អតីតយុទ្ធជន និងនិវត្តជនដែលមានលក្ខណៈសម្បត្តិល្អ នឹងត្រូវរដ្ឋាភិបាលជ្រើសរើសដឹកនាំសហគមន៍ផ្សេងៗនៅមូលដ្ឋាន ស្របពេលមន្ត្រីមួយចំនួនសម្តែងការសាទរ និងមួយចំនួនទៀត ស្នើឱ្យមានការអនុវត្តប្រកបដោយតម្លាភាព និងមិននិយមខ្សែស្រឡាយបក្ខពួក។
កាលពីថ្ងៃទី២៩ ខែកញ្ញា ប្រមុខរដ្ឋស្តីទី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា លោក ហ៊ុន សែន បានសម្រេចប្តូរឈ្មោះ «សមាគមអតីតយុទ្ធជនកម្ពុជា» ទៅជា «សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» ដោយច្របាច់បញ្ចូលគ្នាតែមួយ ក្រោមហេតុផលមិនចង់ទុកឱ្យពួកគាត់នៅឯកា។
លោក ហ៊ុន សែន ចាត់ទុកការសម្រេចនេះ ជាផ្នែកលើកកម្ពស់ជីវភាព និងលើកទឹកចិត្តមន្ត្រីរាជការឱ្យចូលរួមកាន់តែសកម្មដើម្បីអភិវឌ្ឍសង្គម សេដ្ឋកិច្ច នៅថ្ងៃខាងមុខ។ លោកក៏បានផ្តល់អនុសាសន៍ឱ្យអាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់ ពិនិត្យ និងជ្រើសរើសអ្នកដែលមានលក្ខណៈសម្បត្តិល្អដឹកនាំសហគមន៍ផ្សេងៗនៅមូលដ្ឋានដូចជា សហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក ការពារព្រៃឈើ និងអភិរក្សសត្វព្រៃ ជាដើម។
លោក ហ៊ុន សែន ថ្លែងថា៖ «ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវផ្តល់អាទិភាពបញ្ចូលគម្រោងអភិវឌ្ឍន៍អតីតយុទ្ធជន និងនិវត្តជន នៅតាមថ្នាក់នីមួយៗ។ អាជ្ញាធរដែនដីត្រូវយកចិត្តទុកដាក់ពិនិត្យ និងជ្រើសរើសអតីតយុទ្ធជនដែលមានលក្ខណៈសម្បត្តិល្អ ធ្វើជាអ្នកដឹកនាំសហគមន៍ផ្សេងៗដូចជា សហគមន៍នេសាទ សហគមន៍ប្រើប្រាស់ទឹក សហគមន៍ព្រៃឈើ សហគមន៍អភិរក្សសត្វព្រៃ ក៏ដូជាថ្នាក់ដឹកនាំនៅមូលដ្ឋានតាមសមត្ថភាព និងលទ្ធភាពរបស់បងប្អូនជាក់ស្តែង»។
ជុំវិញរឿងនេះ មន្ត្រីក្របខណ្ឌក្រសួងការងារ ដែលមានតួនាទីជាអតីតប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺ លោក មែក សាខនវ័យ៧១ឆ្នាំ សម្តែងការសាទរ និងចាត់ទុកថា ជាការគិតគូរដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនធ្លាប់មានពីមុនមក។
លោក មែក សាខន លើកឡើងថា៖ «បើបានរដ្ឋាភិបាលគិតគូរបញ្ហានេះ គឺល្អណាស់សម្រាប់និវត្តជន មន្ត្រីរាជការស៊ីវិល ខ្ញុំសង្ឃឹមថា អ្នកជំនាន់ក្រោយនឹងរួមចំណែកដឹកនាំសហគមន៍ឱ្យបានល្អ តែខ្ញុំវ័យជ្រេបាត់ទៅហើយ»។
រីឯមន្ត្រីក្របខណ្ឌគរបាលជាតិ ដែលធ្លាប់បម្រើការនៅខេត្តស្វាយរៀង វ័យ៥៩ឆ្នាំ លោក ប៉ុល ធឿន ឱ្យដឹងថា លោកបានចូលនិវត្តន៍រយ:ពេល៤ឆ្នាំមកហើយ ខណ:សព្វថ្ងៃ លោកមិនបានប្រកបមុខរបរអ្វីក្រៅពីការងារកសិកម្ម និងសម្រាកនៅផ្ទះមើលថែទាំគ្រួសារ។
បើតាមអតីតមន្ត្រីរាជការរូបនេះ អះអាងថា លោកបានត្រៀមខ្លួនស្វាគមន៍ជានិច្ច ប្រសិនបើសហគមន៍ អង្គការ និងរដ្ឋាភិបាលមានតម្រូវការឱ្យលោកចូលរួម និងដឹងនាំតាមសហគមន៍ នៅក្នុងខេត្តស្វាយរៀង។
លោក ប៉ុល ធឿន ថ្លែងថា៖ «រាល់ថ្ងៃឯកាដែរហ្នឹងហ្នា៎! ពេលខ្លះខ្ញុំទៅស្រែចម្ការ និងសម្រាកនៅផ្ទះធម្មតាជាមួយគ្រួសារ កូនចៅ បើយើងធ្លាប់តែធ្វើការ តែបើបានខាងរដ្ឋាភិបាលរើស ខ្ញុំត្រេកអរ ខ្ញុំត្រៀមខ្លួននឹងចូលបម្រើជានិច្ច»។
លោក ប៉ុល ធឿន បន្តស្នើថា៖ «ខ្ញុំសូមឱ្យរដ្ឋាភិបាល ក្រសួង ជ្រើសរើសដោយតម្លាភាពពិតប្រាកដ កុំឱ្យដូចថា រើសជាដុំៗ ជាបក្ខជាពួក ឬត្រូវបោះឆ្នោតទូទៅក៏ម្យ៉ាង កុំយកតាមខ្សែតាមរយ: ព្រោះកន្លងមកខ្ញុំឃើញភាពចន្លោះប្រហោងត្រង់ហ្នឹង»។
ចំណែកឯមន្ត្រីក្របខណ្ឌក្រសួងអប់រំ បង្រៀននៅខេត្តត្បូងឃ្មុំម្នាក់ទៀត លោកស្រី ធុច ស៊ីណាត វ័យ៥៥ឆ្នាំ ដែលកៀកនឹងចូលនិវត្តន៍ ក៏លើកឡើង អំពីបញ្ហាតម្លាភាពដូចលោក ប៉ុល ធឿន ដោយសារលោកស្រីក៏ចាប់អារម្មណ៍នឹងបន្តការងារ នៅជិតៗផ្ទះ ដើម្បីចែករំលែកបទពិសោធន៍ ព្រមទាំងកាត់បន្ថយភាពធុញថប់ពេលនិវត្តន៍។
លោកស្រី ធុច ស៊ីណា ឱ្យដឹងថា៖ «ខ្ញុំយល់ថាល្អម្យ៉ាងដែរ ព្រោះមន្ត្រីរាជការដែលធ្លាប់មានការងារធ្វើ បើគាត់នៅផ្ទះ គាត់អាចធុញថប់ទាំងខ្ញុំ ទាំងគេ។ គ្រាន់អ្នកខ្លះដើរឆ្ងាយមិនបាន ពិបាកធ្វើដំណើរ! បើមានឱកាសខ្ញុំចង់ចូលរួម និងស្នើសុំដាក់នៅជិតៗផ្ទះ ព្រោះជនចូលនិវត្តន៍បើឆ្ងាយពេកអាចពិបាកដូចគ្នា ពិសេសកត្តាសុវត្ថិភាព»។
ឆ្លើយតបបញ្ហានេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោក តូច ចាន់នី បញ្ជាក់ប្រាប់ សារព័ត៌មានខេមបូចា ថា ពាក់ព័ន្ធនឹងការច្របាច់បញ្ចូលគ្នារវាងសមាគមទាំងពីរ គឺរដ្ឋាភិបាលមានគោលដៅប្រមូលផ្តុំ ដើម្បីងាយស្រួលគ្រប់គ្រង គាំទ្រ និងផ្តល់សេវា។ រីឯអត្ថប្រយោជន៍ផ្សេងៗ ខាងរដ្ឋធានាកំណត់អតីតភាពទាំងអស់ នឹងទទួលបានអត្ថប្រយោជន៍ស្មើៗគ្នា។
លោក ចាន់នី បញ្ជាក់ថា៖ «ចំពោះអត្ថប្រយោជន៍បានគឺដូចគ្នា អតីតយុទ្ធជនបានយ៉ាងម៉េច? អតីតមន្ត្រីរាជការស៊ិវិលក៏ទទួលបានដូចគ្នា។ ឥឡូវនេះ ខាងសមាគមកំពុងតែរៀបចំលក្ខន្តិក:ថ្មី ឯនីតិវិធីចូលសមាគមបាន គឺសមីខ្លួនត្រូវបំពេញពាក្យស្នើសុំចូលជាសមាជិក របស់សមាគមតាមក្រសួង-ស្ថាប័ននីមួយៗ ព្រោះនឹងធ្វើតាមរយ:ក្រសួង-ស្ថាប័ន»។
អនុក្រឹត្យ ស្តីពី ការអនុវត្តរបបសោធននិវត្តន៍ និងសោធនបាត់បង់សម្បទាវិជ្ជាជីវ: កំណត់ការនិវត្តន៍របស់មន្ត្រីរាជការស៊ីវិល ចាប់ពីអាយុ៥៥ឆ្នាំ ដល់ ជាង៦០ឆ្នាំ ដែលបម្រើការយ៉ាងតិចចន្លោះពី២០ឆ្នាំ ទៅ ជាង៣០ឆ្នាំ។ អតីតភាពបំពេញការងារនេះ អាចទទួលរបបសោធននិវត្តន៍អប្បបរមា ស្មើនឹង៥០ភាគរយ ឬ៦០ភាគរយនៃបៀវត្សឋានន្តរស័ក្តិ/បៀវត្សមូលដ្ឋាន និងប្រាក់សោធននិវត្តន៍អតិបរមា ស្មើនឹង៨០ភាគរយ នៃបៀវត្សឋានន្តរស័ក្តិ/បៀវត្សមូលដ្ឋាន។
ក្នុងនោះ មាត្រា៩ ក៏បានចែងថា អ្នករាជការស៊ីវិលទាំងពីរភេទ ដែលមានអាយុលើសពី៥៥ឆ្នាំ អាចបន្តការងារបានលុះត្រាតែបានបំពេញល័ក្ខខ័ណ្ឌ ក្នុងមាត្រា៦៣នៃច្បាប់សហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល និងអនុក្រឹត្យលេខ៤០អនក្របក ចុះថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩៦ ស្តីពីការកំណត់លក្ខណៈវិនិច្ឆ័យមន្ត្រីរាជការស៊ីវិល ដែលស្នើសុំពន្យារពេលចូលនិវត្តន៍។
យ៉ាងណាមិញ អ្នកសិក្សាស្រាវជ្រាវផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គម លោក ប៉ា ច័ន្ទរឿន យល់ឃើញថា ប្រការដែលរដ្ឋាភិបាលចាត់ឱ្យជ្រើសរើសអតីយុទ្ធជន និងមន្ត្រីរាជការចូលនិវត្តន៍ឱ្យដឹកនាំមូលដ្ឋាននេះ គឺជាបទពិសោធន៍ម្យ៉ាង បើក្រឡេកមើលប្រទេសជឿនលឿន ក៏គេរៀបចំឱ្យនិវត្តជនចូលរួមបន្តសកម្មភាព ស្របតាមសមត្ថភាព និងកម្លាំងកាយពល។
មួយវិញទៀត រដ្ឋាភិបាលគួរផ្តល់អទិភាពឱ្យពួកគាត់មានតួនាទីជាទីប្រឹក្សាផ្តល់យោបល់ ជំនួយខាងផ្នែកបច្ចេកទេស និងយុទ្ធសាស្ត្រដល់អ្នកដឹកនាំជំនាន់ក្រោយ ប្រៀបដូចតម្រង់ទិសឱ្យកាន់តែមានប្រសិទ្ធិភាព។
លោក ប៉ា ចន្ទរឿន ថ្លែងថា៖ «ដូច្នេះ និវត្តជនដែលមានបទពិសោធន៍ជ្រៅជ្រះ ចំណេះ ជំនាញច្បាស់លាស់ពួកគាត់គួរតែទទួលបានការលើកទឹកចិត្តបំពេញការងារតាមវិស័យ តាមជំនាញ។ ប៉ុន្តែ គួរជ្រើសរើសដោយតម្លាភាព និងផ្អែកទៅលើសមត្ថភាពជាក់ស្តែងផងដែរ ទើបអាចជ្រើសរើសទទួលបានអ្នកដឹកនាំល្អ»។
របាយការណ៍គ្រប់គ្រងស្ថិតិអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិលកម្ពុជា មានអតីតយុទ្ធជនសរុបចំនួន ១១៦ ៥០០នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ១៥៨ ៦១៨នាក់ ចំណាយថវិកាជាតិសរុបជាង ១ ០០០លានរៀល ក្នុងមួយឆ្នាំ។ អតីតរាជការស៊ីវិលមានសរុបចំនួន ៥៦ ៧៧៩នាក់ និងអ្នកក្នុងបន្ទុកចំនួន ៤៦ ៤៤៨នាក់ ចំណាយថវិកាជាតិសរុបប្រមាណជិត ៦ ៤៤៥លានរៀល ក្នុងមួយឆ្នាំ៕










