំរុញនូវវិធានការបង្ការ តាមរយៈការពារមន្ត្រីរបស់យើង​កុំឱ្យពាក់ព័ន្ធនឹងករណីទាំងហ្នឹង។ អាហ្នឹងគឺជារឿងដែលល្អ ដើម្បីយើងឈ្នះទាំងអស់គ្នា ដោយមិនមានករណីគ្រោះថ្នាក់ ហើយមន្ត្រីរបស់យើងក៏មិនចាំបាច់​ត្រូវប្រឈម​នឹងការ​បណ្តេញចេញ»។

ដោយឡែក អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី កត់សម្គាល់ថា ចំណាត់ការ​របស់​​ក្រសួងមហាផ្ទៃលើមន្ត្រីក្រោមឱវាទនេះបង្ហាញពីការ​អនុវត្តគោលការណ៍​ដែល​បាន​ដាក់​ចេញ។ ទោះជាយ៉ាងណា លោកយល់ថា ចំណាត់ការចំពោះការបើកបរក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​​មិនគួរកម្រិតត្រឹមតែមន្ត្រីក្រសួងមហាផ្ទៃនោះទេ ប៉ុន្តែត្រូវអនុវត្តច្បាប់​ឱ្យបាន​ស្មើភាព​គ្នាគ្រប់ក្រសួងស្ថាប័ន ទាំងថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់ក្រោម។

លោកថ្លែងថា៖ «វាមិនមែនគិតត្រឹមតែមន្ត្រីក្រសួងមហាផ្ទៃ ឬមន្ត្រីប៉ូលីសទេ ត្រូវតែធ្វើ​ទាំងអស់ មិនថាមន្ត្រីហ្នឹងមកពីក្រសួងណា មកពីកន្លែងណា មិនថាអ្នកធំ មិនថា​អ្នកតូច​ទេ ត្រូវទទួលទោសដូចគ្នា»។

លោកចង់ឃើញចំណាត់ការរបស់ក្រសួងមហាផ្ទៃនេះ ឈរជាគំរូសម្រាប់ស្ថាប័នរដ្ឋ​ផ្សេងៗ​ទៀត ដើម្បីជំរុញឱ្យមន្ត្រីតូចធំទូទាំងប្រទេសគោរពច្បាប់ដោយស្មើភាពគ្នា ធ្វើជាគំរូល្អ​ដល់​ពលរដ្ឋ។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា យល់ថា​ជា​ជំងឺ​សង្គម​មួយដែលសាហាវ បើធៀបនឹងបញ្ហាសង្គមផ្សេងទៀត។ ជាក់ស្តែងរយៈពេល៦ខែ​ដំបូង​នៃឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាបានកើតឡើងសរុបចំនួន ជាង១៣០០​ករណី​ កើនជាង២០០ករណី និងសម្លាប់មនុស្សជិត៨០០នាក់ កើនឡើងជិត៨០នាក់ បើ​ធៀប​នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៥។

លោក សុខា ក៏បានបញ្ជាឱ្យអនុវត្តការរឹតបន្តឹងច្បាប់​ចរាចរណ៍​ឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ​២០២៦​តទៅ នៅក្នុងបណ្តារាជធានីខេត្តមួយចំនួនដែលមានករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ច្រើនជាងគេរួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀងជាដើម៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម