សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ប្រជាពល​រដ្ឋ​នាំគ្នាសម្រុក​ជិះឡាន​ក្រុងរដ្ឋ​អត់គិត​ថ្លៃ​ ទៅ​លេងស្រុក​ ដើម្បី​កាត់​បន្ថយ​ការចំណាយ ស្របពេល​សេដ្ឋកិច្ច​ធ្លាក់ចុះ

ប្រជាពលរដ្ឋ និងកម្មករកម្មការិនីរោងចក្រ ដែលបានទៅទទួលសេវារថយន្តក្រុងរដ្ឋបាល​រាជធានីភ្នំពេញជិះដោយមិនបង់ប្រាក់ នៅចំណតក្បែររង្វង់មូលកួចកាណុង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ ស៊ា បញ្ញា)
ប្រជាពលរដ្ឋ និងកម្មករកម្មការិនីរោងចក្រ ដែលបានទៅទទួលសេវារថយន្តក្រុងរដ្ឋបាល​រាជធានីភ្នំពេញជិះដោយមិនបង់ប្រាក់ នៅចំណតក្បែររង្វង់មូលកួចកាណុង កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦។ (ខេមបូចា/ ស៊ា បញ្ញា)

ទោះបីមាន​ភ្លៀងរលឹម ធ្វើឱ្យពិបាក​ក្នុងការ​ធ្វើ​ដំណើរ​ចាកចេញពី​លំនៅ​ឋាន ទៅ​កាន់​ចំណត​រថយន្តក្រុងដោយមិនបង់ប្រាក់ ប៉ុន្តែ​ប្រជាពលរដ្ឋ ជាពិសេស​កម្មករការិនី​រោងចក្រ​រាប់រយនាក់ បាន​នាំ​គ្នា​​ទៅ​អង្គុយ​រង់ចាំនៅចំណត​រថយន្ត ​តាំងពីព្រឹកព្រលឹម ដើម្បី​អាចជិះឡាន​ក្រុង​បានមុន​គេ ចេញពីភ្នំពេញទៅកាន់​ស្រុកកំណើត​រៀងៗ​ខ្លួន ដើម្បី​ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ​២០២៦នេះ។

ចំពោះការនាំគ្នាសម្រុកមក​ជិះ​រថយន្ត​ក្រុង​របស់​រដ្ឋ​ដោយ​មិនគិត​ថ្លៃ ជំនួស​ឡាន​ឈ្មួល​នេះ គឺ​ពួកគាត់​បានលើក​ឡើង​ស្រដៀង​គ្នា​ថា ដើម្បីកាត់​បន្ថយ​ការចំណាយ ព្រោះ​​ការជិះឡានឈ្នួល ត្រូវ​ចំណាយ​ចន្លោះពី​៥ ទៅជាង​១០ម៉ឺន​រៀល ទៅតាម​ខេត្តជិត​ឬឆ្ងាយ ហើយត្រូវជិះប្រជ្រៀត​គ្នា មិន​សូវមានផាសុខភាព​ដូចការ​ជិះ​ឡាន​ក្រុង​នោះ​ទេ ដែលមានទាំង​ការ​ចែក​ភេសជ្ជៈ​​ឱ្យផឹក​​ទៀត។

​កាន់​បង្វេច​ឈរចាំ​ឡាន​ក្រុងរដ្ឋ នៅរង្វង់មូល​កួចកាណុង កាលពីព្រឹក​ថ្ងៃទី១០ ខែតុលា កម្មការិនី​រោង​ចក្រ ខាត់ រ៉ន  និងមិត្ត​ភក្តិ បាន​ឡើង​ឡាន​ក្រុងចំនួន​២​លើក តែ​ក៏បានចុះមក​វិញ ព្រោះ​មានអ្នក​ជិះ​ពេញ​គ្រប់កៅអី ដែល​មិន​តម្រូវ​ឱ្យ​ជិះលើស​នោះ​ទេ។ តែទោះ​យ៉ាងណា ខាត់ រ៉ន ដែល​ធ្លាប់ជិះ​ឡាន​ក្រុង​​រដ្ឋម្តង​ហើយនោះ បានដឹង​ច្បាស់​ទៅ​ហើយចំពោះស្ថាន​ភាព​បែបនេះ​ គឺ​​ត្រូវតែចំណាយពេលដើម្បី​រង់ចាំ ព្រោះមានអ្នក​មកជិះ​ច្រើន តែការជិះឡាន​ក្រុង​រដ្ឋ វាស្រួល​ខ្លួន និងចំណេញ។

ស្រ្តី​ដែលមានស្រុកកំណើតនៅ​ខេត្តមណ្ឌលគិរី​រូបនេះ បាន​និយាយ​លាយ​នឹងស្នាមញញឹម​​ថា៖ «ការជិះឡាន​ក្រុង​ស្រួល អត់ចង្អៀត​ដូច​ជិះឡានឈ្នួល​នោះ​ទេ និង​មាន​ផ្តល់​ទឹក និង​ទឹក​ក្រូច​ឱ្យញ៉ាំ​ទៀត ហើយ​តៃកុង​ឡាន បានដឹក​យើង​ទៅ​ដល់​ផ្លូវ​ចូល​ផ្ទះ​តែម្តង អត់​ពិបាក​ទេ។ ​អ្វី​ដែល​សំខាន់​គឺ​ជួយ​កាត់បន្ថយ​ចំណាយ​បាន​ច្រើន ព្រោះ​ពីមុន​ខ្ញុំ​ជិះឡានឈ្នួល​​ទាំង​ទៅ និង​ត្រឡប់​មក​វិញ អស់​១២ម៉ឺនរៀល»។

យ៉ាងណាក៏​ដោយ ខាត់ រ៉ន បានឱ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​ទៅលេង​ស្រុក ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​​លើក​នេះ មិន​សូវ​មាន​លុយ​ទេ ព្រោះ​ខាង​រោងចក្រ​ទើបបើក​ប្រាក់​ឈ្នួលឱ្យ​កន្លះ​ខែ ព្រោះមិនទាន់​ដាច់​ខែ ប៉ុន្តែ​កញ្ញា​សប្បាយ​ចិត្ត ដែល​រដ្ឋ​បានជួយសម្រួល​លើការ​ធ្វើដំណើរ​ដោយឡាន​ក្រុង​មិនគិត​ថ្លៃ ដោយបានជួយសម្រួល​ច្រើន​ដល់បងប្អូនកម្មករកម្មការិនី​រោងចក្រ នៅពេល​ធ្វើ​ដំណើរ​ទៅ​លេង​ស្រុក​ខែបុណ្យ​ទានបែបនេះ។

កម្មការិនី​រោង​ចក្រ​វ័យ​ក្មេង​ ខាត់ រ៉ន បានបញ្ជាក់​ថា៖​ «​លុយទើប​បើក​បានជាង​១០០​ដុល្លារ​ហ្នឹង អ៊ីចឹងមិន​អាច​គ្រប់​គ្រាន់លើការចំណាយទេ ព្រោះទៅលេង​​ស្រុក​​ខែបុណ្យ​ទានបែបនេះ ត្រូវចំណាយ​ច្រើន។ តែទោះយ៉ាងណា ក៏ខ្ញុំបាន​ទៅលេងស្រុកជួបជុំពុកម៉ែបងប្អូន និងបានទៅធ្វើបុណ្យ​នៅ​វត្ត ហើយខ្ញុំសប្បាយ​ចិត្ត ដែលរដ្ឋ​បានផ្តល់​ឡាន​ក្រុងឱ្យ​​ជិះ​ដោយ​​មិនអស់​លុយ ហើយខ្ញុំ​ចង់​ឱ្យមានការ​ផ្តល់​បែបនេះជា​រៀង​រាល់​ឆ្នាំ»។

មិនមែន​ត្រឹម​តែកម្មករការិនី​រោងចក្រ​នោះ​ទេ ដែល​បានសម្រុកនាំគ្នាមក​ជិះ​រថយន្ត​ក្រុងមិនអស់​ប្រាក់ ប៉ុន្តែ​អាជីករ​លក់​ដូរ អ្នកស្រី សឿ ផល្លា ក៏បាននាំ​កូនៗមកជិះ​ឡាន​ក្រុង​រដ្ឋ ដោយមិនបង់ប្រាក់​ផងដែរ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ស្រុកកំណើត នៅខេត្ត​ក្រចេះ ហើយ​អ្នកស្រី​​អះអាង​ថា ឆ្នាំនេះ​អ្នកមក​ជិះ​ឡាន​ក្រុង​កាន់​តែ​ច្រើន ព្រោះ​វាងាយស្រួល និងជួយកាត់​បន្ថយការចំណាយបានច្រើន​ទៀត។

 អ្នកស្រី សឿ ផល្លា បាននិយាយទាំងញញឹម​ថា៖ «នៅរាល់​ពិធីបុណ្យ​ចូល​ឆ្នាំ និង​ភ្ជុំបិណ្ឌបែប​នេះ ខ្ញុំ​តែង​នាំកូនៗមកជិះ​ឡាន​ក្រុង ឱ្យ​តែសម្តេចមិនយក​ប្រាក់ ព្រោះវាទូលាយ​ស្រួល​ជិះ និងស្រួល​ដាក់​អីវ៉ាន់ ជាពិសេស​ជិះ​ឡាន​ក្រុង​ចំណេញ​លុយបានច្រើន។ ដូចខ្ញុំ​៤នាក់​ម៉ែកូន ពេល​ជិះ​ឡាន​ឈ្នួល​ទាំងទៅនិងមក​វិញ​អស់​ជិត​៣០ម៉ឺន​រៀលឯណោះ អ៊ីចឹង​ពេល​បាន​ជិះឡាន​ក្រុងរដ្ឋ យើង​សល់​លុយ​នោះ សម្រាប់​យក​ទៅចំណាយ​លើអ្វី​ផ្សេង ឬយក​ទៅ​ធ្វើបុណ្យបាន គឺវាល្អណាស់»។

ចំណែកនិស្សិត​ជិតបញ្ចប់ឆ្នាំ​ទី​២ ក្រិក លួន ក៏បានមកសាក​ល្បង​ជិះរថយន្ត​ក្រុង​របស់​រដ្ឋ​ជា​លើកដំបូង​ផងដែរ ខណៈ​​២​ឆ្នាំ​កន្លងមក​នេះ​រូបគេ បានជិះ​ឡាន​ក្រុងឯកជន ដោយ​ត្រូវចំណាយ​ប្រមាណ​១៥​ដុល្លារ សម្រាប់​ការ​ធ្វើដំណើរពី​ភ្នំពេញ​ទៅកាន់​ស្រុកកំណើត​នៅ​ខេត្តមណ្ឌលគិរី ហើយ លួន បានមើល​ឃើញ​ថា ការជិះ​រថយន្ត​ក្រុង​មិនយកប្រាក់ ពិតជាជួយ​សម្រួលបានច្រើន​ទៅ​ដល់​និស្សិត​មកពីខេត្ត​ឆ្ងាយៗ។

និស្សិត​វ័យ​២២​ឆ្នាំ​រូបនេះ បានបន្ថែមថា៖ «នេះជា​លើកទី​១ ដែល​ខ្ញុំបានមក​ជិះរថយន្ត​ក្រុង​​របស់​​រដ្ឋមិនអស់​ប្រាក់នេះ ព្រោះវាទូលាយ​ស្រួល​ជិះ ហើយ​ឆ្នាំនេះ​ខ្ញុំក៏​​រាងមានការខ្វះ​ខាត​ដែរ​។ ខ្ញុំ​ត្រូវចំណាយ​ច្រើន​ទៅលើការ​សិក្សា និងការស្នាក់នៅហូបចុក ហេតុនេះ​ខ្ញុំ​យល់​ថា ការ​រៀបចំ​ឱ្យ​មាន​រថយន្តក្រុង​របស់​រដ្ឋមិន​តម្រូវ​ឱ្យបង់ប្រាក់នេះ គឺវា​ល្អប្រសើរ​ណាស់ ដោយសារ​បាន​ជួយ​ដោះស្រាយជីវភាពដល់​និស្សិត​របស់​យើងមកពី​ខេត្តឆ្ងាយៗ»។

យ៉ាងណាក៏ដោយ ជាមួយ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ជិះ​រថយន្តក្រុង​របស់​រដ្ឋ​ដោយ​​មិនបង់​ប្រាក់នេះ បែរ​ជា​ធ្វើ​ឱ្យ​អ្នក​រត់​តាក់ស៊ីមួយចំនួន មានការពិបាកក្នុងការ​រកម៉ូយ​ទៅ​វិញ។ លោក ស៊ឹម ប៊ុនលាង ដែល​បានចត​រថយន្តឈ្នួល​របស់​ខ្លួន ឈរចាំចាប់ម៉ូយ​នៅក្បែរគល់ស្ពាន​ជ្រោយចង្វារ កាលពីព្រឹក​ថ្ងៃទី១០ ខែតុលានេះ បានត្អូញត្អែរ​ថា មុខរបរ​រត់តាក់ស៊ី ពេលនេះមានការពិបាក​ក្នុងការរក​ភ្ញៀវ​ដឹកជាងមុខ ដោយសារ​មាន​អ្នក​ទៅជិះ​ឡានក្រុង​រដ្ឋ​ច្រើន។

លោក ស៊ឹម ប៊ុនលាង ដែល​រត់តាក់ស៊ី ក្នុងទិសដៅពីភ្នំពេញ​ទៅកាន់​ខេត្តកំពង់ចាម បានប្រាប់​ថា៖​ «​ពីមុន ពេល​ខែបុណ្យភ្ជុំ​បែបនេះ មិនខ្វះភ្ញៀវ​ដឹក​នោះ​ទេ ជាពិសេស​កម្មករកម្មការិនី​រោងចក្រ គឺពួកគាត់​​​បានទាក់​ទងមក​កក់​កៅអីទុកមុនពេញៗ​តែម្តង ប៉ុន្តែ​ចាប់តាំងពីមាន​ឡានក្រុងរដ្ឋ​ជិះ​ដោយ​មិន​បង់ប្រាក់ ពួកគាត់​បាន​ងាក​ទៅជិះ​ខាងនោះ​វិញ ព្រោះសល់​លុយ ហើយ​អ្នក​ខ្លះ​ក៏​ធ្វើដំណើរ​ដោយ​ម៉ូតូ ឬឡាន​ខ្លួនឯង»។

លោក ស៊ឹម ប៊ុនលាង (អាវដៃវែង) និងប្រូឡានរបស់គាត់ ពេលឈរចាំចាប់ម៉ូយនៅក្បែរគល់ស្ពានជ្រោយចង្វារ កាលពីព្រឹកថ្ងៃទី១០ ខែតុលានេះ ដោយបានត្អូញត្អែរថា មុខរបររត់តាក់ស៊ី ពេលនេះមានការពិបាកក្នុងការរកភ្ញៀវដឹកជាងមុន ដោយសារមានអ្នកទៅជិះឡានក្រុងរដ្ឋច្រើន។ (ខេមបូចា/ស៊ា បញ្ញា)

​ស្ថាន​ភាពជាក់ស្តែង សម្រាប់​ការបើក​ឱ្យដំណើរការ​សេវា​រថយន្តសាធារណៈរាជធានីភ្នំពេញ ដោយមិន​បង់ប្រាក់​រយៈពេល​២ថ្ងៃដំបូង កាលពី​ព្រឹកថ្ងៃទី៩ និងទី​១០ ខែតុលា​នេះ គឺ​មានប្រជាពល​រដ្ឋ កម្មករកម្មការិនី​​នាំគ្នាសម្រុក​ទៅ​ជិះ​ច្រើនជាង​ឆ្នាំណាៗទាំងអស់ ព្រោះ​វាជាជម្រើសដ៏​ល្អមួយ ដើម្បី​កាត់បន្ថយ​ការ​ចំណាយ ស្របពេលសេដ្ឋកិច្ច​​ធ្លាក់ចុះ ​តម្លៃ​ប្រេងឥន្ទនៈ​ឡើង​ថ្លៃ ហើយ​ការចំណាយ​ផ្សេងៗ​ទៀត ក៏កើន​ឡើង​ ស្ទើរ​លើសប្រាក់ចំណូលប្រចាំ​ខែដែល​រកបាន​នោះ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែល​បាន​ជូនដំណើរបងប្អូនប្រជាពលរដ្ឋ កម្មករកម្មការិនីឡើងជិះរថយន្តក្រុងដោយមិនបង់ប្រាក់ នៅទីលានប្រជាធិបតេយ្យ មុខឃ្លាំងសាំង ក្នុងខណ្ឌឬស្សីកែវ ទាំង​ភ្លៀង​រលឹម​ទទឹក​​ខ្លួនជោគ កាលពី​ព្រឹក​ថ្ងៃទី៩ ខែតុលា បាន​ឱ្យ​ដឹង​ថា ពីមួយឆ្នាំទៅមួយឆ្នាំ ប្រជាពលរដ្ឋ​បានជិះរថយន្តក្រុងទៅលេងស្រុកកំណើតជួបជុំបងប្អូនក្នុង​ឱកាស​​បុណ្យជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌជាដើមនេះ មានកំណើនកើនឡើងជាលំដាប់។

ប៉ុន្តែឆ្នាំនេះចម្លែក ដោយលោក​ឃើញបងប្អូនកម្មករ ក៏ដូចជាប្រជាពលរដ្ឋ ដែលមកធ្វើកិច្ចការងារ ប្រកបមុខរបរ អាជីវកម្ម នៅរាជធានីភ្នំពេញ បានធ្វើដំណើរទៅខេត្តទាំង២៤ តាម​សេវា​ឡាន​ក្រុង​នេះ មានចំនួនច្រើនជាងមុន ដោយសារពួក​គាត់បានឃើញអំពីអត្ថប្រយោជន៍​​ដែល​រដ្ឋាភិបាល​បានផ្តល់ជូនគាត់ ខណៈ​អ្នកបម្រើសេវាដឹកជញ្ជូន ក៏មានភាសាផ្អែមល្ហែម និង​បើកបរមានសុវត្ថិភាព ហើយ​អ្វី​ដែលពិសេស​នោះ គឺ​ពួកគាត់​អាចសន្សំថវិកា បានម្នាក់យ៉ាងហោចណាស់១៥ដុល្លារ ក្នុងពេលទៅ និងពេលត្រឡប់មកវិញ​១៥ដុល្លារ​ទៀត។

លោក ឃួង ស្រេង បញ្ជាក់​ថា៖ «យ៉ាងហោចណាស់​ម្នាក់​ ត្រូវចំណាយ១៥ដុល្លារយ៉ាង​តិច ក្នុង​ការ​ធ្វើដំណើរទៅតាម​បណ្តាខេត្តឆ្ងាយៗ ហើយមាន​ពលរដ្ឋ បានមកទទួលសេវាជិះរថយន្តក្រុងនេះរាប់ម៉ឺននាក់ ចាប់​ពី៥​ទៅ៦ម៉ឺននាក់ជា​រៀង​រាល់​ឆ្នាំ អ៊ីចឹង​​សេវា​ឡាន​ក្រុង​នេះ បាន​ជួយកាត់បន្ថយការចំណាយ​របស់​ពួកគាត់​តាម​រយៈ​ការ​ចេញ​ថ្លៃប្រេង ឬក៏​រថយន្ត​ ដែលមានស្រាប់​ទៅបម្រើសេវា​ដល់​គាត់»។

លោក​បន្ថែម​ថា៖ «យើង​ឃើញ​ថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋមកប្រើ​សេវាឡាន​ក្រុង​ច្រើន ប៉ុន្តែ​ទោះជា​ច្រើនយ៉ាងណាក៏​ដោយ ក៏រដ្ឋបាលរាជធានី​ភ្នំពេញ នឹង​អនុវត្ត​នូវអនុសាសន៍​របស់សម្តេចធិបតី ធានាថា ដឹកជញ្ជូនពួកគាត់​ឱ្យបាន​គ្រាប់​ៗ​គ្នាទៅតាម​បណ្តា​ខេត្ត​ និងចាំដឹកពួកគាត់ត្រឡប់មក​វិញ ក្រោយ​ភ្ជុំបិណ្ឌ​ចប់ ដើម្បីកាត់​បន្ថយការ​ចំណាយ​​របស់ប្រជាពល​រដ្ឋ ហើយ​ធានាបាន​នូវ​សុវត្ថិភាពជូនពួកគាត់​ផងដែរ»។

ចំណែក​លោក ហេង សួរ រដ្ឋមន្រ្តី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបាន​ធ្វើ​ដំណើរ​​ទៅ​ជូនដំណើរ​ប្រជាពល​រដ្ឋ ជាពិសេសកម្មករកម្មការិនី​រោង​ចក្រ ឡើងជិះរថយន្តក្រុងដោយមិនគិតថ្លៃ នៅទីលានប្រជាធិបតេយ្យ កាលពី​ព្រឹក​ថ្ងៃទី៩ ខែតុលា​ដែរ​នោះ បាន​អះអាង​ថា ក្រសួង​ការងារ បាន​ស្នើ​ទៅ​គ្រប់រោង​ចក្រ ឱ្យបើក​ប្រាក់​ខែដល់​បងប្អូនកម្មករកម្មការិនីមុនពេល​កំណត់ ដើម្បី​មាន​លុយ​ទៅលេង​ស្រុក និង​ធ្វើ​បុណ្យទាន ក្នុងពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០២៦នេះ។

លោកបាន​ថ្លែង​ថា៖ «តាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី គឺថា បើ​ទោះបីជាអត់ទាន់ដល់ពេលបើកប្រាក់ឈ្មួល​ក៏ដោយ ប៉ុន្តែក្រសួងបានណែនាំទៅដល់ម្ចាស់រោងចក្រទាំងអស់ ហើយ​កាលពីម្សិលមិញ ឃើញថា បានបើកប្រាក់ខែជូនបងប្អូនយើងហើយ អ៊ីចឹង​បងប្អូនយើង ត្រឡប់ទៅផ្ទះជាមួយនឹងរថយន្ត ដែលមិនគិតថ្លៃ ហើយ​មានប្រាក់ហោប៉ៅ សម្រាប់ទៅធ្វើបុណ្យធ្វើទានផងដែរ។ នេះជាការរួមចំណែក​មួយ ដើម្បីធ្វើម៉េច​ឱ្យ​ពិធីបុណ្យភ្ជុំបិណ្ឌនេះ ជាពិធី​ដែល​យើង​ជួបជុំគ្នា សប្បាយចិត្តទាំងអស់គ្នា»។

គួររំឭក​ថា សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការ​ណែនាំ​របស់រាជរដ្ឋាភិបាល បានរៀបចំរថយន្តក្រុង​ចំនួន ៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ជូន​ដល់​ប្រជាពល​រដ្ឋ និងកម្មករកម្មការិនី​រោង​ចក្រ ក្នុង​រយៈពេល ៦ថ្ងៃ ដោយចាប់អនុវត្តពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។

នៅក្នុង​រយៈពេល ៦ថ្ងៃ នៃការដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ​នោះ មានប្រជាពលរដ្ឋសរុប​ចំនួន ៩២ ៥២១ នាក់ បានធ្វើដំណើរតាមរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ទៅស្រុកកំណើត និងត្រឡប់មកភ្នំពេញវិញ ហើយ​បើធៀបនឹងរដូវភ្ជុំបិណ្ឌ ឆ្នាំ២០២៤ មានចំនួនត្រឹមតែ ៧១ ៣៦០ នាក់ គឺឆ្នាំ​២០២៥ កើនឡើងប្រមាណ ៣០%។

ចំពោះការកើន​ឡើង​នេះ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់​​បានបញ្ជាក់កាល​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥​ថា ប្រជាពលរដ្ឋ​ដែល​ជិះរថយន្តក្រុង មានសុវត្ថិភាពល្អ មិនមានគ្រោះថ្នាក់ចរាចរនោះទេ គឺសុវត្ថិភាព ១០០ភាគរយ ហើយ​ប្រជាពលរដ្ឋ​ដែលនាំគ្នាជិះរថយន្តក្រុងសាធារណៈ ចំណេញថវិកាផ្ទាល់ខ្លួន ម្នាក់ៗប្រមាណ ៨ម៉ឺនរៀល ឬ ២០ដុល្លារអាមេរិក ដោយមិនបានចំណាយដល់ការធ្វើដំណើរដោយរថយន្តឈ្នួលរបស់ក្រុមហ៊ុនឯកជននោះ​ទេ។

ដោយឡែក នៅឆ្នាំ​២០២៦នេះ ​អនុវត្តតាមប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការគណៈរដ្ឋមន្ត្រី (វិមានសន្តិភាព) កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ គឺ​រដ្ឋបាលរាជធានីភ្នំពេញ បាន​រៀបចំរថយន្ត​ក្រុងចំនួន​ ៦០០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយមិនបង់ប្រាក់ រយៈពេល​៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរ ទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។

ប្រជាពលរដ្ឋ និងកម្មករកម្មការិនីរោងចក្រ ដែលបានប្រើប្រាស់យានជំនិះផ្ទាល់ខ្លួន សម្រាប់ធ្វើដំណើរទៅលេងស្រុកកំណើត នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ ២០២៦នេះ។ (ខេមបូចា/ស៊ា បញ្ញា)

យ៉ាងណាក៏​ដោយ ចំពោះបងប្អូនប្រជាពល​រដ្ឋ និង​កម្មករកម្មការិនី​មួយចំនួន នៅតែ​បន្តប្រើ​ប្រាស់​យានជំនិះ​ផ្ទាល់​ខ្លួន ដើម្បី​ធ្វើដំណើរ​ទៅលេង​ស្រុកកំណើត ព្រោះ​ពួកគាត់​ភាគ​ច្រើន ជាអ្នក​​ខេត្តនៅ​​ជិត​រាជធានី​ភ្នំពេញ ប្រើ​ពេល​ខ្លី​ក្នុងការ​ធ្វើដំណើរ ហើយ​ប្តីប្រពន្ធ​ខ្លះ មានស្រុក​កំណើត​​ខុសគ្នា ដែល​ត្រូវ​បែង​ចែក​ពេល​វេលា សម្រាប់​ទៅលេងខាងប្រពន្ធ​ផង និង​ឆ្លៀត​ទៅខាង​ប្តី​ផង ហេតុនេះការ​ប្រើ​យានជំនិះ​ផ្ទាល់​ខ្លួន គឺជាជម្រើស​ល្អ​ជាងការ​ចាំជិះ​រថយន្ត​ក្រុង​របស់​រដ្ឋ ទោះមិនត្រូវ​ឱ្យបង់ប្រាក់។

លោក ចាប ជឿន និង​ភរិយា ដែលជាអ្នក​បម្រើការងារនៅភោជនីយដ្ឋាន​លក់បាយមួយកន្លែង នៅ​ក្បែរ​រង្វង់មូលកួរស្រូវ បានឱ្យ​ដឹង​ថា ​ទាំងពិធីបុណ្យ​ចូល​ឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ​នេះ លោក​តែងជិះម៉ូតូ​ផ្ទាល់​ខ្លួនទៅលេង​ស្រុក ព្រោះ​ប្រពន្ធ​របស់​គាត់​ មានស្រុកកំណើតនៅ​ខេត្តព្រៃវែង ចំណែក​លោក​មានស្រុកកំណើត នៅ​តាកែវ ហើយ​ត្រូវ​ទៅលេងទាំង​២ខេត្ត។

បុរស​កូនមួយ​រូបនេះ បាន​និយាយ​ថា៖​ «រាល់ពេលមានពិធីបុណ្យធំៗ​បែបនេះ ខ្ញុំ​ត្រូវលៃលកពេល​វេលា គឺពេល​ខ្លះ​ត្រូវ​ទៅលេងស្រុក​ខាងប្រពន្ធ​២​ថ្ងៃ រួចទើបបន្ត​ដំណើរ​ទៅ​លេង​ស្រុក​ខាង​ខ្ញុំ​វិញ។ ខ្ញុំ​ដឹង​ថា ការ​ធ្វើបែបនេះវាហត់ ព្រោះ​ត្រូវ​បើក​បរទាំងយប់ក៏មាន ហើយ​ប្រឈមនឹង​គ្រោះ​ថ្នាក់​​ទៀត ប៉ុន្តែវាអត់មានជម្រើស​ល្អ​ក្រៅពីនេះ ហើយម្យ៉ាង​ទៀត យើងជិះម៉ូតូ អស់​​ថ្លៃ​សាំងតិចដែរ​ទេ សំខាន់មានម៉ូតូជិះ​ទៅណាទៅណីបានតាមតម្រូវការ មិនចាំបាច់​ខ្ចីម៉ូតូគេជិះ​ពេល​ទៅដល់ស្រុក​នោះទេ»។

លោក​ ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច បាន​ចាត់​ទុកការ​រៀបចំឱ្យ​មាន​រថយន្ត​ក្រុង​ជិះដោយមិនបង់ប្រាក់ ​របស់រាជរដ្ឋាភិបាល សម្រាប់បងប្អូន​​ប្រជាពល​រដ្ឋ ជាពិសេស​កម្មករកម្មការិនី ក្នុងដំណើរ​ទៅលេង​ស្រុក ក្នុងពិធីបុណ្យ​ភ្ជុំ​បិណ្ឌនេះ ថា គំនិត​ដ៏​ឆ្លាត​វៃ ដែល​បានជួយសម្រួល​ក្នុងការកាត់បន្ថយ​ការចំណាយ​របស់ពួកគាត់ ស្របពេលសេដ្ឋកិច្ចមានការ​ធ្លាក់​ចុះ។

លោកថ្លែង​ថា៖​ «ការ​ប្រើប្រាស់មធ្យោបាយឡាន​ក្រុង​ សម្រាប់ប្រជាពល​រដ្ឋ និង​បងប្អូន​កម្មករកម្មការិនី​នៅ​ឆ្នាំនេះ មានចំនួនកាន់តែ​ច្រើន អ៊ីចឹងនេះជាភាពឆ្លាត​វៃ​របស់​រាជរដ្ឋាភិបាល​​ក្នុងការ​ដោះស្រាយសម្ពាធ​ការចំណាយ​ បញ្ហា​នៃការ​ឡើង​ថ្លៃប្រេង និងអតិផរណា ក៏ដូចជាសម្ពាធ​សេដ្ឋកិច្ចបច្ចុប្បន្ននេះ ដូច្នេះ​ការ​ប្រើប្រាស់​មធ្យោបាយនេះ បាន​កាត់​បន្ថយ​ការកកស្ទះចរាចរណ៍ ​គ្រោះ​ថ្នាក់​ចរាចរណ៍ ជាពិសេស​​កាត់​បន្ថយ​ការចំណាយ​របស់​បងប្អូនប្រជាពល​រដ្ឋ​យើង ពិសេស​កម្មករកម្មការិនី​របស់​យើង»។

ជាមួយគ្នានេះ លោក ជ័យ តិច បានមើល​ឃើញ​ថា នៅរដូវបុណ្យ​ភ្ជុំបិណ្ឌនេះ ប្រជាពល​រដ្ឋ ជាពិសេស​កម្មករកម្មការិនីរោង​ចក្រ គួរណាស់​កាត់បន្ថយការចំណាយ​ឱ្យបាន​ច្រើន តាមអាច​ធ្វើ​ទៅបាន ព្រោះ​ប្រាក់​ឈ្នួល​ដែលពួកគេ​ទទួលបាន វាមិនទាន់​អាច​ទប់ទល់​ជាមួយ​បញ្ហាសម្ពាធសេដ្ឋកិច្ច និង​បញ្ហា​អតិផរណានៅឡើយទេ។

លោកបញ្ជាក់​ថា៖ «ជារួមខ្ញុំ​មើល​ឃើញ​ថា ការចំណាយ​ទូទៅ​របស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្មករកម្មការិនី​របស់​យើង​ នៅមានការកាត់​បន្ថយនូវការចំណាយ​ សម្រាប់ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ដោយ​សារ​បញ្ហាសម្ពាធ​នៃសេដ្ឋកិច្ច បញ្ហា​នៃអតិផរណា ក៏ដូចជា​ត្រូវរ៉ាប់រង​ការចំណាយជាច្រើន​​ទៀត»។

លោក ជ័យ តិច បាន​បន្ថែមថា៖ «ចំណែក​ការ​ឡើងនៃប្រាក់​ឈ្នួល​​សម្រាប់កម្មករកម្មការិនី​របស់យើងឆ្នាំនេះ គឺមិនមានការ​ឡើង​ថ្លៃទេ ​នៅ​២១០​ដុល្លារ​ដដែល ហើយនឹងទទួលបាននូវ​ប្រាក់បន្ថែមនយោបាយពីព្រះមុខ​រដ្ឋាភិបាល​ចំនួន ២​ដុល្លារ​ គឺ​បាន ២១២​ដុល្លារប៉ុណ្ណោះ ប៉ុន្តែ​អតិផរណា មានការ​ឡើងខ្ពស់​រហូត​ដល់ ៥.៦​ភាគ​រយ​ បើតាមរបាយការណ៍មូលនិធីរូបិយវត្ថុអន្តរជាតិ ​(IMF)»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម