សកម្មជនគណបក្សកម្លាំងជាតិ លោក អ៊ុក ពេជ្រសំណាង ត្រូវបានបញ្ជូនទៅឃុំខ្លូនបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសនៅវេលាម៉ោង៨ យប់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦។ លោកត្រូវបានចោទប្រកាន់ពីបទ ញុះញង់ និងប្រមាថ ដែលជាបទល្មើសព្រហ្មទណ្ឌ និងប្រឈមនឹងការជាប់ពន្ធនាគារ។ នេះបើតាមស្នងការនគរបាលរាជធានីភ្នំពេញ។
យោងតាមសេចក្ដីប្រកាសព័ត៌មានពីស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញផែនការការងារសន្តិសុខ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនលោក អ៊ុក ពេជ្រសំណាង អាយុ៦៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន នៅភូមិ១០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែកញ្ញា ក្រោយរកឃើញថាលោកបានប្រើប្រាស់គណនីបណ្តាញសង្គមឈ្មោះ អ៊ុក ពេជ្រសំណាង បង្ហោះខ្លឹមសារក្នុងចេតនាទុច្ចរិត ជេរប្រមាថ មួលបង្កាច់លើថ្នាក់ដឹកនាំ ក្នុងគោលបំណងញុះញង់ឱ្យមានការរើសអើង និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ។
សេចក្ដីប្រកាសព័ត៌មានបន្តថា លោក អ៊ុក ពេជ្រសំណាង បានសារភាពថា លោកពិតជាទទួលស្គាល់កំហុសថា ខ្លួនពិតជាបានប្រើប្រាស់គណនីបណ្ដាញសង្គមខាងលើ ដើម្បីខំមិន និងបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំពិតប្រាកដមែន។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ និង លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មិនទាន់ឆ្លើយតបនៅឡើយគិតត្រឹមព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
សារព័ត៌មានខេមបូចា មិនទាន់អាចសុំការបញ្ជាក់ពីប្រធានពន្ធនាគារព្រៃស លោក នុត សវនា បាននៅឡើយគិតត្រឹមពេលចេញផ្សាយ។
ការចាប់ខ្លួន លោក អ៊ុក ពេជ្រសំណាង កើតឡើងក្រោយលោកវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីបានអមដំណើរលោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ (NPP) ដើម្បីដាក់ញត្តិទៅកាន់ព្រះបរមរាជវាំង នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីសូមព្រះមហាក្រត្រស្តារសិទ្ធិនយោបាយរបស់លោកឡើងវិញ បន្ទាប់ពីតុលាការកំពូលបានសម្រេចតម្កល់សាលដីការសាលាឧទ្ធរណ៍ ដែលកាត់ទោសលោកពីបទញុះញង់ និងហាមឃាត់លោកមិនឲ្យធ្វើសកម្មភាពនយោបាយរយៈពេលប្រាំឆ្នាំ។
អ្នកស្រី ទិត្យ ណារិន ជាភរិយារបស់លោក អ៊ុក ពេជ្យសំណាង ថ្លែងប្រាប់សារព័ត៌មានខេមបូចាថា ស្វាមីរបស់អ្នកស្រីត្រូវបានកម្លាំងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ ក្រោយលោកត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២ ខែកញ្ញា។ នៅល្ងាចថ្ងៃទី៤ ខែកញ្ញា អ្នកស្រីបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានបញ្ជួនស្វាមីអ្នកស្រីទៅឃុំខ្លួននៅពន្ធនាគារព្រៃសជាបណ្ដោះអាសន្ន។
អ្នកស្រីអះអាងថា ការចាប់ខ្លួន និងចោទប្រកាន់ថាស្វាមីអ្នកស្រីបានប្រព្រឹត្តបទល្មើសញុះញង់ និងប្រមាថ តាមបណ្ដាញសង្គមជារឿងអយុត្តិធម៌ ស្របពេលអ្នកស្រីបានប្រាប់ថាស្វាមីអ្នកស្រីមិនបានប្រព្រឹត្តខុសតាមការចោទប្រកាន់ឡើយ។ ជាចុងក្រោយអ្នកស្រីអំពាវនាវឱ្យតុលាការទម្លាក់បទចោទប្រកាន់ និងដោះលែងប្ដីអ្នកស្រីឱ្យមានសេរីភាព ព្រោះអ្នកស្រីជួបការលំបាកផ្នែកជីវភាពយ៉ាងខ្លាំង។
អ្នកស្រីនិយាយថា៖ «គាត់គ្រាន់តែចង់ជួយជាតិទេ។ ចង់និយាយថាគាត់អត់មានធ្វើអ្វីសម្រាប់គាត់ទេ។ ខ្ញុំសូមអំពាវនាវស្ថាប័នដែលពាក់ព័ន្ធស្វែងរកយុត្តិធម៌ និងទាមទារឱ្យគាត់ឆាប់ចេញ។ កុំឱ្យគាត់មានទោស ឱ្យគេទម្លាក់បទចោទ ព្រោះគាត់ចាស់ហើយ»។
អ្នកស្រីបន្តថា៖ «ប៉ះពាល់ខ្លាំង ដោយសារសព្វថ្ងៃគាត់ជាមេគ្រួសារ។ គាត់ត្រូវរកចំណូលសម្រាប់ជីវភាពផង ហើយចិញ្ចឹមចៅៗដែលកំព្រាទៀត។ ពេលខ្ញុំយកបាយទៅឱ្យគាត់ៗប្រាប់ខ្ញុំថាមិនបាច់បារម្ភពីគាត់ទេ ទោសគាត់មិនក្រោម៥ឆ្នាំទេ»។
អ្នកស្រី ទិត្យ ណារិន បានឱ្យដឹងថា អ្នកស្រីបានស្នើសុំមេធាវីការពារក្ដីពីអង្គការអាដហុក និងលីកាដូ ដើម្បីរកយុត្តិធម៌ឱ្យស្វាមីអ្នកស្រីបន្តទៀត។
សូមរំលឹកថា លោក ពេជ្រសំណាង ធ្លាប់ជាប់ពន្ធនាគារយៈពេលពីរឆ្នាំ ក្នុងឆ្នាំ២០១៥ ពីបទហិង្សាដោយចេតនា និងរារាំងអាជ្ញាធរ បន្ទាប់ពីត្រូវបានចាប់ខ្លួនកំឡុងពេលតវ៉ានៅខាងក្រៅផ្ទះរបស់អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន នាពេលនោះ ដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះដីធ្លីក្នុងសហគមន៍មកពីខេត្តព្រះវិហារ។
ពាក់ព័ន្ធនឹងករណីនេះ សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ លោក គង់ ម៉ូនីកា យល់ឃើញថា ការចាប់ខ្លួនសកម្មជននយោបាយតែងតែកើតមានឡើង ជាពិសេសនៅពេលដែលការបោះឆ្នោតខិតជិតមកដល់។ លោកបន្តថា ក្នុងនាមជាអ្នកនយោបាយ លោកតែងតែអំពាវនាវឱ្យរដ្ឋាភិបាលគោរពសិទ្ធសេរីភាពបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «យើងដឹងគ្រប់គ្នាហើយគឺមានភាពរឹតត្បឹតខ្លាំងមែនទែន មិនថាការបញ្ចេញមតិដោយផ្ទាល់ ឬក៏តាមបណ្ដាញសង្គមនោះទេ។ រដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ដើម្បីពិនិត្យមើលថាតើអ្នកណាអាចនិយាយ ការសម្ដែងមតិណាមួយដែលប៉ះពាល់ដល់រដ្ឋាភិបាល ដល់គណបក្សកាន់អំណាចជាដើម»។
លោកបន្តថា៖ «យើងតែងតែទាមទារថាសូមឱ្យរដ្ឋាភិបាលបើកលំហលទ្ធិប្រជាប្រជាធិបតេយ្យ គោរពនូវសេរីភាពក្នុងការបញ្ចេញមតិនេះឱ្យបានទូលំទូលាយឡើងវិញព្រោះថាមតិផ្ទុយពីប្រជាពលរដ្ឋ មតិផ្ទុយតិះទៀនពីសំណាក់ប្រជាពលរដ្ឋ ឬអ្នកនយោបាយ ឬក៏សកម្មជននានាគឺកញ្ចក់ឆ្លុះបញ្ចាំងក្នុងប្រទេសកាន់របបលទ្ធិប្រជាធិបតេយ្យ»។
ចំណែកឯ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត លើកឡើងថា លោក អ៊ុក ពេជ្យសំណាង ជាសកម្មជនដែលតែងតែឈឺឆ្អាលរឿងបញ្ហាដីធ្លី និងបញ្ហាសង្គមផ្សេងៗ ហើយក៏ធ្លាប់រងការចោទប្រកាន់ និងជាប់ពន្ធនាគារផងដែរ។ លោ សំអាត បញ្ជាក់ថា អង្គការ លីកាដូ នឹងពិចារណាផ្ដល់មេធាវីការពារក្ដី ប្រសិនបើតុលាការចោទប្រកាន់ និងមានសំណុំរឿងនៅក្នុងតុលាការ។
លោកលើកឡើងថា៖ «មេធាវីយើងនឹងផ្ដល់តាមក្រោយ ព្រោះយើងអត់ទាន់បានជួបគាត់។ មេធាវីគេត្រូវដឹងសំណុំរឿងហ្នឹង គេអាចដាក់ពាក្យទៅតុលាការដើម្បីសូមការពារសិទ្ធិឱ្យគាត់»។
អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) លោក យិន ម៉េងលី លើកឡើងថា ការផ្ដល់បទសម្ភាសន៍ក្រោយចូលរួមដាក់ញត្តិជាមួយទីប្រឹក្សាគណបក្សកម្លាំងជាតិ (NPP)លោក រ៉ុង ឈុន គ្រាន់តែជាការបញ្ចេញមតិក្នុងសង្គមប្រជាធិបតេយ្យប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើការលើកឡើងណាមួយរបស់លោក ពេជ្រសំណាង មានការខុសឆ្គង ឬប៉ះពាល់អ្វីនោះ លោក ម៉េងលី សំណូមពរឱ្យអាជ្ញាធរប្រើវិធានការអប់រំ។
លោកបន្តថា៖ «ប្រសិនបើគាត់បានប្រើប្រាស់នូវពាក្យសម្ដីណាមួយដែលវាប៉ះពាល់ អាជ្ញាធរគប្បីធ្វើការជ្រើសរើសនូវវិធានការផ្សេងៗ។ បើសិនជាអាជ្ញាធរថាចាំបាច់ណាស់នៅក្នុងការចាត់វិធានការតើអាចជ្រើសរើសនៅក្នុងការប្រើវិធានការផ្សេងទេ។ វិធានការផ្សេងចង់និយាយថាអាចជាការអប់រំឬកិច្ចសន្យាបានទេ»៕










