អ្នកឃ្លាំមើល និងសង្គមស៊ីវិលជំរុញឱ្យបណ្តាក្រសួងស្ថាប័នរដ្ឋទាំងអស់ ដាក់ចេញនូវចំណាត់ការបណ្តេញមន្ត្រីរបស់ខ្លួនចេញពីក្របខណ្ឌ ប្រសិនបើបង្កបទល្មើសផ្សេងៗក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ ការជំរុញនេះ ធ្វើឡើងបន្ទាប់ពីក្រសួងមហាផ្ទៃព្រមានបណ្តេញមន្ត្រីក្រោមឱវាទចេញពីក្របខណ្ឌ ប្រសិនបើសេពគ្រឿងស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ឬបង្កបញ្ហាផ្សេងៗក្នុងសង្គម ។
នៅថ្ងៃទី២៦ ខែសីហា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសថា មន្ត្រីស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃទាំងអស់ អាចប្រឈមមុខនឹងការបណ្តេញចេញពីក្របខណ្ឌ ប្រសិនបើសេពគ្រឿងស្រវឹងហើយបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ បង្កជម្លោះ និងហិង្សាលើអ្នកដទៃ ឬស្រវឹងហើយប្រព្រឹត្តសកម្មភាពអសីលធម៌តាមទីសាធារណៈ។ លោកបញ្ជាក់ថា ចំណាត់ការនេះ មិនទាន់គិតពីការទទួលខុសត្រូវផ្សេងៗតាមច្បាប់នៅឡើយ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់ថា វិធានការនេះត្រូវអនុវត្តចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦តទៅ ។
ជុំវិញករណីនេះ អ្នកឃ្លាំមើល និងអង្គការសង្គមស៊ីវិលយល់ថា ក្រសួងស្ថាប័នផ្សេងៗទៀតក៏គួរតែមានវិធានការដកក្របខណ្ឌដូចក្រសួងមហាផ្ទៃដែរ ដើម្បីធានាថាមន្ត្រីរាជការទាំងអស់ក្លាយជាគំរូល្អសម្រាប់ពលរដ្ឋ ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា មន្ត្រីណាដែលប្រព្រឹត្តបទល្មើសក្រោមឥទ្ធិពលគ្រឿងស្រវឹង ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ និងប្រឈមមុខនឹងការបណ្ដេញចេញដូចៗគ្នាទាំងនៅក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័នផ្សេងទៀត ។
យ៉ាងណាមិញ លោកកត់សម្គាល់ថា ការប្ដេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃបែបនេះមិនមែនជាលើកទីមួយទេ ប៉ុន្តែ កន្លងមកក៏ធ្លាប់មានការប្រកាសបែបនេះដែរ គ្រាន់តែលោកថាការអនុវត្តបានគ្រប់ជ្រុងជ្រោយ ឬអត់ មិនទាន់អាចវាយតម្លៃបាន។ ទោះជាបែបនេះក្តី លោកចង់ឃើញការប្រកាសជាថ្មីនេះអនុវត្តដោយតម្លាភាព និងគ្មានការយោគយល់ ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំចង់ឃើញចំណាត់ការទាំងអស់ហ្នឹងប្រព្រឹត្តទៅឱ្យបានជាប់រហូត កុំឱ្យមានអ្នកខ្លះរួច អ្នកខ្លះមិនរួច។ ហើយខ្ញុំគិតថាក្រសួងមហាផ្ទៃមិនពិបាកធ្វើទេ ព្រោះថាឥឡូវភស្តុតាងវាបានបង្ហាញចេញតាមប្រព័ន្ធសង្គមច្រើនហើយ ឱ្យតែមានមួយចាប់មួយ មានពីរធ្វើពីរទៅ វាទៅមុខរួចហើយ។ ប៉ុន្តែតាមដានមើលផង កុំឱ្យជួនកាលយកទៅដល់ប៉ុស្តិ៍មួយយប់ ព្រលែងទៅវិញបាត់ វាផុតខ្សែភ្នែករបស់មហាជន អ៊ីចឹងអ្នកស្រវឹងយប់នៅតែធ្វើអ៊ីចឹងដដែល» ។
ក្រៅពីវិធានការលើមន្ត្រីដែលសេពគ្រឿងស្រវឹងហើយបង្កបញ្ហានេះ លោកបណ្ឌិត មាស នី ក៏ជំរុញឱ្យក្រសួងមហាផ្ទៃលុបបំបាត់វប្បធម៌យោគយល់គ្នាឯងនៅក្នុងការអនុវត្តច្បាប់ចរាចរណ៍ដែរ ដើម្បីធានាថាការអនុវត្តច្បាប់ប្រកបដោយស្មើភាពគ្នារវាងពលរដ្ឋ និងមន្ត្រីរាជការ ។
ចំណែក នាយកប្រតិបត្តិអង្គការបង្ការរបួសអាស៊ី លោក គឹម បញ្ញា គាំទ្រចំពោះវិធានការដ៏ម៉ឺងម៉ាត់នេះ ដោយថាទោះបីជាមើលទៅហាក់ធ្ងន់ធ្ងរបន្តិច ប៉ុន្តែវាជាវិធានការដ៏ល្អ និងចាំបាច់។ ទន្ទឹមនឹងនេះ លោកចង់ឃើញការអនុវត្តវិធានការនេះចំពោះមន្ត្រីរាជការទូទៅដែរ ហើយថាការអនុវត្តត្រូវធ្វើឡើងដោយប្រុងប្រយ័ត្ន បើពុំដូច្នេះទេវាអាចបង្កជាភាពអយុត្តិធម៌ដល់មន្ត្រីរាជការបាន ។
លោកថ្លែងថា៖ «ព័ត៌មានខ្លះ (បើ)យើងមិនទទួលបានគ្រប់ជ្រុងជ្រោយ វាអាចធ្វើឱ្យក្លាយជារឿងអយុត្តិធម៌ចំពោះមន្ត្រីរាជការរបស់យើងវិញ។ អ៊ីចឹងសូមឱ្យមានការអនុវត្តដោយយកចិត្តទុកដាក់ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកពាក់ព័ន្ធ បើសិនជាមន្ត្រីយើងខុស យើងអនុវត្តទៅតាមច្បាប់ និងអ្វីដែលបានដាក់ចេញ» ។
ទន្ន្ទឹមនេះ លោកចង់ឃើញក្រសួងមហាផ្ទៃបង្កើតក្រុមការងារពិសេស ដើម្បីតាមដានករណីទាំងនេះ និងជំរុញឱ្យមានវិធានការទប់ស្កាត់ជាមុន តាមរយៈការរៀបចំ «គោលនយោបាយស្តីពីសុវត្ថិភាពចរាចរណ៍» នៅតាមក្រសួងស្ថាប័ននានា ដើម្បីឱ្យមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ប្រាប់សារព័ត៌មានខេមបូចាថា មុននឹងឈានដល់ការអនុវត្តវិធានការក្តៅនេះ ក្រសួងក៏មានផែនការវិនិច្ឆ័យដ៏ប្រាកដប្រជាដែរ៖ «មុននឹងឈានទៅដល់ការបណ្តេញចេញ យើងត្រូវតែធ្វើឱ្យប្រាកដនិយមថា ពិតជាបានសេពគ្រឿងស្រវឹង[…] ពីព្រោះវាគឺជាការដកសិទ្ធិដ៏ធំមួយជាមន្ត្រីរាជការ» ។
លោកបន្តថា ដើម្បីធានាប្រសិទ្ធភាព ក្រសួងមហាផ្ទៃនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយគ្មានលើកលែងចំពោះមន្ត្រីណាម្នាក់ឡើយ ប្រសិនបើរកឃើញថាបានប្រព្រឹត្តខុស ។
លោកថ្លែងថា៖ «នេះមិនមែនជាសារបង្ហើរចោល ឬសារបែបកំញើញទេ វាគឺជាវិធានការដាច់ណាត់[…]មិនមែនជាការលេងសើចទេ គឺជាការធ្វើឱ្យតម្លៃមន្ត្រីរាជការទទួលបានការគោរព ធ្វើជាគំរូរបស់ប្រជាពលរដ្ឋទូទៅ លើកតម្កើងឧត្តមភាពរបស់មន្ត្រីរាជការ ហើយបង្ហាញអំពីការទទួលខុសត្រូវរបស់មន្ត្រីរាជការជារួមតែម្តងចំពោះមុខសាធារណៈជន» ។
ថ្វីដ្បិតតែមិនទាន់មានតួលេខជាក់លាក់ ប៉ុន្តែអ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះបញ្ជាក់ថា កន្លងមកក៏មានមន្ត្រីរាជការមួយចំនួនត្រូវទទួលរងការពិន័យ និងខ្លះត្រូវបញ្ជូនសំណុំរឿងទៅតុលាការផង ដោយសារពួកគេបង្កហិង្សាលើអ្នកដទៃ និងខ្លះបង្កគ្រោះថ្នាក់ចរាចរណ៍ក្រោមឥទ្ធិពលជាតិស្រវឹង ។
សមត្ថកិច្ចនៃនាយកដ្ឋានអង្គរក្សម្នាក់ និងបក្ខពួកម្នាក់ទៀត ត្រូវបានតុលាការចោទពីបទហិង្សាដោយចេតនា និងបទផ្តើមគំនិតក្នុងអំពើហិង្សា ក្រោយពីពួកគេទាំង២ បានបង្កហិង្សាលើយុវជនម្នាក់នៅហាងផឹកស៊ីមួយកន្លែង ក្នុងខណ្ឌបឹងកេងកង កាលពីយប់ថ្ងៃទី២៣ ខែសីហាថ្មីៗនេះ ដោយបានយកដបស្រាវាយក្បាលជនរងគ្រោះបណ្តាលឱ្យប្រេះលលាដ៏ក្បាល ។
ដោយឡែក កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍បុករះមួយបានកើតឡើងនៅមុខក្រសួងមហាផ្ទៃ ដោយបង្កឱ្យជនរងគ្រោះម្នាក់បានស្លាប់ និង៥នាក់រងរបួស។ ជនបង្កគ្រោះថ្នាក់ជានាយកការិយាល័យគណនេយ្យចំណុះផែនការភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឈ្មោះ ប៊ុន ហេង ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ឆ្នាំ ។
វិធានការរបស់ក្រសួងមហាផ្ទៃនាពេលនេះ ត្រូវបានប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន យល់ថា ជាការពង្រឹងក្រមសីលធម៌ និងការងារតាមវិជ្ជាជីវៈ ដើម្បីកុំឱ្យមន្ត្រីរាជការមួយចំនួនធ្វេសប្រហែស បើកបរ ឬបំពេញភារកិច្ចក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។ លោកលើកឡើងដូច្នេះ ដោយធ្លាប់កត់សម្គាល់ឃើញថា កន្លងមក មានករណីអំពើហិង្សាមួយចំនួនបង្កឡើងពីសំណាក់មន្ត្រីសមត្ថកិច្ចទៅលើប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ ។
លោកថ្លែងថា៖ «ការដាក់ចំណាត់ការនេះ ក៏ជាចំណែកមួយរបស់ក្រសួងមហាផ្ទៃនៅក្នុងការចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារគ្រឿងស្រវឹង ដោយចាប់ផ្តើមពីមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលត្រូវធ្វើជាគំរូល្អ និងជាអ្នកអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ» ។
របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆមាសទី១នៃឆ្នាំ២០២៦ បានហក់ឡើង បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៥។ ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសបានកើតឡើង ១ ២៧៩លើក កើនឡើង ២១៣លើក ឬស្មើនឹង២០ភាគរយ។ គ្រោះថ្នាក់ទាំងនេះ បានបង្កឱ្យមានអ្នកស្លាប់ចំនួន ៧៧៣នាក់ កើនឡើង ៧៩នាក់ និងអ្នករងរបួសមានចំនួន ១ ៩៤៤នាក់ កើនឡើង ៤៦៨នាក់ ។
បញ្ហាគ្រោះថ្នាក់ចរាចរណ៍ត្រូវបានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា យល់ថាជាជំងឺសង្គមមួយដែលសាហាវ បើធៀបនឹងបញ្ហាសង្គមផ្សេងទៀត ដែលធ្វើឱ្យលោកបារម្ភថាចំនួនអ្នកគ្រោះថ្នាក់ស្លាប់ក្នុងឆ្នាំនេះអាចកើនដល់១៧០០នាក់ បើបន្តផ្អាកការអនុវត្តការផាកពិន័យចំពោះអ្នកបើកបរល្មើស។ លោកក៏បានបញ្ជាឱ្យអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញចាប់ពីថ្ងៃទី១ ខែកញ្ញាតទៅ នៅក្នុងបណ្តារាជធានីខេត្តមួយចំនួនដែលមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនជាងគេ។ ក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀងជាដើម ៕










