សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

លោក ស សុខា បញ្ជាឱ្យសមត្ថកិច្ចតាមដានបទល្មើសគ្រឿងញៀន ឱ្យដូចការតាមដានសកម្មជន

មន្ត្រីសមត្ថកិច្ចរៀបចំគ្រឿងញៀនជាង៥តោនដែលរឹបអូសបានកន្លងមក ដើម្បីដុតបំផ្លាញចោល ក្នុងការអបអរ«ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់» ដែលស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦។ (ខេមបូចា/ព្រីង សំរាំង)
មន្ត្រីសមត្ថកិច្ចរៀបចំគ្រឿងញៀនជាង៥តោនដែលរឹបអូសបានកន្លងមក ដើម្បីដុតបំផ្លាញចោល ក្នុងការអបអរ«ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់» ដែលស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៦។ (ខេមបូចា/ព្រីង សំរាំង)

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា បញ្ជាឱ្យសមត្ថកិច្ចតាមបណ្ដារាជធានី ខេត្ត បង្កើតប្រព័ន្ធចារកម្មដើម្បីតាមដាន និងបង្រ្កាបបទល្មើសគ្រឿងញៀន ដោយយកលំនាំឱ្យដូចតាមដានសកម្មជននាពេលកន្លងទៅ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស សុខា លើកឡើងថា បញ្ហាគ្រឿងញៀន នៅតែមានការកើតឡើងខ្ពស់នៅតាមឃុំ សង្កាត់ បើទោះបីជាអាជ្ញាធរបង្រ្កាបបានរាប់តោនក្នុងមួយលើកៗក៏ដោយ។

លោក អះអាងថា ក្នុងចំណោមឃុំ សង្កាត់ជាង៤០០ ដែលបានស្ទង់មតិ រកឃើញថា បញ្ហាគ្រឿងញៀន ក្មេងទំនើង ការលួចសត្វពាហនៈ និងល្បែងស៊ីសង នៅតែមានអត្រាខ្ពស់កើតឡើងនៅមូលដ្ឋាន។

ទន្ទឹមនឹងនេះ លោក ស សុខា បញ្ជាឱ្យសមត្ថកិច្ចតាមបណ្ដារាជធានី ខេត្ត ត្រូវធ្វើការតាមដានករណីគ្រឿងញៀន ដោយយកលំនាំដែលបានតាមដានសកម្មជននានាមកអនុវត្ត។

លោកបានថ្លែងថា៖ «ចឹងបញ្ហាគ្រឿងញៀនមិនមែនតែកម្ពុជា តែនៅក្នុងតំបន់តែម្ដង ប៉ុន្តែជារួម យើងមើលជាកញ្ចប់ ហើយខ្ញុំបានលើកឡើងហើយថា ពេលដែលកម្លាំងតាមស្នងការ​ដ្ឋាន​​នគរបាលរាជធានី ខេត្ត តាមដានសកម្មជនណាក៏ដោយ […] សូម្បីតែគាត់ទៅបន្ទប់ទឹកក៏យើងដឹងដែរ ចុះបើយើងមិនយកប្រើប្រាស់អាប្រព័ន្ធចារកម្មរបៀបរបបដែលយើងធ្វើចារកម្មហ្នឹងទៅអនុវត្តទៅលើគ្រឿងញៀនហ្នឹង»។

បើតាមលោក ស សុខា លទ្ធផលនៃការប្រឡងប្រណាំងនៃការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៥ រកឃើញថា មានឃុំ សង្កាត់ចំនួន១២៤៣ ទទួលបានចំណាត់ថ្នាក់លេខ១ និងឃុំ សង្កាត់ ចំនួន៣៦៤ បានលេខ២ និងឃុំ សង្កាត់​ចំនួន៤១ បានលេខ៣។ លោក ក៏បានណែនាំឱ្យរដ្ឋបាលឃុំ សង្កាត់ ដែលទទួលបានលេខ៣ ប្រឹងប្រែងបន្ថែមទៀតក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពដើម្បីបានចំណាត់ថ្នាក់ល្អជាងនេះ នៅពេលបន្ទាប់។

កាលពីដើមខែមុន ចៅសង្កាត់រងទី២មួយរូប កូតាបក្សភ្លើងទៀន ក្នុងខេត្តឧត្តរមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានចោទប្រកាន់ពីបទ ញុះញង់ឱ្យមានការរើសអើង និងបទប្រមាថ ជុំវិញការសន្ទនាតាមទូរសព្ទ។

ជុំវិញករណីនេះ មេឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ លោក ណំ សុត មានប្រសាសន៍ថា កន្លងមក ក្នុងឃុំរបស់លោក បានចាប់ខ្លួនអ្នកពាក់ព័ន្ធនឹងគ្រឿងញៀនជាច្រើននាក់ ប៉ុន្តែពួកគេនៅតែបន្តប្រើប្រាស់គ្រឿងញៀន បន្ទាប់ពីបានអប់រំណែនាំហើយ។

ជាងនេះទៅទៀតលោកក៏មានក្ដីបារម្ភផងដែរថា មានការកើនឡើងនូវចំនួនក្មេងៗជំទង់ក្នុងឃុំរបស់លោកជាច្រើននាក់ អាយុក្រោម១៥ឆ្នាំ នាំគ្នាជក់បារីតាមសាលារៀន។

លោកលើកឡើងថា៖ «វិធានការទប់ស្កាត់ ក្រុមប្រឹក្សាឃុំ ប៉ូលិសប្រជុំ ចុះផ្សព្វផ្សាយ តាមសាលារៀនបឋម វិទ្យាល័យ និងទៅតាមភូមិ ចុះផ្សព្វផ្សាយផ្ទាល់ជាមួយមាតាបិតាផង តាមសាលា គឺតាមសិស្សដែលរៀន»។

ចំណែកមេឃុំ​កំពង់ពពិល​ ស្រុកពារាំង ខេត្តព្រៃវែងលោក​ ឈាង​ ស៊ាវី​ បានលើកឡើងថា អាជ្ញាធរនៅឃុំកំពង់ពពិល នឹងបើកកិច្ចប្រជុំដើម្បីដាក់វិធានការតាមដានបទល្មើសគ្រឿងញៀន ក្រោយមានការចង្អុលណែនាំពីក្រសួងមហាផ្ទៃ។

លោកបានថ្លែងថា៖ «កន្លងមកការទប់ស្កាត់តាមដានមានហើយ សហការជាមួយអាជ្ញាធរ គឺធ្វើជាប្រចាំ។ វិធានការគឺប្រជុំក្រុមប្រឹក្សា និងសមត្ថកិច្ច ដើម្បីលើកផែនការតទៅទៀត»។

ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ស្នើរដ្ឋាភិបាលកម្ចាត់មេក្លោងគ្រឿងញៀនធំៗ និងអ្នកកាងនៅពីក្រោយ ដែលលោកយល់ថា ធ្វើបែបនេះ ទើបអាចលុបបំបាត់បញ្ហាគ្រឿងញៀនបាន។ ចំណែកការចាប់ខ្លួនយុវជននៅតាមភូមិ ឃុំ ដែលប្រើប្រាស់គ្រឿងញៀនទាំងនោះ លោកយល់ថា ពួកគេគ្រាន់តែជាជនរងគ្រោះដោយសារគ្រឿងញៀនប៉ុណ្ណោះ។

លោកមានប្រសាសន៍ថា៖ «ការណ៍ដែលយកចិត្តទុកដាក់បន្ថែមទៀតនោះគឺឫសគល់ ប្រសិនបើយើងទៅបង្រ្កាបនៅតាមមូលដ្ឋាន អ្នកដែលប្រើប្រាស់គ្រឿងញៀន ខ្ញុំគិតថា វាមិនអាចបាត់ទេ ប្រសិនបើយើងមិនរកឫសគល់ ​ជាពិសេសគឺទុច្ចរិតធំៗ ប្រភពជួញដូរគ្រឿងញៀនធំៗ ដែលត្រូវការបង្រ្កាបដោយមិនមានការលើកលែង។ ជាអ្វីដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់បន្ថែម រួមទាំងមេក្លោង»។

កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ សមត្ថកិច្ច បានដុតបំផ្លាញគ្រឿងញៀនជាង៥តោនដែលរឹបអូសបានកន្លងមក ដើម្បីអបអរសាទរ «ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់គ្រឿងញៀន និងការជួញដូរគ្រឿងញៀនខុសច្បាប់» ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល។

លុះនៅថ្ងៃទី២៥ ខែសីហា ពោលគឺមួយខែបន្ទាប់ អាជ្ញាធរក៏បានដុតបំផ្លាញគ្រឿងញៀនជាង ៤តោន បន្ថែមទៀត នៅខេត្តកោះកុង។

ចំណែកក្នុងឆ្នាំ២០២៥ សមត្ថកិច្ចកម្ពុជា បានបង្ក្រាបបទល្មើសគ្រឿងញៀនសរុប ១០ ៧៤៣ករណី និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនសរុបជិត ២៨ ០០០នាក់។ សមត្ថកិច្ច ក៏បានដកហូតគ្រឿងញៀន និងសារធាតុផ្សំគ្រឿងញៀនសរុបប្រមាណជាង ៤៨ ០០០គីឡូក្រាម និងបិទទីតាំងអាជីវកម្មចំនួន ១២កន្លែង។

ព័ត៌មានថ្មី

អត្ថបទពេញនិយម