គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធដោះលែងសមាជិកខ្លួនឱ្យមានសេរីភាពវិញ ខណៈសមត្ថកិច្ចបានចាប់ខ្លួនសកម្មជនបក្សទំទាស់ ៣រូប ក្នុងខែតុលា ឆ្នាំ២០២៦នេះ។
លោក សុខ គឹមសេង អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សកម្លាំងជាតិប្រាប់សារព័ត៌មានខេមបូចា នៅថ្ងៃទី២៣ ខែតុលានេះថា សមត្ថកិច្ចបានចាប់ខ្លួនលោក រឿន ខឿន ដែលជាសមាជិកសកម្មរបស់បក្ស កាលពីល្ងាចថ្ងៃទី២១ ខែតុលា និងបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) រាជធានីភ្នំពេញ។
លោកបន្ថែមថា គណបក្សមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការឃាត់ខ្លួននេះទេ ប៉ុន្តែតាមការរាយការណ៍ពីអ្នកជិតស្និទនឹងលោក រឿន ខឿន ឱ្យដឹងថា លោកជាមនុស្សដែលចូលចិត្តចែករំលែកព័ត៌មាន និងបញ្ចេញមតិនៅលើបណ្តាញសង្គម។
លោក សុខ គឹមសេង លើកឡើងថា៖ «មានការបារម្ភខ្លាំងដោយសារតែការចាប់ខ្លួនសកម្មជនក៏ដូចជាថ្នាក់ដឹកនាំគណបក្សកម្លាំងជាតិនៅក្នុងហេតុផលការបញ្ចេញមតិជាបន្តបន្ទាប់នេះ គឺបង្កភាពភ័យខ្លាចដល់អ្នកគាំទ្រក៏ដូចជាសមាជិកដទៃទៀតដែលធ្វើឱ្យគាត់មិនអាចបំពេញតួនាទីភារកិច្ចរបស់គាត់ហើយក៏ជាការប៉ះពាល់ដល់សិទ្ធិសេរីភាពនៅក្នុងការធ្វើសកម្មភាពនយោបាយ»។
អនុប្រធានគណបក្សកម្លាំងជាតិរូបនេះអំពាវនាវថា៖ «សុំឱ្យមានការដោះលែងទាំងថ្នាក់ដឹកនាំក៏ដូចជាសកម្មជនអ្នកនយោបាយទាំងអស់ព្រមទាំងសកម្មជនសិទ្ធិមនុស្សសកម្មជនបរិស្ថានសកម្មជនសិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួនដោយហេតុផលការបញ្ចេញមតិការបញ្ចេញសិទ្ធិសេរីភាព […]សុំឱ្យមានការគោរពសិទ្ធិមនុស្សដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ […] មានសិទ្ធិសេរីភាពមានករណីយកិច្ចដូចគ្នាដោយឥតប្រកាន់និន្នាការគណបក្សនយោបាយ»។
ដោយឡែក តាមរយៈអត្ថបទរបស់សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ(LICADHO) ផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះថា មានករណីចាប់ខ្លួនសកម្មជនបក្សទំទាស់២នាក់ នៅខែតុលា ឆ្នាំ២០២៦នេះ គឺម្នាក់ពីគណបក្សឆន្ទៈខ្មែរ និងម្នាក់ទៀតពីគណបក្សកម្លាំងជាតិ។
ប្រភពដដែលឱ្យដឹងថា សកម្មជនទាំង២រូបរួមមាន លោក ឡាត់ គឿយ ជាលេខាធិការគណៈកម្មាធិការប្រតិបត្តិនៃគណបក្សឆន្ទៈខ្មែរ ដែលបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាស្រុកអង្គរបូរី ត្រូវបានចាប់ខ្លួននៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នៅខេត្តតាកែវ។ ម្នាក់ទៀតគឺលោក ប៉ាវ ប៉ោហេង អាយុ៥៦ឆ្នាំ ជាសមាជិកគណបក្សកម្លាំងជាតិ និងជាអ្នករត់តុកតុក ដែលនឹងត្រូវឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០២៧ ត្រូវបានចាប់ខ្លួននៅថ្ងៃ១៣ ខែតុលា ឆ្នាំ២០២៦។
អង្គការការពារសិទ្ធិមនុស្សលីកាដូបញ្ជាក់ថា៖ «សកម្មជនគណបក្សជំទាស់ពីររូប ត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះ ហើយត្រូវបានចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ក្រោយបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករិះគន់ដល់រាជរដ្ឋាភិបាល»។
លីកាដូ ឱ្យដឹងថា បន្ទាប់ពីការចាប់ខ្លួន សកម្មជនទាំង២នាក់ត្រូវបានចោទប្រកាន់បទព្រហ្មទណ្ឌពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ។
អគ្គលេខាធិការគណបក្សភ្លើងទៀន លោក លី សុធារ៉ាយុត្តិ ប្រាប់ថា សមាជិកគណបក្សលោក ព្រមទាំងគណបក្សឆន្ទៈខ្មែរតែងតែរងការយាយីពីសំណាក់អ្នកមានអំណាចមួយចំនួនក្នុងមូលដ្ឋាន ហើយលោកចាត់ទុកការនេះថាផ្ទុយនឹងរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ។
លោក លី សុធារ៉ាយុត្តិ មានប្រសាសន៍ថា៖ «យើងយល់ថាការចាប់ខ្លួនការយាយីការរំខានទៅលើសកម្មជនរបស់យើងមួយចំនួនដែលកំពុងបំពេញភារកិច្ចនយោបាយក្នុងក្របខណ្ឌគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ វាជារឿងអាក្រក់ហើយនិងអយុត្តិធម៌បំផុតដែលមិនអាចទទួលយកបាន»។
ករណីនេះ លោក លី សុធារ៉ាយុត្តិ ស្នើសុំឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញនេះ និងដោះលែងសមាជិកព្រមទាំងថ្នាក់ដឹកនាំគណបក្សទាំងអស់ដែលកំពុងជាប់ឃុំឱ្យមានសេរីភាពវិញ។
ជុំវិញរឿងនេះ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឆ្លើយដោយខ្លីថា៖ «ទាល់តែសួរអាជ្ញាធរដែលចាប់ខ្លនគាត់បានដឹងរឿង»។
លោក យី សុខសាន្ត មន្ត្រីអង្កេតជាន់ខ្ពស់ នៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក(ADHOC) សង្កេតឃើញថា សមាជិកគណបក្សដែលមាននិន្នាការប្រឆាំងនៅបន្តរងការរឹតត្បឹតសិទ្ធិសេរីភាពរួមមានសេរីភាពបញ្ចេញមតិ ឬរិះគន់ដើម្បីស្ថាបនា ខណៈសមាជិកបក្សកាន់អំណាចមានសេរីភាពបញ្ចេញមតិតាមចិត្តដោយគ្មានការចោទប្រកាន់តាមផ្លូវច្បាប់។
លោក យី សុខសាន្ត មានប្រសាសន៍ថា៖ «រដ្ឋាភិបាលគួរតែពិចារណាបើកលំហ(Space)នយោបាយឱ្យគណបក្សដែលមាននិន្នាការប្រឆាំងបានចូលរួមនយោបាយសកម្មជាមួយនឹងឱ្យដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញវាជាការល្អជាង»។
តាមកំណត់ត្រារបស់សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ(LICADHO) អះអាងថា អាជ្ញាធរ និងស្ថាប័នអនុវត្តច្បាប់មួយចំនួនបានចាប់ខ្លួន និងឃុំខ្លួនអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនដីធ្លី សហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន ដោយសារតែភាពសកម្មនិយម ឬការបញ្ចេញមតិរបស់ពួកគេ ដោយចោទប្រកាន់ពួកគេពីបទល្មើសព្រហ្មទណ្ឌ។
កំណត់ត្រារបស់ លីកាដូ ដដែលបង្ហាញថា ត្រឹមខែតុលា ឆ្នាំ២០២៦នេះ មានសកម្មជនសង្គម និងអ្នកនយោបាយចំនួន ៤១នាក់ ត្រូវបានចាប់ ឃាត់ និងឃុំខ្លួន៕










