មន្ត្រីក្រសួងមហាផ្ទៃម្នាក់បានឱ្យដឹងថា ជនបរទេសជិត៦០០នាក់ត្រូវបាននគរបាលឃាត់ខ្លួន អំឡុងពេលឆ្មក់ចូលឆែកឆេរអគារមួយកន្លែងកម្ពស់៣០ជាន់ក្នុងក្រុងប៉ោយប៉ែត ដែលតាមចោទថា ពាក់ព័ន្ធនឹងការលេងល្បែងភ្នាល់ ដែលដំបូងឡើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកហៅថា ជាសកម្មភាពបោកប្រាស់តាមអនឡាញ។
កាលពីដើមខែមុន រដ្ឋាភិបាលបានប្រកាសពីការលុបបំបាត់ទាំងស្រុងនូវទីតាំងឆបោកទ្រង់ទ្រាយធំ ដែលបានប្រែក្លាយតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលសំខាន់សម្រាប់ឧស្សាហកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញ។ សន្និសីទនេះបានបញ្ចប់ទៅដោយការប្រកាសនូវវិធានការ ១១ចំណុច ដែលមានលក្ខណៈស្ម័គ្រចិត្ត និងមិនមានកាតព្វកិច្ចតាមផ្លូវច្បាប់ ដើម្បីឱ្យបណ្តាប្រទេសនានាយកទៅអនុវត្តស្របតាមច្បាប់ក្នុងប្រទេសរៀងៗខ្លួន។
លោក លៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ពីព័ត៌មានដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយថា ជនបរទេសនិងខ្មែរចំនួន៥៨៧នាក់ រួមទាំងស្ត្រី១០៥នាក់ផង ត្រូវបានចាប់ខ្លួន។ ក្នុងចំណោមនោះ ជនជាតិឥណ្ឌូណេស៊ីមានចំនួនច្រើនជាងគេ គឺ៥១៨នាក់ បន្ទាប់មក គឺជនជាតិថៃ និងជនជាតិខ្មែរ។ លោក សុដា បានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងដោយកងកម្លាំងនគរបាលជាតិ កាលពីថ្ងៃទី៤ ខែតុលា ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ។
មួយថ្ងៃបន្ទាប់ពីព័ត៌មានស្តីពីការបង្ក្រាបករណីឆបោកតាមអនឡាញត្រូវបានចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមក សកម្មភាពដែលប្រព្រឹត្តនៅក្នុងអគារនោះ ត្រូវបានគេប្តូរមកហៅថា ជា ”ល្បែងភ្នាល់តាមអនឡាញ” វិញ។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា៖ «មានការភាន់ច្រឡំលើការប្រើប្រាស់ពាក្យពេចន៍។ នេះគឺជាការបង្ក្រាបទៅលើល្បែងភ្នាល់តាមអនឡាញ មិនមែនជាការឆបោកតាមអនឡាញនោះទេ»។
លោកបានលើកឡើងថា រដ្ឋាភិបាលបាន «ទទួលជោគជ័យ»ក្នុងការបង្ក្រាបទីតាំងប្រតិបត្តិការឆបោកតាមអនឡាញទ្រង់ទ្រាយធំ ហើយនៅសល់តែទីតាំងទ្រង់ទ្រាយតូចប៉ុណ្ណោះ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងគោលដៅបង្ក្រាបរបស់នគរបាល។
លោក សុខៈ បានរំលឹកថា បទប្បញ្ញត្តិរបស់រដ្ឋាភិបាលក្នុងការផ្អាករាល់សកម្មភាពល្បែងស៊ីសងតាមអនឡាញនៅតាមកាស៊ីណូ ចាប់ពីខែតុលាតទៅ គឺមានគោលបំណងពង្រឹងការគ្រប់គ្រងលើការឆបោកតាមអនឡាញ ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា និងប្រតិបត្តិការហិរញ្ញវត្ថុ ដែលគួរឱ្យសង្ស័យ។

សកម្មភាពឆបោកតាមអនឡាញបានរីករាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយអ្នកជំនាញបានលើកឡើងថា សកម្មភាពទាំងនេះបង្កើត «ប្រាក់ចំណូលរាប់សិបពាន់លានដុល្លារ»ជារៀងរាល់ឆ្នាំ និងតែងតែពឹងផ្អែកលើ «កម្លាំងពលកម្មដោយបង្ខំ ឬការបង្ខិតបង្ខំ»។ នៅឆ្នាំ២០២៣ អង្គការសហប្រជាជាតិបានរាយការណ៍ថា មានជនបរទេសរហូតដល់ ១០០ ០០០នាក់ធ្វើការនៅក្នុងវិស័យនេះ។
នៅក្នុងអត្ថបទមួយនាពេលកន្លងមករបស់សារព័ត៌មានខេមបូចា អ្នកវិភាគបានលើកឡើងថា ពួកគេមានមន្ទិលចំពោះការបង្ក្រាបនេះ ដោយសារតែបុគ្គលមានតួនាទីខ្ពស់មួយចំនួននៅតែមិនត្រូវបានប៉ះពាល់ រួមទាំងបុគ្គលខ្លះ ដែលត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្ម ពាក់ព័ន្ធនឹងការចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោក។
កាលពីខែសីហា មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ឈ្មោះ អ៊ុំ សុផល នៅខេត្តបន្ទាយមានជ័យ ត្រូវបានចាប់ខ្លួន និងសាកសួរ បន្ទាប់ពីមានការចុះបង្ក្រាបសកម្មភាពឆបោកតាមអនឡាញនៅក្នុងអចលនទ្រព្យ ដែលជាកម្មសិទ្ធិរបស់លោក។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបដិសេធមិនធ្វើអត្ថាធិប្បាយ និងបានបង្វែរសំណួរឱ្យសាកសួរលោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ។ លោក ឆាយ គឹមខឿន មិនអាចទាក់ទង ដើម្បីសុំការបំភ្លឺបានទេ។
ស្ថានទូតឥណ្ឌូណេស៊ីប្រចាំទីក្រុងភ្នំពេញមិនបានឆ្លើយតបភ្លាមៗចំពោះសំណួររបស់សារព័ត៌មានខេមចានោះទេ។
លោក សេង វណ្ណលី អ្នកវិភាគនយោបាយឯករាជ្យ បានលើកឡើងនូវចម្ងល់មួយចំនួន រួមទាំងបញ្ហាជុំវិញការបោសសម្អាតទីតាំងឆបោកអនឡាញធំៗ ហើយមានភស្តុតាងអ្វីដែលនាំឱ្យនគរបាលសន្និដ្ឋានថា វាជាករណីល្បែងភ្នាល់ និងមិនមែនជាករណីឆបោកតាមអនឡាញ។
លោកបានលើកឡើងថា សាធារណជនសមនឹងទទួលបានការពន្យល់ដ៏ច្បាស់លាស់មួយ ពីព្រោះទោះបីជាការចុះបង្ក្រាបនោះ គឹជាសកម្មភាពវិជ្ជមានក៏ដោយ ក៏គួរតែមានព័ត៌មានអំពី រយៈពេលនៃប្រតិបត្តិការ និងមូលហេតុអ្វីបានជាគ្មានការចាត់វិធានការណាមួយមុននេះ។
លោក វណ្ណលី ក៏បានទទួលស្គាល់ផងដែរថា ល្បែងភ្នាល់តាមអ៊ីនធឺណិត និងការឆបោកតាមអ៊ីនធឺណិត គឺមិនដូចគ្នាទេ។ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើនគរបាលចាត់ទុកករណីនេះថា ជាល្បែងភ្នាល់ ប៉ុន្តែបណ្តាញព័ត៌មានហៅថា ជាការឆបោក នោះអាជ្ញាធរគួរតែពន្យល់ពីអ្វីដែលភស្តុតាងបង្ហាញ។ យើងមិនគួរសន្មតថា អ្នកដែលត្រូវបានឃាត់ខ្លួនទាំងអស់សុទ្ធតែជាអ្នកឆបោកនោះទេ»។
លោកបានបន្ថែមថា៖ «ដូចគ្នានេះដែរ រដ្ឋាភិបាលមិនគួរប្រើពាក្យថា “ការភ្នាល់” ដើម្បីគេចវេះពីការស៊ើបអង្កេតលើករណី ដែលអាចជាការឆបោក ការបង្ខំឱ្យធ្វើការ ឬការលាងលុយខុសច្បាប់នោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Nearly 600 Foreigners Nabbed for Alleged Game-Betting, Not Online Scam As Initially Thought










