សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

មន្ត្រីសង្គម​ស៊ីវិលមួយចំនួនលើកឡើង​​ថា ច្បាប់​មួយ​ចំនួន ​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ដាក់​សម្ពាធ​លើ​សិទ្ធិ​សេរី​ភាព​បញ្ចេញមតិ

មន្តី្រអង្គការសង្គម​ស៊ីវិល​មួយ​ចំនួន ​បាន​ថ្លែង​នៅក្នុងវេទិការ​អ៊ីន​ធឺណិត​ភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦​ថា  ច្បាប់ ​និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន ដែលដាក់ឱ្យដំណើរការ ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និងធ្វើ​ឱ្យសកម្ម​ជន​ដែល​ធ្វើ​កិច្ចការងារ​សង្គម​​មាន​ការ​ភ័យ​ខ្លាច។ (ខេមបូចា/ព្រីង សំរាំង)
មន្តី្រអង្គការសង្គម​ស៊ីវិល​មួយ​ចំនួន ​បាន​ថ្លែង​នៅក្នុងវេទិការ​អ៊ីន​ធឺណិត​ភ្នំពេញ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦​ថា  ច្បាប់ ​និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន ដែលដាក់ឱ្យដំណើរការ ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ និងធ្វើ​ឱ្យសកម្ម​ជន​ដែល​ធ្វើ​កិច្ចការងារ​សង្គម​​មាន​ការ​ភ័យ​ខ្លាច។ (ខេមបូចា/ព្រីង សំរាំង)

មន្ត្រីអង្គការសង្គម​ស៊ីវិល​មួយ​ចំនួន ​បាន​ថ្លែង​ចេញពីវេទិការ​អ៊ីន​ធឺណិត​ភ្នំពេញ​ថា ច្បាប់​និង​សេចក្តីព្រាងច្បាប់​មួយ​ចំនួន ​​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់ និងកំពុង​ស្ថិតក្នុងដំណើរការ​ធ្វើ​សេចក្តីព្រាង​ គឺ​បាន​រឹតត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ ធ្វើ​ឱ្យសកម្ម​ជន​ដែល​ធ្វើ​កិច្ចការងារ​សង្គម​​មាន​ការ​ភ័យ​ខ្លាច​លែង​សូវ​ហ៊ាន​បញ្ចេញមតិ​​ដើម្បី​ចូល​រួម​ស្ថាបនាសង្គម។

ប៉ុន្តែ​យ៉ាងណាក្តី មន្ត្រី​ក្រសួង​យុត្តិធម៌ មិន​យល់​ស្របចំពោះការ​លើកឡើងបែបនេះនោះទេ ដោយ​ថ្លែងថា ច្បាប់មានវត្តមាន មិនមែនដើម្បីបំបិទមាត់ពលរដ្ឋនោះទេ គឺដើម្បីកំណត់បទល្មើស ចង្អុល​បង្ហាញបុគ្គលដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវតែទទួលខុសត្រូវចំពោះបទល្មើស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

លោក ​អំ សំអាត នាយក​ទទួល​បន្ទុ​ក​កិច្ចការ​ទូទៅ​ នៃ​អង្គការសិទ្ធិមនុស្ស​​ លីកាដូ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​ស្តីពី​«សេរីភាពនៃការបញ្ចេញមតិ និងបរិយាកាសឌីជីថល ដែលកំពុងវិវត្តនៅកម្ពុជា»នៅក្នុង​វេទិកាអ៊ីនធើណិតភ្នំពេញកាល​ពីថ្ងៃទី១៤ ខែ​កញ្ញាថា ​បច្ចុប្បន្នបច្ចេកវិទ្យា​មាន​ទំនើបកម្ម​​​ដែល​នៅលើ​ពិភព​លោក​គឺ​កំពុង​ឆ្ពោះ​ទៅ​មុខ​ នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឬក៏ឌីជីថល។

ក៏ប៉ុន្តែ ​ប្រទេសកម្ពុជាកំពុង​តែ​​អក្ខរកម្ម​ឌីជីថល ខណៈ​ប្រទេស​ជឿនលឿន​ គេ​បាន​ទៅ​មុន​ប្រទេស​កម្ពុជា​យូរ​ណាស់​មក​ហើយ។ កម្ពុជា​មិន​ទាន់​មាន​គ្រឹះ​ និង​ហេដ្ឋារចនាសម្ព័ន្ធឌីជីថល​គ្រប់​គ្រាន់​នៅពាស​ពេញ​ផ្ទៃ​ប្រទេស​ដូច​បណ្តា​ប្រទេសជឿនលឿន​នៅ​ឡើយ​ទេ។

លោក សំអាត ​​បញ្ជាក់​ថា៖«​អ៊ីចឹង​បើ​យើង​ធៀប​ពេញ​ថា​ ប្រព័ន្ធ​ឌីជីថល​ទំនើប​ ប៉ុន្តែ​ច្បាប់​យើង​វាអត់​ទាន់​ទំនើប​តាម​ទេ អ៊ីចឹង​វា​ជឿន​លឿន​ផ្នែក​ឌីជីថល ​ប៉ុន្តែ​ច្បាប់​ការពារ​ទៅលើ​ឯក​ជន​ភាព​ការពារ​ទៅលើ​សេរីភាព​របស់​ប្រជាពល​រដ្ឋ​ នៅ​តាម​ប្រព័ន្ធ​ឌីជីថល់​ហាក់​បីដូចជា​មិន​ទាន់​ឆ្លើយ​​តបគ្នា​ ទេ»។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​រូប​នេះ​បាន​ចង្អុល​បង្ហាញពី​ច្បាប់​​ទូរគមនាគមន៍ ដែល​​ផ្តល់​អំណាច​ច្រើន​ដល់​រដ្ឋ​អំណាច ​ដើម្បី​គ្រប់​គ្រង​អ្នក​បញ្ចេញ​មតិ ដែល​នេះ​គឺ​ជាបញ្ហា។ បន្ថែមពីនេះ​បើ​ពិនិត្យ​​ពីអនុក្រឹតច្រក​ទ្វារ​អ៊ីន​ធឺណិតជាតិ ​ដែល​វាហាក់​បីដូច​ជា​ការ​គ្រប់​គ្រង​នៃលំហូរចូលនៃ​​អ៊ីន​ធឺណិត។ លោក​និយាយថា៖ «ហើយ​មួយ​ទៀត​បើ​យើង​មើល​ទៅលើ​បរិបទឌីជីថលហើយ​និង​បញ្ហា​សិទ្ធិមនុស្ស វាមាន​គម្លាត​ពីគ្នា។​ ប្រព័ន្ធឌីជីថល​មាន​ភាព​ទំនើប​កម្ម ​ប៉ុន្តែ​សិទ្ធិ​ឯក​ជន​ភាព​​របស់​បុគ្គល ​វា​ហាក់​បីដូច​អត់​ទាន់​មាន​ច្បាប់​ណា​ ដើម្បីការពារ​ឯក​ជន​ភាព ​និង​សេរីភាពនៅឡើយ»

សកម្ម​ជន​សិទ្ធិ​មនុស្ស​ សកម្ម​ជន​សង្គម​ សកម្ម​ជន​ដីធ្លី​​​ និង​តំណាង​សហគមន៍​នានា នៅពេល​នេះ​បាន​ងាក​មក​ប្រើប្រាស់​បណ្តាញ​សង្គម ដើម្បី​ធ្វើ​ការតស៊ូមតិ​ ខណៈ​កាល​ពី​មុន​ការ​តស៊ូមតិ​គឺ​ធ្វើ​ឡើង​ទល់​មុខគ្នា​ជាមួយ​អាជ្ញាធរ​។

លោក ​អំ សំអាត ​លើ​កឡើង​ថា៖ «​ការតស៊ូមតិ​លើ​បណ្តាញ​សង្គម​ ក៏មាន​ការ​ប្រឈម​ដែរដូច​ជាមាន​ការ​ចោទប្រកាន់​ពីបទញុះញង់។​ បទញុះញង់​មាន​ពីរ​ទៀត​ ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ ឬក៏ញុះ​ញង់​ឱ្យ​មាន​ភាពអសន្តិសុខ​សង្គម ហើយ​មួយ​ទៀត ញុះ​ញង់ឱ្យ​មាន​ការ​រើស​អើង​​អីចឹងទៅ»

ជាមួយគ្នានេះលោកថា​ ​បើ​មើល​ទៅលើ​ក្រមព្រហ្មទណ្ឌ​ ​គឺ​ហាក់​​រារាំង​សិទ្ធិ​សេរីភាព​ក្នុងការ​ប្រើប្រាស់​ការសម្តែង​មតិ​តាម​ប្រព័ន្ធ​ឌីជីថល​ ពីព្រោះ​និយម​ន័យបទញុះញង់​ក្តី​ បទ​បរិហារកេរ្តិ៍ក្តី​បទប្រមាថ​អង្គព្រះមហាក្សត្រ​ក្តី​ សុទ្ធតែជាបទល្មើស​ពេញ​និយម​ ហើយ​បើ​​មើល​ទៅលើ​​និយម​ន័យ នៃ​បទល្មើស​ទាំងអស់នោះ ​គឺ​នៅ​មាន​ភពស្រពិចស្រពិល​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​​ងាយ​ក្នុងការ​បកស្រាយ​ទាញ​ឱ្យ​ចូល​បទល្មើស​។

លោក ​សំអាត ​បញ្ជាក់​ថា ៖ «​អ៊ីចឹង​វាធ្វើឱ្យ​រារាំង​អ្នក​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល ក្នុង​ការ​បញ្ចេញ​មតិលើ​បញ្ហា​សង្គម​ផ្សេងៗ​ មាន​ភាព​ភ័យខ្លាច​​ថាតើ​គាត់​ត្រូវ​បញ្ចេញមតិ​បែបម៉េច ​ដើម្បី​ឱ្យ​ពួកគាត់​មាន​សុវត្ថិភាព។ ​ជួនកាល​ពួកគាត់​កម្រិត​សេរីភាពខ្លួន​ឯង ​បាន​ន័យ​ថា​ អត់ហ៊ាន​បញ្ចេញ​មតិទេ​ដល់​​អ៊ីចឹង​វាបាត់​ធាតុចូល​រួម»

ក្នុង​ស្ថានភាព​បែប​នេះ អ្នក​សារព័ត៌មានក៏មាន​ការភ័យ​ខ្លាច មិន​ហ៊ាន​សរសេរ​ពី​បញ្ហា​រសើបៗ​មួយ​ចំនួនក្នុង​សង្គមផងដែរ​​ ​ដូច​ជាបញ្ហា​អំពើ​ពុក​រលួយ​ បញ្ហា​វិវាទដី​ធ្លី ​​និង​ការ​បំផ្លិច​បំផ្លាញធន​ធានធម្មជាតិ​ជាដើម ហេតុដូច្នេះ​វា​ធ្វើ​ឱ្យ​​​រដ្ឋាភិបាល​​ និង​សង្គម​​​ត្រូវ​​បាត់​ព័ត៌មាន​ដែល​ជាឱកាស​សម្រាប់​មន្ត្រី​ខិលខូច​និង​ជន​ខិលខូចមួយ​ចំនួន​។
ចំណែក​លោក សេង សុវឌ្ឍនា នាយក​ប្រតិបត្តិ​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​​ក៏​បាន​ថ្លែងនៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ផងដែរ​​ថា គិត​មក​ដល់​ពេល​នេះ កម្ពុជា​​មាន​ច្បាប់មិន​តិច​​ជាង១០នោះ​ទេ ដែល​ដាក់​សម្ពាធ​​លើ​សិទ្ធិ​សេរី​ភាពបញ្ចេញមតិ​ ខណៈ​បច្ចុប្បន្ន​​អ្នក​ធ្វើកិច្ចការ​ងារ​សង្គម និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ តែង​តែ​ទទួល​រង​ការចោទ​ប្រកាន់​ពី​​បទញុះញង់ ​​តាម​មាត្រា ៤៩៤​និង​ ៤៩៥​នៃក្រមព្រហ្មទណ្ឌ​។

លោក​លើកឡើង​ថា៖ «ខ្ញុំ​មិន​បន្លាចទេ ប៉ុន្តែ​នេះជាអ្វី​ដែល​យើង​ត្រូវ​ស្វែង​យល់​ថា តើ​ការ​បញ្ចេញ​មតិ​របស់​យើង​ វា​ស្របទៅ​នឹង​ច្បាប់​ដែរ​ឬទេ ពីព្រោះ​អ្វីដែល​ច្បាប់​បាន​ចែងហើយ​ យើ​ងសម្តែង​មតិ​ដោយ​ផ្ទុយ​នឹង​ច្បាប់​ គឺ​យើង​មាន​ទោស»

ដូច្នេះ​លោក​បញ្ជាក់​ថា គ្រប់​គ្នា​ត្រូវ​ស្វែង​យល់​ពី​ច្បាប់ ពីព្រោះ​បើ​មិន​បាន​ស្វែងយល់​ពីសិទ្ធិ​ពីច្បាប់ ​គឺ​វាប្រឈមនឹង​ការ​ចោទប្រកាន់​ផ្សេងៗ។​ នៅពេល​មាន​ការបញ្ចេញមតិ​តាម​ហ្វេស​ប៊ុក​ហើយ​បញ្ចេញ​មតិ​យោបល់​ដោយ​ប្រមាថ​ ឬក៏​មាក់​ងាយ​អ្នក​ណា​ម្នាក់ ​​នោះ​អាច​នឹង​ត្រូវ​ទទួល​រងការ​ចោទប្រកាន់​​តាមផ្លូវ​ច្បាប់​ផ្សេងៗ។ លោក​បញ្ជាក់​ថា «ហេតុ​ដូច្នេះ ​ការ​បញ្ចេញ​មតិ​នៅ​លើ​បណ្តាញ​​សង្គម​ក្តី​ នៅ​តាម​សហគមន៍​ក្តី​​ ត្រូវ​តែ​ស្វែង​យល់​ពីច្បាប់​​» ខណៈ​ដែល​លម្ហនៃ​សេរី​ភាព​​បញ្ចេញ​មតិ​ ត្រូវ​បានគេមើល​ឃើញថា មាន​ការ​​រឹតត្បិត​។ 

យ៉ាងណាក្តី លោក ​ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌បាន​ប្រាប់​សារព័ត៌មាន​ខេមបូចា​នៅថ្ងៃទី​១៥ ខែ​កញ្ញា​នេះ​ថា លោក​សូមស្វាគមន៍ និងសូមកោតសរសើរដល់អង្គការសង្គមស៊ីវិល ដែលតែងតែយកចិត្តទុកដាក់លើបញ្ហាសិទ្ធិសេរីភាពនៅកម្ពុជា។ ទោះជា​យ៉ាង​​ណា​​ក្តី​ លោកបន្តទៀត​​ថា​ ការលើកឡើងថា ច្បាប់មានភាពស្រពេចស្រពិល និងធ្វើឡើងដើម្បីរឹតត្បិតសេរីភាព គឺជាការយល់ច្រឡំមួយ ដែលទាមទារឱ្យមានការសិក្សាបន្ថែមឱ្យបានស៊ី​ជម្រៅ។

លោក​បញ្ជាក់​ថា៖ «បទល្មើសព្រហ្មទណ្ឌ ដូចជា បទបរិហារកេរ្តិ៍ បទញុះញង់ និងបទប្រមាថអង្គព្រះមហាក្សត្រ ត្រូវបានតាក់តែងឡើងដោយផ្អែកគ្រប់ជ្រុងជ្រោយ នៃទិដ្ឋភាពច្បាប់យ៉ាងច្បាស់លាស់។ ការចោទប្រកាន់អាចធ្វើទៅបាន លុះត្រាតែមានធាតុផ្សំគ្រប់គ្រាន់ គឺធាតុផ្សំនីត្យានុកូល ធាតុផ្សំសត្យានុម័ត និងធាតុផ្សំអត្តនោម័ត។ តុលាការសម្រេចក្តីដោយផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង មិនមែនផ្អែកលើការបកស្រាយតាមអំពើចិត្តនោះទេ»
បើ​តាម​លោក ​ច័ន្ទមករា ​មាត្រា ៤១ នៃរដ្ឋធម្មនុញ្ញ ធានាសិទ្ធិបញ្ចេញមតិ ប៉ុន្តែក៏បានគូសបញ្ជាក់​យ៉ាងច្បាស់ផងដែរថា៖ «ជនណាក៏ដោយ មិនអាចឆ្លៀតប្រើ​សិទ្ធិនេះ ដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ»

លោកលើកឡើង​​ថា ក្នុងយុគសម័យឌីជីថល ការប្រឌិតព័ត៌មានក្លែងក្លាយ និងការជេរប្រមាថ បាន​បង្កហានិភ័យយ៉ាងធ្ងន់ធ្ងរ ដល់កិត្តិយសបុគ្គល និងភាពសុខដុមរមនាក្នុងសង្គម។ បន្ថែម​ពីនេះ​ច្បាប់មានវត្តមានមិនមែនដើម្បីបំបិទមាត់ពលរដ្ឋនោះទេ គឺដើម្បីកំណត់បទល្មើស ចង្អុល​បង្ហាញបុគ្គលដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវតែទទួលខុសត្រូវចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្ត។

លោក​មាន​ប្រសាសន៍ទៀតថា៖«កម្ពុជាជាប្រទេសនីតិរដ្ឋ។ ការធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះដែលអនុញ្ញាតឱ្យប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកាន់តែត្រូវបានគោរពអនុវត្តពិតប្រាកដ។ ជារួម ការអនុវត្តច្បាប់ប្រកបដោយភាពម៉ឺងម៉ាត់ គឺជាការការពារសិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ មិនមែនជាការរឹតត្បិតសេរីភាពនោះទេ»។

​ជាមួយគ្នានេះ លោកស្រី ឆន សុគន្ធា នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) និង​ជា​តំណាងក្រុមការងារសិទ្ធិឌីជីថល បានលើកឡើងនៅក្នុងវេទិកាអ៊ីនធឺណិតភ្នំ​ពេញនេះ​ផងដែរថា​៖ «វេទិកានេះ(PPIF) ត្រូវបានរៀបចំឡើងក្នុងបរិបទដ៏សំខាន់​ នៃការវិវឌ្ឍឌីជីថលនៅកម្ពុជា ដែលទាមទារឱ្យមានការពិភាក្សា និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថា ការអភិវឌ្ឍឌីជីថលនេះ ផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់ ដោយគោរពនូវ​សិទ្ធិ​សេរីភាពជាមូលដ្ឋាន»

បន្ថែម​ពីនេះលោក​ស្រីបាន​ថ្លែងនៅក្នុង​កិច្ច​ពិភាក្សា​ស្តីពី​«សេរីភាពនៃការបញ្ចេញមតិ និងបរិយាកាសឌីជីថល ដែលកំពុងវិវត្តនៅកម្ពុជា»ផងដែរថា ទាក់​ទង​នឹង​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺ​ណិត ​រដ្ឋាភិបាល​​បាន​បង្កើតច្បាប់​និង​កំពុង​ធ្វើ​សេចក្តីព្រាង​ច្បាប់​មួយ​ចំនួន ​ក្នុងនោះ​មាន​ សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​​ឧក្រិដ្ឋកម្ម​តាម​អ៊ីន​ធឺណិត(Cybercrime Law​) ហើយ​ថ្មីៗ​នេះ ​ក្រសួង​ប្រៃសណី​យ៍ ​និង​ទូរគមនា​គម​ន៍ ​​បាន​ធ្វើ​សេចក្តីព្រាងផែនការ​យុទ្ធសាស្ត្រ​​ស្តីអំពី​ ​AI ដែល​អ្នក​ស្រីគិត​ថា អ្នក​ពាក់​ព័ន្ធ​នានា​ជាពិសេស​អ្នក​ធ្វើ​ការ​ទាក់​ទង​នឹង​សិទ្ធិ​ឌីជីថល ​គឺ​មិន​បាន​ដឹង​នោះ​ទេ។
​បើ​តាមលោ​ក​ស្រី ​សុគន្ធា ជាទូទៅ​នៅពេល​ដែលក្រសួងជំនាញ​របស់​រដ្ឋាភិបាល​​ធ្វើ​សេចក្តីព្រាង​ច្បាប់​​នានា​ ខាង​សង្គម​ស៊ីវិល​ ដែល​ជាអ្នក​ធ្វើការងារ​​ផ្ទាល់​លើ​បញ្ហា​សិទ្ធិ​ឌីជីថល ​​មិន​ត្រូវ​បាន​ផ្តល់​ឱកាស​ហៅ​ទៅ​ចូល​រួម​ ដើម្បី​ឱ្យ​ផ្តល់​ធាតុចូលនោះទេ ដូច​ជាសេចក្តីព្រាងច្បាប់ស្តីពី​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធើណិតជាដើម ​​រហូត​មក​ដល់ពេល​នេះ ខាង​អង្គការ​សង្គម​ស៊ីវិល​​​ ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​ មិន​ទាន់​បាន​ដឹងថា ​តើ​ក្រសួង​មហា​ផ្ទៃ​ បាន​ធ្វើ​​សេចក្តី​ព្រាង​ច្បាប់​នេះ ​​មាន​ខ្លឹម​សារ​ឬក៏អត្ថ​ន័យ​​បែបណានោះទេ។

លោកស្រី​បញ្ជាក់​​ថា៖ «​​ងាក​មក​មើល​អ្នក​សារព័ត៌​មាន​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​​​ជាពិសេស​នៅក្នុង​រយៈ​ពេល​៨ខែឆ្នាំ​២០២៦នេះ​ឃើញថា អ្នក​សារព័ត៌មាន​មានការ​ចាប់​ខ្លួន​ច្រើន សូម្បី​តែសកម្ម​ជន ​ឬក៏អ្នក​ដែល​បញ្ចេញមតិតាម​អនឡាញ ក៏មាន​ការប្រឈម​ការចាប់ខ្លួន​ច្រើនដែរ​។​ អ៊ីចឹង​ហើយ​យើង​យល់​ឃើញ​ថា ជាការ​ប្រឈម​ជាហានិភ័យ​សម្រាប់​ពួក​យើង​​អ្នក​ធ្វើកិច្ចការសង្គម​ ឬក៏អ្នក​បញ្ចេញមតិ​ដើម្បី​ស្ថាបនា​សង្គម​ទាំងអស់គ្នា​តាម​រយៈ​អនឡាញ»

បើ​តាម​អង្គការ​សិទ្ធិមនុស្ស​លីកាដូ គិត​ត្រឹម​ថ្ងៃទី​១៥ ​ខែកញ្ញា ​ឆ្នាំ២០២៦​នេះ​ អាជ្ញាធរ​ និង​ស្ថាប័ន​អនុវត្ត​ច្បាប់​មួយ​ចំនួន​ បាន​បន្ត​ចាប់​ឃាត់​ និង​ឃុំ​ខ្លួន​ អ្នក​នយោបាយប្រឆាំង​​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ សកម្មជន​ដី​ធ្លី​ សហជីព​ អ្នក​សារព័ត៌មាន​ និង​អ្នកប្រើ​​ប្រាស់​បណ្តាញ​សង្គម​​ចំនួន​ ១១៥​នាក់​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​មួយ​ចំនួន​​ជាពិសេសបទញុះញង់​ ដោយ​សារ​​តែ​ភាព​សកម្ម​និយម​ ឬ​ការ​បញ្ចេញ​មតិ​ របស់​អ្នក​ទាំង​នោះ​ ។

អង្គការ​ លីកាដូ​ រួម​ជា​មួយ​ក្រុមអ្នក​ការ​ពារ​សិទ្ធិមនុស្ស​ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ ​អំពាវនាវ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​ជា​បន្ទាន់​ និងលើ​កលែងបទ​ចោទប្រកាន់​លើ​​អ្នក​ទាំង​នោះ​ក៏​ដូច​ជា​អនុញ្ញាត​ឱ្យ​ពួកគេ​បន្ត​ភាព​សកម្ម​និយម​ដើ​ម្បី​ឱ្យ​កម្ពុជា​កាន់​តែ​ប្រសើរ​ឡើង។​

សូម​បញ្ជាក់​ថា វេទិកា​អ៊ីនធឺណិតភ្នំពេញ​ប្រចាំឆ្នាំ​២០២៦​​ ត្រូវ​បានប្រារព្ធ​​ធ្វើ​ឡើង​កាលពីថ្ងៃទី​១៤​ ខែកញ្ញា​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ​ក្រោម​ប្រធានបទ​«ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»ក្នុងខណៈ​ដែលកម្ពុជាកំពុងឆ្ពោះទៅកាន់ការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស។

វេទិកា​នេះ​ត្រូវ​បាន​រៀបចំ​​ធ្វើ​ឡើង​ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ដោយ​មាន​ការ​ចូល​រួម​​ពី​​អ្នក​ជំនាញ សកម្ម​ជន​សិទ្ធិមនុស្ស​ អ្នក​កាសែត សកម្ម​ជន​សង្គម​​ និង​យុវជន​ប្រមាណ​ជាង​១០០​នាក់។ រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណី​យ៍ ​និង​ទូរគមនាគមន៍មិន​បាន​អញ្ជើញ​ចូល​រួម​ ឬក៏ចាត់​តាំង​តំណាង​មក​ចូ​ល​រួម​វិទិកានេះ​ តាម​ការអញ្ជើញនោះទេ។ នេះ​បើ​យោង​តាម​អ្នក​រៀបចំកម្មវិធី៕​

ព័ត៌មានថ្មី

អត្ថបទពេញនិយម