សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជាប្រកាសផ្អាកល្បែងអនឡាញតាមកាស៊ីណូ ដើម្បីទប់ស្កាត់ការឆបោក និង​ទុក​ពេល​​ឱ្យមន្ត្រីពង្រឹងសមត្ថភាព

ទីតាំងអគារអតីតកាស៊ីណូ Paradise Island ដែលលួចបើកលេងល្បែងអនឡាញខុសច្បាប់ ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)
ទីតាំងអគារអតីតកាស៊ីណូ Paradise Island ដែលលួចបើកលេងល្បែងអនឡាញខុសច្បាប់ ត្រូវសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

កម្ពុជាប្រកាសផ្អាកដំណើរការល្បែងភ្នាល់អនឡាញនៅគ្រប់កាស៊ីណូទូទាំងប្រទេស​បណ្តោះ​​អាសន្ន ដើម្បីបង្កើនប្រសិទ្ធភាពបង្រ្កាបការឆបោកតាមអនឡាញ និង​ទុកពេល​ឱ្យ​មន្ត្រីពង្រឹងសមត្ថភាពត្រួតពិនិត្យល្បែងភ្នាល់ទាំងនេះ ដែលក្រសួងមហាផ្ទៃអះអាងថា​ពិបាក​គ្រប់គ្រង។

ថ្លែងក្នុងពិធីសម្ភោធផ្លូវនៅខេត្តតាកែវ នាថ្ងៃទី៥ ខែកញ្ញា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យកាស៊ីណូទាំងអស់​នៅ​ទូទាំងប្រទេសផ្អាកដំណើរការល្បែងភ្នាល់តាមអនឡាញចាប់ពីខែតុលា ឆ្នាំ២០២១៦តទៅ​។ លោកបន្តថា ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលដូច្នេះ ដើម្បីពង្រឹងបន្ថែមទៀត​នូវ​វិធានការទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការចរាចរសាច់ប្រាក់គ្មានប្រភព​ច្បាស់លាស់។

លោកថ្លែងថា៖ «យើងស្រាវជ្រាវចុងក្រោយ (ឃើញថា)ល្បែងចាក់តាមអនឡាញ​ដែល​ផ្សាយផ្ទាល់ចេញពីកាស៊ីណូនេះ ហើយប្រាក់នេះយើងពិបាកគ្រប់គ្រង ដូច្នេះ​ខែតុលា​តទៅ គឺផ្អាកសិន»។

បន្ថែមលើនេះប្រភពបន្តថា លោក ហ៊ុន ម៉ាណែត បានបញ្ជាក្រសួងស្ថាប័នជំនាញពង្រឹង​វិធានការគ្រប់គ្រងល្បែងប្រភេទនេះឱ្យបានច្បាស់លាស់ ទាំងមូលដ្ឋានច្បាប់ និងលិខិត​បទដ្ឋាន​គតិយុត្ត ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជាពិសេសពង្រឹងជំនាញ​របស់មន្ត្រីឱ្យ​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ មុននឹងអនុញ្ញាតឱ្យដំណើរការឡើងវិញ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមានថា ចាប់ពីខែតុលាទៅ កាស៊ីណូដែលល្មើសគោលការណ៍​នេះ នឹងប្រឈមការដកអាជ្ញាបណ្ណ និងវិធានការច្បាប់ផ្សេងទៀត។

អ្នកនាំពាក្យខេត្តបន្ទាយមានជ័យ លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា រដ្ឋបាលខេត្តនឹង​អនុវត្ត​បទ​បញ្ជានេះឱ្យបានម៉ឺងម៉ាត់។ លោកឱ្យដឹងថា កន្លងមកអាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ ​​ក៏ធ្លាប់បង្ក្រាបបានករណីមួយចំនួន ដែលក្រុមឆបោកតាមអនឡាញ​ក៏ធ្លាប់​​យកទីតាំងកាស៊ីណូ ធ្វើជាកន្លែងប្រតិបត្តិការដែរ។

ជុំវិញតួលេខលម្អិត លោកណែនាំឱ្យសាកសួរទៅ លោក ប្រាក់ ប៉ូលី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​ទទួលបន្ទុកបង្ក្រាបស្កេមអនឡាញ។ យ៉ាងណា សារព័ត៌មាន​ខេមបូចា មិនទាន់អាចសុំការឆ្លើយតបពីលោក ប្រាក់ ប៉ូលី បាននៅឡើយ។

ដោយឡែក អភិបាលរងខេត្តព្រះសីហនុ លោក ឡុង ឌីម៉ង់ ក៏អះអាងដែរថា អាជ្ញាធរ​ខេត្តព្រះសីហនុ​នឹងអនុវត្តរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីធានាប្រសិទ្ធភាព​នៃ​ការ​បោស​សម្អាតការឆបោកតាមប្រព័ន្ធអនឡាញ។

លោកបញ្ជាក់ថា៖ «រាល់បទបញ្ជា រាល់សេចក្តីណែនាំផ្សេងៗរបស់រាជរដ្ឋាភិបាលគឺថា អាជ្ញាធរ​ខេត្តបានអនុវត្ត ហើយប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យមានប្រសិទ្ធភាព ដើម្បី​បង្ក្រាប​មិនឱ្យមានសកម្មភាព ឬជាទីតាំងជាមជ្ឈមណ្ឌលក្នុងឆបោកតាមប្រព័ន្ធ​បច្ចេកវិទ្យា​(ស្កេម​អនឡាញ)​នោះទេ»។ លោកបន្តថា៖ «មានកន្លែងណា ស្រាវជ្រាវឃើញកន្លែងណា គឺបង្ក្រាបកន្លែងហ្នឹង ហើយអនុវត្តច្បាប់»។

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា បញ្ជាក់ថា លោករង់ចាំ​សហការ​ជាមួយ​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)ខេត្ត ដើម្បីអន្តរាគមន៍ភ្លាមៗ ប្រសិនបើមានក្រុមហ៊ុនកាស៊ីណូ ណាមួយអនុវត្តល្មើសច្បាប់។

លោក ស រដ្ឋា ឱ្យដឹងថា កន្លងទៅសមត្ថកិច្ចក៏ធ្លាប់បង្ក្រាបកាស៊ីណូដែលលួចប្រតិបត្តិការ​ឆបោក​តាមអនឡាញដែរ៖ «កន្លែងខ្លះយើងដក(អាជ្ញាបណ្ណ)ហ្នឹង ដោយសារ​តែ​មូលហេតុ​ពាក់ព័ន្ធជាមួយនឹងអ្វីដែលមិនស្រប(គោលការណ៍បោសសម្អាតការឆបោកតាមអនឡាញ​​)»​។

អ្នកជំនាញភូមិសាស្ត្រនយោបាយ និងជាអ្នកតាមដានស្ថានការណ៍សង្គម លោក សេង វណ្ណលី យល់ថា បទបញ្ជាលោកនាយករដ្ឋមន្ត្រីនាពេលនេះជាជំហានល្អមួយ ប៉ុន្តែ​ប្រសិទ្ធភាព​យ៉ាងណា លោកថាអាស្រ័យលើការអនុវត្តជាក់ស្តែង។ យ៉ាងណា លោកថា​ដើម្បីបង្កើតទំនុកចិត្ត រដ្ឋាភិបាលចាំបាច់ត្រូវបកស្រាយឱ្យច្បាស់លាស់អំពីវិសាលភាព នីតិវិធីត្រួតពិនិត្យ និងលក្ខខណ្ឌកំណត់សម្រាប់ការអនុញ្ញាតឱ្យ​បើកឡើងវិញ​នា​ពេល​ខាងមុខ។

លោកបន្ថែមថា ការផ្អាកនេះអាចជាឱកាសក្នុងការតាមដានលំហូរហិរញ្ញវត្ថុដែលសង្ស័យ ប៉ុន្តែវាអាចត្រឹមតែជាការប្រកាសមួយឥតន័យ ប្រសិនបើបុគ្គលមានអំណាច ឬមានខ្នង​បង្អែក​នៅតែអាចគេចផុតពីច្បាប់។

ទន្ទឹមនេះលោកថា វិធានការនេះតែមួយមុខមិនអាចដោះស្រាយបញ្ហាឆបោកអនឡាញ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាបានទេ ព្រោះលោកថាល្បែងអនឡាញ និងការឆបោក​អនឡាញ​ជាសកម្មភាពខុសគ្នា ទោះបណ្តាញឧក្រិដ្ឋជនអាចប្រើទីតាំងកាស៊ីណូ ដើម្បី​ប្រតិបត្តិការ​ក៏ដោយ។

លោកថ្លែងថា៖ «អង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម​បាន​បង្ហាញ​​ថា សម្ពាធបង្ក្រាបអាចធ្វើឱ្យក្រុមឧក្រិដ្ឋជនផ្លាស់ទីតាំង ឬប្តូររបៀបប្រតិបត្តិការ។ ខ្ញុំបារម្ភថា បើគ្មានការស៊ើបអង្កេតស៊ីជម្រៅទេ ការផ្អាកនេះអាចគ្រាន់តែរុញ​ឱ្យពួកគេ​ផ្លាស់ទៅទីតាំងតូចៗដែលពិបាករកឃើញ»។

បើផ្អែកលើសេដ្ឋកិច្ច លោក វណ្ណលី យល់ថា ការផ្អាកនេះក៏អាចប៉ះពាល់ដល់ពលរដ្ឋ​មួយ​ចំនួន​ដែរ៖ «ការផ្អាកអាចធ្វើឱ្យបុគ្គលិកមួយចំនួនបាត់បង់ការងារ និងប្រាក់ចំណូល ហើយ​អាចប៉ះពាល់ដល់ហាងអាហារ អ្នកជួលផ្ទះ អ្នកដឹកជញ្ជូន និងអាជីវកម្ម​នៅ​ជុំវិញ​»​។ ក៏ប៉ុន្តែលោកថា ទំហំនៃផលប៉ះពាល់អាស្រ័យលើថា អាជីវកម្មនីមួយៗពឹងផ្អែក​លើ​ល្បែង​អនឡាញកម្រិតណា ព្រោះការផ្អាកល្បែងអនឡាញមិនមានន័យថា បិទកាស៊ីណូ​ទាំងអស់នោះទេ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត យល់ថា ​ការផ្អាក​ដំណើរ​​ការ​ការស៊ីណូអនឡាញនេះ ជាវិធីសាស្ត្រមួយទប់ស្កាត់កុំឱ្យបញ្ហាអនឡាញស្គេម​រីករាលដាលឡើងវិញ ព្រោះលោកថាល្បែងអនឡាញ ឬកាស៊ីណូអនឡាញ ជាដើមចម​នៃការឆបោកតាមប្រព័ន្ធអនឡាញ។ យ៉ាងណា លោកថាដើម្បីប្រសិទ្ធភាព លុះត្រាតែ​ការ​អនុវត្តច្បាប់ម៉ឺងម៉ាត់គ្មានការអត់ឱន។

បើតាម លោក សំអាត ប្រសិនបើបន្តអនុញ្ញាតឱ្យមានល្បែងប្រភេទនេះដំណើរការ នោះ​ការ​ទប់ស្កាត់ស្កេមអនឡាញនឹងមិនអាចសម្រេចបានជោគជ័យឡើយ ទោះបីជា​រដ្ឋាភិបាល​ខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ។

លោកថ្លែងថា៖ «បើសិនជាបន្តឱ្យល្បែងអនឡាញ ឬក៏កាស៊ីណូអនឡាញ អ៊ីចឹង​ស្កេម​អនឡាញ​វានៅតែបន្តកើតឡើង ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរសម្រាប់កម្ពុជាយើង»។

លោកលើកឡើងថា ល្បែងអនឡាញបង្កផលប៉ះពាល់ធ្ងន់ធ្ងរ​ដល់សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម និងឈានដល់កើតមានបទល្មើសផ្សេងៗផង ដែលមានឥទ្ធិពលអវិជ្ចមាន​ដល់​វិស័យ​វិនិយោគ និងទេសចរណ៍នៅកម្ពុជាផង។ លោកកត់សម្គាល់ថា រហូតឈានដល់​មាន​ករណីប្រជាពលរដ្ឋសម្លាប់ខ្លួនដោយសារចាញ់ល្បែងទៀតផង។

ក្រសួងមហាផ្ទៃឱ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា​ឆ្នាំ២០២៦ សមត្ថកិច្ចជំនាញបង្ក្រាបទីតាំងឆបោកបានចំនួន ៦២៤ទីតាំង និងរំលាយទីតាំង​ឆបោក ៨៦ទីតាំង។ ក្នុងប្រតិបត្តិការទាំងនេះ សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាសង្ស័យបាន​សរុបជិត​៣ម៉ឺននាក់ មាន ៣៩សញ្ជាតិផ្សេងគ្នា។ ប្រភពឱ្យដឹងថា កាស៊ីណូចំនួន២៧ ត្រូវ​បាន​បង្ក្រាប ដោយក្នុងនោះ កាស៊ីណូចំនួន ១៨ ត្រូវដកហូតអាជ្ញាបណ្ណ និងកាស៊ីណូចំនួន ៩ផ្សេងទៀតត្រូវព្យួរអាជ្ញាបណ្ណ ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញ។

ក្រសួងឱ្យដឹងទៀតថា មន្ត្រីកម្ពុជាមួយចំនួនក៏ត្រូវបានរកឃើញ​ជាប់ពាក់ព័ន្ធ​ក្នុងសំណុំរឿង​ចំនួន​៤ ដែលមានជនសង្ស័យចំនួន១៥នាក់រួមមាន ព្រះរាជអាជ្ញារង អគ្គនាយករង​អន្តោ​ប្រវេសន៍ ស្នងការរងរាជធានីភ្នំពេញ អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំង​មន្ត្រី​នគរបាល និងយោធាមួយចំនួនផង៕ 

ព័ត៌មានថ្មី

អត្ថបទពេញនិយម