សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កម្ពុជា ផ្តល់ជម្រើសមួយទៀតដល់ថៃ គឺចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍​រួមគ្នា និង​​បែង​ចែក​ធនធានក្រោមបាតសមុទ្ររួមគ្នា

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃលោក Sihasak Phuangketkeow  ព្រមទាំងគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ បានថតរួមគ្នា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសឹង្ហបុរី។ (ក្រសួងការបរទេសកម្ពុជា)
រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន និងរដ្ឋមន្រ្តីក្រសួងការបរទេសថៃលោក Sihasak Phuangketkeow  ព្រមទាំងគណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ បានថតរួមគ្នា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសឹង្ហបុរី។ (ក្រសួងការបរទេសកម្ពុជា)

រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ថ្លែងថា ក្នុងអំឡុងពេលរងចាំកិច្ចព្រមព្រៀងជាស្ថាពរស្ដីពីព្រំដែនសមុទ្រ កម្ពុជាផ្ដល់ជម្រើសមួយទៀតដល់ថៃ ដោយចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីអភិវឌ្ឍ និងបែងចែកធនធានក្រោមបាតសមុទ្រដោយសមធម៌រវាងរដ្ឋទាំងពីរ​។

គណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOS បានបើកកិច្ចប្រជុំជាលើកដំបូង នៅប្រទេសសឹង្ហបុរី ដែលមានរយៈពេលចំនួន៣ថ្ងៃ គឺចាប់ថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងពិធីថ្លែងបើកកិច្ចប្រជុំនៅថ្ងៃទី១៥ ខែកញ្ញា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន លើកឡើងថា គោលបំណងរបស់កម្ពុជាក្នុងដំណើរការផ្សះផ្សានេះ គឺសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់សន្តិភាព និងវិបុលភាពក្នុងតំបន់។

ដើម្បីសម្រេចបាននូវគោលដៅនេះ លោកលើកឡើងថា កម្ពុជាមានបំណងចុះសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដោយមានការជួយជ្រោមជ្រែងពីគណៈកម្មការផ្សះផ្សា និងស្របតាមច្បាប់អន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ស្របពេលជាមួយគ្នា រដ្ឋមន្រ្តីការបរទេសកម្ពុជារូបនេះ ឱ្យដឹងដែរថា កម្ពុជា ផ្ដល់ជម្រើសមួយផ្សេងទៀតដល់​ថៃ គឺការចុះកិច្ចព្រមព្រៀងសម្រាប់ការអភិវឌ្ឍ និងការបែងចែកធនធានក្រោមបាតសមុទ្រដោយសមធម៌រវាងប្រទេសទាំងពីរ ក្នុងពេលរងចាំកិច្ចព្រមព្រៀងជាស្ថាពរស្ដីពីព្រំដែនសមុទ្រ។

លោកបានថ្លែងថា៖ «ជាជម្រើសផ្សេងទៀត កម្ពុជាត្រៀមខ្លួនចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានដោយសមធម៌រវាងរដ្ឋទាំងពីរ ក្នុងអំឡុងពេលរងចាំកិច្ចព្រមព្រៀងជាស្ថាពរស្ដីពីព្រំដែនសមុទ្រ»។

យ៉ាងណាក៏ដោយ លោក ប្រាក់ សុខុន គូសបញ្ជាក់ដែរថា ក្នុងករណីមិនអាចសម្រេចបាននូវកិច្ចព្រមព្រៀងជាស្ថាពរ ទាំងលើដែនសមុទ្រ និងទាំងលើការអភិវឌ្ឍរួមគ្នា កម្ពុជាស្នើឱ្យគណៈកម្មការ រៀបចំរបាយការណ៍ផ្ដល់អនុសាសន៍ដល់ភាគីទាំងពីរដើម្បីប្រើប្រាស់ជាមូលដ្ឋានសម្រាប់ភាគីទាំងពីរ ក្នុងការចរចាឈានទៅសម្រេចកិច្ចព្រមព្រៀងទាំងនេះនៅពេលក្រោយ ដោយអនុលោមតាមកាតព្វកិច្ចរបស់ភាគីទាំងពីរក្រោមអនុសញ្ញា UNCLOS។

ក្នុងពិធីបើកខាងលើ រដ្ឋមន្រ្តីក្រសួងការបរទេសថៃលោក Sihasak Phuangketkeow  លើកឡើងផងដែរថា ប្រទេសថៃ នៅតែបន្តបើកទ្វារស្វាគមន៍ការសន្ទនាជាមួយកម្ពុជា ប៉ុន្តែបានសង្កត់ធ្ងន់ថា ដំណើការនៅថ្ងៃនេះ អាចប៉ះពាល់ទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា។ យ៉ាងណាលោកថា ថៃគោរពតាមច្បាប់អន្តរជាតិ។

រដ្ឋមន្រ្តីការបរទេសថៃរូបនេះ បន្តអះអាងថា ក្នុងដំណើរការផ្សះផ្សា ក្រោមអនុសញ្ញា UNCLOS នេះ មិនពាក់ព័ន្ធនឹងកោះកុត និងព្រំដែនគោកនោះទេ។

លោកថ្លែងថា៖ «លោកស្រីប្រធាន សមាជិកគណៈកម្មការ តំណាងខាងប្រតិភូកម្ពុជា យើងត្រូវចងចាំថា ដំណើរការថ្ងៃនេះ គឺនឹងអាចមានផលប៉ះពាល់រវាងទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជាផងដែរ។ ដំណើរការផ្សះផ្សារនេះ មិនមែនជាដំណើរការតាមផ្លូវទូត ប៉ុន្តែយ៉ាងណាក៏ដោយថៃគោរពច្បាប់អន្តរជាតិ»។

លោកបន្តទៀតថា ការផ្សះផ្សាយក្រោមអនុសញ្ញាអន្តរជាតិនេះ អាចជួយឱ្យកម្ពុជា-ថៃ រកឃើញមូលដ្ឋានរួមគ្នា ដែលអាចឈានទៅរកការចរចាស្វែងរកដំណោះស្រាយខាងមុខ។

ជុំវិញករណីនេះ អ្នកវិភាគភូមិសាស្រ្តនយោបាយលោក សេង វណ្ណលី យល់ថា ជម្រើសដែលរដ្ឋមន្រ្តីការបរទេសកម្ពុជា លើកឡើងនេះ គឺជាវិធីសាស្ត្រដែលមានភាពជាក់ស្តែង និងអាចជួយបំបែកភាពជាប់គាំងរវាងកម្ពុជា និងថៃបាន។ បានន័យថា មិនចាំបាច់រង់ចាំរហូតដល់កំណត់ព្រំដែនសមុទ្រចប់សព្វគ្រប់ទើបអាចប្រើប្រាស់ធនធាននោះទេ។

លោកបន្តថា៖ «[ក្នុងករណីបែងចែកធនធាន] កិច្ចព្រមព្រៀងណាមួយត្រូវសរសេរឱ្យច្បាស់ថា វាជាវិធានការបណ្ដោះអាសន្ន និងមិនប៉ះពាល់ដល់ជំហរផ្លូវច្បាប់របស់ភាគីទាំងពីរ។ នេះសំខាន់ណាស់ ព្រោះបើកិច្ចព្រមព្រៀងសរសេរមិនច្បាស់ ឬមានការបកស្រាយខុស កម្ពុជា អាចប្រឈមហានិភ័យនយោបាយ និងផ្លូវច្បាប់នៅពេលក្រោយ»។

លោក បន្តថា ពាក្យថា បែងចែកធនធានដោយ «សមធម៌» ក៏មិនមានន័យថា ត្រូវតែ៥០-៥០ ដោយស្វ័យប្រវត្តិដែរ។ ភាគីទាំងពីរត្រូវចរចាអំពីតំបន់អភិវឌ្ឍរួម សមាមាត្រចំណូល ការគ្រប់គ្រង ការវិនិយោគ ពន្ធ ចំណាយ និងយន្តការត្រួតពិនិត្យ។ ហេតុនេះ សម្រាប់កម្ពុជា អ្វីដែលត្រូវប្រុងប្រយ័ត្នបំផុតគឺ កុំឱ្យការអភិវឌ្ឍរួម ប្រែក្លាយទៅជាការចែកធនធានក្នុងលក្ខខណ្ឌដែលថៃមានអំណាចចរចាលើសជាង។

ចំណែកអ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ លោក ញិល រដ្ឋា លើកឡើងថា តាមរយៈការថ្លែងរបស់រដ្ឋមន្រ្តីការបរទេស បង្ហាញថា កម្ពុជាបានបើកចិត្តទូលាយ និងគិតគូរដល់ប្រយោជន៍សេដ្ឋកិច្ចក្នុងតំបន់។

លោកថ្លែងថា៖ «យើងរក្សានូវគោលការណ៍បែងចែកធនធានដោយសមធម៌។ កន្លែងនេះ កម្ពុជាយល់ព្រមក្នុងដំណើរការនៃការទាញប្រយោជន៍សេដ្ឋកិច្ច ដោយអត់ប៉ះពាល់ ឬរំលោភដែនអធិបតេយ្យភាពរបស់ភាគីណាមួយ»។

គណៈកម្មការផ្សះផ្សាវិវាទដែនសមុទ្រកម្ពុជា-ថៃ ក្រោមអនុសញ្ញា UNCLOS មានសមាសភាពអ្នកផ្សះផ្សាឯករាជ្យចំនួន៥រូប ក្នុងនោះ២រូប មកពីកម្ពុជា និង២រូបទៀត មកពីថៃ។ ចំណែកប្រធាននៃគណៈកម្មការ គឺលោកស្រី Katrina Cooper ជនជាតិអូស្រ្តាលី ដែលត្រូវបានតែងតាំងកាលពីខែមុន។

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតផ្លូវការទៅកាន់ប្រទេសថៃ និងអង្គការសហប្រជាជាតិ ដើម្បីឱ្យដំណើរការនូវយន្តការផ្សះផ្សាដោយបង្ខំ ក្នុងការដោះស្រាយវិវាទព្រំដែនសមុទ្រក្រោមច្បាប់សមុទ្រអន្តរជាតិ (UNCLOS) បន្ទាប់ពីភាគីថៃលុបចោលអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ ស្តីពីតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរដោយឯកតោភាគី៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម