ប្រជាសហគមន៍ព្រែកតាគង់ចំនួន ៥៩គ្រួសារ នៅផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤កញ្ញា បានបន្តដាក់ញត្តិនៅក្រសួងរៀបចំដែនដី ដើម្បីស្នើសុំចេញប្លង់កម្មសិទ្ធិដីដល់ពួកគេ ដោយសារបារម្ភអំពីការបណ្ដេញចេញទាំងបង្ខំ ក្រោយសង្កេតឃើញដីនៅជុំវិញផ្ទះរបស់ពួកគេ សុទ្ធសឹងជាដីកម្មសិទ្ធិរបស់ក្រុមហ៊ុន និងឧកញ៉ា។
ប៉ុន្តែយ៉ាងណាក្តី អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ដីដែលពលរដ្ឋទាំង ៥៩គ្រួសារបាននិងកំពុងរស់នៅ គឺស្ថិតនៅលើប្រឡាយទឹក ដែលជាដីសាធារណៈរបស់រដ្ឋ បើទោះបីជាដីនៅជាប់ផ្ទះដែលពលរដ្ឋកំពុងរស់នៅទាំងនោះ ត្រូវបានអាជ្ញាធរចេញប្លង់កម្មសិទ្ធិឱ្យឯកជនកាន់កាប់អស់ទៅហើយក្តី។
ប្រជាពលរដ្ឋប្រមាណ ២០នាក់ តំណាងឱ្យ ៥៩គ្រួសារ ដែលមាន ៥៥ខ្នងផ្ទះ មកពីភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានប្រមូលផ្ដុំគ្នានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅព្រឹកថ្ងៃទី ១៤កញ្ញា ដើម្បីដាក់ញត្តិស្នើសុំក្រសួងអន្តរាគមន៍ផ្ដល់ប្លង់កម្មសិទ្ធិកាន់កាប់ដីផ្ទះស្របច្បាប់ដល់ពួកគាត់ ដោយអះអាងថា ពួកគាត់មួយចំនួនបានរស់នៅលើទីតាំងដីនោះជាង ៤០ឆ្នាំមកហើយ។
តំណាងប្រជាពលរដ្ឋអ្នកស្រី ឡាយ ស្រីម៉េត មានប្រសាសន៍ថា ប្រជាពលរដ្ឋសម្រេចឡើងទៅសុំអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ដោយសារអាជ្ញាធរមូលដ្ឋាន មិនព្រមចេញប្លង់កម្មសិទ្ធិដល់ពួកគាត់ដែលបានស្នើសុំជាច្រើនលើកច្រើនសារមកហើយ ស្របពេលដែលអ្នកភូមិបានរស់នៅលើដីនេះ តាំងពីអំឡុងឆ្នាំ១៩៨០ និង១៩៩០ មកម្ល៉េះ។
បើតាមស្ត្រីរូបនេះ ប្រជាពលរដ្ឋមានឯកសារជាច្រើន រួមមានសៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណ ជាដើម ប៉ុន្តែអាជ្ញាធរនៅតែមិនអើពើ ចំពោះការស្នើសុំប្លង់ដីឡើយ។ ការណ៍នេះ អ្នកស្រី ថា បានធ្វើឱ្យប្រជាសហគមន៍របស់អ្នកស្រី រស់នៅទាំងក្ដីព្រួយបារម្ភថា មិនដឹងត្រូវគេបណ្ដេញចេញទាំងបង្ខំនៅថ្ងៃណាមួយនោះទេ។
អ្នកស្រី ឡាយ ស្រីម៉េត បានឱ្យដឹងថា កន្លងមកអាជ្ញាធរខណ្ឌមានជ័យក៏ធ្លាប់ហៅពលរដ្ឋទៅដោះដូរដីនៅក្រោយវត្តសន្សំកុសលផងដែរ ប៉ុន្តែសហគមន៍មិនយល់ព្រមឡើយ ដោយសារដីនោះមានទទឹងត្រឹម៤ម៉ែត្រ និងបណ្ដោយ៨ម៉ែត្រ។
អ្នកស្រីនិយាយថា៖ «ខ្ញុំស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធផ្ដល់បណ្ណកម្មសិទ្ធិឱ្យពួកយើងទាំង ៥៥ខ្នងផ្ទះ និង៥៩គ្រួសារផង ព្រោះកូនចៅនៅទីនេះយូរហើយ តាំងពីទសវត្សរ៍៨០ជាងមក»។
ចំណែកពលរដ្ឋមួយរូបទៀត ដែលឡើងមកដាក់ញត្តិផងដែរ អ្នកស្រី គ្រុយ ផល អាយុ ៥៨ឆ្នាំ ឱ្យដឹងថា អ្នកស្រីបានរស់នៅភូមិព្រែកតាគង់ តាំងពីដើមឆ្នាំ ២០០០មក ដោយទិញដីពីពលរដ្ឋដូចគ្នា តម្លៃប្រមាណ ១ពាន់ដុល្លារ។ ដីផ្ទះអ្នកស្រីមានទទឹង៤ម៉ែត្រ និងបណ្ដោយជាង១០ម៉ែត្រ តែមិនមានប្លង់កម្មសិទ្ធិអ្វីនោះទេ ដោយគ្រាន់តែមានការដឹងឮពីពលរដ្ឋដូចគ្នាប៉ុណ្ណោះ។
អ្នកស្រីបន្តថា រាល់លើក ការស្នើសុំប្លង់កម្មសិទ្ធិ ត្រូវបានអាជ្ញាធរច្រានចោល ដោយចោទថា ដីដែលអ្នកស្រីនិងពលរដ្ឋផ្សេងទៀតរស់នៅជាតំបន់ដែលមានសំណង់មិនរៀបរយ។
អ្នកស្រី ផល បន្តទៀតថា ផ្ទះរបស់ពលរដ្ឋនៅក្នុងភូមិ ជាប្រភេទផ្ទះឈើប្រក់ដំបូលស័ង្កសីព្រោះអាជ្ញាធរមិនអនុញ្ញាតឱ្យសាងសង់ផ្ទះថ្ម ដោយលើកឡើងថា ប្រសិនបើសង់ផ្ទះថ្មនោះ បើមានការដោះដូរទីកន្លែងណាមួយ ការផ្ដល់សំណងគឺដូចផ្ទះឈើដដែល។
អ្នកស្រី លើកឡើងថា សម្រាប់អ្នកស្រីមិនចង់ចេញទៅរស់នៅកន្លែងផ្សេងនោះទេ ព្រោះការរស់នៅទីតាំងបច្ចុប្បន្ន គឺជិតសាលារៀន និងកន្លែងការងាររបស់កូន រួមទាំងមន្ទីរពេទ្យ។
អ្នកស្រី និយាយថា៖ «ខ្ញុំស្នើសុំក្រសួងដែនដី ឱ្យពួកខ្ញុំធ្វើប្លង់ឱ្យបានផង ព្រោះអីខ្ញុំនៅយូរឆ្នាំដែរហើយខ្ញុំក្រ ហើយមានដីតែម្ដុំហ្នឹងដូចជីវិតរបស់ខ្ញុំអ៊ីចឹង បើសិនជាគេយកទៅ ដូចអស់ជីវិតអ៊ីចឹងដែរ»។

រីឯអ្នកភូមិមួយរូបទៀតលោក សៅ ពឹង វ័យ ៦៣ឆ្នាំ និយាយថា គ្រួសាររបស់លោកបានរស់នៅភូមិព្រែកតាគង់នេះ តាំងពីឆ្នាំ១៩៩៣ ហើយលោកកំពុងមានក្ដីកង្វល់ចំពោះការមិនទាន់មានប្លង់កម្មសិទ្ធិ ស្របពេលដែលទីតាំងនៅជុំវិញសុទ្ធសឹងជាដីរបស់ក្រុមហ៊ុន និងឧកញ៉ា។
លោកបន្តថា ដីរបស់លោកមានទំហំ ៤ម៉ែត្រ និងបណ្ដោយ១៨ម៉ែត្រ ខណៈការស្នើសុំប្លង់កម្មសិទិ្ធបែបនេះ លោកបានស្នើតាំងពីជំនាន់លោក ប៉ា សុជាតិវង្ស កាន់តំណែងជាអភិបាលក្រុងភ្នំពេញមកម៉េ្លះ។
លោកបន្តែមថា៖ «កង្វល់រឿងការរស់នៅរបស់ខ្ញុំ វាអត់មានកម្មសិទ្ធិដីធ្លី រស់នៅតាំងពី១៩៩៣។ ស្នើសុំចៅសង្កាត់ប៉ុន្មានដងហើយ ដីហ្នឹងគាត់ថា សំណង់មិនរៀបរយ ហើយជិតខាងដីឧកញ៉ា និងខុនដូអីអស់ហើយ»។
មន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ឃឹម លីណា បានចេញមកទទួលយកញត្តិរបស់ប្រជាសហគមន៍ទាំងនេះ និងបានប្រាប់យ៉ាងខ្លីឱ្យពលរដ្ឋ មកតាមដានញត្តិនៅ២សប្ដាហ៍បន្ទាប់។
សារព័ត៌មានខេមបូចា មិនអាចទាក់ទងលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី១៤ ខែកញ្ញានេះ។
ប៉ុន្តែយ៉ាងនាក្តី អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង មានប្រសាសន៍ថា ប្រជាសហគមន៍ទាំងនោះ បានរស់នៅលើប្រឡាយទឹក ដែលជាដីសាធារណៈរបស់រដ្ឋ ដូច្នេះអាជ្ញាធរមិនអាចចេញប្លង់កម្មសិទ្ធិឱ្យពួកគាត់បានឡើយ។
លោកថ្លែងថា៖ «គាត់នៅលើប្រឡាយ កាត់ [ប្លង់] អត់បានទេលើប្រឡាយ។ លើប្រឡាយទឹកលិចអ៊ីចឹង។ (បុរី ខុនដូនៅជុំវិញមានប្លង់?) ដីរបស់គេស្របច្បាប់ មិនមែនសាធារណៈរបស់រដ្ឋ។ ដីរបស់គាត់ នៅកន្លែងសាធារណៈរបស់រដ្ឋ នៅលើប្រឡាយទឹក»។
យ៉ាងណាក្តី នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោតលោក សឿង សារ៉ន មានប្រសាសន៍ថា អាជ្ញាធរគួរគិតគូររកដំណោះស្រាយជូនពលរដ្ឋដែលបានតាំងទីលំនៅអស់រយៈពេលរាប់សិបឆ្នាំ ខណៈដីនៅជុំវិញទីកន្លែងរបស់ពួកគេ ត្រូវបានផ្ទេរប្លង់កម្មសិទ្ធិឱ្យឯកជនអស់ទៅហើយ។
លោកលើកឡើងថា៖ «ការមិនមានប្លង់កម្មសិទ្ធិជារឿងមួយពិបាកសម្រាប់ប្រជាពលរដ្ឋ ព្រោះពួកគាត់រស់នៅអាចមិនមានភាពច្បាស់លាស់សម្រាប់អនាគតរបស់ពួកគាត់»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ សមាគមការពារសិទ្ធិមនុស្សអាដហុកបានចេញផ្សាយរបាយការណ៍ដោយរកឃើញថា ក្នុងឆ្នាំ២០២៥ មានពលរដ្ឋជាង ៥ពាន់គ្រួសារបន្ថែមទៀត រងការរំលោភបំពានដីធ្លី ដែលភាគច្រើនបង្កឡើងដោយបុគ្គលមានប្រាក់ និងមានអំណាច បណ្ដាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេសការកើនឡើងនូវភាពក្រីក្រ និងបំណុលរបស់ប្រជាពលរដ្ឋ។
របាយការណ៍ដដែលបន្តថា នៅឆ្នាំ២០២៥ មានវិវាទដីធ្លីចំនួន៤៥ករណី បានកើនឡើងបន្ថែមទៀត ខណៈករណីជាច្រើននៅឆ្នាំមុនៗ នៅមិនទាន់មានដំណោះស្រាយសមរម្យនៅឡើយ។
វិវាទដីធ្លី ៤៥ករណីថ្មីនេះ បានប៉ះពាល់ដល់ពលរដ្ឋ ៥ ៥២០ គ្រួសារ ដែលស្ទើរតែពាក់កណ្ដាលជាជនជាតិដើមភាគតិច និងគ្របដណ្ដប់លើផ្ទៃដីជាង១០ម៉ឺនហិកតា ក្នុងខេត្តចំនួន៩។
យោងតាមខ្លឹមសារក្នុងរបាយការណ៍របស់សមាគមអាដហុក ការអនុវត្តច្បាប់ដីធ្លីនៅកម្ពុជា បង្ហាញពីគម្លាតយ៉ាងច្បាស់ រវាងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ពាក់ព័ន្ធនឹងកង្វះតម្លាភាព អំពើពុករលួយ ដោយមានការសហការរវាងអាជ្ញាធរនិងអ្នកមានប្រាក់ ដែលនាំឱ្យលំបាកក្នុងការការពារសិទ្ធិដីធ្លីរបស់ពលរដ្ឋ និងការអនុវត្តច្បាប់ភូមិបាល រួមទាំងវិធានច្បាប់ពាក់ព័ន្ធមិនមានប្រសិទ្ធភាព៕










